ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

កណ្ឌគម្ពីរ​ម៉ាថាយ 21

Read Scripture freely. Divine Threads study for this chapter is coming later.

1កាលព្រះយេស៊ូ​ និងពួក​សិស្សរបស់ព្រះអង្គយាង​មកជិត​ដល់​ក្រុង​យេរូសាឡឹម​ ហើយកាល​មក​ដល់​ភូមិ​បេតផាសេ ដែល​នៅ​ភ្នំ​ដើម​អូលីវ ព្រះអង្គ​ចាត់​សិស្ស​ពីរ​នាក់​ឲ្យទៅ​
2ទាំង​មាន​ព្រះបន្ទូល​ថា៖ «ចូរ​ទៅ​ភូមិ​ដែល​នៅ​មុខ​អ្នក​រាល់​គ្នា ពេល​ទៅ​ដល់​ភ្លាម អ្នក​នឹង​ឃើញ​មេ​លា​មួយ​ដែល​គេ​ចង​នៅ​ទី​នោះ ហើយ​មាន​កូន​វា​នៅ​ជា​មួយ​ដែរ។ ចូរ​ស្រាយ​វា​ហើយដឹក​មករក​ខ្ញុំ។
3ប្រសិន​បើ​មាន​នរណា​សួរអ្នក ចូរ​ប្រាប់​គេ​ថា ព្រះអម្ចាស់​ត្រូវ​ការ​វា ហើយ​គេ​ដឹក​វាមក​វិញ​ភ្លាម​ជា​មិន​ខាន»។
4ការណ៍​នេះ​កើត​ឡើង ឲ្យស្រប​នឹង​សេចក្ដី​ដែល​បាន​ចែង​ទុក​តាម​រយៈ​ព្យាការី​ថា៖
5ចូរ​ប្រាប់កូនស្រី​ក្រុង​ស៊ីយ៉ូន​ថា៖ «មើល​ហ្ន៎ ព្រះមហាក្សត្រ​របស់​អ្នក​យាង​មក​រក​អ្នក​ហើយ ព្រះអង្គ​មាន​ព្រះហឫទ័យ​ស្លូត​បូត ទ្រង់​សុភាព គង់​លើ​ខ្នង​លា ហើយ​គង់​លើ​ខ្នង​កូន​លា​ផង​ដែរ​»។
6បន្ទាប់មកសិស្ស​ទាំង​ពីរ​នាំ​គ្នា​ចេញ​ទៅ ធ្វើ​តាម​បញ្ជា​របស់​ព្រះយេស៊ូុ។
7គេដឹក​មេ​លា និង​កូន​វា​មក​ ហើយគេ​យក​អាវ​ក្រាល​ពី​លើ​ខ្នង​លា និង​លើ​ខ្នង​កូន​លា​ផង ហើយ​ព្រះយេស៊ូ​ឡើង​គង់​លើ​ខ្នង​វានោះ។
8មាន​បណ្ដាជន​ជា​ច្រើន​នាំ​គ្នា​យក​អាវ​របស់​ខ្លួន​ក្រាល​តាម​ផ្លូវ ហើយ​អ្នក​ខ្លះ ទៀត​កាច់​មែកឈើ​យក​មក​ក្រាល​លើ​ផ្លូវ​ដែរ។
9បន្ទាប់មក មហាជន​ដែល​ដើរ​ហែហម​ព្រះយេស៊ូ ពី​មុខ​ពី​ក្រោយ​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «ហូសាណាថ្វាយព្រះរាជវង្ស​របស់​ព្រះបាទ​ដាវីឌ! សូម​ព្រះជាម្ចាស់​ប្រទាន​ពរ​ដល់​ព្រះអង្គ ដែល​យាង​មក​ក្នុង​ព្រះនាម​ព្រះអម្ចាស់! ហូសាណាថ្វាយព្រះជាម្ចាស់​នៅ​ស្ថាន​ដ៏​ខ្ពង់ខ្ពស់​បំផុត»។
10កាល​ព្រះយេស៊ូ​យាង​ទៅ​ដល់​ក្រុង​យេរូសាឡឹម​ហើយ ​នៅ​ក្នុង​ទីក្រុង​ទាំង​មូល នាំ​គ្នា​ជ្រួលច្របល់​សួរ​ថា៖ «តើ​លោក​នោះ​ជា​នរណា?»
