ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

លូកា 8

Read Scripture freely. Divine Threads study for this chapter is coming later.

1បន្ទាប់​មក​ទៀត ព្រះយេស៊ូ​យាង​ទៅ​តាម​ក្រុង​ និងតាម​ភូមិ​នានា ដើម្បីបង្រៀនព្រះបន្ទូល និង​ប្រកាស​ដំណឹងល្អស្តីអំពី​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់។ សាវកទាំង​ដប់ពីរ​រូបក៏​ទៅ​ជា​មួយ​ព្រះអង្គ
2ព្រមទាំងមាន​ស្ត្រីៗ​ខ្លះ​ទៀត ​ដែល​ព្រះអង្គ​បាន​ប្រោស​ឲ្យ​ជា​ពី​ជំងឺ និង​បណ្ដេញ​វិញ្ញាណ​អាក្រក់​ចេញ គឺ​មាន​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដាឡា ដែល​ព្រះអង្គ​បាន​ដេញ​អារក្ស​ប្រាំពីរ​ចេញ​ពី​នាង
3នាង​យ៉ូអាន់ ភរិយា​របស់​លោកឃូសាជាមហាតលិក​របស់​ព្រះបាទ​ហេរ៉ូដ នាង​ស៊ូសាន ព្រម​ទាំង​ស្ត្រី​ឯ​ទៀតៗ​ជា​ច្រើន ដែល​បាន​ចំណាយ​ធនធាន​របស់​ខ្លួន ដើម្បី​ទំនុក​បម្រុង​ព្រះយេស៊ូ និង​សិស្ស​ពួក​ព្រះអង្គ។
4ខណពេល​បណ្ដាជន​ច្រើន​កុះករកំពុងតែជួបជុំគ្នា និងមានមនុស្ស​ចេញ​ពី​ទីក្រុង​មួយទៅទីក្រុងមួួយជួបព្រះអង្គ នោះព្រះអង្គ​មាន​ព្រះបន្ទូល​ជា​ប្រស្នា​ដូច​ត​ទៅ៖
5«មានកសិករ​ម្នាក់​ចេញ​ទៅ​ព្រោះ​គ្រាប់​ពូជ។ កាល​គាត់កំពុងតែ​ព្រោះ នោះមាន​គ្រាប់​ពូជ​ខ្លះ​ធ្លាក់​ទៅ​លើ​ផ្លូវ ត្រូវ​គេ​ដើរ​ជាន់ ហើយ​សត្វ​មក​ចឹក​ស៊ី​អស់​ទៅ។
6​​ខ្លះ​ទៀត ធ្លាក់​ទៅ​លើ​ដី​មាន​ថ្ម ពេល​ពន្លកវា​ដុះ​ឡើង វាក៏​ក្រៀម​ស្វិត ទៅ​វិញ ព្រោះ​គ្មាន​ទឹក។
7ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ដី​មាន​បន្លា ហើយបន្លា​ដុះ​ឡើង​ជា​មួយ​គ្រាប់​ពូជ និង​រួប​រឹត​គ្រាប់​ពូជ​នោះ។
8ប៉ុន្តែគ្រាប់​ពូជ​ខ្លះ​ទៀត ធ្លាក់​ទៅ​លើ​ដី​មាន​ជីជាតិ​ល្អ គ្រាប់​ពូជ​ដុះ​ឡើង ផ្តល់ផល​មួយ​ជា​មួយ​រយ»។ បន្ទាប់ពីព្រះយេស៊ូ​មានព្រះបន្ទូលរួចហើយ ព្រះអង្គក៏បន្លឺថា៖ «អស់​អ្នក​ដែលឮ សូមស្តាប់ពិចារណា​ចុះ»។
9ពួកសិស្សសួរ​ព្រះយេស៊ូថា តើប្រស្នានេះមានន័យដូចម្តេច។
