ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

កណ្ឌគម្ពីរ​ម៉ាថាយ 19

Read Scripture freely. Divine Threads study for this chapter is coming later.

1ក្រោយព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទាំង​នេះ​ចប់​សព្វ​គ្រប់​ហើយ ព្រះអង្គក៏​យាងចាក​ចេញ​ពី​ស្រុក​កាលីឡេ ​ឆ្ពោះ​ទៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ ក្នុង​ស្រុក​យូដា។
2មហាជនយ៉ាង​ច្រើន​កុះករ​នាំ​គ្នា​មក​តាម​ព្រះអង្គ ហើយព្រះអង្គ​ក៏​ប្រោស​អ្នក​ជំងឺ​ឲ្យបាន​ជា​នៅ​ទី​នោះដែរ។
3​ពួក​ខាង​គណៈ​ផារីស៊ីបានចូល​មក​ជិត ហើយ​ទូល​សួរ​ក្នុង​គោល​បំណង​ល្បងល​មើល​ព្រះអង្គ​ថា៖ «តើ​ស្វាមី​មាន​សិទ្ធិ​នឹង​លែង​ភរិយា ដោយ​សំអាង​លើ​មូល​ហេតុ​អ្វីមួយ​បាន​ឬ​ទេ?»។
4ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «តើអ្នក​រាល់​គ្នាមិនដែល​ធ្លាប់​អាន​គម្ពីរ​ទេឬអី កាល​ដើម​ដំបូង​ព្រះជាម្ចាស់ បាន​បង្កើត​មនុស្ស​មក ជា​បុរស ជា​ស្ត្រី?
5​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា ហេតុ​នេះ​ហើយ​បាន​ជា​បុរស​ត្រូវ​ចាក​ចេញ​ពី​ឪពុក​ម្ដាយ ទៅ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន ហើយ​អ្នក​ទាំង​ពីរនឹង​ត្រឡប់​ទៅ​ជា​រូប​កាយ​តែ​មួយ។
6គេ​មិន​មែន​​មនុស្ស​ពីរ​នាក់​ទៀត​ទេ គឺ​ជា​រូប​កាយ​តែ​មួយ​វិញ។ ដូច្នេះ អ្វីដែលព្រះជាម្ចាស់​បាន​ផ្សំផ្គុំ​​ឡើយ មនុស្ស​មិន​ត្រូវ​បំបាក់​បំបែក​គេឡើយ។
7ពួក​គេ​ទូល​សួរ​ព្រះអង្គ​ថា៖ «ចុះតើ​ហេតុ​ដូច​ម្ដេច​បាន​ជា​​ម៉ូសេ​បញ្ជា​ឲ្យ​ស្វាមី​ធ្វើ​លិខិត​លែងលះ​ភរិយា ហើយឲ្យនាងចាកចេញទៅ?»
8ព្រះអង្គមាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ ​«ម៉ូសេ​អនុញ្ញាត​ឲ្យអ្នក​រាល់​គ្នា​លែង​ភរិយា​បាន ព្រោះ​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹងរូសពេក​ តែ​កាល​ដើម​ឡើយ​មិន​មែន​ដូច្នោះ​ទេ។
9ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បុរស​ណា​លែង​ភរិយា (លើកលែង​តែ​រួម​រស់​ជា​មួយ​គ្នា ដោយ​ឥត​បាន​រៀបការ)​ ហើយ​ទៅ​រៀបការ​នឹង​ស្ត្រី​ម្នាក់​ទៀត បុរស​នោះ​ឯង​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។
10ពួកសិស្ស​នាំ​គ្នា​ទូល​ព្រះអង្គ​ថា៖ «បើ​មាន​លក្ខខណ្ឌ​រវាង​ប្ដី​ប្រពន្ធ​បែប​នេះ គួរ​កុំ​រៀបការ​ប្រសើរ​ជាង»។
11ប៉ុន្តែព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​វិញ​ថា៖ «មិនមែនមនុស្ស​គ្រប់​រូប​អាច​យល់​សេចក្ដី​នេះ​បាន​ឡើយ ប៉ុន្តែ​មាន​តែ​អ្នក​ដែល​ព្រះជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​យល់​ប៉ុណ្ណោះទេ ទើប​អាច​យល់​បាន។
12គឺមានអ្នក​ខ្លះ​មិន​អាច​រៀបការ​បាន​តាំង​ពី​កំណើត​មក​ ហើយអ្នក​ខ្លះ​ទៀត​មិន​អាច​រៀបការ​បាន​មក​ពី​ត្រូវ​គេ​ក្រៀវ រីឯ​អ្នក​ខ្លះ​ទៀត​មិន​រៀបការ​មក​ពី​យល់​ដល់​ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ អ្នក​ណា​ដែលអាចទទួលយកការបង្រៀននេះបាន ចូរ​យក​​ទៅ​រិះគិត​​ចុះ»។
13មាន​​ក្មេង​តូចៗមកឯព្រះអង្គ ដើម្បី​ទ្រង់ដាក់​ព្រះហស្ត​លើ​ និង​អធិស្ឋានឲ្យ។ ប៉ុន្តែពួកសិស្ស ​ស្ដី​បន្ទោស​អ្នក​ទាំង​នោះ
14តែ​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «ទុក​ឲ្យក្មេង​តូចៗទាំងនេះ​មក​រក​ខ្ញុំ​ចុះ កុំ​ឃាត់​ពួកគេ​ឡើយ ដ្បិត​មាន​តែ​អ្នក​មាន​ចិត្ត​ដូច​ក្មេងៗ​ទាំង​នេះ​ប៉ុណ្ណោះ គឺ​អាចចូលទៅ​ក្នុង​ព្រះរាជ្យនៃ​ស្ថាន​បរមសុខ​បាន»។
15ព្រះអង្គ​ដាក់​ព្រះហស្ដ​លើ​ក្មេង​ទាំង​នោះ រួច​ទ្រង់​យាង​ចាក​ចេញ​ពី​ទី​នោះ​ទៅ។
