1នៅថ្ងៃនោះ ព្រះយេស៊ូបានចាកចេញពីផ្ទះ ហើយយាងទៅគង់នៅមាត់សមុទ្រ។
2មានមហាជនជាច្រើនកុះករ មកចោមរោមព្រះអង្គ ដូច្នេះ ព្រះអង្គក៏យាងចុះទៅគង់ក្នុងទូកមួយ រីឯបណ្ដាជនឈរនៅមាត់ច្រាំង។
3បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅគេយ៉ាងច្រើន ដោយប្រើប្រស្នា។ ព្រះអង្គមានព្រះបន្ទូលថា៖ «មើល! មានកសិករម្នាក់ចេញទៅព្រោះគ្រាប់ពូជ។
4ពេលគាត់ព្រោះគ្រាប់ពូជ នោះមានគ្រាប់ពូជខ្លះធ្លាក់ទៅលើផ្លូវ ហើយសត្វស្លាបមកចឹកស៊ីអស់ទៅ។
5គ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើកន្លែងមានថ្ម ពុំសូវមានដី ភ្លាមនោះគ្រាប់ពូជក៏ដុះឡើងលើដីមិនជ្រៅ។
6ប៉ុន្តែ លុះដល់ថ្ងៃរះឡើង វាក៏ក្រៀមស្វិតអស់ទៅ ព្រោះវាមិនមានឫស។
7គ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានបន្លា ពេលបន្លានោះដុះឡើង ក៏បាំងគ្រប់ពូជនោះមិនឲ្យដុះបានឡើយ។
8មានគ្រាប់ពូជខ្លះទៀត ធ្លាក់ទៅលើដីមានជីជាតិល្អ ហើយគ្រាប់ពូជមួយគ្រាប់ ឲ្យផលជាមួយរយគ្រាប់ មួយជាហុកសិប និងមួយទៀតជាសាមសិប។
9អ្នកដែលមានត្រចៀក សូមស្តាប់យកទៅពិចារណាចុះ»។
10ពួកសិស្សនាំគ្នាចូលមកជិតព្រះយេស៊ូ ហើយទូលសួរថា៖ «ហេតុអ្វីបានជាព្រះអង្គមានព្រះបន្ទូលទៅកាន់បណ្ដាជន ដោយប្រើពាក្យប្រស្នាដូច្នេះ?»
11ព្រះយេស៊ូតបទៅគេវិញថា៖ «មកពីព្រះជាម្ចាស់បានប្រទានឲ្យអ្នករាល់គ្នាយល់ ពីគម្រោងការដ៏លាក់កំបាំងនៃព្រះរាជ្យរបស់ស្ថានបរមសុខ ប៉ុន្តែ រីឯពួកគេវិញ ព្រះអង្គពុំបានប្រទានឲ្យគេយល់ឡើយ។
12ដ្បិតអ្នកណាដែលមានហើយ អ្នកនោះនឹងបានបរិបូរណ៌ថែមទៀត រីឯអ្នកដែលគ្មានវិញ សូម្បីអ្វីដែលគេមាននឹងត្រូវដកហូតពីអ្នកនោះទៀតផង។
13នេះជាមូលហេតុ ដែលខ្ញុំនិយាយទៅពួកគេ ដោយប្រើពាក្យប្រស្នា ទោះបីគេប្រឹងមើលក៏មើលពុំឃើញ ហើយទោះបីគេស្ដាប់ក៏ស្តាប់ពុំឮ ហើយក៏មិនយល់ដែរ។
14ដើម្បីឲ្យបានសម្រេចស្របនឹងសេចក្ដីដែលព្យាការី អេសាយថ្លែងទុកពីគេថា៖ «អ្នករាល់គ្នាស្ដាប់មែនតែមិនយល់ទេ ហើយអ្នករាល់គ្នាមើលមែន តែមើលមិនឃើញដែរ។
15ដ្បិត ចិត្តរបស់មនុស្សទាំងនេះរឹងណាស់ ហើយពួកគេក៏ពិបាកស្តាប់ដែរ គេខំបិទភ្នែក មិនឲ្យមើលឃើញ មិនឲ្យត្រចៀកស្ដាប់ឮមិនឲ្យចិត្តយល់ ដូច្នេះ គេនឹងវិលត្រឡប់មកវិញម្តងទៀត ហើយយើងនឹងប្រោសគេឲ្យបានជា»។
