ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

កណ្ឌគម្ពីរ​ម៉ាថាយ 18

Read Scripture freely. Divine Threads study for this chapter is coming later.

1ពេល​នោះ ពួកសិស្សបាន​នាំ​គ្នា​ចូល​មក​គាល់​ព្រះយេស៊ូ​ហើយ​ទូល​ថា៖ «តើ​អ្នក​ណា​មាន​ឋានៈ​ធំ​ជាង​គេ​នៅ​ក្នុង​ព្រះរាជ្យនៃ​ស្ថាន​បរមសុខ?»
2ព្រះយេស៊ូ​ហៅ​ក្មេង​តូច​ម្នាក់​ឲ្យ​មក​ឈរ​នៅ​កណ្ដាល​ចំណោម​ពួក​សិស្ស
3ហើយ​មាន​ព្រះបន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ប្រាកដ​ថា បើ​អ្នក​រាល់​គ្នា​មិន​ដូរ​ចិត្ត​គំនិត ឲ្យ​​ដូចជា​ក្មេង​តូចៗ​ទេ អ្នក​រាល់​គ្នា​មិន​អាច​ចូល​ទៅ​ក្នុង​ព្រះរាជ្យ នៃ​ស្ថាន​បរមសុខ​បាន​ឡើយ។
4ដូច្នេះបើអ្នក​ណា​ដាក់​ខ្លួន​ដូច​ក្មេង​តូច​នេះ អ្នក​នោះ​គឺមាន​ឋានៈ​ធំ​ជាង​គេ ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ។
5អ្នក​ណា​ទទួល​ក្មេង​តូច​ណា​ម្នាក់​ដូច​ក្មេង​នេះ ក្នុង​នាម​ខ្ញុំ ក៏​ដូច​ជា​​ទទួល​ខ្ញុំ​ដែរ។
6ប៉ុន្តែអ្នក​ណា​ធ្វើឲ្យ​អ្នក​តូចតាច​ម្នាក់​ក្នុង​បណ្ដា​អ្នក​ដែល​ជឿ​លើ​ខ្ញុំ​នេះឲ្យ​ប្រព្រឹត្ត​អំពើ​បាប អ្នកនោះគួរតែយក​ត្បាល់​ថ្ម​យ៉ាង​ធំ​មក​ចង​កខ្លួនឯង ហើយ​ទម្លាក់ខ្លួន​ទៅ​ក្នុង​បាត​សមុទ្រឲ្យ​លង់​ទឹកស្លាប់ទៅនោះប្រសើរ​ជាង​!
7មនុស្ស​លោក​មុខ​ជា​ត្រូវ​វេទនា​មិន​ខាន ដ្បិត​មាន​ហេតុ​ផ្សេងៗ​ជា​ច្រើននាំឲ្យ​គេ​ភ្លាត់ដូល។ ការ​ផ្សេងៗ ដែល​នាំ​ឲ្យគេ​​ភ្លាត់ដូល​នោះ ត្រូវ​តែ​មាន​ចៀស​មិន​ផុតឡើយ ប៉ុន្តែត្រូវ​វេទនា​ហើយអ្នក​ណាដែល​ភ្លាត់ដូល​នោះ​!
8ប្រសិន​បើ​ដៃ ឬ​ជើង​របស់​អ្នក នាំ​អ្នក​ឲ្យ​ភ្លាត់ដួលនោះ ចូរ​កាត់​វា​បោះ​ចោល ឲ្យឆ្ងាយពីអ្នក​ទៅ បើ​អ្នក​​មាន​តែ​ដៃ​ម្ខាង ឬ​ជើង​ម្ខាងតែរូច​ជីវិត នោះ​ប្រសើរ​ជាង​មាន​ដៃ​ពីរ ឬ​មាន​ជើង​ពីរ ហើយ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់កល្ប​ជានិច្ច។
9ប្រសិន​បើ​ភ្នែក​របស់​អ្នក នាំ​អ្នក​ឲ្យ​ភ្លាត់ដួល ចូរ​ខ្វេះ​វា​ចេញ ហើយ​បោះ​ចោល​ឲ្យ​ឆ្ងាយ​ពីអ្នកទៅ បើ​អ្នក​​មាន​តែ​ភ្នែក​ម្ខាងតែរួច​ជីវិត នោះ​ប្រសើរ​ជាង​មាន​ភ្នែក​ពីរ ហើយ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​នរក។
10កុំ​មើលងាយ​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​តូចតាច​នេះ​ឡើយ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា​ទេវតារបស់​ពួក​គេ​ស្ថិត​នៅ​ឯ​ស្ថាន​បរមសុខ តែងតែ​ឃើញ​ព្រះភក្ត្រ​របស់​ព្រះបិតា ដែល​គង់​នៅ​ស្ថាន​បរមសុខ​គ្រប់​ពេល​វេលា​ផង
11ដ្បិត​បុត្រ​មនុស្ស​បាន​មក​សង្គ្រោះ​មនុស្ស​ដែល​វិនាស​បាត់​បង់។
12តើ​អ្នក​រាល់​គ្នា​យល់​យ៉ាង​ណាដែរ? ប្រសិន​បើ​បុរស​ម្នាក់​មាន​ចៀម​មួយរយ​ក្បាល ហើយ​ចៀម​មួយ​វង្វេង​បាត់ តើគាត់​មិន​ទុក​ចៀម​កៅសិប​ប្រាំ​បួន​នៅ​លើ​ភ្នំ ហើយ​ទៅ​តាម​រក​ចៀម ដែល​វង្វេងបាត់​នោះ​ទេឬអី?
13ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ប្រាកដថា បើ​គាត់​រក​ចៀម​នោះ​ឃើញ​វិញហើយ គាត់​មុខ​តែ​ត្រេកអរ​សប្បាយ​ គឺ​សប្បាយ​លើស​ពី​ឃើញ​ចៀម​កៅសិប​ប្រាំ​បួន​ដែល​មិន​វង្វេង​បាត់​ទៅ​ទៀត។
14ដូច្នោះ រីឯ​ព្រះបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន​បរមសុខ​​ ទ្រង់​មិន​សព្វ​ព្រះហឫទ័យ​ឲ្យ​អ្នក​ណា​ម្នាក់ ក្នុង​ចំណោម​អ្នក​តូចតាច​ទាំង​នេះ វិនាស​បាត់​បង់​ឡើយ។
15ប្រសិន​បើ​មាន​បង​ប្អូន​ណា​​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់នឹងអ្នក ចូរ​ទៅ​ជួប​អ្នក​នោះ ស្ងាត់ៗ​តែ​ពីរ​នាក់ ហើយ​ស្ដី​ប្រដៅ​គាត់​ទៅ បើ​គាត់​ស្ដាប់​អ្នក អ្នក​នឹង​រក្សា​បង​ប្អូន​នោះ
16តែ​បើ​គាត់​មិន​ព្រម​ស្ដាប់​អ្នក​នោះទេ ចូរ​នាំ​ម្នាក់ ឬ​ពីរ​នាក់​ទៀត​ទៅ​ជា​មួយ ដើម្បីបញ្ជាក់​រឿង​ទាំង​អស់​ដោយ​មាន​សាក្សី​ពីរ ឬ​បី​នាក់។
17ហើយប្រសិន​បើ​គាត់ នៅតែ​មិន​ព្រម​ស្ដាប់​ពាក្យ​អ្នក​ទាំង​នោះ ត្រូវ​នាំ​រឿង​នេះ​ទៅ​ប្រាប់​ក្រុមជំនុំឲ្យដឹង ​បើ​គាត់​នៅ​តែ​មិន​ព្រម​ស្ដាប់​ក្រុមជំនុំ​ទៀត​នោះ ត្រូវ​ចាត់​ទុក​គាត់​ដូច​ជា​សាសន៍​ដទៃ ឬ​ដូច​ជា​អ្នក​ទារ​ពន្ធ​ចុះ។
18ខ្ញុំ​សុំ​ប្រាប់​ឲ្យអ្នក​រាល់​គ្នាឲ្យ​ដឹង​ប្រាកដថា អ្វីៗ​ទាំង​អស់​ដែល​អ្នក​រាល់​គ្នា​ចង​នៅ​លើ​ផែនដី​នេះ ​នឹងត្រូវ​ចង​នៅ​ស្ថាន​បរមសុខដែរ ហើយ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ស្រាយ​នៅ​លើ​ផែនដី ​ក៏​នឹងត្រូវ​ស្រាយ​​នៅ​ស្ថាន​បរមសុខ​ដែរ។
19ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នាម្តងទៀតថា ប្រសិន​បើ​មាន​ពីរ​នាក់​នៅ​លើ​ផែនដី​នេះ រួម​ចិត្ត​គំនិត​គ្នា ទូល​សូម​អ្វី​ក៏​ដោយ ព្រះបិតា​របស់​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​បរមសុខ​នឹង​ប្រទាន​ឲ្យជា​មិន​ខាន
20ដ្បិត​នៅ​ទី​ណា​មាន​ពីរ ឬ​បី​នាក់​ជួបជុំ​គ្នា​ក្នុង​នាម​ខ្ញុំ នោះខ្ញុំ​ក៏​ស្ថិត​នៅ​កណ្តាលចំណោម​គេ​ដែរ»។
21បន្ទាប់មក លោក​ពេត្រុស​ចូល​មក​ជិត​ព្រះយេស៊ូ ហើយ​ទូល​ថា៖ «ព្រះអម្ចាស់ តើ​ទូលបង្គំ​ត្រូវ​អត់ទោសឲ្យបងប្អូន ដែល​តែ​ប្រព្រឹត្ត​អំពើ​បាប​មក​លើ​ទូលបង្គំ​ប៉ុន្មាន​ដង? រហូត​ដល់​ប្រាំពីរ​ដង​ឬ?»។
22ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អ្នក​ថា អ្នក​មិនត្រូវ​អត់ទោស​ឲ្យ​គេ​ត្រឹម​តែ​ប្រាំពីរ​ដង​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​អត់ទោស​ឲ្យ​គេ​ចិតសិប​ដង​ប្រាំពីរ​ដង​។
