1ព្រះរាជ្យនៃស្ថានបរមសុខ ប្រៀបបានទៅនិងម្ចាស់ចម្ការម្នាក់ ដែលចាកចេញពីផ្ទះតាំងពីព្រលឹម ទៅរកជួលកម្មករមកធ្វើការនៅក្នុងចម្ការទំពាំងបាយជូររបស់ខ្លួន។
2ក្រោយគាត់ព្រមព្រៀងជាមួយនិងកម្មករថា នឹងឲ្យប្រាក់មួយដួងក្នុងមួយថ្ងៃហើយ ក៏ចាត់ពួកគេឲ្យទៅធ្វើការក្នុងចម្ការរបស់គាត់ទៅ។
3ប្រមាណជាម៉ោងប្រាំបួនព្រឹក គាត់ចេញទៅម្តងទៀតហើយក៏ឃើញអ្នកផ្សេងទៀតកំពុងតែឈរនៅតាមទីផ្សារ។
4គាត់ក៏និយាយទៅកាន់ពួកគេថា៖ «ចូរអ្នករាល់គ្នាទៅធ្វើការនៅឯចម្ការខ្ញុំដែរទៅ ខ្ញុំនឹងឲ្យប្រាក់ឈ្នួលត្រឹមត្រូវដល់អ្នក អ្នកទាំងនោះក៏នាំគ្នាទៅធ្វើការនៅចម្ការរបស់គាត់។
5ម្ចាស់ចំការក៏ចេញទៅសារជាថ្មីទៀតនៅម៉ោងដប់ពីរ និងម៉ោងបីរសៀល ហើយជួលអ្នកផ្សេងតាមរបៀបដដែល។
6ប្រហែលជាម៉ោងប្រាំល្ងាចគាត់ក៏ចេញទៅសាជាថ្មីម្តងទៀត ហើយឃើញអ្នកខ្លះទៀតឈរនៅតាមទីផ្សារ គាត់ក៏សួរពួកគេថា ហេតុអ្វីបានជាអ្នករាល់គ្នាឈរនៅទីនេះ មួយថ្ងៃវាល់ល្ងាច ឥតធ្វើអ្វីសោះដូច្នេះ
7ពួកគេឆ្លើយថា មកពីគ្មាននរណាជួលយើងខ្ញុំឲ្យធ្វើការនោះទេ! គាត់ក៏ពោលទៅពួកអ្នកទាំងនោះថា ចូរអ្នករាល់គ្នាទៅធ្វើការនៅចម្ការខ្ញុំដែរទៅ។
8លុះដល់ពេលល្ងាច ម្ចាស់ចម្ការបានប្រាប់ទៅអ្នកកាន់ប្រាក់ថា ចូរហៅពួកកម្មករមក ហើយបើកប្រាក់ឲ្យពួកគេទៅ គឺចាប់ផ្ដើមពីអ្នកដែលធ្វើការក្រោយគេបង្អស់ រហូតដល់អ្នកមកមុនគេបង្អស់។
9ពេលពួកអ្នកដែលបានចាប់ផ្ដើមធ្វើការម៉ោងប្រាំល្ងាចមកដល់ ទទួលប្រាក់ម្នាក់មួយដួងៗ។
10ហើយពួកអ្នកដែលចាប់ផ្ដើមធ្វើការមុនគេ ក៏មកដល់ដែរពួកគេគិតថា នឹងបានប្រាក់ច្រើនជាងអ្នកផ្សេង ប៉ុន្តែ ពួកគេទទួលម្នាក់ត្រឹមតែមួយដួងដូចៗគ្នា។
11ពេលគេទទួលយកប្រាក់ឈ្នួល ហើយពួកគេរក៏អ៊ូរទាំដាក់ម្ចាស់ចំការ
12ដោយនិយាយថា ពួកអ្នកដែលមកក្រោយនេះ បានធ្វើការតែមួយម៉ោងប៉ុណ្ណោះ តែលោកបែរជាបើកប្រាក់ឲ្យគេស្មើនឹងយើងខ្ញុំ ដែលធ្វើការហាលថ្ងៃហាលក្ដៅ។
13ប៉ុន្តែ ម្ចាស់ចម្ការនិយាយទៅកាន់ម្នាក់ក្នុងចំណោមកម្មករទាំងនោះថា៖ «សម្លាញ់អើយ! ខ្ញុំមិនបានបោកបញ្ឆោតអ្នកទេ។ តើអ្នកមិនបានយល់ព្រមធ្វើការឲ្យខ្ញុំក្នុងតម្លៃមួយដួងក្នុងមួយថ្ងៃ មែនទេ?»
