1ពួកខាងគណៈផារីស៊ី និងពួកខាងគណៈសាឌូស៊ី នាំគ្នាចូលមកគាល់ព្រះអង្គ ក្នុងគោលបំណងចាប់កំហុសព្រះអង្គ ដោយសុំឲ្យព្រះអង្គសម្តែងទីសម្គាល់ពីលើមេឃមក។
2ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «នៅពេលថ្ងៃល្ងាច«អ្នករាល់គ្នានិយាយថា «អាកាសធាតុល្អ ព្រោះផ្ទៃមេឃពណ៌ក្រហម»។
3នៅពេលព្រឹក អ្នករាល់គ្នានិយាយថា៖ «ថ្ងៃនេះនឹងមានភ្លៀងហើយ ព្រោះផ្ទៃមេឃក្រហមស្រទំ»។ អ្នករាល់គ្នាយល់ហេតុការណ៍ផ្សេងៗនៅលើមេឃបាន តែអ្នករាល់គ្នាមិនយល់ទីសម្គាល់នាសម័យនេះសោះ!
4មនុស្សជំនាន់នេះអាក្រក់ ហើយផិតក្បត់ទៀត គេចង់តែឃើញទីសម្គាល់ដ៏អស្ចារ្យ ប៉ុន្តែនឹងមិនទីសម្គាល់ណាផ្សេងក្រៅពីទីសម្គាល់របស់លោកយ៉ូណាសឡើយ។ បន្ទាប់មក ព្រះយេស៊ូយាងចាកចេញពីគេទៅ។
5ពេលពួកសិស្សឆ្លងទៅដល់ត្រើយម្ខាងហើយ ពួកគេភ្លេចយកនំបុ័ងទៅជាមួយ។
6ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ចូរអ្នករាល់គ្នាត្រូវប្រយ័ត្ននឹងដំបែររបស់ពួកខាងគណៈផារីស៊ី និងពួកខាងគណៈសាឌូស៊ី»។
7ពួកសិស្សជជែកគ្នាគេថា៖ «មកពីយើងមិនបានយកនំបុ័ងមកជាមួយ»។
8ព្រះយេស៊ូជ្រាបពីគំនិតរបស់គេ ក៏មានព្រះបន្ទូលថា៖ «មនុស្សមានជំនឿតិចអើយ! ម្ដេចក៏ជជែកគ្នាអំពីរឿងគ្មាននំបុ័ងដូច្នេះ?
9តើអ្នករាល់គ្នានៅតែពុំទាន់យល់ និងមិនចាំទេឬអី នំបុ័ងត្រឹមតែប្រាំដុំអាចចម្អែតមនុស្សប្រាំពាន់នាក់ ហើយអ្នករាល់គ្នាប្រមូលនៅសល់បានប៉ុន្មានល្អី?
10ឬនំបុ័ងប្រាំពីរដុំ ចម្អែតមនុស្សបួនពាន់នាក់ ហើយអ្នករាល់គ្នាប្រមូលនៅសល់បានប៉ុន្មានល្អី?
11ហេតុដូចម្ដេចបានជាអ្នករាល់គ្នានៅតែមិនយល់ថា ខ្ញុំមិនបាននិយាយទៅអ្នករាល់គ្នាអំពីនំបុ័ងទេនោះទេ? គឺចង់ឲ្យអ្នករាល់គ្នាប្រយ័ត្ននឹងដំបែររបស់ពួកខាងគណៈផារីស៊ី និងពួកខាងគណៈសាឌូស៊ីឯណោះទេ។
12ពេលនោះ ពួកសិស្សយល់ថា ព្រះអង្គចង់ឲ្យគេប្រយ័ត្ននឹងសេចក្ដី ដែលពួកខាងគណៈផារីស៊ី និងពួកខាងគណៈសាឌូស៊ីបង្រៀន មិនមែនប្រយ័ត្នអំពីមេម្សៅនោះឡើយ។
13កាលព្រះយេស៊ូយាងមកដល់ជិតស្រុកសេសារាភីលីព ព្រះអង្គមានព្រះបន្ទូលសួរពួកសិស្សរបស់ព្រះអង្គថា៖ «តើមនុស្សថាបុត្រមនុស្សជានរណា?»
14ពួកគេទូលថា៖ «អ្នកខ្លះថាលោកជាលោកយ៉ូហានបាទីស្ដ អ្នកខ្លះថាលោកជាព្យាការីអេលីយ៉ា ហើយអ្នកខ្លះទៀតថា លោកជាព្យាការីយេរេមា ឬជាព្យាការីណាមួយរូប»។
15ព្រះអង្គនិយាយទៅគេថា៖ «ប៉ុន្តែ ចុះអ្នករាល់គ្នាវិញ តើថាខ្ញុំជានរណាដែរ?»