11មហាជន​ឆ្លើយ​ថា៖ «លោក​ជា​យេស៊ូ ដែលជា​ព្យាការី មក​ពី​ភូមិ​ណាសារ៉ែត​ក្នុង​ស្រុក​កាលីឡេ»។
12បន្ទាប់​មក ព្រះយេស៊ូ​យាងចូលក្នុង​ព្រះវិហារ ហើយ​ព្រះអង្គ​ដេញ​អ្នក​លក់​ដូរ​ចេញ​ពី​ទី​នោះ ហើយទ្រង់​ផ្ដួល​តុ​អ្នក​ដូរ​ប្រាក់ ផ្ដួល​កៅអី​របស់​អ្នក​លក់​ព្រាប។
13ព្រះអង្គមាន​ព្រះបន្ទូល​ទៅ​ពួកគេ​ថា៖ «ក្នុង​គម្ពីរ​បាន​ចែង​ថា ដំណាក់​របស់​យើង​ត្រូវ​ធ្វើ​ជា​កន្លែង​សម្រាប់​អធិស្ឋាន តែ​អ្នក​រាល់​គ្នា​បែរ​ជា​យក​ធ្វើ​ជា​សំបុក​ចោរ​ទៅ​វិញ»។
14បន្ទាប់មកមាន​មនុស្ស​ខ្វាក់ និង​មនុស្ស​ខ្វិន នាំ​គ្នា​មក​រក​ព្រះអង្គ​នៅ​ក្នុង​ព្រះវិហារ ហើយព្រះអង្គ​ក៏​ប្រោសពួក​គេ​ឲ្យបាន​ជា។
15ប៉ុន្តែ កាល​ពួក​នាយក​បូជាចារ្យ និងពួក​អាចារ្យ​ឃើញ​ការ​អស្ចារ្យ​ដែល​ព្រះអង្គ​បាន​ធ្វើ ហើយ​ឮ​ក្មេងៗ​ស្រែក​នៅ​ក្នុង​ព្រះវិហារ​ថា៖ «ហូសាណាថ្វាយព្រះរាជវង្ស​ព្រះបាទ​ដាវីឌ! ពួកគេ​បានខឹងយ៉ាងខ្លាំង»
16ពួកគេ​ទូល​ព្រះអង្គ​ថា៖ «តើ​លោក​ឮ​មនុស្សទាំងនោះ​ស្រែក​ថា​ដូច​ម្ដេច​ទេ?» ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​ពួកគេ​វិញ​ថា៖ «ខ្ញុំ​ឮ​ហើយ! តើអ្នកមិនដែលដឹងទេថា គឺព្រះអង្គ​នឹង​ធ្វើ​ឲ្យពាក្យ​សរសើរ​តម្កើង ហូរ​ចេញ​ពី​បបូរ​មាត់​ក្មេង​តូចៗ និង​ទារក​ដែល​នៅ​បៅ?»
17បន្ទាប់មកព្រះយេស៊ូយាងចេញពីគេ ហើយទ្រង់​យាង​ចេញ​ពី​ទីក្រុង​ឆ្ពោះ​ទៅ​ភូមិ​បេថានី ហើយក៏​ស្នាក់​នៅ​ទី​នោះ។
18ព្រលឹម​ឡើង ទ្រង់យាង​ត្រឡប់​ទៅ​ទីក្រុង​វិញ ពេល​នោះ ព្រះអង្គ​ឃ្លាន។
19ព្រះអង្គ​ទត​ឃើញ​ឧទុម្ពរ​មួយ​ដើម​នៅ​តាម​ផ្លូវ ទ្រង់​យាង​ចូល​ទៅ​ជិត ហើយមិន​ឃើញ​មាន​ផ្លែ​សោះ មាន​សុទ្ធ​តែ​ស្លឹក ទ្រង់​មាន​ព្រះបន្ទូល​ទៅ​កាន់​ដើម​ឧទុម្ពរ​នោះ​ថា៖ «ឯងនឹងមិនដែល​បង្កើត​ផ្លែ​ទៀត​ឡើយ»។ ពេល​នោះ ស្រាប់​តែ​ដើម​ឧទុម្ពរ​ក្រៀម​ស្វិតជា​មួយ​រំពេច។
20ពេលពួក​សិស្សឃើញ​ដូច្នោះ គេ​ងឿងឆ្ងល់​ជា​ខ្លាំង​ពួកគេ​ពោល​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ដើម​ឧទុម្ពរ​ក្រៀម​ស្វិត​មួយ​រំពេច​ដូច្នេះ?»
21ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ឆ្លើយ​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នាឲ្យ​ដឹង​ប្រាកដ​ថា ប្រសិន​បើ​អ្នក​រាល់​គ្នា​មាន​ជំនឿ​ដោយឥត​សង្ស័យ​នោះ អ្នក​រាល់​គ្នា​មិន​ត្រឹម​តែ​អាច​ធ្វើ​ឲ្យដើម​ឧទុម្ពរ​នេះ​ក្រៀម​ស្វិត​ប៉ុណ្ណោះ​ទេ គឺ​អ្នក​រាល់​គ្នាអាច​និយាយ​ទៅ​កាន់​ភ្នំ​នេះ​ថា៖ ចូរ​ចេញ​ពី​ទី​នេះ ធ្លាក់​ក្នុង​សមុទ្រ​ទៅ! នោះ​នឹង​សំរេច​ដូច្នោះ​ជា​មិន​ខាន។
22អ្វី​ក៏​ដោយ​អោយ​តែ​អ្នក​រាល់​គ្នា​អធិស្ឋានសុំ​ដោយ​មាន​ជំនឿ អ្នក​រាល់​គ្នា​មុខ​ជា​បាន​ទទួល​បានជាមិនខាន»។
23ពេលព្រះយេស៊ូ​យាង​ចូល​ក្នុង​ព្រះវិហារ ហើយ​នៅ​ពេល​ព្រះអង្គ​កំពុង​តែ​បង្រៀន​ ពួក​នាយក​បូជាចារ្យ និង​ពួក​ព្រឹទ្ធាចារ្យ​របស់​ប្រជាជន​នាំ​គ្នា​ចូល​មក​សួរ​ព្រះអង្គ​ថា៖ «តើ​លោក​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​អំណាច​អ្វី? អ្នក​ណា​ប្រគល់​អំណាច​នេះឲ្យ​លោក?»
24ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ ខ្ញុំ​ក៏​សុំ​សួរ​សំណួរ​មួយ​ដល់​អ្នកដែល បើ​អស់​លោក​ប្រាប់​ខ្ញុំបាន នោះខ្ញុំ​នឹង​ប្រាប់​អស់​លោក​វិញ​នូវ អំណាចអ្វីដែលខ្ញុំ​ធ្វើ​ការ​ទាំង​នេះបាន។
25អំពីពិធី​ជ្រមុជ​ទឹករបស់លោក​យ៉ូហាន តើ​កើតឡើងពីណាមក? មកពីស្ថានសួគ៌ ឬពី​មនុស្ស? ពួកគេ​ពិគ្រោះ​គ្នា​ពីការនេះ៖ «បើ​យើងនិយាយ​ថា មកពីស្ថានសួគ៌ ​គាត់​មុខ​ជា​សួរ​យើង​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​លោក​យ៉ូហាន»។
26ប៉ុន្តែ បើ​យើង​ឆ្លើយ​ថា មកពីមនុស្ស​នោះ​យើង​ខ្លាច​ប្រជាជន​រក​រឿង ដ្បិត​មនុស្ស​គ្រប់ៗ​គ្នា​ចាត់​ទុក​លោក​យ៉ូហាន​ជា​ព្យាការីមួយរូបដែរ»។
27ដូច្នេះ ពួកគេ​ឆ្លើយទៅ​ព្រះយេស៊ូ​ថា៖ «យើង​មិន​ដឹង​ទេ»។ ព្រះអង្គក៏​មាន​ព្រះបន្ទូល​គេទៅ​វិញ​ថា៖ «រីឯ​ខ្ញុំ​វិញ ខ្ញុំ​ក៏​មិន​ប្រាប់​អស់​លោក​ថា ខ្ញុំ​ធ្វើ​ការ​ទាំង​នេះដោយ​អាង​លើ​អំណាច​អ្វី​ដែរ។
