ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

កណ្ឌគម្ពីរ​ម៉ាថាយ 17

Read Scripture freely. Divine Threads study for this chapter is coming later.

1ប្រាំ​មួយ​ថ្ងៃ​ក្រោយ​មក ព្រះយេស៊ូ​នាំ​ពេត្រុស យ៉ាកុប និង​​យ៉ូហាន​ជា​ប្អូនទៅជាមួយ ហើយទ្រង់នាំគេឡើង​ទៅ​លើ​ភ្នំ​ដាច់​ឡែក​ពី​គេ។
2ព្រះអង្គ​ប្រែ​ជា​មាន​ទ្រង់​ទ្រាយ​ប្លែក​​នៅ​មុខ​ពួកសិស្ស គឺ​ព្រះភក្ត្រ​របស់​ព្រះអង្គ​បញ្ចេញ​រស្មី​ចែង​ចាំង​ដូច​ពន្លឺព្រះអាទិត្យ ហើយ​ព្រះពស្ដ្រ​របស់​ព្រះអង្គ​ត្រឡប់​ជា​មាន​ពណ៌​ស​ដូច​ពន្លឺ។
3​លោក​ម៉ូសេ និង​ព្យាការីអេលីយ៉ា​បានលេចមកសន្ទនា​ជា​មួយ​ព្រះអង្គ។
4​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «ព្រះអម្ចាស់! ជាការ​ប្រសើរ​ណាស់ដែលយើង​ខ្ញុំ​បាន​នៅ​ទី​នេះ។ បើ​សិនព្រះអង្គ​សព្វ​ព្រះហឫទ័យ ទូលបង្គំ​នឹង​សង់​ជម្រក​បី គឺ​មួយ​សម្រាប់​ព្រះអង្គ មួយ​សម្រាប់លោក​​ម៉ូសេ និង​មួយ​ទៀត​សម្រាប់លោក​អេលីយ៉ា។
5កាល​ពេត្រុស​កំពុង​តែ​មាន​ប្រសាសន៍​នៅ​ឡើយ ស្រាប់​តែ​មាន​ពពក​ដ៏​ភ្លឺ​មក​គ្រប​បាំង​គេ​ទាំង​អស់​គ្នា ហើយ​មាន​ព្រះសូរសៀង​បន្លឺ​ពី​ក្នុង​ពពក​មក​ថា៖ «នេះ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​គាប់​ព្រះហឫទ័យ​នឹង​ព្រះអង្គ​ណាស់ ចូរ​ស្ដាប់​ព្រះអង្គ​ចុះ!»
6ពេលដែលពួក​សិស្ស​ឮ​ដូច្នោះ ពួកគេ​នាំ​គ្នា​ក្រាប​ចុះ អោន​មុខ​ដល់​ដី ព្រោះ​គេ​ភ័យ​ខ្លាច​ខ្លាំងណាស់។
7បន្ទាប់មកព្រះយេស៊ូ​យាង​មក ហើយដាក់​ព្រះហស្ដ​លើ​គេ ទាំង​មាន​ព្រះបន្ទូល​ថា៖ «ចូរ​នាំ​គ្នា​ក្រោក​ឡើង កុំ​ខ្លាច​អី!»
8កាល​ពួក​សិស្ស​ងើប​មុខ​ឡើង ឃើញ​តែ​ព្រះយេស៊ូ​មួយ​ព្រះអង្គ​ប៉ុណ្ណោះ។
9ពេល​ទ្រង់យាង​ចុះ​ពី​លើ​ភ្នំ​ជា​មួយពូក​សិស្សវិញ ព្រះយេស៊ូ​ហាមប្រាម​គេ​ថា៖ «កុំ​និយាយ​ប្រាប់​នរណា អំពី​ហេតុការណ៍​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​នេះ​ឡើយ ត្រូវ​ចាំ​រហូត​ដល់​បុត្រ​មនុស្ស មាន​ជីវិត​រស់​ឡើង​វិញ»។
10ពួក​សិស្សរបស់ព្រះអង្គ​ទូល​សួរ​ព្រះអង្គ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ពួក​អាចារ្យ​តែងតែ​និយាយ​ថា ព្យាការី​អេលីយ៉ា​ត្រូវ​អញ្ជើញ​មក​មុនដូច្នោះ?»
11ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «លោកអេលីយ៉ា​អញ្ជើញ​មក​មែន ដើម្បី​រៀបចំ​សព្វ​គ្រប់​ទាំង​អស់​ឡើង​វិញ។
12ប៉ុន្តែ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ​លោកអេលីយ៉ា​បាន​អញ្ជើញ​មក​រួច​ហើយ តែ​ពួក​គេ​មិន​ស្គាល់​លោក​ទេ។ មិន​តែ​ប៉ុណ្ណោះ​ គេ​ថែម​ទាំង​បាន​ធ្វើ​បាប​លោក​សព្វ​បែប​យ៉ាង​តាម​អំពើ​ចិត្ត​របស់​គេ​ទៀត។ បុត្រ​មនុស្ស​ក៏​នឹង​ត្រូវ​គេ​ធ្វើ​បាប​ដូច្នោះ​ដែរ»។
13ពេល​នោះ ពួក​សិស្ស​យល់​ថា ព្រះអង្គ​មាន​ព្រះបន្ទូល​មកកាន់ពូកគេអំពី​លោក​យ៉ូហានបាទីស្ដ។
14កាល​ទ្រង់ និងពូក​សិស្ស មក​ដល់​កន្លែង​ដែល​បណ្ដាជន​នៅ​ជុំ​គ្នា មាន​បុរស​ម្នាក់​ចូល​មក​គាល់​ព្រះអង្គ គាត់​លុត​ជង្គង់​ចុះ ទូល​ថា៖
15«លោក​ម្ចាស់​អើយ! សូម​​អាណិត​មេត្តា​ដល់កូន​ប្រុស​របស់​ខ្ញុំ​ប្របាទ​ផង គ្នាមានជំងឺ​ឆ្កួត​ជ្រូក បណ្ដាលឲ្យ​​ឈឺ​ចុក​ចាប់​ខ្លាំង​ណាស់ ពេលខ្លះ​ដួល​ទៅ​ក្នុង​ភ្លើង និង​ធ្លាក់​ទឹក​ជា​ញឹក​ញាប់។
16ខ្ញុំ​ប្របាទ​បាន​នាំ​កូនប្រុសខ្ញុំ​មក​ជួប​សិស្ស​របស់​លោក​ដែរ តែ​គេ​ពុំ​អាច​មើល​កូនប្រុសខ្ញុំឲ្យ​ជា​បាន​ទេ»។
17ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «នែ៎​ ពួក​មនុស្សដែល​មិន​ព្រម​ជឿ​ ហើយមានចិត្តវៀចវេរអើយ! តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា​ទៀត? តើត្រូវឲ្យខ្ញុំទ្រាំងនឹងអ្នករាល់គ្នាដល់កាលណា? ​ចូរ​នាំ​ក្មេង​នោះ​មក​ឲ្យ​ខ្ញុំ»។
18ព្រះយេស៊ូ​មាន​ព្រះបន្ទូល​គំរាម​អារក្ស រួចអារក្ស​ក៏​ចេញ ហើយ​ក្មេង​នោះ​បាន​ជា​តាំង​ពី​ពេល​នោះ​មក។
19បន្ទាប់មក ពួក​សិស្សនាំគ្នា​ចូល​មក​គាល់​ព្រះយេស៊ូ​ដាច់​ឡែក​ពី​គេ ​ហើយទូល​សួរថា៖ «ហេតុ​អ្វី​បាន​ជាពួក​យើង​​ពុំ​អាច​ដេញ​អារក្ស​នោះ​បាន?»
