1ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នាទៅពួកគេម្ដងទៀតថា៖
2«ព្រះរាជ្យនៃស្ថានបរមសុខ ប្រៀបបាននឹងស្ដេចមួយអង្គដែលរៀបចំវិវាហមង្គលការសម្រាប់ព្រះរាជបុត្រ។
3ព្រះអង្គបានចាត់រាជបម្រើឲ្យទៅអញ្ជើញភ្ញៀវមកជប់លៀង ក្នុងឱកាសមង្គលការនោះ ប៉ុន្តែគ្មាននរណាមកសោះ។
4ព្រះអង្គចាត់រាជបម្រើផ្សេង ឲ្យទៅជម្រាបភ្ញៀវម្តងទៀតថា៖ «សូមអញ្ជើញមកពិសាការ។ មើល! យើងបានរៀបចំភោជនាហារសម្រាប់ជប់លៀង។ ខ្ញុំបានសម្លាប់គោ និងសម្លាប់សត្វដែលបានបំប៉ននោះរួចរាល់អស់ហើយ»។
5ប៉ុន្តែ ភ្ញៀវមិនរវីរវល់អើពើឡើយ ហើយដើរចេញ អ្នកខ្លះទៅចម្ការ អ្នកខ្លះទៅធ្វើជំនួញ។
6អ្នកខ្លះទៀតចាប់ពួករាជបម្រើរបស់ស្តេចវាយធ្វើបាប ព្រមទាំងសម្លាប់ចោលថែមទៀត។
7ព្រះរាជាទ្រង់ពិរោធយ៉ាងខ្លាំង ក៏ចាត់ទាហានឲ្យទៅប្រហារជីវិតឃាតកទាំងនោះ ហើយដុតស្រុកភូមិរបស់គេផង។
8បន្ទាប់មក ទ្រង់មានរាជឱង្ការទៅពួករាជបំរើថា៖ «ពិធីមង្គលការត្រូវបានរៀបចំរួចស្រេចហើយ ប៉ុន្តែ ភ្ញៀវទាំងនោះមិនសមនឹងមកចូលរួមទេ។
9ហេតុនេះ ចូរនាំគ្នាចេញទៅតាមផ្លូវកែង ហើយអញ្ជើញមនុស្សទាំងអស់ដែលអ្នករាល់គ្នាជួប ឲ្យមកជប់លៀង»។
10ពួករាជបម្រើក៏ចេញទៅតាមផ្លូវ ប្រមូលមនុស្សម្នា ដែលគេបានជួបទាំងប៉ុន្មានមក ទាំងមនុស្សអាក្រក់ហើយនិងមនុស្សល្អផង។ ពេលនោះ មានភ្ញៀវពេញរោងការ។
11ប៉ុន្តែ ពេលព្រះរាជាយាងចូលមកមើលភ្ញៀវនៅក្នុងរោងការ ទតឃើញបុរសម្នាក់ស្លៀកពាក់មិនត្រូវនឹងរបៀបពិធីការ
12ស្តេចក៏មានរាជឱង្ការទៅអ្នកនោះថា៖ «សម្លាញ់អើយ! ហេតុអ្វីបានជាអ្នកចូលមកទីនេះ ដោយមិនស្លៀកសម្លៀកបំពាក់សម្រាប់មង្គលការដូច្នេះ?» ប៉ុន្តែបុរសនោះរកនិយាយអ្វីមិនចេញឡើយ។
13បន្ទាប់មកព្រះរាជាបង្គាប់ទៅពួករាជបម្រើថា៖ «ចូរចងដៃចងជើងអ្នកនេះ ហើយយកទៅចោលនៅទីងងឹតខាងក្រៅ ជាកន្លែងយំសោកខឹងសង្កៀតធ្មេញនោះទៅ»។
14មានមនុស្សជាច្រើនដែលព្រះត្រាស់ហៅ តែព្រះអង្គជ្រើសរើសយកបានចំនួនតិចទេ។
15បន្ទាប់មកពួកខាងគណៈផារីស៊ី ចេញទៅពិគ្រោះគ្នា រិះរកមធ្យោបាយចាប់កំហុសព្រះយេស៊ូ
16ក្រោយមកគេក៏ចាត់សិស្សរបស់ពួកគេ និងពួកខាងស្ដេចហេរ៉ូដ ទៅទូលព្រះអង្គថា៖ «លោកគ្រូ! យើងខ្ញុំដឹងថា សេចក្តីពិតហើយពាក្យដែលលោកមានប្រសាសន៍សុទ្ធតែពិតទាំងអស់។ គឺលោកគ្រូពុំយោគយល់ ហើយក៏ពុំរើសមុខនរណាឡើយ។
17ហេតុនេះ សូមលោកគ្រូប្រាប់យើងខ្ញុំមើល៍ថា បើតាមក្រឹត្យវិន័យ តើយើងត្រូវបង់ពន្ធ ថ្វាយសេសារឬទេ?»