10ព្រះអង្គ​តបទៅពួកគេថា៖ «គម្រោងការ​ដ៏​លាក់​កំបាំង​នៃ​ព្រះរាជ្យរបស់​ព្រះអង្គ បានប្រទានឲ្យអ្នករាល់គ្នាហើយ តែចំពោះមនុស្សអ្នក​ដទៃ ខ្ញុំនិយាយជាប្រសា្នវិញ ដូច្នេះ ទោះ​បី​គេ​មើល ក៏​ពុំ​ឃើញ ទោះ​បី​គេ​ស្ដាប់ ក៏​ពុំ​យល់​ដែរ»។
11​ប្រស្នា​នេះ​មាន​ន័យ​ថា គ្រាប់​ពូជ​ជា​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់។
12គ្រាប់ពូជខ្លះធ្លាក់លើ​ផ្លូវ គឺអស់អ្នកណាដែល​បាន​ស្ដាប់​ព្រះបន្ទូល តែ​សាតាំង​មក​ឆក់​យក​ពី​ចិត្ត​គេ ដើម្បី​កុំ​ឲ្យ​គេ​ជឿ និងទទួលការសង្រ្គោះ។
13ពូជខ្លះដែលធ្លាក់​លើ​​ដី​មាន​ថ្ម ហើយពេល​ស្ដាប់​ព្រះបន្ទូល​ហើយ គេ​ទទួល​យក​ដោយ​អំណរ។ តែព្រះបន្ទូល​ពុំបានចាក់​ឫស​ឡើយ គេ​ជំនឿតែមួួយរយខ្លី ហើយពេលមានការល្បងមកដល់ គេក៏បោះចង់ជំនឿចោល។
14គ្រាប់​ពូជ​ដែល​ធ្លាក់​ទៅ​លើ​ដី​មាន​បន្លា ប្រៀប​បី​ដូច​ជា​អស់​អ្នក​ដែល​បាន​ស្ដាប់​ព្រះបន្ទូល ​តែប្រព្រឹត្តតាមចិត្តខ្លួន និង​រួប​រឹតដោយការខ្វល់ខ្វាយ និងលោភលន់ទ្រព្យសម្បត្តិ ព្រមទាំងចិត្តស្រើបស្រាល ធ្វើឲ្យជីវិតគេគ្មាន​ផល​ផ្លែចាស់ទុំឡើយ។
15តែ​គ្រាប់​ពូជ​ធ្លាក់​ទៅ​លើ​ដី​មាន​ជីជាតិ​ល្អ ប្រៀប​បី​ដូច​ជា​អស់​អ្នក​ដែល​ស្ដាប់​ព្រះបន្ទូល​ស្មោះ​អស់​ពី​ចិត្ត ហើយចងចាំទុកក្នុងចិត្ត និង​បង្កើត​ផល​ផ្លែ​ដោយ​ចិត្ត​ស៊ូ​ទ្រាំ។
16ឥឡូវនេះ គ្មាននរណា​អុជ​ចង្កៀង ហើយ​យក​ធុង​មក​គ្រប​ពី​លើ ឬ​យក​ទៅ​ដាក់​ក្រោម​គ្រែ​ទេ។ ផ្ទុយទៅវិញ គេ​​យក​ចង្កៀង​ទៅ​ដាក់​លើ​ជើង​ចង្កៀង ដូច្នេះ វានឹងបំភ្លឺគ្រប់គ្នាដែលចូលមកក្នុងផ្ផ្ទះ។
17គ្មាន​ការ​លាក់​កំបាំង ដែលគេមិន​ដឹងឡើយ ហើយ​គ្រប់​អាថ៌កំបាំង ក៏​នឹងបើកបង្ហាញឲ្យ​មនុស្ស​គ្រប់​គ្នា​ស្គាល់​ច្បាស់​ដែរ។
18ដូច្នេះ ចូរ​ប្រុង​ប្រយ័ត្ន​ឲ្យមែនទែន ដ្បិតអ្នក​ណា​ដែលមាន​ហើយ ព្រះជាម្ចាស់​នឹង​ប្រទាន​ឲ្យមាន​ថែម​ទៀត ​តែ​អ្នក​ណា​ដែល​គ្មាន ព្រះអង្គ​នឹង​ហូត​យក​នូវ​អ្វីៗ​ដែល​ខ្លួន​គិត​ថា​មាន​នោះ​ផង»។