16ប៉ុន្តែ ភ្នែករបស់អ្នកមានពរហើយ ដ្បិតភ្នែកអ្នករាល់គ្នាមើលឃើញ ត្រចៀកស្ដាប់ឮ។
17ខ្ញុំសុំប្រាប់អ្នករាល់គ្នាឲ្យដឹងប្រាកដថា មានព្យាការី និងមនុស្សសុចរិតជាច្រើនមានបំណងចង់ឃើញការណ៍ ដែលអ្នករាល់គ្នាឃើញនេះណាស់ តែគេមិនបានឃើញទេ គេមានបំណងចង់ឮសេចក្ដីដែលអ្នករាល់គ្នាឮណាស់ តែមិនបានឮឡើយ។
18សុំស្ដាប់ពីការបកស្រាយប្រស្នាអំពីអ្នកព្រោះគ្រាប់ពូជ។
19ពេលអ្នកណាដែលបានឮព្រះបន្ទូលអំពីព្រះរាជ្យ តែមិនយល់នោះ ព្រោះមារកំណាចមកឆក់យកព្រះបន្ទូលដែលបានធ្លាក់ក្នុងចិត្តគេនោះចេញទៅ នេះគឺជាគ្រាប់ពូជធ្លាក់នៅតាមផ្លូវ ។
20រីឯគ្រាប់ពូជដែលធ្លាក់លើដីមានថ្ម គឺអ្នកដែលបានឮព្រះបន្ទូលហើយ ក៏ទទួលយកភ្លាមដោយអំណរ
21តែគេពុំបានឲ្យព្រះបន្ទូលចាក់ឫសនៅក្នុងខ្លួនគេឡើយ ហើយគេជាប់ចិត្តតែមួយភ្លែតប៉ុណ្ណោះ ដល់ពេលមានទុក្ខលំបាកកើតឡើង ឬមានគេបៀតបៀនដោយសារតែព្រះបន្ទូល គេក៏បោះបង់អ្វីដែលគេជឿនោះភ្លាម។
22គ្រាប់ពូជដែលធ្លាក់លើដីមានបន្លា គឺអ្នកដែលឮព្រះបន្ទូលហើយ ប៉ុន្តែមានការខ្វល់ខ្វាយអំពីជីវិតក្នុងលោកីយ៍ និងការបោកបញ្ជោតនៃទ្រព្យសម្បត្តិ គឺនាំឲ្យព្រះបន្ទូលមិនបង្កើតផលក្នុងគេឡើយ។
23រីឯគ្រាប់ពូជដែលធ្លាក់លើដីមានជីជាតិល្អ គឺអស់អ្នកដែលបានឮព្រះបន្ទូលហើយយល់ គេបង្កើតផល ខ្លះបានមួយជាមួយរយ មួយជាហុកសិប និងខ្លះទៀតបានមួយជាសាមសិប។
24ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាទៅគេទៀតថា៖ «ព្រះរាជ្យនៃស្ថានបរមសុខប្រៀបដូចនឹងបុរសម្នាក់ ដែលបានព្រោះគ្រាប់ពូជល្អទៅក្នុងស្រែរបស់គាត់។
25ប៉ុន្តែ ពេលមនុស្សដេកលក់អស់ទៅ ហើយសត្រូវរបស់គាត់បានមក ថែមទាំងព្រោះស្រងែនៅក្នុងស្រែនោះដែរ រួចក៏ចេញបាត់ទៅ។
26ពេលស្រូវដុះឡើងហើយដាក់គ្រាប់ ស្រងែក៏ដុះឡើងមកជាមួយដែរ។
27ពួកអ្នកបម្រើបានចូលមកជម្រាបម្ចាស់ស្រែថា៖ «លោកម្ចាស់! តើលោកមិនបានព្រោះតែគ្រាប់ពូជល្អក្នុងស្រែរបស់លោកទេឬអី? ចុះស្រងែនេះមកបានដោយរបៀបណាទៅ?»
28ម្ចាស់តបវិញថា៖ «មានមារសត្រូវមកព្រោះស្រងែ»។ ពួកអ្នកបម្រើសួរលោកទៀតថា៖ «តើលោកចង់ឲ្យយើងទៅដកស្រងែនោះចេញឬទេ?»
