ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

លូកា 9

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះយេស៊ូ​​ហៅ​សិស្ស​ទាំង​ដប់ពីរ​រូប​មកជុំគ្នា ហើយ​ព្រះអង្គប្រទាន​ឫទ្ធានុភាព​ និង​អំណាច​លើ​អារក្ស​ទាំង​អស់ និង​ប្រោស​ជំងឺ​ផ្សេងៗ​ឲ្យ​បាន​ជា។
2ព្រះអង្គ​ចាត់​ពួកគេ​​ចេញ​ទៅ​ប្រកាសអំពី​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់ និងប្រោសអ្នក​ជំងឺ​ឲ្យបាន​ជា​។
3ព្រះអង្គមានព្រះបន្ទូល​ទៅ​គេ​ថា៖ «ពេល​ធ្វើដំណើរ​ទៅ អ្នករាល់គ្នាមិនត្រូវយកអ្វីទៅជាមួយ​ឡើយ ទោះ​បី​ដំបង​ក្ដី ថង់​ប្រាក់​ក្ដី ចំណី​អាហារក្តី ​ប្រាក់​កាស​ក្ដី ហើយ​ក៏​មិន​ត្រូវ​យក​អាវ​ពីរ​បន្លាស់​ទៅ​ដែរ។
4មិនថាអ្នក​រាល់​គ្នា​ចូល​ផ្ទះ​ណាទេ ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ រហូត​ដល់​ពេល​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ​ទៅ។
5នៅភូមិ​ណា​ដែលគេ​មិន​​ទទួល​អ្នក​រាល់​គ្នា ចូរ​ចេញ​ពី​ភូមិ​នោះ​ទៅ ដោយ​រលាស់​ធូលី​ដី​ចេញ​ពី​ជើង​អ្នក​រាល់​គ្នា​ផង ទុក​ជា​បន្ទាល់ប្រឆាំងនឹង​គេ​»។
6បន្ទាប់មកពួក​សិស្សនាំ​គ្នា​ចេញ​ទៅ និងធ្វើ​ដំណើរ​កាត់ភូមិជាច្រើន ទាំង​ប្រកាស​ដំណឹងល្អ និង​មើល​អ្នក​ជំងឺ​គ្រប់​កន្លែង​ដែលពួកគេទៅឲ្យ​បាន​ជា​ផងដែរ។
7ឥឡូវនេះ ព្រះបាទ​ហេរ៉ូដ ជា​ស្ដេច​អនុរាជ​ជ្រាប​ហេតុការណ៍​ទាំង​នោះ​ ហើយ ទ្រង់​មិន​ដឹង​ត្រូវធ្វើយ៉ាងណាទេ ព្រោះ​មាន​អ្នក​ខ្លះ​និយាយ​ថា លោក​យ៉ូហានបាទីស្ដ​បាន​រស់​ឡើង​វិញ​ហើយ។
8អ្នក​ខ្លះ​ទៀត​និយាយ​ថា ព្យាការីអេលីយ៉ា​បាន​បង្ហាញ​ខ្លួន​ហើយ ចំណែកឯអ្នក​ខ្លះ​ទៀត​និយាយ​ថា មាន​ព្យាការី​មួយ​រូប​ពី​សម័យ​បុរាណ​បាន​រស់​ឡើង​វិញ។
9​ព្រះបាទ​ហេរ៉ូដ​មាន​រាជឱង្ការ​ថា៖ «យើង​ឲ្យគេ​កាត់​កយ៉ូហានហើយ ប៉ុន្តែបុរស​ដែល​យើងបានឮគេ​និយាយ​ ​ជា​នរណាទៅវិញ?»។ ហើយព្រះបាទ​ហេរ៉ូដ​មាន​បំណង​ចង់ជួប​បុរសម្នាក់នោះ។
10ពេលពួកសាវក​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ ពួកគេរៀប​រាប់​ទូល​ព្រះយេស៊ូ នូវ​គ្រប់​កិច្ចការ​ទាំង​អស់​ដែល​គេ​បាន​ធ្វើ។ ព្រះអង្គ​នាំ​គេចេញពី​មហាជន តម្រង់​ទៅ​ភូមិ​មួយ​ឈ្មោះ​បេតសៃដា។
