ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

កណ្ឌគម្ពីរ​ម៉ាថាយ 12

Read Scripture freely. Divine Threads study for this chapter is coming later.

1នៅ​គ្រា​នោះ ព្រះយេស៊ូ​យាង​កាត់​តាមវាល​ស្រែ នៅ​ថ្ងៃ​សប្ប័ទ សិស្ស​របស់​ព្រះអង្គ​ឃ្លាន​ពេក ក៏​នាំ​គ្នា​បូត​កួរ​ស្រូវ​មក​បរិភោគ។
2ពេលពួក​ខាង​គណៈ​ផារីស៊ី​ឃើញ​ដូចនេះ គេក៏ទូល​ព្រះអង្គ​ថា៖ ​​«មើល​! ​សិស្ស​របស់​លោក​នាំ​គ្នា​ធ្វើ​ការនៅ​ថ្ងៃ​សប្ប័ទ ដែល​បញ្ញត្តិ​ហាម​»។
3ប៉ុន្តែ ព្រះយេស៊ូ​តប​​វិញ​ថា៖ «តើអ្នកមិនធ្លាប់បានអានអត្ថបទ​មួយ​ពី​ការ​ដែល​ព្រះបាទ​ដាវីឌ​ និងពួកអ្នកដែលនៅជាមួយព្រះអង្គបានប្រព្រឹត្ត​នៅ​ពេល​ឃ្លានទេឬ? ​
4ព្រះអង្គបាន​យាង​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះជាម្ចាស់ ហើយបរិភោគ​នំបុ័ង​ដែល​គេ​តាំង​ថ្វាយ​ព្រះជាម្ចាស់ គឺ​ផ្ទុយនឹងបញ្ញត្តិហាមឃាត់​ គឺមានតែ​ពួក​បូជាចារ្យ​ប៉ុណ្ណោះ ដែលអាច​បរិភោគ​នំបុ័ង​នេះ​បាន។
5តើ​អ្នក​រាល់​គ្នាមិន​ដែល​អាន​គម្ពីរ​វិន័យ​ដែលថា នៅ​ថ្ងៃ​សប្ប័ទពួក​បូជាចារ្យបំពេញ​មុខងារ​នៅ​ក្នុង​ព្រះវិហារ សុទ្ធ​តែ​រំលោភ​លើ​ក្រឹត្យវិន័យ​ថ្ងៃ​សប្ប័ទទាំងអស់ ឬឥត​មាន​ទោស​ឡើយ?
6ប៉ុន្តែ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ម្នាក់ដែលប្រសើរ​ជាង​ព្រះវិហារ​ទៅ​ទៀតនោះ គឺនៅ​ទី​នេះ​ហើយ។
7ប្រសិន​បើ​អ្នករាល់គ្នា​យល់​ពីអត្ថន័យនេះ «ខ្ញុំ​មិន​ចង់​បាន​យញ្ញបូជា​នោះទេ គឺ​ចង់​បាន​តែ​ចិត្ត​មេត្តាករុណា​ប៉ុណ្ណោះ” អ្នក​រាល់​គ្នា​មុខ​ជា​មិន​ប្រកាន់​ទោស​ដល់ជន​ដែល​គ្មាន​ទោស​ទាំង​នេះ​ឡើយ
8ដ្បិត​បុត្រ​មនុស្សជា​ម្ចាស់​របស់ថ្ងៃ​សប្ប័ទ»។
9បន្ទាប់មក ព្រះយេស៊ូ​ចាក​ចេញ​ពី​ទី​នោះ ហើយយាង​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់ពួក​គេ។
10មើល! នៅទីនោះមាន​បុរស​ស្វិត​ដៃ​ម្នាក់​នៅ​ក្នុង​សាលា​ប្រជុំ​នោះ​ដែរ។ ពួកផារីស៊ីគេ​នាំ​គ្នា​ទូល​សួរ​ព្រះអង្គ​ថា៖ «តើយើង​មាន​សិទ្ធិ​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជានៅ​ថ្ងៃ​សប្ប័ទបាន​ដែរឬ​ទេ?» គេ​សួរដូច្នេះ​ ក្នុង​​បំណង​រក​លេស​ដើម្បី​ចោទ​ប្រកាន់​ព្រះអង្គថាបានប្រព្រឹត្តអំពើបាប។
11ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​នរណា​ម្នាក់​មាន​ចៀម​តែ​មួយ ហើយ​ចៀម​នោះ​ធ្លាក់​រណ្តៅដ៏ជ្រៅ​នៅ​ថ្ងៃ​សប្ប័ទ តើ​អ្នក​នោះ​មិន​ទៅ​ស្រង់​យក​ចៀម​ឡើង​មក​វិញ​ទេ​ឬ?។
12​រីឯមនុស្សវិញ គឺមានតម្លៃ​ថ្លៃ​លើស​ចៀម​ឆ្ងាយ​ណាស់! ដូច្នេះយើង​មាន​សិទ្ធិ​ធ្វើ​អំពើ​ល្អ​នៅ​ថ្ងៃ​សប្ប័ទ​បាន»។
13បន្ទាប់មក ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​កាន់​បុរសស្វិតដៃ​នោះ​ថា៖ «ចូរ​លាត​ដៃរបស់អ្នក​មើល៍!។ បុរស​នោះ​លាត​ដៃ ហើយ​ដៃ​គាត់​ក៏​បាន​ជា​ដូច​ដៃ​ម្ខាង​ទៀត។
14ប៉ុន្តែពួក​ខាង​គណៈ​ផារីស៊ី​ចេញ​ពី​សាលា​ប្រជុំ ហើយ​ពិគ្រោះ​គ្នាប្រឆាំងព្រះអង្គ។ ពួកគេថែមទាំងរក​មធ្យោបាយ​ធ្វើ​គុត​ព្រះអង្គទៀតផង។
15កាល​ព្រះយេស៊ូ​ជ្រាបពីការនេះហើយ ទ្រង់យាង​ចាក​ចេញ​ពី​ទី​នោះទៅ មាន​មហាជន​ជា​ច្រើន​ដើរ​តាម​ព្រះអង្គ​​ ហើយព្រះអង្គ​បាន​ប្រោស​ពួក​គេ​ឲ្យ​ជា​ពី​ជំងឺ​ទាំង​អស់​គ្នា
16ព្រះអង្គហាម​គេ​យ៉ាង​ម៉ឺង​ម៉ាត់ មិន​ឲ្យ​និយាយ​អំពីព្រះអង្គប្រាប់អ្នកដទៃឡើយ
17ដើម្បី​ឲ្យ​ស្រប​នឹង​សេចក្ដី​ដែល​បាន​ចែង​ទុកមក តាម​រយៈ​ព្យាការី​អេសាយ​ថា៖
18«មើល! នេះហើយយ​ជា​អ្នក​បម្រើ​ដែល​យើង​បានជ្រើស​រើស ជា​អ្នក​ដែល​យើង​ស្រឡាញ់ ហើយ​ជាអ្នកដែលធ្វើ​ឲ្យ​ចិត្ត​យើង​រីករាយ។ យើង​នឹង​ដាក់​វិញ្ញាណ​របស់​យើងឲ្យ​សណ្ឋិត​លើ​លោក ហើយ​លោក​នឹងប្រកាស​ប្រាប់​ឲ្យ​សាសន៍ដទៃដឹងពីការវិនិច្ច័យទោសរបស់ព្រះអង្គ។
19លោក​នឹង​មិន​ឈ្លោះ​ប្រកែក​ ឬ​ក៏​​ស្រែក​ដាក់​នរណា​ឡើយ ហើយក៏គ្មាន​នរណា​ឮ​សំឡេង​របស់​លោក​នៅ​តាម​ផ្លូវដែរ។
20លោក​នឹង​មិន​កាច់​ដើម​ត្រែង​ណា​ដែលទក់​ហើយ​នោះ​ឡើយ ហើយ​លោកក៏​មិន​ផ្លុំ​ពន្លត់​ភ្លើង​ណា​ ដែល​ហៀប​នឹង​រលត់ហើយ​នោះ​ដែរ រហូត​ដល់លោក​នាំសេចក្ដី​សុចរិត​ឲ្យ​មាន​ជ័យជម្នះ។
21​សាសន៍​ដទៃ​នឹងមាន​សង្ឃឹមដោយសារ​លោក»​។
22បន្ទាប់មក មាន​គេ​នាំ​បុរស​ខ្វាក់ភ្នែក និងថ្លង់​ផង ដែលត្រូវបាន​អារក្ស​ចូល មក​គាល់​ព្រះអង្គ។ ព្រះអង្គ​ប្រោស​គាត់​ឲ្យ​ជា​ បុរសនោះ​ក៏អាច​និយាយ​បាន និង​មើល​ឃើញ​ទៀត​ផង។
23មហាជន​ទាំងអស់ស្ញប់ស្ញែងហើយ​ពោល​ថា៖ «តើលោក​នេះ​ពិត​ជា​ព្រះរាជវង្ស​របស់​ព្រះបាទ​ដាវីឌ​មែនឬ?»