23ហេតុ​នេះ ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខប្រៀប​បានទៅ​នឹង​ស្ដេច​មួយ​អង្គ ដែល​ចង់​គិត​បញ្ជី​ជា​មួយ​អ្នក​បម្រើ។
24ពេលដែល​ព្រះរាជា​ចាប់​ផ្ដើម​គិត​បញ្ជី មាន​គេ​នាំ​កូន​បំណុល​ម្នាក់​ដែល​ជំពាក់​ប្រាក់​មួយមឺុនណែន​មក។
25ប៉ុន្តែដោយ​អ្នក​នោះ​គ្មាន​ប្រាក់បង់​សង ស្ដេច​ក៏​ចេញ​បញ្ជា​ឲ្យ​លក់​ទាំង​គាត់ ទាំង​ប្រពន្ធ ទាំង​កូន ទាំង​របស់​របរ​ដែល​គាត់​មាន ដើម្បី​យក​ប្រាក់​មក​សង​បំណុល។
26អ្នក​បម្រើនោះ​ក៏លុត​ជង្គង់​ក្រាប​ទៀប​ព្រះបាទា​ស្ដេច ទាំងទូលអង្វរ​ថា៖ «សូម​ទ្រង់​មេត្តា​អត់​ឱន ​ឲ្យ​ទូលបង្គំ​ផង ទូលបង្គំ​នឹង​សង​ព្រះអង្គ​វិញ​គ្រប់​ចំនួន»។
27ព្រះរាជា​មាន​ព្រះហឫទ័យ​អាណិត​អាសូរ​អ្នក​បម្រើនោះ​ពន់​ពេក​ណាស់ ព្រះអង្គ​ក៏​ឲ្យគាត់​ទៅ​វិញ ទាំង​លុប​បំណុលទាំងអស់​ចោល​ថែម​ទៀត​ផង។
28ប៉ុន្តែពេល​អ្នក​បម្រើនោះ​ចេញ​ទៅ គាត់​បាន​ជួប​នឹង​អ្នកបម្រើ​ម្នាក់ ដែល​ជំពាក់​ប្រាក់​គាត់​មួយរយ​ដួង គាត់​ចាប់​អ្នក​នោះ​ដាក់ច្របាច់​ក​ទាំង​ពោល​ថា៖ «សង​ប្រាក់​អញ​ទាំង​អស់​មក!»។
29ប៉ុន្តែអ្នកបម្រើ​របស់​អ្នក​នោះ​ក៏​លុត​ជង្គង់​ចុះ​អង្វរ​ថា សុំ​អត់​ឱន​ឲ្យខ្ញុំផង​ ខ្ញុំនឹង​វិញ​គ្រប់​ចំនួន។
30ប៉ុន្តែ អ្នក​បម្រើរូប​នោះ​ពុំ​ព្រម​ទេ មិន​តែ​ប៉ុណ្ណោះ​ គាត់​ចាប់​អ្នក​ជំពាក់​ប្រាក់នោះ​យក​ទៅ​ឃុំឃាំង រហូត​ទាល់​តែ​បាន​សង​បំណុល​គ្រប់​ចំនួន។
31ពេលអ្នក​បម្រើ​ឯ​ទៀតៗ​ឃើញ​ដូច្នោះ ទាស់​ចិត្ត​ជា​ខ្លាំង គេ​យក​រឿង​នេះ​ទៅ​ទូល​ស្ដេច។
32ស្ដេច​ក៏​ហៅ​អ្នក​បម្រើនោះ​មក​សួរ​ថា៖ «​អ្នក​បម្រើ​អាក្រក់អើយ! យើង​បាន​លុប​បំណុល​ឯង​ទាំង​ប៉ុន្មាន​ចោល​អស់ហើយ ព្រោះ​ឯង​បាន​ទទូច​អង្វរ​យើង។
33ហេតុ​ដូច​ម្ដេច​បាន​ជា​ឯង​ពុំ​ព្រម​អាណិត​មេត្តាដល់អ្នកបម្រើ​របស់​ឯង ​ដូចជាយើង​បាន​អាណិត​មេត្តា​ដល់ឯងដែរ?»។
34ស្ដេច​ទ្រង់​ខ្ញាល់​ក្រៃលែង ហើយក៏​បញ្ជា​ឲ្យ​គេ​យក​អ្នក​នោះ​ទៅ​ធ្វើ​ទារុណកម្ម រហូត​ទាល់​តែ​សង​បំណុល​គ្រប់​ចំនួន។
35ព្រះបិតា​របស់​ខ្ញុំដែល​គង់​នៅ​ស្ថាន​បរមសុខ ក៏​នឹង​ធ្វើ​ទារុណកម្ម​អ្នក​រាល់​គ្នា​ដូច្នោះ​ដែរ ចំពោះ​អ្នក​ណាដែល​មិន​ព្រម​លើកលែង​ទោស​ឲ្យ​បង​ប្អូន​ដោយ​ស្មោះ​អស់​ពី​ចិត្ត​នោះ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។