16លោកស៊ីម៉ូនពេត្រុសទូលព្រះអង្គថា៖ «លោកជាព្រះគ្រិស្ដ ជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ»។
17ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «មានពរ ហើយ ស៊ីម៉ូនកូនលោកយ៉ូណាសអើយ! មិនមែនដោយគំនិតប្រាជ្ញាខាងលោកីយ៍ទេ ប៉ុន្តែព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខ បានសម្តែងឲ្យអ្នកដឹង។
18ខ្ញុំសុំប្រាប់អ្នកថាអ្នកឈ្មោះពេត្រុស ហើយនៅលើផ្ទាំងសិលានេះ ខ្ញុំនឹងសង់ក្រុមជំនុំរបស់ខ្ញុំ ទ្វារមច្ចុរាជពុំមានអំណាចលើក្រុមជំនុំនេះបានឡើយ។
19ខ្ញុំនឹងប្រគល់កូនសោព្រះរាជ្យនៃស្ថានបរមសុខឲ្យអ្នក។ អ្វីៗដែលអ្នកចងនៅលើផែនដី ព្រះជាម្ចាស់នឹងចងនៅស្ថានបរមសុខដែរ ហើយអ្វីៗដែលអ្នកស្រាយនៅលើផែនដីនេះ ព្រះជាម្ចាស់ក៏នឹងស្រាយនៅស្ថានបរមសុខដែរ»។
20បន្ទាប់មក ព្រះយេស៊ូហាមពួកសិស្ស មិនឲ្យប្រាប់នរណាថា ព្រះអង្គជាព្រះគ្រិស្ដឡើយ។
21តាំងពីពេលនោះមក ព្រះយេស៊ូចាប់ផ្ដើមប្រាប់ឲ្យពួកសិស្សរបស់ព្រះអង្គដឹងថា ព្រះអង្គត្រូវតែយាងទៅក្រុងយេរូសាឡឹម។ ពួកព្រឹទ្ធាចារ្យ ពួកនាយកបូជាចារ្យនឹងនាំគ្នាធ្វើបាបព្រះអង្គឲ្យរងទុក្ខលំបាកយ៉ាងខ្លាំង ថែមទាំងធ្វើគុតព្រះអង្គទៀតផង តែបីថ្ងៃក្រោយមក ព្រះអង្គនឹងមានព្រះជន្មរស់ឡើងវិញ។
22បន្ទាប់មកលោកពេត្រុស នាំព្រះអង្គទៅដាច់ឡែកពីគេ ហើយទូលជំទាស់ថា៖ «ព្រះអម្ចាស់អើយ! សូមកុំឲ្យហេតុការណ៍នេះ កើតមានដល់ព្រះអង្គឡើយ»។
23ព្រះយេស៊ូ បែរមកមានព្រះបន្ទូលទៅលោកពេត្រុសថា៖ «នែ៎ មារសាតាំងអើយ! ថយទៅខាងក្រោយខ្ញុំ ដ្បិតអ្នកកំពុងរារាំងផ្លូវខ្ញុំ ព្រោះគំនិតរបស់អ្នកមិនមែនមកពីព្រះជាម្ចាស់ទេ គឺជាគំនិតរបស់មនុស្សលោកសុទ្ធសាធ»។
24បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសិស្សរបស់ព្រះអង្គថា៖ «បើអ្នកណាចង់មកតាមក្រោយខ្ញុំ អ្នកនោះត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំចុះ
25បើអ្នកណាចង់បានរួចជីវិត អ្នកនោះនឹងបាត់បង់ជីវិត ប៉ុន្តែ អ្នកណាបាត់បង់ជីវិតព្រោះតែខ្ញុំ អ្នកនោះនឹងបានជីវិតវិញ។
26តើនឹងមានប្រយោជន៍អ្វី បើមនុស្សម្នាក់បានពិភពលោកទាំងមូល តែបាត់បង់ជីវិតវិញនោះ? តើមនុស្សអាចយកអ្វីមកប្ដូរនឹងជីវិតរបស់ខ្លួនបាន?
27ដ្បិតបុត្រមនុស្សយាងមក ប្រកបដោយសិរីរុងរឿងព្រះបិតារបស់ព្រះអង្គ ហើយមកជាមួយពួកទេវតារបស់ព្រះអង្គដែរ។ ព្រះអង្គនឹងប្រទានរង្វាន់តាមអំពើដែលខ្លួនបានប្រព្រឹត្ត។
28ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងប្រាកដថា អ្នកខ្លះដែលឈរនៅទីនេះនឹងមិនស្លាប់ទេ រហូតទាល់តែបានឃើញបុត្រមនុស្សយាងមកគ្រងព្រះរាជ្យ»។