19បន្ទាប់មកមាតា និង​បង​ប្អូន​របស់​ព្រះយេស៊ូ​មក​រក​ព្រះអង្គ ប៉ុន្តពួកគេពុំអាច​ចូល​ទៅ​ជិត​ព្រះអង្គ​បាន​ឡើយ ព្រោះមហាជនច្រើន​ពេកនៅទីនោះ។
20​គេ​ទូល​ព្រះអង្គ​ថា៖ «ម្ដាយ​លោក និង​បង​ប្អូន​លោកឈរ​នៅ​ខាង​ក្រៅ ពួកគេចង់​ជួប​លោក»។
21ប៉ុន្តែ ព្រះយេស៊ូ​មាន​ព្រះបន្ទូលតប​ទៅ​គេ​ថា៖ «ម្តាយ និងបងប្អូនខ្ញុំគឺអស់​អ្នក​ដែល​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ហើយ​ប្រតិបត្តិ​តាម»។
22ថ្ងៃ​មួយ ព្រះយេស៊ូ​យាង​ជិះ​ទូក​ជា​មួយពួក​សិស្ស រួចព្រះអង្គ​មាន​ព្រះបន្ទូលទៅពួកគេ​ថា៖ «យើង​នាំ​គ្នា​ឆ្លង​បឹងទៅ​ត្រើយ​ម្ខាងទៀត»។ ពួក​សិស្ស​ក៏​ចេញ​ទូក​ទៅ។
23ប៉ុន្តែ ពេល​ឆ្លង​ទៅ​នោះ ព្រះយេស៊ូ​ផ្ទំ​លក់។ ពេលនោះ​មាន​ខ្យល់​ព្យុះ​បក់​បោក​យ៉ាង​ខ្លាំងមក​លើ​បឹង ធ្វើឲ្យ​ទឹក​ជះ​ចូល​ពេញ​ទូក ហើយ​ទាំង​អស់​គ្នា​ស្ថិត​ក្នុង​គ្រោះថ្នាក់។
24ពួក​សិស្ស​ចូល​ទៅ​ជិត​ព្រះយេស៊ូ និង​ដាស់​ព្រះអង្គ​ដោយទូលថា៖ «លោកគ្រូ! លោកគ្រូ! យើង​ជិតស្លាប់​​ហើយ!»។ ព្រះយេស៊ូ​តើន​ឡើង និង​គំរាម​ខ្យល់​ព្យុះ និង​ទឹករលកធំៗ ស្រាប់តែ​រលក​ក៏​ស្ងប់ទៅវិញ។
25រួចព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ជំនឿ​របស់​អ្នក​រាល់​គ្នា​នៅ​ឯ​ណា?» ហើយពួក​សិស្ស​ភ័យខ្លាច។ ពេលពួកគេភ័យខ្លាច នោះពួកគេក៏​ស្ងើច​សរសើរ​ផងដែរ រួចគេសួរគ្នាទៅវិញ​ទៅ​មក​ថា៖ «តើ​លោក​នេះ​ជានរណា បានហ៊ានបញ្ជា​ទៅ​ខ្យល់ និង​ទឹកភ្លាម ស្រាប់តែខ្យល់ និង​ទឹក ​ស្ដាប់​​បង្គាប់​លោក​ដូច្នេះ?»។
26ពួកគេបាន​មក​ដល់​តំបន់​គេរ៉ាស៊ីន​នៅ​ត្រើយ​ម្ខាង ទល់​មុខ​ស្រុក​កាលីឡេ។
27កាល​ព្រះអង្គ​យាង​ឡើង​គោក ព្រះអង្គបានជួបបុរសម្នាក់មកពីទីក្រុង ដែលគាត់​មាន​អារក្ស​ចូល។ គាត់មិនស្លៀកពាក់អ្វី និងមិនព្រមទាំងមិន​រស់​នៅ​ក្នុង​ផ្ទះយូរមកហើយ តែគាត់រស់នៅ​តាមផ្នូរខ្មោច។