28តើអ្នក​រាល់​គ្នា​យល់​យ៉ាង​ណា​ដែរ? ​បុរស​ម្នាក់​មាន​កូន​ប្រុស​ពីរ ​គាត់​និយាយ​ទៅ​កាន់​កូន​ច្បង​ថា៖ «កូន​អើយ! ថ្ងៃ​នេះ ចូរ​កូន​ទៅ​ធ្វើ​ការ នៅ​ចំការ​ទំពាំងបាយជូរ​​ទៅ»។
29កូន​តប​មក​វិញ​ថា៖ «ខ្ញុំ​មិន​ចង់​ទៅ​ទេ! ប៉ុន្តែ ក្រោយ​មក កូន​នោះ​ក៏ដូរ​គំនិត ហើយ​ក៏​ទៅ​ចំការវិញ។
30បន្ទាប់​មក ឪពុក​និយាយ​ពាក្យ​ដដែល​ទៅ​កាន់​កូន​ពៅ តែកូន​ពៅឆ្លើយ​ថា៖ «បាទ! កូន​នឹងទៅ»។ តែ​កូនពៅអត់​ទៅ​ទេ។
31តើក្នុង​ចំណោម​កូន​ទាំង​ពីរ​នាក់នេះ មួយ​ណា​បាន​ធ្វើ​តាម​បំណង​ឪពុក? ពួកគេ​ទូល​ព្រះអង្គ​ថា៖ «កូន​ច្បង»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ប្រាកដ​ថា ពួក​អ្នក​ទារ​ពន្ធ និង​ពួក​ស្ត្រី​ពេស្យា នឹង​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់ មុន​អ្នក​រាល់​គ្នា។
32ដ្បិត​លោក​យ៉ូហាន​បាន​មក​ណែនាំ​អ្នក​រាល់​គ្នា​ឲ្យដើរ​តាម​ផ្លូវ​សុចរិត តែ​អ្នក​រាល់​គ្នា​មិន​ព្រម​ជឿ​លោក​ទេ តែពួក​អ្នក​ទារ​ពន្ធ និង​ស្ត្រី​ពេស្យា​បាន​ជឿ​លោក រីឯ​អ្នក​រាល់​គ្នា​វិញ ទោះ​បី​អ្នក​រាល់​គ្នា​បាន​ឃើញ​ហេតុការណ៍​ទាំង​នោះ​ក្តី ក៏​អ្នក​រាល់​គ្នា​មិន​បាន​ដូរ​ចិត្ត​គំនិត ហើយ​ជឿ​លោក​ដែរ។
33សុំ​ស្ដាប់​ប្រស្នា​មួយ​ទៀត គឺមាន​បុរស​ម្នាក់​ជា​ម្ចាស់​ចម្ការ គាត់​បាន​ដាំ​ទំពាំងបាយជូរ រួច​ធ្វើ​របង​ព័ទ្ធ​ជុំវិញ គាត់​រៀបចំ​កន្លែង​មួយ ដើម្បី​បញ្ជាន់​ផ្លែ​ទំពាំងបាយជូរ ព្រម​ទាំង​សង់​ខ្ទម​មួយ​ផងហើយគាត់ក៏​ប្រវាស់​ឲ្យទៅ​ពួក​កសិករ​មើល​ថែ​ទាំ រួច​ចេញ​ដំណើរ​ទៅ​ស្រុកផ្សេងបាត់ទៅ។
34លុះ​ដល់ពេល​រដូវ​ទំពាំងបាយជូរ​ទុំ គាត់​ក៏​ចាត់​ពួក​អ្នក​បម្រើឲ្យ​មក​ជួប​អ្នក​ថែ​ចម្ការទាំង​នោះ ដើម្បី​ទទួល​យក​ផល​របស់​គាត់។
35ប៉ុន្តែ ពួក​កសិករ​នាំ​គ្នា​ចាប់​ពួក​អ្នក​បម្រើ​មក​វាយដំ​ម្នាក់ ប្រហារ​ជីវិត​ម្នាក់ និង​យក​ដុំ​ថ្ម​គប់​សម្លាប់​ម្នាក់​ទៀត។
36ម្ចាស់​ចំការ​ក៏​ចាត់​អ្នក​បម្រើផ្សេង​ទៀត ដែល​មាន​គ្នា​ច្រើន​ជាង​មុន​ឲ្យ​មកម្តងទៀត ប៉ុន្តែ ពួក​អ្នក​ថែ​ចម្ការ​បាន​ធ្វើ​បាប​អ្នក​បម្រើ​ទាំង​នោះ​ដូច​ពួក​មុនៗ​ដែរ។