24ប៉ុន្តែ ពេលពួក​ខាង​គណៈ​ផារីស៊ីបានឮពីការអស្ចារ្យនោះដ៏​ពោល​ថា៖ អ្នក​នេះ​ដេញ​អារក្ស​បាន​ គឺដោយ​បេលសេប៊ូល​ ជា​ស្ដេច​អារក្ស​ទេ»។
25ប៉ុន្តែព្រះយេស៊ូ​ឈ្វេង​យល់​គំនិត​របស់​គេ ព្រះអង្គក៏មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «នគរ​ណាមានការ​បាក់​បែក​ទាស់ទែង​គ្នា​ឯង នគរ​នោះ​មុខ​ជា​ត្រូវ​វិនាស​មិន​ខាន រីឯ​ក្រុង ឬ​ផ្ទះ​ណា​មានការបាក់​បែក​ទាស់ទែង​គ្នា​ឯង ​ក៏​មិន​អាច​នៅ​ស្ថិតស្ថេរ​បាន​ដែរ។
26ប្រសិនបើ​មារ​សាតាំង​បណ្ដេញ​មារ​សាតាំង ​វាគឺមានការ​បាក់​បែក​ទាស់ទែង​នឹង​ខ្លួន​វា។ តើធ្វើ​ម្ដេច​ឲ្យរាជ្យ​របស់​វា​នៅ​ស្ថិតស្ថេរ​បាន?
27ហើយប្រសិន​បើ​ខ្ញុំ​ដេញ​អារក្ស ដោយ​សារបេលសេប៊ូល​មែននោះ តើ​កូន​ចៅ​របស់​អ្នក​​ដេញ​អារក្ស ដោយ​អាង​លើ​នរណា​វិញ? ដោយហេតុផលនេះ គេនឹងដាក់​ទោស​អ្នក​រាល់​គ្នា​ជាពុំខាន។
28ប៉ុន្តែ បើ​ខ្ញុំ​ដេញ​អារក្ស​ដោយ​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់ នោះបាន​សេចក្ដី​ថា ព្រះរាជ្យ​របស់​ព្រះអង្គ​បានមក​ដល់​អ្នក​រាល់​គ្នា​ហើយ។
29តើមាន​នរណា​ចូល​ទៅ​ក្នុង​ផ្ទះ​មនុស្ស​ខ្លាំង​ពូកែ ហើយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​គាត់ ដោយមិនចង​មនុស្ស​ខ្លាំង​ពូកែ​នោះ​ជា​មុន​សិន?