28ពេល​គាត់​ឃើញ​ព្រះយេស៊ូ គាត់ស្រែកយ៉ាងខ្លាំង និង​ក្រាប​ទៀប​ព្រះបាទា​ព្រះអង្គ ហើយ​ទូលព្រះអង្គដោយសំឡេងខ្លាំងៗថា៖ «ឱ​ព្រះយេស៊ូ​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​ដ៏​ខ្ពង់ខ្ពស់​បំផុត​អើយ! តើ​ព្រះអង្គ​ចង់​ធ្វើ​អ្វី​ទូលបង្គំ? សូម​ព្រះអង្គកុំ​ធ្វើ​ទុក្ខ​ទោស​ទូលបង្គំ​អី»។
29ដ្បិតព្រះយេស៊ូបាន​បញ្ជា​ទៅវិញ្ញាណអាក្រក់ ឲ្យវាចេញ​ពី​បុរស​នោះទៅ។ វា​ចូលទៅបុរសនោះច្រើនដង ហើយគេបាន​យក​ច្រវាក់មកចង​ដៃ​ចង​ជើង​គាត់ និង​ដាក់​ខ្នោះ​ទុក​មួយ​កន្លែង តែ​គាត់​កាច់​ច្រវាក់​បាន ហើយ​អារក្ស​នាំ​គាត់​ទៅ​ទី​រហោស្ថាន។
30បន្ទាប់មក ព្រះយេស៊ូ​មាន​ព្រះបន្ទូល​សួរ​ថា៖ «ឯង​ឈ្មោះ​អី?» រួច​វា​ឆ្លើយ​ថា៖ «ទូលបង្គំ​ឈ្មោះ​កងទ័ព» ដ្បិតមាន​អារក្ស​ជា​ច្រើន​ចូល​ក្នុង​បុរស​នោះ។
31អារក្ស​ទាំង​នោះ​នៅតែទទូច​អង្វរ​ព្រះយេស៊ូ សូម​ព្រះអង្គកុំបញ្ជូន​ពួក​វា​ទៅ​ស្ថាននរកឡើយ។
32ឥឡូនេះ មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​រក​ស៊ី​តាម​ចង្កេះ​ភ្នំ។ ពួក​អារក្ស​បាន​អង្វរ​ព្រះអង្គ សូម​អនុញ្ញាត​ឲ្យវា​ចូល​ក្នុង​ជ្រូក​ទាំង​នោះ ព្រះយេស៊ូ​ក៏​អនុញ្ញាត។
33ដូច្នេះ អារក្ស​ក៏ចេញ​ពី​បុរស​នោះ​ចូល​ទៅ​ក្នុង​ជ្រូក រួចហ្វូង​ជ្រូក​បោល​ចុះ​តាម​ជម្រាល​ភ្នំតម្រង់​ទៅ​បឹង និងលង់​ទឹក​ងាប់​អស់​ទៅ។
34ពេល​អ្នក​ថែរក្សា​ហ្វូង​ជ្រូក​ឃើញ​ហេតុការណ៍​កើត​ឡើង​ដូច្នេះ ពួកគេក៏​រត់​យក​ទៅ​ប្រាប់ហេតុការណ៍ដល់​អ្នកក្រុង និងជនបទ។
35ដូច្នេះ មនុស្សម្នា​នាំ​គ្នា​ចេញ​ទៅ​មើល​ហេតុការណ៍​នោះ រួចពួកគេ​ចូល​មក​រក​ព្រះយេស៊ូ​ ស្រាប់តែឃើញ​បុរសម្នាក់​ដែល​អារក្ស​ចេញនោះ អង្គុយ​នៅ​ទៀប​ព្រះបាទា​ព្រះអង្គ។ គាត់​ស្លៀក​ពាក់បានត្រឹមត្រូវ និង​ដឹង​ស្មារតីឡើងវិញ រួចគេ​ក៏​ស្ញែង​ខ្លាច​ព្រះអង្គគ្រប់ៗគ្នា។
36បន្ទាប់មក អស់​អ្នក​ដែល​បាន​ឃើញ​ហេតុការណ៍នេះ ​រៀប​រាប់​អំពី​របៀប​ដែល​ព្រះយេស៊ូ​ប្រោស​បុរស​អារក្ស​ចូល ឲ្យបានជាឡើងវិញ។
37ប្រជាជននៅតំបន់​គេរ៉ាស៊ីន​ទាំងមូល សុំអង្វរឲ្យ​ព្រះយេស៊ូ​ចាក​ចេញ​ពី​ភូមិ​ស្រុករបស់​គេ ដ្បិត​គេ​ភ័យ​ខ្លាច​ខ្លាំង​។ ដូច្នេះព្រះអង្គ​ក៏​យាង​ចុះ​ទូក​ត្រឡប់​ទៅ​វិញ។