18ប៉ុន្តែ ព្រះយេស៊ូឈ្វេងយល់គំនិតអាក្រក់របស់ពួកគេ ហើយព្រះអង្គមានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាចង់ចាប់កំហុសខ្ញុំដូច្នេះ មនុស្សមានពុតអើយ?
19ចូរបង្ហាញប្រាក់សម្រាប់បង់ពន្ធនោះឲ្យខ្ញុំមើលមើល៍»។ គេក៏យកប្រាក់មួយកាក់មកថ្វាយព្រះអង្គ។
20ព្រះយេស៊ូមានព្រះបន្ទូលសួរគេថា៖ «តើលើកាក់នេះ មានរូបនរណា ឈ្មោះនរណា?»
21គេទូលថា៖ «រូប និងឈ្មោះព្រះចៅអធិរាជ ព្រះយេស៊ូក៏មានព្រះបន្ទូលទៅគេថា៖ «អ្វីៗដែលជារបស់សេសារ ចូរថ្វាយទៅសេសារវិញទៅ ហើយអ្វីៗដែលជារបស់ព្រះជាម្ចាស់ ចូរថ្វាយទៅព្រះជាម្ចាស់វិញដែរ»។
22ពួកគេងឿងឆ្ងល់នឹងចម្លើយរបស់ព្រះអង្គ ហើយនាំគ្នាចាកចេញពីព្រះអង្គទៅ។
23នៅថ្ងៃនោះ មានពួកខាងគណៈសាឌូស៊ីដែលមិនជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញ ចូលមកគាល់ព្រះអង្គ។ ពួកគេទូលសួរព្រះអង្គថា៖
24«លោកគ្រូ! លោកម៉ូសេមានប្រសាសន៍ថា បើបុរសណាស្លាប់ទៅ តែគ្មានកូនសោះ នោះប្អូនប្រុសរបស់បុរសនោះត្រូវរៀបការនឹងបង់ថ្លៃ ដើម្បីបន្តពូជឲ្យបងប្រុសរបស់ខ្លួន។
25ឧបមាថា មានបងប្អូនប្រុសប្រាំពីរនាក់ បងបង្អស់រៀបការ ហើយស្លាប់ទៅ តែគ្មានកូនសោះ ទុកប្រពន្ធឲ្យប្អូន។
26បន្ទាប់មកប្អូនទីពីរ ប្អូនទីបី រហូតដល់ប្អូនទីប្រាំពីរ សុទ្ធតែបានរៀបការជាមួយនាង ហើយស្លាប់ទៅគ្មានកូនដូចគ្នា។
27ហើយនៅទីបំផុត ស្ត្រីនោះក៏ស្លាប់ទៅដែរ។
28ដល់ពេលមនុស្សស្លាប់នឹងរស់ឡើងវិញ តើនាងបានទៅជាប្រពន្ធនរណា បើបងប្អូនទាំងប្រាំពីរនាក់ សុទ្ធតែបានរៀបការជាមួយនាងគ្រប់គ្នាដូច្នេះ?
