ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

កណ្ឌគម្ពីរ​ម៉ាថាយ 11

Read Scripture freely. Divine Threads study for this chapter is coming later.

1ក្រោយពេលព្រះយេស៊ូ​មាន​ព្រះបន្ទូល​ផ្ដែផ្ដាំ​សិស្សទាំង​ដប់ពីរ​រូបចប់​សព្វ​គ្រប់​ហើយ ព្រះអង្គក៏​យាង​ចាក​ចេញ​ពី​ទី​នោះ​ទៅ​បង្រៀន និង​ប្រកាស​ដំណឹងល្អ​នៅ​តាម​ក្រុងនានារបស់ពួកគេ។
2ពេល​លោក​យ៉ូហាន​ដែលជាប់​ក្នុង​មន្ទីរ​ឃុំឃាំង បាន​ឮ​ពី​កិច្ចការ​ទាំង​ប៉ុន្មានដែល​ព្រះគ្រិស្ដ​បាន​ធ្វើ គាត់​ក៏​ចាត់​សិស្ស​ឲ្យ​ទៅ​
3ហើយទូល​សួរ​​ថា៖ «តើ​លោក​គឺជាព្រះអង្គ​ដែល​ត្រូវ​យាង​មក ឬ​មួយ​យើង​ខ្ញុំ​ត្រូវ​រង់ចាំ​មួយ​ផ្សេង​ទៀត?»
4ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​ពួកគេ​ថា៖ «ចូរ​ត្រឡប់​ទៅ​ប្រាប់​លោក​យ៉ូហាន នូវ​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ និង​បាន​ឃើញ​នេះ​ទៅ។
5​មនុស្ស​ខ្វាក់​មើល​ឃើញ មនុស្ស​ខ្វិន​ដើរ​បាន មនុស្ស​ឃ្លង់បាន​ជា​ស្អាត​ មនុស្ស​ថ្លង់​ស្ដាប់​ឮ មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ហើយ​មនុស្សក្រីក្របានឮដំណឹងល្អ។
6មានពរហើយអ្នក​ណា​មិន​រវាត​ចិត្ត​ដោយព្រោះនាម​ខ្ញុំ»។
7ពេល​ពួក​សិស្ស​របស់​លោក​យ៉ូហាន​ចេញ​ផុត​ទៅ ព្រះយេស៊ូចាប់ផ្តើមមាន​ព្រះបន្ទូល​ទៅ​មហាជន​អំពី​លោក​យ៉ូហាន​ថា៖ «តើ​អ្នក​រាល់​គ្នា​ទៅ​វាល​រហោស្ថាន​មើល​អ្វី មើល​ដើម​ត្រែង​ដែល​ត្រូវ​ខ្យល់​បក់​​ឬ?
8តើ​អ្នក​រាល់​គ្នា​ទៅ​ក្រៅ​មើល​អ្វី? ​មើល​មនុស្ស​ស្លៀក​ពាក់​ខោអាវទន់ភ្លន់​ឬ? តាម​ពិត! អ្នក​ដែល​ស្លៀក​ពាក់​ខោអាវទន់ភ្លន់ គេ​រស់​នៅ​ក្នុង​ដំណាក់​ស្ដេច​ឯណោះ»។
9ដូច្នេះ តើ​អ្នក​រាល់​គ្នា​ទៅក្រៅ​ រក​មើល​ព្យាការី​ម្នាក់​ឬ?។ ត្រូវ​ហើយ! ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា លោក​នោះ​ប្រសើរ​ជាង​ព្យាការី​ទៅ​ទៀត។
10ដ្បិតគឺអ្នកនោះហើយ មាន​ចែង​មក​ថា៖ «មើល! យើង​ចាត់​ទូត​យើង​ឲ្យ​ទៅ​មុន​ព្រះអង្គ គឺជាអ្នកដែលនឹង​រៀបចំ​ផ្លូវ​មុខ​ព្រះអង្គ»។
