1នៅគ្រានោះ ហេរ៉ូដ ជាស្តេចអនុរាជបានជ្រាបអំពីព្រះនាមរបស់ព្រះយេស៊ូ។
2ទ្រង់មានរាជឱង្ការទៅពួកអ្នកបម្រើថា៖ «នេះជាលោកយ៉ូហានបាទីស្ត ដែលបានរស់ឡើងវិញ។ ដូច្នេះ គាត់មានឫទ្ធានុភាពសម្តែងការអស្ចារ្យនៅក្នុងគាត់»។
3ដ្បិត ព្រះបាទហេរ៉ូដបានចាប់លោកយ៉ូហានយកទៅដាក់ច្រវាក់ ហើយឃុំឃាំងគាត់នៅក្នុងគុកហើយ ពីព្រោះដោយសារតែទ្រង់ជឿតាមពាក្យព្រះនាងហេរ៉ូឌាស ដែលត្រូវជាមហេសីរបស់ស្ដេចភីលីពជាអនុជ។
4ដ្បិតលោកយ៉ូហានបានបន្ទោសស្ដេចថា៖ «ខុសនឹងច្បាប់ហើយ បើព្រះករុណាយកព្រះនាងមកធ្វើជាមហេសី»។
5ស្ដេចហេរ៉ូដចង់សម្លាប់លោកយ៉ូហាន តែទ្រង់ខ្លាចបណ្ដាជន ព្រោះពួកគេទុកលោកជាព្យាការីមួយរូប។
6ប៉ុន្តែ នៅថ្ងៃបុណ្យចម្រើនព្រះជន្មរបស់ព្រះបាទហេរ៉ូដ បុត្រីរបស់ព្រះនាងហេរ៉ូឌាសចូលមករាំនៅមុខភ្ញៀវ ហើយធ្វើឲ្យស្ដេចហេរ៉ូដពេញចិត្តខ្លាំងណាស់។
7រហូតធ្វើឲ្យស្តេចស្បថស្បែទាំងសន្យាឲ្យនាង នូវអ្វីៗដែលនាងចង់បាន។
8ក្រោយពីបានទទួលពាក្យបង្គាប់របស់មាតារបស់ព្រះនាង នាងទូលទៅស្ដេចថា៖ «សូមទ្រង់ប្រទានក្បាលរបស់លោកយ៉ូហានបាទីស្ដ ដាក់លើថាសមកឲ្យខ្ញុំម្ចាស់មក»។
9ព្រះរាជាទ្រង់ព្រួយព្រះហឫទ័យយ៉ាងខ្លាំង ដោយព្រោះសំណើរនេះ ប៉ុន្តែដោយព្រោះទ្រង់បានស្បថនៅមុខភ្ញៀវទាំងអស់ ជ្រុលហួសទៅហើយ ទ្រង់ក៏បញ្ជាឲ្យគេធ្វើតាមពាក្យសុំរបស់នាងទៅ។
10ទ្រង់ចាត់គេឲ្យទៅកាត់កលោកយ៉ូហាននៅក្នុងគុក។
11ហើយយកក្បាលមកដាក់លើថាសរួចប្រគល់ឲ្យនាង ហើយនាងក៏យកទៅថ្វាយមាតារបស់ខ្លួន។
12ក្រោយមកពួកសិស្សរបស់លោកយ៉ូហាន បានមកយកសពលោកទៅបញ្ចុះ។ បន្ទាប់មកពួកគេនាំគ្នាយកដំណឹងទៅទូលព្រះយេស៊ូ។
13ពេលព្រះយេស៊ូបានជ្រាបដំណឹងនេះហើយ ទ្រង់ក៏យាងចុះទូក ចាកចេញពីទីនោះ ឆ្ពោះទៅកាន់កន្លែងមួយស្ងាត់ដាច់ឡែកពីគេ។ ពេលមហាជនបានដឹងថា ព្រះអង្គចាកចេញ គេនាំគ្នាចេញពីក្រុងនានាដើរទៅតាមព្រះអង្គ។
14លុះព្រះយេស៊ូយាងឡើងពីទូកមក ព្រះអង្គឃើញមហាជនដ៏ច្រើនយ៉ាងនេះ ព្រះអង្កក៏មានព្រះហឫទ័យអាណិតអាសូរដល់គេ ហើយទ្រង់ក៏ប្រោសអ្នកជំងឺឲ្យបានជាសះស្បើយ។
15លុះដល់ពេលល្ងាច សិស្សនាំគ្នាចូលមកជិតព្រះអង្គហើយទូលថា៖ «ទីនេះស្ងាត់ណាស់ ហើយក៏ជិតយប់ផង សូមប្រាប់ឲ្យបណ្ដាជនទាំងនេះត្រឡប់ទៅវិញចុះ ហើយរកទិញម្ហូបអាហារនៅតាមភូមិនានារៀងៗខ្លួនទៅ»។
16ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «មិនបាច់ឲ្យពួកគេវិលត្រឡប់ទៅវិញទេ អ្នករាល់គ្នាយកម្ហូបអាហារឲ្យគេបរិភោគទៅ»។
17ពួកសិស្សទូលព្រះអង្គថា៖ «យើងមានតែនំបុ័ងប្រាំដុំ និងត្រីងៀតពីរកន្ទុយប៉ុណ្ណោះ»។
18ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ចូរយកនំបុ័ង និងត្រីនោះមកឲ្យខ្ញុំ»។
19បន្ទាប់មក ព្រះយេស៊ូប្រាប់បណ្ដាជនអោយអង្គុយលើស្មៅ ទ្រង់យកនំបុ័ងទាំងប្រាំដុំ និងត្រីពីរកន្ទុយនោះមក ទ្រង់ងើបព្រះភក្ត្រមើលទៅឋានសួគ៌ ទាំងសរសើរតម្កើងព្រះជាម្ចាស់ហើយកាច់នំបុ័ងប្រទានឲ្យពួកសិស្ស ពួកសិស្សក៏ចែកឲ្យបណ្ដាជនបរិភោគ។
20អ្នកទាំងនោះបានបរិភោគឆ្អែតគ្រប់គ្នា ហើយពួកសិស្សក៏ប្រមូលនំបុ័ងដែលនៅសល់ ដាក់បានពេញដប់ពីរល្អី។
21អ្នកដែលបានបរិភោគនំបុ័ងនោះ មានប្រុសៗទាំងអស់ប្រមាណប្រាំពាន់នាក់ ឥតគិតស្រីៗ និងក្មេងៗទេ។
22រំពេចនោះ ព្រះយេស៊ូបញ្ជាឲ្យពួកសិស្សចុះទូកឆ្លងទៅត្រើយម្ខាងមុនព្រះអង្គ ខណៈពេលដែលព្រះអង្គបានប្រាប់មហាជនឲ្យវិលត្រឡប់ទៅផ្ទះវិញដែរ។
23បន្ទាប់ពីទ្រង់បានឲ្យមហាជនចេញផុតអស់ហើយ ព្រះអង្គឡើងទៅលើភ្នំ ដើម្បីអធិស្ឋាន។ លុះដល់ពេលយប់ ទ្រង់គង់នៅទីនោះតែមួយព្រះអង្គឯង។
24ពេលនោះ ទូកបានចេញឆ្ងាយពីច្រាំងទៅហើយ ក៏ត្រូវរលកបក់បោក ព្រោះតែទៅបញ្ច្រាសខ្យល់។
25ដល់ម៉ោងបួនទាបភ្លឺ ព្រះយេស៊ូយាងលើទឹកឆ្ពោះទៅរកពួកគេ។
26ពេលពួកសិស្សបានឃើញព្រះអង្គយាងលើទឹកសមុទ្រដូច្នេះ ពួកគេភ័យរន្ធត់ ហើយស្រែកឡើងថា៖ «ខ្មោចលង!» ព្រោះគេភ័យពេក។
27ប៉ុន្តែរំពេចនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ចូរតាំងចិត្តក្លាហានឡើង នេះគឺខ្ញុំទេតើ! កុំខ្លាចអី!»
28លោកពេត្រុសទូលតបថា៖ «លោកម្ចាស់ ប្រសិនបើពិតជាលោកមែន សូមបញ្ជាឲ្យខ្ញុំអាចដើរលើទឹកទៅរកលោកផង»។
29ព្រះយេស៊ូមានព្រះបន្ទូលថា៖ «អញ្ជើញមក!» លោកពេត្រុសក៏ចុះពីទូក ហើយដើរលើទឹកឆ្ពោះទៅរកព្រះយេស៊ូ។
30ប៉ុន្តែ ពេលពេត្រុសឃើញខ្យល់បក់បោក លោកក៏ភ័យណាស់ ហើយចាប់ផ្ដើមលិចទៅក្នុងទឹក លោកស្រែកឡើងថា៖ «លោកម្ចាស់អើយ សូមជួយខ្ញុំផង!»។
31ព្រះយេស៊ូក៏លូកព្រះហស្ថរបស់ព្រះអង្គទាញលោកពេត្រុសឡើងភ្លាម ទាំងមានព្រះបន្ទូលថា៖ «មនុស្សមានជំនឿតិចអើយ! ហេតុអ្វីបានជាអ្នកមានចិត្តសង្ស័យដូច្នេះ?។
32បន្ទាប់មក ព្រះយេស៊ូ និងលោកពេត្រុសចូលមកក្នុងទូក ហើយខ្យល់ក៏ស្ងប់ទៅ។
33សិស្សនៅក្នុងទូកនាំគ្នាក្រាបថ្វាយបង្គំព្រះយេស៊ូ ទាំងពោលថា៖ «ព្រះអង្គពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន»។
34ពេលពួកគេបានឆ្លងទៅដល់ត្រើយម្ខាង ពួកគេទៅស្រុកគេនេសារ៉ែត។
35នៅពេលអ្នកស្រុកនោះស្គាល់ព្រះអង្គភ្លាម គេយកដំណឹងទៅផ្សព្វផ្សាយពាសពេញតំបន់ជិតនោះទាំងមូល ហើយគេនាំអ្នកជំងឺមករកព្រះអង្គ
36ពួកគេអង្វរសូមគ្រាន់តែពាល់ជាយព្រះពស្ដ្ររបស់ព្រះអង្គប៉ុណ្ណោះ ហើយអស់អ្នកដែលបានពាល់ បានជាសះស្បើយគ្រប់ៗគ្នា។