29ម្ចាស់ស្រែតបថា៖ «កុំអី! ពីព្រោះបើអ្នករាល់គ្នាដកស្រងែ ក្រែងលោដោយស្រូវទៅជាមួយដែរ
30ទុកឲ្យវាដុះជាមួយគ្នារហូតដល់ស្រូវទុំចុះ លុះដល់ពេលចម្រូត ខ្ញុំនឹងប្រាប់ពួកអ្នកច្រូតមុនដំបូងត្រូវប្រមូលស្រងែចងជាបាច់ យកទៅដុតចោលជាមុនសិន រួចសឹមប្រមូលស្រូវមកដាក់ក្នុងជង្រុករបស់ខ្ញុំ»។
31បន្ទាប់មកព្រះយេស៊ូមានព្រះបន្ទូល ជាពាក្យប្រស្នាមួយទៀតទៅពួកគេថា៖ «ព្រះរាជ្យនៃស្ថានបរមសុខប្រៀបដូចជាគ្រាប់ពូជតូចល្អិតម្យ៉ាង ដែលបុរសម្នាក់យកទៅដាំនៅក្នុងស្រែរបស់ខ្លួន។
32គ្រាប់ពូជនោះគឺពិតជាគ្រាប់ពូជដែលតូចជាងគេទាំងអស់ ប៉ុន្តែពេលវាដុះឡើង វាធំជាងដំណាំឯទៀតៗ គឺវាទៅជាដើមឈើមួយយ៉ាងធំ ហើយបក្សាបក្សីដែលហោះនៅលើើអាកាស មកធ្វើសំបុកស្នាក់អាស្រ័យនៅតាមមែករបស់វា»។
33ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាមួយទៀតទៅគេថា៖ «ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបីដូចជាមេនំបុ័ង ដែលស្ត្រីម្នាក់យកទៅលាយនឹងម្សៅបីរង្វាល់ រហូតដល់ធ្វើឲ្យម្សៅនោះដោរឡើងទាំងអស់»។
34គ្រប់សេចក្តីដែលព្រះយេស៊ូមានព្រះបន្ទូលទៅកាន់មហាជនគឺជាពាក្យប្រស្នាទាំងអស់ ព្រះអង្គមិនដែលមានព្រះបន្ទូលទៅគេ ដោយឥតប្រើពាក្យប្រស្នានោះឡើយ។
35ដើម្បីឲ្យស្របនឹងសេចក្ដីដែលបានចែងទុកតាមរយៈពួកព្យាការីមកថា៖ យើងនឹងនិយាយជាពាក្យប្រស្នាទៅគេ យើងនឹងនិយាយការលាក់កំបាំង តាំងពីដើមកំណើតពិភពលោកមក ឲ្យគេដឹង»។
36បន្ទាប់មក ព្រះយេស៊ូយាងចេញពីមហាជនចូលទៅក្នុងផ្ទះ។ ពួកសិស្សរបស់ព្រះអង្គនាំគ្នាចូលមកគាល់ព្រះអង្គទាំងទូលថា៖ «សូមលោកគ្រូបកស្រាយប្រស្នាអំពីស្រងែក្នុងស្រែ ឲ្យយើងខ្ញុំបានយល់ផង»។
37ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេវិញថា៖ «អ្នកព្រោះគ្រាប់ពូជល្អ គឺបុត្រមនុស្ស។
38ស្រែគឺពិភពលោកនេះ ហើយគ្រាប់ពូជល្អ គឺកូននៃព្រះរាជ្យរបស់ព្រះអង្គ ស្រងែគឺកូនចៅរបស់មារកំណាច
39ហើយសត្រូវដែលព្រោះស្រងែគឺមារ។ រដូវចម្រូត គឺជាអវសានកាលនៃពិភពលោក ហើយអ្នកច្រូត គឺជាទេវតា។
40ដូច្នេះកាលស្រងែត្រូវគេយកទៅដុតក្នុងភ្លើងយ៉ាងណា នៅអវសានកាលនៃពិភពលោក ក៏នឹងកើតមានយ៉ាងនោះដែរ។
41បុត្រមនុស្សនឹងចាត់បញ្ជូនទេវតារបស់លោកឲ្យមក ហើយទេវតាទាំងនោះនឹងប្រមូលអ្នកដែលនាំគេឲ្យប្រព្រឹត្តអំពើបាប និងអ្នកដែលប្រព្រឹត្តអំពើទុច្ចរិតយកចេញពីព្រះរាជ្យរបស់ព្រះអង្គ។
42ទេវតានឹងបោះអ្នកទាំងនោះទៅក្នុងភ្លើងដែលឆេះសន្ធោសន្ធៅ ជាកន្លែងមានតែសំរែកយំសោក ខឹងសង្កៀតធ្មេញ។
43រីឯមនុស្សសុចរិតវិញ គេនឹងមានរស្មីភ្លឺឡើងដូចព្រះអាទិត្យ នៅក្នុងព្រះរាជ្យនៃព្រះបិតារបស់គេ។ អ្នកណាមានត្រចៀក សូមស្តាប់ហើយយកទៅពិចារណាចុះ!