37ក្រោយមក ម្ចាស់​ចម្ការ​ចាត់​កូន​ប្រុស​របស់​គាត់ ឲ្យ​មក​ជួប​គេ​ដោយ​គិត​ថា៖ «គេ​មុខ​ជា​គោរព​កោត​ខ្លាច​កូន​ប្រុស​គាត់ជា​មិន​ខាន»។
38ប៉ុន្តែ ពេល​ពួក​កសិករ​ឃើញ​កូន​ប្រុសរបស់​ម្ចាស់​ចម្ការ​មក​ដល់ គេ​ពិគ្រោះ​គ្នា​ថា៖ «អ្នក​នេះ​ជា​អ្នក​ទទួល​កេរមត៌ក​ពី​ម្ចាស់​ចម្ការ​បើ​យើង​នាំ​គ្នា​សម្លាប់​វា មត៌ក​នេះ​នឹង​ត្រូវ​បាន​មក​យើងជា​មិន​ខាន។
39គេ​ក៏​ចាប់​កូន​ប្រុស​ម្ចាស់​ចម្ការ​បោះ​ទៅ​ខាង​ក្រៅ ហើយ​សម្លាប់​គាត់ចោល​ទៅ។
40លុះដល់​ពេល​ម្ចាស់​ចម្ការ​មក តើ​គាត់​នឹង​ធ្វើ​យ៉ាង​ណា​ចំពោះ​កសិករ​ទាំង​នោះ?
41ពួកគេ​ទូល​ព្រះអង្គ​ថា៖ «គាត់​មុខ​ជា​សម្លាប់​ជន​ពាល​ទាំង​នោះ​ឥត​ត្រា​ប្រណី​ឡើយ រួចហើយ​ប្រវាស់​ចម្ការឲ្យ​អ្នក​ផ្សេង​ទៀត ដែល​ជាអ្នកនឹង​ប្រគល់​ផល​ជា​ចំណែក​របស់​គាត់​ជូនដល់​គាត់ នៅ​រដូវ​ទំពាំងបាយជូរ​ទុំ»។
42ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅពួក​គេ​ថា៖ «តើអ្នកធ្លាប់បានអាន​គម្ពីរទេ​ថា ថ្ម​ដែល​ពួក​ជាង​សង់​​បោះ​ចោល បាន​ត្រឡប់​មក​ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត។​ ព្រះអម្ចាស់​បាន​សម្រេច​ការទាំង​នេះឲ្យយើង​​ឃើញ ហើយឲ្យយើង​ស្ងើច​សរសើរ​ផង»?
43ដូចនេះ​ហើយ បាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះជាម្ចាស់​នឹង​ដក​ព្រះរាជ្យ​ចេញ​ពី​អ្នក​រាល់​គ្នា ហើយប្រគល់​ទៅ​ឲ្យ​សាសន៍​មួយ​ទៀត ដែល​ចេះ​បង្កើត​ផល​របស់​ព្រះរាជ្យ។
44អ្នក​ណា​ដួល​លើ​ថ្ម​នេះ អ្នក​នោះ​មុខ​ជា​ត្រូវ​បាក់​បែក​ខ្ទេចខ្ទាំ​មិន​ខាន ប៉ុន្តែ​បើ​ថ្ម​នេះ​សង្កត់​លើ​អ្នក​ណា មុខ​ជា​កិន​កំទេច​អ្នក​នោះ​​ជា​ប្រាកដ​ដែរ។
45ពេលពួក​នាយក​បូជាចារ្យ និង​ពួក​ខាង​គណៈ​ផារីស៊ីបានឮពីប្រស្នានេះ​ក៏​ដឹង​ថា ព្រះអង្គ​មាន​ព្រះបន្ទូល​សំដៅ​ទៅ​លើ​ពួក​គេ។
46ពួកគេ​នាំ​គ្នា​រក​មធ្យោបាយ​ចាប់​ព្រះអង្គ ប៉ុន្តែគេ​ខ្លាច​មហាជន ពីព្រោះ​មហាជន​ចាត់​ទុក​ព្រះយេស៊ូ​ជា​ព្យាការី​មួយ​រូប។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។