14ចូរយកប្រាក់ឈ្នួលរបស់អ្នកហើយចេញទៅចុះ! ខ្ញុំចង់ឲ្យអ្នកដែលមកដល់ក្រោយ ទទួលប្រាក់ស្មើនឹងអ្នកដែរ។
15តើខ្ញុំគ្មានសិទ្ធិនឹងយកប្រាក់របស់ខ្លួន ទៅធ្វើអ្វីតាមបំណងចិត្តខ្ញុំទេឬអី? ឬក៏អ្នកមានចិត្តច្រណែន ព្រោះតែខ្ញុំមានចិត្តសប្បុរស?
16ហេតុនេះ អ្នកដែលនៅក្រោយនឹងត្រឡប់ទៅជាមុន រីឯអ្នកដែលមុននោះ នឹងត្រឡប់ទៅខាងក្រោយវិញ។
17កាលព្រះយេស៊ូកំពុងយាងឡើងទៅក្រុងយេរូសាឡឹម ទ្រង់ក៏នាំសិស្សទាំងដប់ពីររូប ចេញដាច់ឡែកពីគេ ហើយព្រះអង្គមានព្រះបន្ទូលទៅគេនៅតាមផ្លូវថា៖
18«មើល! យើងកំពុងឡើងទៅក្រុងយេរូសាឡឹម ហើយបុត្រមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់ពួកនាយកបូជាចារ្យ និងពួកអាចារ្យ។ ពួកគេនឹងកាត់ទោសប្រហារជីវិតលោក។
19ហើយគេនឹងបញ្ជូនលោកទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃ ឲ្យពួកនោះចំអកដាក់លោក យករំពាត់វាយលោក ព្រមទាំងឆ្កាងសម្លាប់លោកថែមទៀតផង ប៉ុន្តែ បីថ្ងៃក្រោយមកលោកនឹងរស់ឡើងវិញ»។
20ពេលនោះ ភរិយារបស់លោកសេបេដេ បាននាំកូនទាំងពីរចូលមករកព្រះយេស៊ូ គាត់ក្រាបទៀបព្រះបាទារបស់ព្រះអង្គចង់ទូលសុំអ្វីមួយ។
21ព្រះអង្គមានព្រះបន្ទូលសួរគាត់ថា៖ «តើអ្នកចង់បានអ្វី?» គាត់ទូលព្រះអង្គវិញថា៖ «សូមឲ្យកូនរបស់ខ្ញុំម្ចាស់បានអង្គុយអមនិងព្រះអង្គផង គឺម្នាក់នៅខាងស្ដាំ និងម្នាក់ទៀតនៅខាងឆ្វេងដៃរបស់ព្រះអង្គផង នៅពេលព្រះអង្គគ្រងរាជ្យ» ។
22ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នកមិនដឹងថាខ្លួនកំពុងសុំអ្វីនោះឡើយ តើអ្នកទាំងពីរអាចទទួលពែង ដែលខ្ញុំត្រូវទទួលនោះបានឬទេ?» យ៉ាកុប និងយ៉ូហានទូលថា៖ «យើងខ្ញុំអាចទទួលបាន»។
23ព្រះអង្គមានព្រះបន្ទូលទៅអ្នកទាំងពីរថា៖ «អ្នកនឹងទទួលពែងរបស់ខ្ញុំបានមែន តែការអង្គុយនៅខាងស្ដាំ ឬនៅខាងឆ្វេងដៃរបស់ខ្ញុំនោះ ខ្ញុំមិនអាចសម្រេចអោយបានឡើយ ព្រោះកន្លែងនោះបម្រុងទុកសម្រាប់តែអស់អ្នកដែលព្រះបិតារបស់ខ្ញុំ បានសំរេចអោយតែប៉ុណ្ណោះ»។