20ព្រះអង្គ​មាន​ព្រះបន្ទូល​តប​ទៅ​គេ​ថា៖ «មក​ពី​អ្នក​រាល់​គ្នា​មាន​ជំនឿ​តិច​ពេក។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នាឲ្យ​ដឹង​ប្រាកដ​ថា បើ​អ្នក​រាល់​គ្នា​មាន​ជំនឿ​ប៉ុន​គ្រាប់​ពូជ​​ដ៏​ល្អិត អ្នក​រាល់​គ្នា​អាចបញ្ជា​ទៅ​ភ្នំ​នោះ​ថា៖ «ចូរ​ចេញ​ពី​នេះ ទៅ​នៅ​កន្លែង​ផ្សេង​ទៅ!«ភ្នំ​មុខ​ជា​ធ្វើ​តាម​ពាក្យ​អ្នក​រាល់​គ្នា​ជាមិន​ខាន ដ្បិត​គ្មាន​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​ធ្វើ​មិន​កើត​ឡើយ។
21គេ​អាច​ដេញ​អារក្ស​ប្រភេទ​នេះ​ឲ្យ​ចេញ​បាន លុះ​ត្រា​តែ​អធិស្ឋាន និង​តម​អាហារ។
22កាល​ពួក​គេនៅ​ជុំ​គ្នា​ក្នុង​ស្រុក​កាលីឡេ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​ពួកសិស្សរបស់ព្រះអង្គ​ថា៖ «បុត្រ​មនុស្ស​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​លោក​
23ហើយគេ​នឹង​សម្លាប់​ព្រះអង្គ តែនៅ​ថ្ងៃ​ទី​បី​ព្រះអង្គនឹង​មាន​ជីវិត​រស់​ឡើង​វិញ»។ ឮ​ដូច្នោះ ពួក​សិស្ស​ព្រួយ​ចិត្ត​ជា​ខ្លាំង។
24ពេល​ព្រះអង្គ និងពូកសិស្សយាង​មក​ដល់​ក្រុង​កាពើណិម មានបុរសម្នាក់ជាអ្នក​យក​ពន្ធ​សម្រាប់​ព្រះវិហារ​ នាំ​គ្នា​ចូល​មក​រក​លោក​ពេត្រុស​ហើយ​សួរ​ថា៖ «តើលោក​គ្រូ​របស់​អ្នក​បង់​ពន្ធ​សំរាប់​ព្រះវិហារ​ឬ​ទេ?»
25លោក​តប​វិញ​ថា៖ «បាទ! លោក​បង!» កាល​​ពេត្រុស​ទៅ​ដល់​ផ្ទះ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​មុន​ថា៖ «​ស៊ីម៉ូន! តាម​យោបល់​អ្នក ស្ដេច​នៅ​ផែនដី​នេះ​យកពន្ធ​អាករ​ពី​នរណា? ពី​បុត្រ​របស់​ស្ដេច ឬ​ពី​អ្នក​ផ្សេង?»
26ពេលលោកពេត្រុស​ទូល​ថា៖ «ពី​អ្នក​ផ្សេង»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «បើ​ដូច្នេះ បុត្រ​របស់​ស្ដេច​មិន​ត្រូវ​បង់​ពន្ធ​ឡើយ
27ប៉ុន្តែ ដើម្បី​កុំ​ឲ្យ​អ្នក​ហូតពន្ធទាំង​នោះ​ទាស់​ចិត្ត ចូរ​ទៅ​ស្ទូច​ត្រី​សមុទ្រ ហើយ​យក​ត្រី​ដែល​ស្ទូច​បាន​មុន​គេ​មក​បើក​មាត់ អ្នក​នឹង​ឃើញ​កាក់​មួយ ចូរ​យក​កាក់​នោះ​ទៅ​បង់​ពន្ធ​ឲ្យ​ខ្ញុំ និង​ឲ្យអ្នក​ចុះ‍‍‍‍»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។