30អ្នក​ណា​មិន​នៅខាង​ខ្ញុំ អ្នក​នោះ​ប្រឆាំង​នឹង​ខ្ញុំ ហើយ​អ្នក​ណា​មិន​ជួយ​ប្រមូល​ផ្ដុំ​ជា​មួយ​ខ្ញុំ​ទេ អ្នក​នោះ​ជា​អ្នក​កំចាត់កំចាយហើយ។
31ហេតុដូច្នេះហើយបាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា រាល់អំពើបាបនិង ​​ពាក្យ​ប្រមាថ​ព្រះជាម្ចាស់ ព្រះអង្គ​នឹង​លើកលែង​ទោស​ឲ្យ​បាន ប៉ុន្តែការ​ប្រមាថ​ព្រះវិញ្ញាណ​វិញ ​ព្រះអង្គ​នឹង​មិន​លើកលែង​ទោស​ឲ្យសោះឡើយ។
32បើ​អ្នក​ណា​និយាយ​ទាស់​នឹង​បុត្រ​មនុស្ស ព្រះជាម្ចាស់​នឹង​លើកលែង​ទោស​ឲ្យគេបាន ប៉ុន្តែ​អ្នក​ដែលនិយាយ​ទាស់​នឹង​ព្រះវិញ្ញាណ​ដ៏វិសុទ្ធវិញ ព្រះអង្គ​មិន​លើកលែង​ទោស​ឲ្យទេ ទោះ​បី​នៅ​ក្នុង​លោក​នេះ ឬ​នៅ​បរ​លោក​ក្ដី ។
33ដាំដើមឈើ​ល្អ ផ្លែ​ក៏​ល្អដែរ តែ​បើដាំ​ដើមឈើ​អាក្រក់​វិញ ផ្លែ​វា​ក៏​អាក្រក់​ដែរ ដ្បិត​គេ​ស្គាល់​ដើម​ឈើ​តាម​ផ្លែ​របស់​វា។
34ពួកពូជ​ពស់​វែក​អើយ! អ្នក​រាល់​គ្នាជាសុទ្ធតែមនុស្សអាក្រក់​ តើអាចឲ្យអ្នកនិយាយ​សេចក្ដី​ល្អៗបានយ៉ាង​ដូច​ម្ដេច​ទៅ? ដ្បិត​មាត់​របស់​មនុស្ស​តែង​និយាយ​នូវ​សេចក្ដី​ណា ដែល​មាន​នៅ​ក្នុង​ចិត្ត​របស់​ខ្លួន។
35មនុស្ស​ល្អ​តែង​ប្រព្រឹត្ត​ល្អ ចេញពីចិត្តរបស់​ខ្លួន រីឯ​មនុស្ស​អាក្រក់​វិញ តែង​ប្រព្រឹត្ត​អាក្រក់ ព្រោះ​ចិត្តគេមាន​សុទ្ធ​តែ​គំនិត​អាក្រក់​។
36ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស​ ព្រះអង្គ​នឹង​វិនិច្ឆ័យមនុស្ស​តាម​ពាក្យ​សម្តី​​ដែល​គេ​បាន​និយាយ។
37ដ្បិតគេនឹងរាប់អ្នកថា​សុចរិត​ដោយសារ​ពាក្យ​សម្តី​របស់អ្នក ហើយគេនឹងថ្កោលទោសអ្នករាល់គ្នា ដោយសារពាក្យសម្តីដែរ។
38បន្ទាប់មក ​ពួក​អាចារ្យ និង​ពួក​ខាង​គណៈ​ផារីស៊ី ឆ្លើយតបទៅព្រះយេស៊ូ និងទូល​ព្រះអង្គ​ថា៖ «លោក​គ្រូ! យើងចង់ឃើញ​ទី​សម្គាល់​អស្ចារ្យ​មួយ​ពីលោកគ្រូ»។
39ប៉ុន្តែព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គេ​ថា៖ «មនុស្ស​ជំនាន់​នេះ​អាក្រក់​ណាស់ ហើយ​មានចិត្តក្បត់ទៀត គេ​ចង់​តែ​ឃើញ​ទី​សម្គាល់​អស្ចារ្យ។ ប៉ុន្ត ព្រះជាម្ចាស់​នឹងមិន​ប្រទាន​ទី​សម្គាល់​ណា​ផ្សេងទៀត ក្រៅ​ពី​ទី​សម្គាល់​របស់​ព្យាការី​យ៉ូណាស​ឡើយ។
40លោក​យ៉ូណាស​​នៅ​ក្នុង​ពោះ​ត្រី​ធំ​រយះពេលបី​ថ្ងៃ​បី​យប់​យ៉ាង​ណា នោះបុត្រ​មនុស្ស​ក៏​នឹង​ស្ថិត​នៅ​ក្នុង​ដី​រយៈបី​ថ្ងៃ​បី​យប់​យ៉ាង​នោះ​ដែរ។