24កាលសិស្សដប់រូបទៀតបានឮដូច្នោះ គេក៏ខឹងនិងបងប្អូនទាំងពីរនាក់នេះខ្លាំងណាស់។
25ប៉ុន្តែ ព្រះយេស៊ូត្រាស់ហៅសិស្សទាំងអស់មក ហើយមានព្រះបន្ទូលថា៖ «អ្នករាល់គ្នាដឹងស្រាប់ហើយថា ពួកអ្នកគ្រប់គ្រងសាសន៍ដ៏ទៃតែងតែជិះជាន់ប្រជារាស្ត្ររបស់ខ្លួន រីឯអ្នកធំក៏តែងតែប្រើអំណាចលើប្រជារាស្ត្ររបស់ខ្លួនដែរ។
26ប៉ុន្តែ ក្នុងចំណោមអ្នករាល់គ្នា មិនមែនដូច្នោះទេផ្ទុយទៅវិញ បើមានអ្នកណាចង់ធ្វើធំជាងគេក្នុងចំណោមអ្នករាល់គ្នា ត្រូវឲ្យអ្នកនោះបម្រើអ្នករាល់គ្នាវិញ។
27ហើយបើមានអ្នកណាចង់ធ្វើមេគេក្នុងចំណោមអ្នករាល់គ្នា អ្នកនោះត្រូវធ្វើជាអ្នកបម្រើដល់អ្នករាល់គ្នាសិន។
28ដូចគ្នាដែលបុត្រមនុស្សមកក្នុងពិភពលោកនេះ មិនមែនដើម្បីឲ្យមនុស្សបម្រើលោកនោះទេ ប៉ុន្តែលោកមកបម្រើគ្រប់គ្នាវិញ ហើយព្រមទាំងបូជាជីវិត ដើម្បីលោះមនុស្សទាំងអស់ផង»។
29ពេលព្រះយេស៊ូ និងពួកសិស្សយាងចេញពីក្រុងយេរីខូ មានបណ្ដាជនច្រើនកុះករនាំគ្នាដើរតាមព្រះអង្គ
30មានមនុស្សខ្វាក់ពីរនាក់អង្គុយនៅក្បែរផ្លូវ ក្រោយអ្នកទាំងពីរឮថា ព្រះយេស៊ូយាងមក ក៏ស្រែកឡើងថា៖ «ឱព្រះអម្ចាស់ ជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្តាយើងខ្ញុំផង»។
31បណ្ដាជនស្តីបន្ទោសដល់អ្នកទាំងពីរឲ្យនៅស្ងៀម ប៉ុន្តែគេស្រែករឹតតែខ្លាំងឡើងថា៖ «ឱព្រះអម្ចាស់ ជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្តាដល់យើងខ្ញុំផង»។
32បន្ទាប់មកព្រះយេស៊ូក៏ឈប់ហើយនៅស្ងៀម ដោយហៅពួកគេមកសួរថា៖ «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វីសម្រាប់អ្នក?»
33គេទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! សូមប្រោសឲ្យភ្នែកយើងខ្ញុំបានភ្លឺផង»។
34ព្រះយេស៊ូមានព្រះហឫទ័យអាណិតអាសូរដល់អ្នកទាំងពីរនោះយ៉ាងពន់ពេក ព្រះអង្គក៏ពាល់ភ្នែកគេភ្លាមនោះពួកគេក៏មើលឃើញ ហើយនាំគ្នាដើរតាមព្រះយេស៊ូទៅ។