38បុរស​ដែល​អារក្ស​ចូល​នោះ បាន​សុំអង្វរទៅជា​មួយ​ព្រះអង្គ​ដែរ ប៉ុន្តែ ព្រះយេស៊ូ​មិន​យល់​ព្រម ដោយមានព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖
39«ចូរ​​ត្រឡប់​ទៅ​ផ្ទះ​អ្នកវិញ​ចុះ ហើយ​រៀប​រាប់​ហេតុការណ៍​ទាំង​ប៉ុន្មាន ដែល​ព្រះជាម្ចាស់​ធ្វើចំពោះរូប​អ្នក»។ បុរស​​នោះ​ចេញ​ទៅផ្ទះវិញ ដោយប្រកាស​ប្រាប់​​អ្នក​ក្រុងទាំងអស់ ​អំពី​កិច្ចការដែល​ព្រះយេស៊ូ​បាន​ធ្វើចំពោះរូបគាត់។
40ពេល​ព្រះយេស៊ូ​យាង​ត្រឡប់​មក​វិញ បណ្ដាជន​នាំ​គ្នាមក​ទទួល​ព្រះអង្គ ព្រោះ​គេ​ចាំ​មើល​ផ្លូវ​ព្រះអង្គគ្រប់ៗគ្នា។
41មើល៍! មានបុរសម្នាក់ឈ្មោះយ៉ៃរូសជាអ្នកមេដឹកនាំម្នាក់​លើ​សាលា​ប្រជុំ ក៏​ចូល​មក​ជិត​ព្រះយេស៊ូ​ក្រាប​ទៀប​ព្រះបាទា​ព្រះអង្គ ហើយសុំអង្វព្រះអង្គឲ្យ​យាង​ទៅ​ផ្ទះ​គាត់
42ព្រោះកូនស្រីតែមួយគាត់អាយុ​ប្រហែល​ដប់ពីរ​ឆ្នាំ កំពុង​ឈឺជិត​ស្លាប់។ កាល​ព្រះយេស៊ូ​យាង​ទៅតាម​ផ្លូវ ស្រាប់តែ​មាន​មហាជន​ប្រជ្រៀត​គ្នា​ជុំវិញ​ព្រះអង្គ។
43នៅទី​នោះ មាន​ស្ត្រី​ម្នាក់មានជំងឺ​ធ្លាក់​ឈាម​ដប់ពីរ​ឆ្នាំ​មក​ហើយ នាង​បាន​ចំណាយ​ទ្រព្យសម្បត្តិ​ដែលមានទាំងអស់ នៅតែ​គ្មាន​គ្រូ​ពេទ្យ​ណា​អាច​ព្យាបាលនាងបានជាសះស្បើយ។
44នាង​ចូលមក​ពី​ក្រោយ​ព្រះយេស៊ូ រួច​ពាល់​ជាយ​ព្រះពស្ដ្រ​ព្រះអង្គ ភ្លាមនោះស្រាប់​តែ​ឈាម​ឈប់​ធ្លាក់។
45ព្រះយេស៊ូ​មាន​ព្រះបន្ទូល​សួរ​ថា៖ «តើនរណា​ពាល់​ខ្ញុំអំបាញ់ម៉ិញនេះ?»។ គេ​ប្រកែក​គ្រប់​គ្នាថាមិនបានពាល់ទេ រួចលោក​ពេត្រុស​ទូល​ថា៖ «លោកគ្រូអើយ​ មានបណ្ដាជន​​ប្រជ្រៀត​គ្នា​​ជុំវិញលោកគ្រូ ហើយប្រាកដជាមាន​គេ​ប៉ះ​លោកគ្រូមិនខាន»។
46ប៉ុន្តែ ព្រះយេស៊ូ​មាន​ព្រះបន្ទូលតប​ថា៖ «ពិជាមាន​ម្នាក់​បាន​ពាល់​ខ្ញុំ ព្រោះ​ខ្ញុំ​ដឹង​ថា​មាន​ឫទ្ធានុភាព​មួយ​ចេញ​ពី​ខ្លួន​ខ្ញុំ​ទៅ»។