16មាន​បុរស​ម្នាក់​ចូល​មក​គាល់​ព្រះយេស៊ូ ហើយ​ទូល​ថា៖ «លោក​គ្រូ! តើ​ខ្ញុំ​ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ​អ្វី​ខ្លះទៅ ដើម្បី​ឲ្យ​មាន​ជីវិត​អស់កល្ប​ជានិច្ច?»
17ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «តើហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​សួរ​ខ្ញុំ​អំពី​អ្វី​ដែលជាការល្អ​ដូច្នេះ? មាន​តែ​ព្រះជាម្ចាស់​មួយ​ប៉ុណ្ណោះ​ដែល​ល្អ​សប្បុរស បើ​អ្នក​ចង់​មានជីវិតអស់កល្ប ត្រូវ​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទៅ»។
18បុរសនោះក៏ទូល​សួរ​ព្រះអង្គ​ថា៖ «តើបទ​បញ្ជាមួយណា? ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា៖ កុំ​សម្លាប់​មនុស្ស កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ កុំ​លួច​ កុំ​​ធ្វើជាសាក្សីក្លែងក្លាយ
19ចូរ​គោរព​មាតាបិតា​ ហើយត្រូវ​ស្រឡាញ់​បង​ប្អូន​ឯ​ទៀតៗ​ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ»។
20បុរសវ័យក្មេង​នោះ​ទូល​ព្រះអង្គ​ថា៖ «ខ្ញុំ​បាន​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​នេះ​ហើយ តើ​នៅ​មានអ្វី​ទៀតដែលខ្ញុំត្រូវធ្វើ?។
21ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ បើ​អ្នក​ចង់​បាន​ល្អ​ឥត​ខ្ចោះនោះ ចូរ​ទៅលក់​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ទាំង​ប៉ុន្មានដែលមាន ហើយ​ចែក​ឲ្យអ្នក​ក្រីក្រ​ទៅ នោះទើប​អ្នក​បាន​សម្បត្តិ​សួគ៌ រួច​សឹម​​មក​តាម​ខ្ញុំចុះ»។
22កាល​បុរស​វ័យក្មេងនោះ​ឮព្រះយេស៊ូមានព្រះបន្ទូល​ដូច្នេះ គាត់​ត្រឡប់​ទៅ​វិញ​ទាំង​ព្រួយ​ចិត្ត ដ្បិត​គាត់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ណាស់។
23ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​ពួក​សិស្សថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ប្រាកដថា ពួកអ្នក​មានពិបាក​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខណាស់។
24ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នាម្តង​ទៀត​ថា ដែលឲ្យសត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល គឺងាយ​ជាង​ឲ្យអ្នក​មាន​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ​ទៀត»។
25កាល​ពួក​សិស្ស​ឮ​ដូច្នោះ គេ​ងឿងឆ្ងល់​យ៉ាង​ខ្លាំង ហើយ​ពោល​ថា៖ «បើ​ដូច្នេះ តើ​អ្នក​ណា​នឹង​អាច​ទទួល​ការ​សង្គ្រោះទៅ?»
26ព្រះយេស៊ូ​ទត​មើលទៅពួក​គេ រួច​មាន​ព្រះបន្ទូល​ថា៖ «ការ​នេះ​មនុស្ស​ធ្វើ​ពុំ​បាន​ទេ តែង​ព្រះជាម្ចាស់​វិញ អ្វី​ក៏​ដោយ​ព្រះអង្គ​ធ្វើ​បាន​ទាំង​អស់»។
27បន្ទាប់មក ​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «យើង​ខ្ញុំ​បាន​លះបង់​អ្វីៗ​ទាំង​អស់ ដើម្បី​មក​តាម​ព្រះអង្គ តើ​យើង​ខ្ញុំ​នឹង​ទទួលបានអ្វីទៅ?»
28ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ប្រាកដ​ថា នៅ​ក្នុង​ជីវិត​ថ្មីនេះ ពេល​បុត្រ​មនុស្ស​គង់​លើ​បល្ល័ង្កប្រកប​ដោយ​សិរីរុងរឿង ​អ្នក​រាល់​គ្នា​ដែល​មក​តាម​ខ្ញុំ​នោះ ក៏​នឹង​អង្គុយ​លើ​បល្ល័ង្ក​ទាំង​ដប់ពីរ ដែលនឹងវិនិច្ឆ័យ​កុលសម្ព័ន្ធ​ទាំង​ដប់ពីរ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​​ផងដែរ។
29អ្នក​ណា​លះបង់​ផ្ទះ​សំបែង បង​ប្អូន​ប្រុស​ស្រី ឪពុក​ម្ដាយ កូន ឬ​ស្រែ​ចម្ការ ដោយព្រោះ​តែ​ខ្ញុំ អ្នក​នោះ​នឹង​បាន​ទទួល​វិញ​មួយ​ជា​មួយ​រយ​ ព្រម​ទាំង​មាន​ជីវិត​អស់កល្ប​ជានិច្ច។
30មាន​មនុស្ស​ជា​ច្រើន​ដែល​នៅ​ខាង​មុខ នឹង​ត្រឡប់​ទៅ​នៅខាង​ក្រោយវិញ រីឯ​អ្នក​ដែល​នៅ​​ក្រោយ នឹង​ត្រឡប់​ទៅ​នៅ​​មុខ​វិញ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។