11តែ​ពេលមហាជន​ដឹង​រឿងនេះ គេក៏​នាំ​គ្នា​ទៅ​តាម​ព្រះអង្គ។ ព្រះអង្គ​ទទួល​ពួក​គេ ហើយ​មាន​ព្រះបន្ទូល​ស្តីអំពី​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់​ឲ្យគេ​ស្ដាប់ ហើយព្រះអង្គក៏បាន​ប្រោស​អ្នក​ជំងឺឲ្យ​បាន​ជា​ផង។
12​ជិតដល់ថ្ងៃ​លិចហើយ សិស្ស​ទាំង​ដប់ពីរ​រូប​ចូល​ទៅ​ទូល​ព្រះអង្គ​ថា៖ «សូម​ព្រះអង្គ​ប្រាប់​បណ្ដាជន​ឲ្យ​ចេញទៅភូមិ និងជនបទនៅជិតៗនោះ ដើម្បី​រក​ម្ហូប​អាហារ និង​កន្លែង​ស្នាក់​នៅ ព្រោះ​ទី​នេះជាតំបន់ដាច់ស្រយាលណាស់»។
13ប៉ុន្តែព្រះអង្គ​តបទៅគេ​វិញ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​យក​ម្ហូប​អាហារឲ្យ​គេ​បរិភោគ»។ ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖ «យើង​ខ្ញុំ​មាន​នំបុ័ង​តែ​ប្រាំ​ដុំ និង​ត្រីពីរ​កន្ទុយ​ប៉ុណ្ណោះ ធ្វើ​ម្ដេច​នឹង​គ្រាន់សម្រាប់​ប្រជាជន​ទាំង​នេះ»។
14(នៅ​ទី​នោះ មាន​មនុស្ស​ប្រុស​ប្រមាណ​ប្រាំ​ពាន់​នាក់)។ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​កាន់សិស្ស​ថា៖ «ចូរ​​ប្រាប់ពួក​គេ​ឲ្យ​អង្គុយ​ចុះ​ជា​ក្រុមៗ ក្នុង​មួយ​ក្រុមមានគ្នា​ហាសិប​នាក់»។
15ដូច្នេះ ពួក​សិស្ស​ក៏​ធ្វើ​តាម គឺ​ប្រាប់ឲ្យ​អង្គុយ​ចុះ​ទាំង​អស់​គ្នា។
16ព្រះយេស៊ូ​យក​នំបុ័ង​ទាំង​ប្រាំ​ដុំ និង​ត្រី​ពីរ​កន្ទុយ​នោះ​មក​កាន់ ​ងើប​ព្រះភក្ត្រ​ឡើង​លើ​សសើររតម្កើងព្រះជាម្ចាស់ ហើយ​កាច់​ឲ្យ​សិស្ស ដើម្បី​​ឲ្យគេចែកដល់​បណ្ដាជន​បរិភោគ។
17ពួកគេ​បាន​បរិភោគ​ឆ្អែត​គ្រប់ៗ​គ្នា ហើយគេ​ប្រមូល​នំបុ័ង​នៅ​សល់​បាន​ពេញ​ដប់ពីរ​ល្អី។
18មានពេល​មួយ ខណៈពេល​ព្រះយេស៊ូកំពុងតែ​​អធិស្ឋានដាច់​ឡែក​ពី​បណ្ដាជន ពួក​សិស្ស​ក៏​នៅ​ជា​មួយ​ព្រះអង្គ​ដែរ។ ព្រះអង្គ​​សួរពួក​គេ​ថា៖ «តើ​មហាជន​ទាំងឡាយ​គិតថាខ្ញុំ​ជា​នរណា?»។
19ពួក​សិស្ស​ទូល​ឆ្លើយ​ថា៖ «អ្នក​ខ្លះ​ថា លោក​គ្រូ​ជា​លោក​យ៉ូហានបាទីស្ដ ប៉ុន្តែអ្នក​ខ្លះ​ទៀតថា លោក​ជា​ព្យាការី​អេលីយ៉ា ហើយ​អ្នក​ខ្លះ​ទៀត​ថា លោក​ជា​ព្យាការី​មួយ​រូប​ពី​សម័យ​បុរាណ ​ដែល​រស់​ឡើង​វិញ»។
20រួចព្រះអង្គសួរគេ​ទៀត​ថា៖ «ចុះ​អ្នក​រាល់​គ្នា​វិញ ថាខ្ញុំ​ជា​នរណា​ដែរ?»។ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «លោក​ជា​ព្រះគ្រិស្ដ ដែលព្រះជាម្ចាស់​ចាត់បញ្ជូន​មក»។
21ព្រះយេស៊ូ​ក៏​ហាមពួកគេ មិន​ឲ្យ​និយាយរឿងនេះ​ប្រាប់​អ្នក​ណា​ជា​ដាច់​ខាត។
