1មានពួកខាងគណៈផារីស៊ី និងពួកអាចារ្យមកពីក្រុងយេរូសាឡឹម ចូលមកគាល់ព្រះយេស៊ូ ពួកគេទូលថា៖
2«ហេតុអ្វីបានជាសិស្សរបស់លោកមិនគោរពតាមទំនៀមទម្លាប់របស់ចាស់បុរាណដូច្នេះ? ដ្បិតពួកគេមិនបានលាងដៃមុន ពេលគេបរិភោគអាហារ»។
3ព្រះអង្គមានព្រះបន្ទូលឆ្លើយតបទៅគេវិញថា៖ «ចុះហេតុដូចម្តេចបានជាអ្នករាល់គ្នាប្រព្រឹត្តល្មើសនឹងបទបញ្ជារបស់ព្រះជាម្ចាស់ ដោយទៅកាន់តាមទំនៀមទម្លាប់របស់អ្នករាល់គ្នាវិញដូច្នេះ»?
4ព្រោះព្រះជាម្ចាស់មានព្រះបន្ទូលថា៖ ចូរគោរពមាតាបិតារបស់អ្នក ហើយអ្នកណាជេរប្រទេចផ្ដាសាមាតាបិតារបស់ខ្លួន នឹងត្រូវស្លាប់ជាមិនខាន។
5ប៉ុន្តែអ្នករាល់គ្នាវិញ បែរជាពោលថា៖ បើអ្នកណានិយាយទៅឪពុកម្ដាយថា អ្វីៗដែលឪពុកអ្នកម្ដាយត្រូវទទួលពីខ្ញុំនោះ ខ្ញុំបានទុកសម្រាប់ថ្វាយព្រះជាម្ចាស់ទេ
6អ្នកនោះមិនបាច់គោរពឪពុកទេ។ ត្រង់នេះហើយ ដែលអ្នករាល់គ្នាមិនគោរពព្រះបន្ទូលរបស់ព្រះជាម្ចាស់ បែរទៅប្រព្រឹត្តតាមទំនៀមទម្លាប់របស់ខ្លួនវិញ។
7មនុស្សមានពុតអើយ! ពាក្យដែលព្យាការីអេសាយបានថ្លែងទុកអំពីអ្នករាល់គ្នាត្រូវណាស់
8គឺថា៖ «ប្រជារាស្ត្រនេះគោរពយើងតែបបូរមាត់ប៉ុណ្ណោះ តែចិត្តគេនៅឆ្ងាយពីយើងណាស់។
9គេថ្វាយបង្គំយើងដោយឥតការអ្វីសោះ ពីព្រោះគេបង្រៀនតែក្បួនច្បាប់របស់មនុស្សតែប៉ុណ្ណោះ»។
10បន្ទាប់មក ព្រះអង្គហៅបណ្ដាជនឲ្យមក ហើយព្រះអង្គមានព្រះបន្ទូលប្រាប់គេថា៖ «ចូរស្ដាប់ ហើយឲ្យយល់ផង។
11គ្មានអ្វីមួយដែលចូលតាមមាត់មនុស្ស ហើយធ្វើឲ្យមនុស្សទៅជាមិនបរិសុទ្ធឡើយ ផ្ទុយទៅវិញ មានតែអ្វីដែលចេញពីមាត់មនុស្សប៉ុណ្ណោះ ដែលធ្វើឲ្យមនុស្សត្រឡប់ទៅជាមិនបរិសុទ្ធវិញ»។
12បន្ទាប់មក ពួកសិស្សនាំគ្នាចូលមក ហើយទូលព្រះអង្គថា៖ «តើលោកគ្រូជ្រាបទេថា ពួកខាងគណៈផារីស៊ីទាស់ចិត្តខ្លាំងណាស់ ពេលគេឮលោកគ្រូមានប្រសាសន៍ដូច្នេះ»។
13ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេវិញថា៖ «គ្រប់រុក្ខជាតិទាំងឡាយណា ដែលព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខមិនបានដាំទេ ទ្រង់នឹងដកវាចោល។
14កុំខ្វល់ពីគេឡើយ អ្នកទាំងនោះសុទ្ធតែជាមនុស្សខ្វាក់ទេ។ បើមនុស្សខ្វាក់ដឹកដៃមនុស្សខ្វាក់ គេទាំងពីរមុខជាធ្លាក់រណ្ដៅមិនខាន»។
15លោកពេត្រុសទូលព្រះយេស៊ូថា៖ «សូមលោកគ្រូជួយបកស្រាយពាក្យប្រស្នានេះឲ្យយើងយល់ផង»។
16ព្រះយេស៊ូមានព្រះបន្ទូលថា៖ «តើអ្នករាល់គ្នានៅតែគ្មានការយល់ដឺងដូចគេដែរឬ?