44ព្រះរាជ្យនៃស្ថានបរមសុខ ប្រៀបដូចជាកំណប់ដែលគេកប់ទុកនៅក្នុងរវាលស្រែ។ មានបុរសម្នាក់រកកំណប់នោះឃើញ ហើយក៏កប់ទុកវិញ។ គាត់មានចិត្តត្រេកអរជាខ្លាំង ហើយក៏ចេញទៅលក់ទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគាត់មាន យកប្រាក់មកទិញដីស្រែនោះ។
45ខ្ញុំសូមប្រាប់អ្្នកម្តងទៀតថា ព្រះរាជ្យនៃស្ថានបរមសុខប្រៀបដូចជាអ្នកជំនួញម្នាក់ ដែលស្វែងរកទិញត្បូងគុជដ៏មានតម្លៃ។
46កាលគាត់បានឃើញត្បូងគុជមួយដ៏មានតម្លៃហើយ គាត់ក៏ទៅលក់អ្វីៗទាំងអស់ដែលគាត់មាន ហើយយកប្រាក់មកទិញត្បូងគុជនោះ។
47ខ្ញុំសូមប្រាប់អ្នកម្តងទៀតថា ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបីដូចជាអួនដែលគេបោះទម្លាក់នៅក្នុងសមុទ្រ ហើយជាប់បានត្រីគ្រប់ប្រភេទ។
48ពេលបានជាប់ត្រីពេញហើយ អ្នកនេសាទអូសអួននោះឡើងមកលើឆ្នេរ រួចហើយអង្គុយរើសត្រីល្អៗដាក់ក្នុងកព្ឆោ ប៉ុន្តែចំណែកត្រីមិនល្អវិញ គេបោះចោល។
49នៅគ្រាអវសានកាលនៃពិភពលោក ក៏នឹងកើតមានដូច្នេះដែរ។ ពួកទេវតានឹងមកញែកមនុស្សទុច្ចរិត ចេញពីចំណោមមនុស្សសុចរិត។
50មនុស្សទុច្ចរិតនឹងត្រូវបោះទៅក្នុងភ្លើងដែលឆេះសន្ធោសន្ធៅ ជាកន្លែងដែលមានតែសម្រែកយំសោកខឹងសង្កៀតធ្មេញ។
51តើអ្នករាល់គ្នាយល់សេចក្ដីទាំងនេះឬទេ? ពួកសិស្សទូលព្រះអង្គថា៖ «យល់ហើយ!»
52បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅពួកគេទៀតថា៖ «ហេតុនេះហើយបានជាពួកអាចារ្យដែលទទួលការបង្រៀនពីព្រះរាជ្យនៃស្ថានបរមសុខ ប្រៀបបានទៅនឹងម្ចាស់ផ្ទះដែលយកទ្រព្យចាស់ និងទ្រព្យថ្មីទាំងអស់ចេញពីឃ្លាំងរបស់គាត់ដូច្នោះដែរ»។
53បន្ទាប់ពីព្រះយេស៊ូមានព្រះបន្ទូលពីរឿងប្រស្នាទាំងនេះចប់សព្វគ្រប់ហើយ ព្រះអង្គក៏យាងចេញពីទីនោះទៅ។
54បន្ទាប់មក ព្រះយេស៊ូត្រឡប់ទៅស្រុករបស់ព្រះអង្គវិញ ហើយព្រះអង្គបង្រៀនអ្នកស្រុកទាំងនោះនៅក្នុងសាលាប្រជុំរបស់គេ ដោយធ្វើឲ្យគេងឿងឆ្ងល់ ហើយគេបានពោលថា៖ «តើគាត់បានទទួលប្រាជ្ញា និងឫទ្ធានុភាពធ្វើការអស្ចារ្យទាំងនេះមកពីណាមក?
55តើអ្នកនេះមិនមែនជាកូនរបស់ជាងឈើទេឬ? តើម្ដាយរបស់គាត់ពុំមែនមានឈ្នោះថានាងម៉ារីទេឬ? ហើយតើយបងប្អូនគាត់ពុំមែនមានឈ្មោះយ៉ាកុប យ៉ូសែប ស៊ីម៉ូន និងយូដាសទេឬ?
56តើប្អូនស្រីរបស់គាត់ទាំងប៉ុន្មានមិនមែនរស់នៅក្នុងភូមិជាមួយយើងដែរទេឬ? តើគាត់ដឹងសេចក្ដីទាំងនេះពីណាមក?»
57ពួកគេបែចិត្តចេញពីព្រះអង្គ។ ប៉ុន្តែព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ជាធម្មតា ព្យាការីមនុស្សតែងតែមិនទទួលស្គាល់នៅក្នុងស្រុកកំណើត និងក្នុងផ្ទះខ្លួន»។
58ទ្រង់មិនអាចធ្វើការអស្ចារ្យនៅទីនោះឡើយ ព្រោះគេមិនមានជំនឿ។