29ប៉ុន្តែព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «អ្នករាល់គ្នាយល់ខុសហើយ! ព្រោះអ្នករាល់គ្នាមិនយល់គម្ពីរ ទាំងមិនស្គាល់ឫទ្ធានុភាពរបស់ព្រះជាម្ចាស់។
30ដ្បិត ពេលមនុស្សស្លាប់នឹងរស់ឡើងវិញ គេមិនរៀបការប្ដីប្រពន្ធទៀតឡើយ គឺគេនឹងបានដូចទេវតានៅស្ថានបរមសុខ។
31អំពីមនុស្សស្លាប់នឹងរស់ឡើងវិញ តើអ្នកមិនដែលអានដែលថាអ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូលថា៖
32«យើងជាព្រះរបស់អប្រាហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប? ព្រះជាម្ចាស់មិនមែនជាព្រះបស់មនុស្សស្លាប់ទេ គឺជាព្រះអង្គរបស់មនុស្សដែលមានជីវិត»
33កាលមហាជនបានឮសេចក្ដី ដែលព្រះអង្គបង្រៀន ពួកគេងឿងឆ្ងល់ជាខ្លាំង។
34ពេលនោះ ពួកខាងគណៈផារីស៊ីប្រជុំគ្នា ព្រោះពួកគេឮថា ព្រះយេស៊ូបានធ្វើឲ្យពួកខាងគណៈសាឌូស៊ីទ័លប្រាជ្ញ។
35ក្នុងចំណោមពួកគេមានម្នាក់ជាបណ្ឌិតខាងវិន័យ ទូលសួរព្រះអង្គក្នុងគោលបំណងល្បងលមើលព្រះអង្គថា៖
36«លោកគ្រូ! ក្នុងក្រឹត្យវិន័យ តើមានបទបញ្ជាណាសំខាន់ជាងគេ?»។
37ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកឲ្យអស់ពីចិត្តគំនិត អស់ពីស្មារតី និងអស់ពីប្រាជ្ញា»។
38នេះហើយជាបទបញ្ជាទីមួយ ដែលសំខាន់ជាងគេបំផុត។
39រីឯបទបញ្ជាទីពីរគឺដូច្នេះ គឺត្រូវស្រឡាញ់បងប្អូនឯទៀតៗ ឲ្យបានដូចស្រឡាញ់ខ្លួនឯងដែរ។
40បទបញ្ជាទាំងពីរនេះ ជាឫសគល់របស់គម្ពីរវិន័យ និងគម្ពីរព្យាការីទាំងអស់»។
41ពេលនោះ ពួកខាងគណៈផារីស៊ីនៅតែជុំគ្នា ព្រះយេស៊ូក៏សួរទៅពួកគេ។
42ដោយព្រះបន្ទូលថា៖ «តើអ្នករាល់គ្នាយល់ថា ព្រះគ្រិស្ដជាព្រះរាជវង្សរបស់អ្នកណាដែរ?» ពួកគេឆ្លើយថា៖ «ព្រះអង្គជាព្រះរាជវង្សរបស់ព្រះបាទដាវីឌ»។
43ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ចុះហេតុដូចម្ដេចបានជាព្រះបាទដាវីឌ ដែលមានព្រះវិញ្ញាណបំភ្លឺហៅព្រះគ្រិស្ដថា ព្រះអម្ចាស់ ទៅវិញដូច្នេះ គឺព្រះអង្គមានរាជឱង្ការថា
44ព្រះអម្ចាស់មានបន្ទូលមកកាន់ព្រះអម្ចាស់របស់ខ្ញុំថា ចូរអង្គុយនៅខាងស្ដាំយើង រហូតដល់យើងដាក់ខ្មាំងសត្រូវរបស់អ្នកនៅក្រោមជើងរបស់អ្នក?
45បើព្រះបាទដាវីឌហៅព្រះគ្រិស្ដថា ជាព្រះអម្ចាស់ ដូច្នេះ តើឲ្យព្រះគ្រិស្ដត្រូវជាព្រះរាជវង្សរបស់ព្រះអង្គដូចម្ដេច?»
46គ្មាននរណាម្នាក់អាចឆ្លើយទៅព្រះអង្គវិញ សូម្បីតែមួយម៉ាត់ក៏មិនបានផង ហើយចាប់តាំងពីពេលនោះមក គ្មាននរណាហ៊ានសួរព្រះអង្គទៀតឡើយ។