22ព្រះអង្គ​មាន​ព្រះបន្ទូល​​ថា៖ «បុត្រ​មនុស្សត្រូវ​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង ហើយពួក​ព្រឹទ្ធាចារ្យ ពួក​នាយក​បូជាចារ្យ ពួក​អាចារ្យបដិសេធមិនព្រមទទួលស្គាល់លោក និង​សម្លាប់​លោក​ថែមទៀតផង ហើយបី​ថ្ងៃ​ក្រោយ​មក លោក​នឹង​រស់​ឡើង​វិញ»។
23បន្ទាប់​មក ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ទាំង​អស់​គ្នា​ថា៖ «បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ អ្នកនោះត្រូវ​លះបង់​ខ្លួន​ឯង​ចោល ត្រូវ​លី​ឈើ​ឆ្កាង​របស់​ខ្លួន​រៀង​រាល់​ថ្ងៃ​ហើយ​មក​តាម​ខ្ញុំ​ចុះ»
24ដ្បិត​អ្នក​ណា​ចង់​បាន​រួច​ជីវិត អ្នក​នោះ​នឹង​បាត់​បង់​ជីវិត​មកវិញពុំខាន ប៉ុន្តែ អ្នក​ណា​បាត់​បង់​ជីវិត​ព្រោះ​តែ​ខ្ញុំ អ្នក​នោះ​នឹង​បាន​ទទួលជីវិត​វិញ។
25បើ​មនុស្ស​ម្នាក់​បាន​ពិភព​លោក​ទាំង​មូល​មក​ធ្វើ​ជា​សម្បត្តិ​របស់​ខ្លួន តែ​ត្រូវ​ស្លាប់​បាត់​បង់​ជីវិត ឬបញ្ឆោតខ្លួនតើមាន​ប្រយោជន៍​អ្វី?
26អ្នកណាក៏ដោយ ដែល​អៀនខ្មាសមិន​ហ៊ាន​ទទួល​ស្គាល់​ខ្ញុំ និង​ពាក្យ​របស់​ខ្ញុំ​ទេ លុះ​ដល់​ពេលបុត្រ​មនុស្ស​យាង​មក ប្រកប​ដោយ​សិរីរុងរឿង​របស់​ព្រះអង្គ និង​សិរីរុងរឿង​របស់​ព្រះបិតា ព្រមទាំងរបស់​ទេវតា​ដ៏វិសុទ្ធ នោះព្រះអង្គក៏​នឹង​​អៀនខ្មាស មិន​ហ៊ាន​ទទួល​ស្គាល់​អ្នក​នោះ​វិញ​ដែរ។
27ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកថា មានមនុស្ស​ខ្លះ​ដែលកំពុងតែឈរនៅទីនេះ ​នឹង​មិន​ស្លាប់​ទេមុន​បាន​ឃើញ​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់»។
28ប្រហែល​ជា​ប្រាំ​បី​ថ្ងៃ ក្រោយ​ពី​ព្រះយេស៊ូ​មាន​ព្រះបន្ទូលពាក្យ​ទាំងនេះរួចមក ព្រះអង្គ​នាំ​លោក​ពេត្រុស លោក​យ៉ូហាន និង​លោក​យ៉ាកុប​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​អធិស្ឋាន។
29កាល​កំពុងតែ​អធិស្ឋាននោះ ស្រាប់​តែ​ព្រះភក្ត្រ​របស់​ព្រះអង្គផ្លាស់​ប្រែ​ជា​មាន​រស្មី ហើយ​ព្រះពស្ដ្រ​របស់​ព្រះអង្គ​ត្រឡប់​ជា​មាន​ពណ៌​ស​ត្រចះត្រចង់មួយរំពេច។
30មើល មាន​បុរស​ពីរ​នាក់កំពុងតែសន្ទនាជាមួយព្រះយេស៊ូ គឺ​លោក​ម៉ូសេ និង​ព្យាការី​អេលីយ៉ា
31ដែលលោក​ទាំង​ពីរ​លេចមក​ប្រកប​ដោយ​សិរីរុងរឿង។​ លោកទាំងពីរ​មាន​ប្រសាសន៍​អំពី​ដំណើរ ដែលព្រះអង្គត្រូវបញ្ចប់សព្វគ្រប់នៅ​ក្រុង​យេរូសាឡិម។