11ខ្ញុំ​សុំ​ប្រាប់​ឲ្យអ្នក​រាល់​គ្នា​ដឹង​ប្រាកដថា ក្នុងចំណោម​មនុស្ស​ដែល​កើត​ចេញពីផ្ទៃម្តាយមក គ្មាន​នរណា​មាន​ឋានៈ​ធំ​ជាង​លោក​យ៉ូហានបាទីស្ដនោះ​ឡើយ។ តែអ្នក​ណា​មានឋានៈតូច​ជាង​គេ​នៅ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ អ្នក​នោះ​ប្រសើរ​លើស​លោក​យ៉ូហាន​ទៅ​ទៀត។
12ចាប់តាំង​ពី​ជំនាន់​លោក​យ៉ូហានបាទីស្ដ មក​ទល់​សព្វ​ថ្ងៃនេះ ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ​បាន​រង​នូវ​អំពើ​ឃោរឃៅ ហើយ​មនុស្សដែលប្រព្រឹត្តអំពើ​ឃោរឃៅនោះ ​បាន​នាំ​គ្នា​ប្រើ​កម្លាំង​​យក​ព្រះរាជ្យ​នេះ​ផង។
13ព្យាការី​ទាំងអស់​ និង​ក្រឹត្យវិន័យ បានថ្លែងទុករហូត​មក​ដល់​ជំនាន់​លោក​យ៉ូហាន។
14ប្រសិនបើអ្នកព្រមទទួលការនេះ គឺលោក​​ហ្នឹង​ហើយ​ជា​ព្យាការី​អេលីយ៉ា​ដែល​ត្រូវ​មក។
15អ្នកដែលមានត្រចៀកចូរស្តាប់ ហើយ​យក​ទៅ​ពិចារណា​ទៅ!។
16តើ​ខ្ញុំ​អាច​ប្រៀបរធៀប​មនុស្ស​ជំនាន់​នេះ​ទៅ​នឹងអ្វី? គឺដូច​ទៅ​នឹង​កូន​ក្មេង​ដែល​កំពុងលេង​នៅ​តាមទី​ផ្សារ ដែលហៅគ្នាទៅវិញទៅមក
17ព្រមទាំងនិយាយថា៖ «យើង​បាន​ផ្លុំ​ខ្លុយឲ្យអ្នក តែ​អ្នក​ពុំ​ព្រម​រាំ​ទេ។ យើង​បាន​កាន់ទុក្ខ តែអ្នក​ពុំ​ព្រម​យំ​ដែរ»។
18ដ្បិតលោក​យ៉ូហាន​​កើតមកមិនបានបរិភោគនំបុ័ង និងសុរាទេ​ តែ​គេ​ថា «​លោក​មាន​អារក្ស​ចូល»។
19រីឯ​បុត្រ​មនុស្ស​មក​ លោក​បរិភោគ​អាហារ និង​ពិសា​សុរា តែ​គេ​ថា «មើល៍! អ្នក​នេះ​ល្មោភសីុ និងជាមនុស្សប្រមឹក ហើយ​សេពគប់​ជា​មួយ​ពួក​ទារ​ពន្ធ និង​មនុស្សមាន​បាប»។ ប៉ុន្តែ ប្រាជ្ញា​ដែល​ល្អ​ត្រឹម​ត្រូវវិនិច្ឆ័យទង្វើ ដែលគេបានប្រព្រឹត្តវិញ»។
20បន្ទាប់មក ព្រះយេស៊ូ​ចាប់​ផ្ដើម​ស្ដី​បន្ទោស​​ដល់ក្រុង​នានា​ ដែលបាន​ឃើញ​ព្រះអង្គ​សម្តែង​ការ​អស្ចារ្យ​ផ្សេងៗ​ក្នុង​ក្រុងនោះ ប៉ុន្តែ ពួក​គេ​ពុំ​ព្រម​កែ​ប្រែ​ចិត្ត​គំនិត​សោះ។
21«អ្នក​ត្រូវ​វេទនា​ជា​ពុំខាន ​ក្រុង​ខូរ៉ាស៊ីន​អើយ! ។ អ្នក​ក៏​ត្រូវ​វេទនា​ដែរ ​ក្រុង​បេតសៃដា​អើយ! ។ ប្រសិន​បើ​មានការ​អស្ចារ្យនៅ​ក្រុង​ទីរ៉ូស និង​ក្រុង​ស៊ីដូន ដូច​ដែលអ្នក​រាល់​គ្នា​ឃើញ​នៅ​ទី​នេះ ម៉្លេះ​​ក្រុង​ទាំង​នោះ​កែ​ប្រែ​ចិត្ត​គំនិត ហើយ​ស្លៀក​បាវ​អង្គុយ​ក្នុង​ផេះ​ជា​មិន​ខាន។