47ពេលស្ត្រី​នោះដឹងនាងមិនអាចលាក់បាំងបានទៀត នាង​ញ័រ​រន្ធត់ រួចក្រាបព្រះបាទាព្រះអង្គ។ នាងប្រកាស​នៅ​ចំពោះ​មុខ​ប្រជាជន​ទាំង​មូល អំពីមូល​ហេតុ​ដែល​នាំ​ឲ្យ​នាង​ពាល់​ព្រះអង្គ ហើយ​នាងក៏​បាន​ជា​ពី​ជំងឺ​មួយរំពេច។
48រួចមក ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​នាង​ថា៖ «កូន​ស្រី​អើយ! ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ សូម​អញ្ជើញ​ទៅឲ្យបាន​សុខសាន្ត​ចុះ»។
49ខណៈពេល​ព្រះយេស៊ូ​កំពុង​តែ​មាន​ព្រះបន្ទូល​នៅ​ឡើយ ស្រាប់តែមាន​បុរស​ម្នាក់​មក​ពី​ផ្ទះ​លោក​យ៉ៃរូស ជម្រាប​គាត់​ថា៖ «កូន​ស្រី​លោក​ផុត​ដង្ហើមស្លាប់​ទៅ​ហើយ។ សូម​កុំ​រំខាន​លោក​គ្រូ​ធ្វើ​អ្វី​ទៀត»។
50ប៉ុន្តែ ពេលព្រះយេស៊ូ​ឮ​ពាក្យ​បុរស​នោះ ​ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​លោក​យ៉ៃរូស​ថា៖ «កុំ​ខ្លាច​អី! លោកគ្រាន់តែ​ជឿទៅ នោះកូន​លោក​នឹង​បាន​ជាវិញពុំខាន»។
51ពេលព្រះអង្គ​យាង​ទៅ​ដល់​ផ្ទះ​ហើយ ព្រះអង្គ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ចូល​ជា​មួយ​ឡើយ លើកលែង​តែ​លោក​ពេត្រុស លោក​យ៉ូហាន និងលោក​យ៉ាកុប ព្រមទាំង​ឪពុកម្ដាយ​ក្មេង​ស្រី​នោះតែ​ប៉ុណ្ណោះ។
52ឥឡូវនេះ គ្រប់គ្នានៅទីនោះកំពុងតែយំ​សោក​អាណិត​ក្មេង​នោះ​គ្រប់ៗ​គ្នា តែ​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «កុំ​យំ​អី! នាង​មិន​ស្លាប់​ទេ នាង​គ្រាន់​តែ​ដេក​លក់​ប៉ុណ្ណោះ!»។
53ប៉ុន្តែអ្នកនៅទីនោះសើចចំអក​ដាក់​ព្រះអង្គ ដោយគេគ្រប់គ្នាដឹង​ស្លាប់​ពិត​មែន។
54ព្រះយេស៊ូ​ចាប់​ដៃ​ក្មេង​ស្រី​នោះ ហើយ​បន្លឺ​សំឡេង​ខ្លាំងៗ​ថា៖ «កូនស្រី​អើយ! ក្រោក​ឡើង!»។
55ព្រលឹង​នាង​ក៏​ត្រឡប់​មក​វិញ រំពេចនោះហើយ​នាង​ក្រោក​ឡើង​ភ្លាម។ ព្រះអង្គបង្គាប់ពួក​គេឲ្យ​យក​ចំណី​អាហារ​មក​ឲ្យ​នាង​បរិភោគ។
56ឪពុកម្ដាយ​របស់​នាង​ងឿងឆ្ងល់​ក្រៃលែង តែ​ព្រះយេស៊ូ​ហាម​គេ​មិន​ឲ្យ​ប្រាប់​នរណា​អំពើហេតុការណ៍នេះឡើយ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។