32ពេលនេះ លោក​ពេត្រុស និង​មិត្តភក្ដិ​របស់​លោក​សម្រាន្ដ​លង់លក់ ប៉ុន្តែពេលភ្ញាក់​ឡើង ពួកគេ​ឃើញ​សិរីរុងរឿង​របស់​ព្រះយេស៊ូ និង​ឃើញ​លោក​ទាំង​ពីរកំពុង​ឈរ​ជា​មួយ​ព្រះអង្គដែរ។
33កាល​លោកទាំងពីរកំពុង​តែ​ចាក​ចេញ​ពី​ព្រះយេស៊ូ​ទៅ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «លោកគ្រូ! ជាការប្រពៃណាស់យើងនៅទីនេះ។ ចូរយើង​​សង់​ដំណាក់បី គឺ​មួយ​សម្រាប់លោកគ្រូ មួយ​សម្រាប់​លោក​ម៉ូសេ និង​មួយ​ទៀត​សម្រាប់​ព្យាការី​អេលីយ៉ា»។ (លោក​ពេត្រុស​ពុំបានដឹងថា ​ខ្លួនកំពុងតែ​និយាយ​អ្វី​ឡើយ)។
34កាល​លោក​ពេត្រុស​កំពុង​តែ​មាន​ប្រសាសន៍ ស្រាប់​តែ​មាន​ពពក​មក​គ្រប​បាំង​គេ​ទាំង​អស់​គ្នា ធ្វើឲ្យពួក​សិស្ស​ភ័យ​ខ្លាច​ ពេល​ពពក​មក​គ្រប​បាំង។
35មាន​ព្រះសូរសៀង​បន្លឺ​ពី​ក្នុង​ពពក​មក​ថា៖ «​នេះ​ជា​បុត្របស់យើង ជាបុត្រដែល​យើង​បាន​ជ្រើស​រើស ចូរ​ស្ដាប់​ព្រះអង្គ​ចុះ»។
36ក្រោយពេលឮ​ព្រះសូរសៀង​នេះ​រួចហើយ គេ​ឃើញ​តែ​ព្រះយេស៊ូ​មួយ​ព្រះអង្គ​ប៉ុណ្ណោះ។ ពួកសិស្សនៅស្ងៀម និងប្រាប់គ្រប់គ្នា​កុំឲ្យនិយាយអំពី​ហេតុការណ៍​ ដែល​គេ​បាន​ឃើញ​ប្រាប់​អ្នក​ណា​សោះ​ឡើយ។
37នៅ​ថ្ងៃ​បន្ទាប់ ពេលព្រះយេស៊ូ​យាង​ចុះ​ពី​លើ​ភ្នំ​ជា​មួយ​សិស្ស​មក​វិញ មាន​បណ្ដាជន​យ៉ាង​ច្រើន​មកជួប​ព្រះអង្គ។
38មើល មាន​បុរស​ម្នាក់​ស្រែក​ពី​កណ្ដាល​ចំណោម​បណ្ដាជន​មក​ថា៖ «លោក​គ្រូ​អើយ! សូម​លោកគ្រូមេត្តាមកមើល​កូន​ប្រុស​ខ្ញុំ​​ផង ព្រោះ​ខ្ញុំ​​មាន​កូន​តែ​មួយ​នេះ​គត់។
39ពេល​វិញ្ញាណ​អាក្រក់​ចូល​ម្ដងៗ ​វា​ស្រែក​រើបំរះ ប្រកាច់ប្រកិន និងបែក​ពពុះ​មាត់ថែមទៀត។ លុះ​ធ្វើ​បាប​វា​យ៉ាង​ធ្ងន់​ហើយ វិញ្ញាណ​អាក្រក់​ក៏​ចេញ​ទៅ ទុក​កូន​ខ្ញុំ​​ឲ្យនៅ​គ្រាំគ្រា។
40ខ្ញុំបាន​អង្វរ​សិស្ស​របស់​លោកឲ្យ​ដេញ​វិញ្ញាណ​អាក្រក់​នោះ​ចេញដែរ ប៉ុន្តែពួកគេ​មិន​អាច​ដេញ​វា​​បាន»។
41ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «ពួក​មនុស្សមិន​ព្រម​ជឿ​ និងជំនាន់មនុស្សអាក្រក់អើយ! តើ​​ខ្ញុំត្រូវ​ទ្រាំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា​ទៀត? ចូរ​នាំ​កូន​ប្រុសរបស់​អ្នក​មកទីនេះ»។