41អ្នក​ក្រុង​នីនីវេ​នឹង​ក្រោក​ឡើង​ជា​មួយ​មនុស្ស​ជំនាន់​នេះ នៅ​ថ្ងៃ​ដែល​ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក ព្រម​ទាំង​ចោទ​ប្រកាន់​គេ​ផង។ ដ្បិតពួកគេបាន​កែ​ប្រែ​ចិត្ត​គំនិត ពេលបានឮ​សេចក្ដី​ដែលលោក​យ៉ូណាស​ប្រកាសប្រាប់​។ រីឯ​នៅ​ទី​នេះ មាន​ម្នាក់ដែល​ប្រសើរ​ជាង​លោក​យ៉ូណាស​ទៅ​ទៀត។
42មហា​ក្សត្រី​ស្រុក​ខាង​ត្បូង នឹង​ក្រោក​ឡើង​នៅ​ថ្ងៃ​ដែល​ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក ជា​មួយ​មនុស្ស​ជំនាន់​នេះ ព្រម​ទាំង​ចោទ​ប្រកាន់​គេ​ផង។ ព្រះនាង​បាន​យាង​មក​ពី​ទីដាច់ស្រយាលនៃផែនដី ដើម្បី​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះបាទ​សាឡូម៉ូន ប្រកប​ដោយ​ប្រាជ្ញា​ឈ្លាស​វៃ។ រីឯ​នៅ​ទី​នេះ​ មាន​ម្នាក់​ប្រសើរ​ជាង​ព្រះបាទ​សាឡូម៉ូន​ទៅ​ទៀត។
43ពេល​វិញ្ញាណ​អាក្រក់​ចេញ​ពី​មនុស្ស​ណា​ម្នាក់​ហើយ វា​តែងតែទៅចុះឡើង​នៅកន្លែង​ហួតហែង រកមើលកន្លែងសម្រាក តែ​វា​រក​ពុំ​ឃើញ​ទេ។
44បន្ទាប់មក វា​មុខ​ជា​និយាយ​ថា អញនឹង​វិល​ត្រឡប់​ទៅ​ផ្ទះ ដែល​អញ​ទើប​ចេញ​មក លុះ​ទៅ​ដល់ហើយ វាឃើញ​ផ្ទះ​នោះ​នៅ​ទំនេរ បោស​ស្អាត ហើយ​តុបតែង​យ៉ាងល្អនោះ។
45វា​នឹង​​ទៅ​បបួល​វិញ្ញាណ​អាក្រក់​ប្រាំពីរផ្សេង​ទៀត ដែល​សុទ្ធ​តែ​អាក្រក់​ជាង​វា​ មក​ចូល​នៅ​ក្នុងផ្ទះ​នោះ ក្រោយមកមនុស្សនោះរឹត​តែ​អាក្រក់​លើស​ដើម​ទៅ​ទៀត។ មនុស្សនៅ​ជំនាន់​នេះ​អាក្រក់ណាស់»។
46ខណៈពេលព្រះយេស៊ូ​កំពុង​តែ​មាន​ព្រះបន្ទូល​ទៅ​កាន់​មហាជន​នៅ​ឡើយ ​មាតា និង​បង​ប្អូន​របស់​ព្រះអង្គ មក​ឈរ​ចាំ​នៅ​ខាង​ក្រៅ ចង់​រកនិយាយ​ជា​មួយ​ព្រះអង្គ។
47មាន​ម្នាក់​ទូល​ព្រះអង្គ​ថា៖ «មើល៍! ម្ដាយ​លោក និង​បង​ប្អូន​លោក​នៅ​ខាង​ក្រៅ ចង់​និយាយ​ជា​មួយ​លោក»។
48ប៉ុន្តែ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គាត់​វិញ​ថា៖ «តើ​នរណា​ជា​ម្ដាយ​ខ្ញុំ ហើយនរណា​ជា​បង​ប្អូន​ខ្ញុំ?»។
49ព្រះអង្គ​លើក​ព្រះហស្ថ​​ចង្អុលទៅ​ពួក​សិស្ស ហើយ​មាន​ព្រះបន្ទូល​ថា៖ «មើល! អ្នក​ទាំង​នេះ​ហើយ​ជា​មាតា និង​ជា​បង​ប្អូន​របស់​ខ្ញុំ
50ដ្បិត​អ្នក​ណា​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះបិតា​ខ្ញុំ​ ដែល​គង់​នៅ​ស្ថាន​បរមសុខ អ្នក​នោះ​ហើយគឺ​ជា​បង​ប្អូន​ប្រុស​ស្រី និង​ជា​ម្ដាយ​របស់​ខ្ញុំ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។