22ប៉ុន្តែ នៅ​ថ្ងៃ​ដែល​ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស​ ក្រុង​ទីរ៉ូស និង​អ្នក​ក្រុង​ស៊ីដូន​ទទួល​ទោស​ស្រាល​ជាង​អ្នក​រាល់​គ្នា។
23អ្នក​ក្រុង​កាពើណិម​អើយ! តើអ្នកគិតថាខ្លួនអ្នក​នឹង​បានតម្កើងឡើង​ដល់​ស្ថាន​សួគ៌ឬ? ពុំមែនដូច្នោះឡើយ! អ្នក​នឹង​ធ្លាក់​ទៅ​ស្ថាន​នរក​វិញ។ ប្រសិន​បើ​អ្នក​ក្រុង​សូដុម​បាន​ឃើញ​ការ​អស្ចារ្យ ដូចដែល​អ្នកបានឃើញ ម៉្លេះ​សម​ក្រុង​សូដុម​នឹងនៅ​ស្ថិតស្ថេរ​ មក​ទល់​សព្វ​ថ្ងៃ​ជា​មិន​ខាន។
24ប៉ុន្តែខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​​ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស អ្នក​ក្រុង​សូដុម​នឹង​ទទួល​ទោស​ស្រាល​ជាង​អ្នក​រាល់​គ្នា។
25នៅ​គ្រា​នោះ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​​ថា៖ «ទូលបង្គំ​សូម​សរសើរ​តម្កើង​ព្រះបិតា ជា​ព្រះអម្ចាស់​នៃ​ស្ថាន​បរមសុខ និង​​ផែនដី ព្រោះ​​ព្រះអង្គបាន​លាក់​មិន​ឲ្យ​អ្នក​ប្រាជ្ញ និង​អ្នក​ចេះ​ដឹង​យល់​ទេ តែ​បង្ហាញការ​ទាំង​នេះ​ឲ្យ​មនុស្ស​តូចតាច​យល់វិញ។
26មែន​ហើយ! ព្រះបិតាអើយ ដ្បិតព្រះអង្គ​សព្វ​ព្រះហឫទ័យ​ធ្វើដូច្នេះ។
27អ្វីៗទាំងអស់ព្រះបិតា​របស់​ខ្ញុំ​បាន​ប្រគល់មក​ខ្ញុំហើយ គ្មាន​អ្នក​ណា​ស្គាល់ព្រះ​បុត្រា ក្រៅ​ពី​ព្រះបិតាឡើយ ហើយ​ក៏​គ្មាន​នរណា​ស្គាល់​ព្រះបិតា ក្រៅ​ពី​ព្រះបុត្រាដែរ ហើយនិង​អ្នកណា​ដែល​ព្រះបុត្រា​សព្វ​ព្រះហឫទ័យ សម្តែង​ឲ្យ​ស្គាល់​នោះ​ដែរ។
28អស់​អ្នក​ដែល​នឿយហត់ និង​​បន្ទុក​ធ្ងន់​អើយ ចូរមកឯខ្ញុំ! ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នាបាន​​សម្រាក។
29ចូរ​យក​នឹម​​របស់​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា ហើយ​រៀន​ពី​ខ្ញុំ​ទៅ ដ្បិត ខ្ញុំ​ស្លូត និង​មាន​ចិត្ត​សុភាពនោះព្រលឹងរបស់អ្នក​រាល់​គ្នា​នឹង​ជា​បាន​សម្រាកមិន​ខាន​។
30ព្រោះនឹម​របស់​ខ្ញុំ​ស្រួល ហើយ​បន្ទុករបស់ខ្ញុំ​​​ក៏ស្រាលដែរ»​។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។