17តើអ្នករាល់គ្នាមិនយល់ទេឬអី ថាអ្វីៗដែលចូលតាមមាត់មនុស្ស ត្រូវចូលទៅក្នុងពោះ រួចធ្លាក់ទៅកន្លែងបន្ទោរបង់?
18ប៉ុន្តែ អ្វីៗដែលចេញពីមាត់មនុស្ស សុទ្ធតែកើតចេញពីចិត្តមក។ សេចក្ដីទាំងនោះហើយដែលធ្វើឲ្យមនុស្សទៅជាមិនបរិសុទ្ធ។
19ដ្បិតសេចក្តីដែលចេញពីចិត្តមក គឺជាគំនិតអាក្រក់ ការកាប់សម្លាប់ អំពើផិតក្បត់ កាមគុណថោកទាប ការលួចប្លន់ សាក្សីក្លែងក្លាយ និងពាក្យត្មះតិះដៀល។
20សេចក្តីទាំងនេះហើយដែលធ្វើឲ្យមនុស្សក្លាយទៅជាមិនបរិសុទ្ធនោះ។ ចំណែកឯការបរិភោគដោយមិនបានលាងដៃនោះ មិនធ្វើឲ្យមនុស្សក្លាយទៅជាមិនបរិសុទ្ធនោះឡើយ»។
21បន្ទាប់មក ព្រះយេស៊ូយាងចេញពីទីនោះ ឆ្ពោះទៅកាន់តំបន់ជិតក្រុងទីរ៉ូស និងក្រុងស៊ីដូន។
22មើល! មានស្ត្រីសាសន៍កាណានម្នាក់នៅស្រុកនោះ។ នាងចូលមកគាល់ព្រះអង្គ ហើយទូលព្រះអង្គថា៖ «សូមអាណិតមេត្តាដល់នាងខ្ញុំផង ឱព្រះអម្ចាស់ ជារាជវង្សរបស់ព្រះបាទដាវីឌអើយ! កូនស្រីរបស់នាងខ្ញុំត្រូវអារក្សចូលបណ្ដាលឲ្យវេទនាខ្លាំងណាស់»។
23ប៉ុន្តែ ព្រះយេស៊ូពុំបានឆ្លើយតបទៅនាងសោះឡើយ។ ពួកសិស្សរបស់ព្រះអង្គនាំគ្នាចូលមកជិតព្រះអង្គ ហើយអង្វរទូលថា៖ «សូមលោកគ្រូដេញនាងចេញទៅ! ដ្បិតនាងចេះតែស្រែកអង្វរតាមពីក្រោយយើងដូច្នេះ»។
24ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ព្រះជាម្ចាស់មិនបានចាត់ឲ្យខ្ញុំមករកអ្នកផ្សេង ក្រៅពីជនជាតិអ៊ីស្រាអែលដែលវង្វេងនោះទេ»។
25ប៉ុន្តែ ស្ត្រីនោះបានចូលមកចំពោះព្រះអង្គហើយទូលថា៖ «ព្រះអម្ចាស់អើយ សូមជួយនាងខ្ញុំផង!»