42ខណៈពេល​ក្មេង​នោះ​ដើរ​ចូល​មក​ជិត​ព្រះយេស៊ូ ​អារក្ស​ផ្ដួលកូននោះ និងធ្វើឲ្យវា​ប្រកាច់ប្រកិន​យ៉ាង​ខ្លាំង។ ប៉ុន្តែ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​គំរាម​ទៅ​វិញ្ញាណ​អាក្រក់ និងប្រោសកុមារនោះ រួចព្រះអង្គ​ប្រោស​ក្មេង​នោះ​​​ជា ហើយក៏​ប្រគល់​ទៅ​​ឪពុករបស់ក្មេងនោះ​​វិញ។
43បន្ទាប់មក មនុស្ស​គ្រប់​គ្នា​ស្ងើចសរសើរ​អំពីភាពអស្ចារ្យរបស់​ព្រះជាម្ចាស់។ ខណៈ​ពេល​មនុស្ស​គ្រប់ៗ​គ្នា​កំពុង​កោត​ស្ញប់ស្ញែង នឹង​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ព្រះយេស៊ូ​បាន​ធ្វើ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​ពួក​សិស្ស​ថា៖
44«ចូរអ្នករាល់គ្នា​​ចងចាំ​ពាក្យ​ទាំង​នេះទុក​ក្នុង​ចិត្ត គឺ​ថាបុត្រ​មនុស្សនឹង​ត្រូវ​គេ​បញ្ជូន ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​លោក​ជា​មិន​ខាន»។
45ប៉ុន្តែពួក​សិស្ស​មិន​យល់​ព្រះបន្ទូល​នេះ​ទេ។ ​ព្រះជាម្ចាស់​ពុំទាន់បង្ហាញ​អត្ថន័យឲ្យ​គេ​យល់នៅឡើយ ដូច្នេះ ពួក​គេខ្លាច​មិន​ហ៊ាន​ទូល​សួរ​ព្រះអង្គ​អំពីអត្ថន័យឡើយ។
46បន្ទាប់មកក៏មានការ​ជជែក​គ្នាក្នុង​ចំណោម​ពួក​គេ ថាតើនរណា​ធំ​ជាង​គេ។
47ព្រះយេស៊ូ​ឈ្វេង​យល់​ចិត្តគំនិតពួកគេ រួចក៏​យក​ក្មេង​ម្នាក់​ឲ្យមក​ឈរ​ក្បែរ​ព្រះអង្គ
48រួច​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «អ្នក​ណា​ក៏ដោយដែលទទួល​ក្មេង​នេះ​ក្នុង​នាម​ខ្ញុំ ក៏​ដូច​ជា​បាន​ទទួល​ខ្ញុំ​ដែរ ហើយ​អ្នក​ណា​ក៏ដោយដែលទទួល​ខ្ញុំ ក៏​ដូច​ជា​បាន​ទទួល​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យមក​នោះ​ដែរ។ ដ្បិត​អ្នក​ណា​មាន​ឋានៈតូច​ទាប​ជាង​គេ​ក្នុង​ចំណោម​អ្នក​ទាំងអស់គ្នា គឺ​អ្នក​នោះ​ហើយ​ជា​អ្នក​ធំ​ជាង​គេ»។
49លោក​យ៉ូហាន​ទូល​ព្រះអង្គ​ថា៖ «លោកគ្រូ! យើង​ខ្ញុំ​បាន​ឃើញ​បុរស​ម្នាក់​ដេញ​អារក្ស ក្នុង​នាម​លោកគ្រូដែរ ហើយយើង​ខ្ញុំ​ក៏បាន​ឃាត់​គាត់ ពីព្រោះ​គាត់​មិន​មក​តាម​លោកគ្រូ​ដូច​យើង​ខ្ញុំឡើយ»។
50ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​វិញ​ថា៖ «កុំ​ឃាត់​គេ​អី! ព្រោះ​អ្នក​ណាក៏ដោយ​មិន​ជំទាស់​នឹង​អ្នក​រាល់​គ្នា អ្នក​នោះ​នៅ​ខាង​អ្នក​រាល់​គ្នា​ហើយ»។
51ពេលជិត​ដល់​ថ្ងៃ​កំណត់ ​ដែល​ព្រះយេស៊ូ​ត្រូវ​យាង​ចាក​ចេញ​ពី​លោក​នេះ​ទៅ ព្រះអង្គ​​យាង​ទៅ​ក្រុង​យេរូសាឡិម។
52ព្រះអង្គ​បាន​ចាត់​បញ្ជូនមនុស្ស​ខ្លះឲ្យ​​ទៅ​មុន ហើយពួកគេចេញ​ដំណើរ​ទៅ​ដល់​ភូមិ​មួយ​របស់​អ្នក​ស្រុក​សាម៉ារី ដើម្បី​រៀបចំ​កន្លែង​ថ្វាយ​ព្រះអង្គ។