26ព្រះអង្គមានព្រះបន្ទូលតបថា៖ «មិនគួរយកនំប័ុងកូនរបស់ខ្លួន បោះទៅឲ្យកូនឆ្កែស៊ីឡើយ»។
27នាងទូលព្រះអង្គថា៖ «ពិតមែនហើយព្រះអម្ចាស់អើយ! ប៉ុន្តែ កូនឆ្កែវាគ្រាន់តែស៊ីកំទេចអាហារ ដែលជ្រុះពីតុរបស់ម្ចាស់វា»។
28រួចព្រះយេស៊ូក៏មានព្រះបន្ទូលតបទៅនាងថា៖ «នាងអើយ នាងមានជំនឿមាំមួនណាស់ សូមឲ្យបានសម្រេចដូចដែលចិត្តនាងប្រាថ្នាចុះ!» ពេលនោះ កូនស្រីរបស់នាងក៏បានជាសះស្បើយ។
29ព្រះយេស៊ូចាកចេញពីទីនោះ ឆ្ពោះទៅកាន់ជិតឆ្នេរសមុទ្រកាលីឡេ។ បន្ទាប់មក ទ្រង់ក៏យាងឡើងទៅលើភ្នំ ហើយព្រះអង្គគង់ចុះនៅទីនោះ។
30មានមហាជនច្រើនកុះករនាំគ្នាចូលមករកព្រះអង្គ ពួកគេនាំមនុស្សខ្វិន មនុស្សខ្វាក់ មនុស្សគថ្លង់ មនុស្សពិការជើង និងអ្នកមានជំងឺផ្សេងទៀតមកជាមួយដែរ។ គេដាក់អ្នកទាំងនោះនៅទៀបព្រះបាទារបស់ព្រះយេស៊ូ ហើយព្រះអង្គក៏ប្រោសពួគេឲ្យបានជាគ្រប់គ្នា។
31មហាជននាំគ្នាកោតស្ញប់ស្ញែងក្រៃលែង ពេលឃើញមនុស្សគនិយាយបាន មនុស្សពិការជើងជាដូចធម្មតា មនុស្សខ្វិនដើរបាន និងមនុស្សខ្វាក់មើលឃើញ ពួកគេលើកតម្កើងព្រះជាម្ចាស់នៃជនជាតិអ៊ីស្រាអែល។
32ព្រះយេស៊ូហៅពួកសិស្សមកឯទ្រង់ ហើយមានព្រះបន្ទូលថា៖ «ខ្ញុំអាណិតបណ្ដាជននេះខ្លាំងណាស់ ព្រោះពួកគេនៅជាមួយខ្ញុំអស់រយៈពេលបីថ្ងៃមកហើយ ហើយគ្មានអ្វីបរិភោគសោះ។ ខ្ញុំមិនចង់ឲ្យគេត្រឡប់ទៅវិញ ទាំងអត់មានអីបរិភោគនោះឡើយ ក្រែងលោកគេអស់កម្លាំងដួលនៅតាមផ្លូវ»។
33ពួកសិស្សទូលព្រះអង្គថា៖ «តើយើងទៅរកម្ហូបអាហារឯណាមក ឲ្យបណ្ដាជនច្រើនយ៉ាងនេះបរិភោគគ្រាន់ទៅ ព្រោះទីនេះស្ងាត់ណាស់?»
34ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នាមាននំបុ័ងប៉ុន្មានដុំ?» ពួកគេទូលថា៖ «មានប្រាំពីរដុំ និងមានត្រីតូចៗខ្លះទៀតដែរ»។
35បន្ទាប់មក ព្រះយេស៊ូក៏ប្រាប់បណ្ដាជនឲ្យអង្គុយផ្ទាល់នៅលើដី។
36ទ្រង់យកនំបុ័ងទាំងប្រាំពីរដុំ និងត្រីមកកាន់ ហើយបន្ទាប់ពីអរព្រះគុណព្រះជាម្ចាស់ហើយ ទ្រង់ក៏កាច់ហើយប្រទានឲ្យពួកសិស្ស ពួកសិស្សក៏យកទៅចែកឲ្យបណ្ដាជន។
37បណ្តាលជនទាំងនោះគេបរិភោគឆ្អែតគ្រប់ៗគ្នា ហើយពួកសិស្សប្រមូលនំបុ័ង និងត្រីដែលនៅសល់ បានប្រាំពីរល្អី។
38មនុស្សដែលបានបរិភោគនោះមានចំនួនបួនពាន់នាក់ មិនគិតស្រីៗ និងក្មេងៗទេ។
39បន្ទាប់មក ព្រះយេស៊ូប្រាប់មហាជនឲ្យវិលត្រឡប់ទៅផ្ទះវិញ រួចហើយទ្រង់យាងចុះទូក ឆ្ពោះទៅតំបន់ម៉ាកាដាន។