53ប៉ុន្តែ អ្នកភូមិនោះមិនបាន​ទទួល​ព្រះអង្គស្នាក់នៅ​ឡើយ ព្រោះ​ព្រះអង្គ​ត្រូវយាង​ឆ្ពោះ​ទៅ​ក្រុង​យេរូសាឡិម។
54ពេល​សិស្ស​ពីរ​នាក់របស់ព្រះអង្គ គឺ​លោក​យ៉ាកុប និង​លោក​យ៉ូហាន​ឃើញ​ដូច្នោះ ក៏ទៅ​ទូលប្រាប់​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះអម្ចាស់! តើ​ព្រះអង្គ​សព្វ​ព្រះហឫទ័យឲ្យ​យើង​ខ្ញុំ​ហៅ​​ភ្លើងពីស្ថានសួគ៌មកបញ្ឆេះ​កំទេច​អ្នក​ទាំង​នេះ​ឬ?»
55ប៉ុន្តែព្រះអង្គបែរ​ និង​ស្ដី​បន្ទោសពួក​គេ
56រួចព្រះអង្គ​យាង​ឆ្ពោះ​ទៅ​កាន់​ភូមិ​មួយ​ផ្សេង​ទៀត​។
57កាល​ព្រះយេស៊ូ​កំពុង​យាង​តាម​ផ្លូវ​ មាន​បុរស​ម្នាក់​ទូល​ព្រះអង្គ​ថា៖ «ខ្ញុំ​ប្របាទ​សុខ​ចិត្ត​ទៅ​តាម​លោក ​ទីកន្លែង​ណា​ក៏​ដោយដែលលោកទៅ»។
58ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គាត់​វិញ​ថា៖ «សត្វ​កញ្ជ្រោង​មាន​រូង​របស់​វា បក្សាបក្សីលើមេឃ​ក៏​មាន​សំបុក​របស់​វា​ដែរ ប៉ុន្តែ បុត្រ​មនុស្ស​គ្មានកន្លែង​កើយក្បាលទេ»។
59រួចព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​ម្នាក់​ទៀត​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ»។ ប៉ុន្តែ អ្នក​នោះ​ទូល​ព្រះអង្គ​ថា៖ «ព្រះអម្ចាស់អើយ! ដំបូង សូម​លោក​មេត្តា​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្របាទ​ទៅ​បញ្ចុះ​សព​ឪពុក​សិន»។
60ប៉ុន្តែ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គាត់​វិញ​ថា៖ «ទុក​ឲ្យ​មនុស្ស​ស្លាប់​បញ្ចុះ​សព​គ្នា​គេ​ចុះ។ រីឯ​អ្នក​វិញ ចូរ​ចេញទៅ​ប្រកាស​ដំណឹងស្តីអំពី​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់វិញ ប្រសើរជាង»។
61រួចមាន​ម្នាក់​ទៀត​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់! ខ្ញុំ​ប្របាទ​សុខ​ចិត្ត​ទៅ​តាម​លោក​ដែរ ប៉ុន្តែ ដំបូងសូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្របាទ​ទៅ​​លា​ក្រុម​គ្រួសារ​សិន»។
62ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​វិញ​ថា៖ «អ្នក​ណា​កាន់​នង្គ័ល ហើយ​បែរ​ជា​ងាក​មើល​ក្រោយ អ្នក​នោះ​មិនសក្តិសមនឹង​ព្រះរាជ្យរបស់​ព្រះជាម្ចាស់​ឡើយ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។