ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

លូកា 10

Read Scripture freely. Divine Threads study for this chapter is coming later.

1ក្រោយ​មកទៀត ព្រះអម្ចាស់បាន​ជ្រើសរើស​សិស្ស​ចិតសិប​ររូប​ទៀត ហើយ​ចាត់​គេ​ពីរៗ​នាក់ឲ្យចេញ​​ទៅ​តាម​ក្រុង​នានា ដែល​ព្រះអង្គ​បម្រុង​នឹង​យាង​ទៅ។
2ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ចម្រូត​មាន​ច្រើន​ណាស់ តែ​អ្នក​ច្រូត​មាន​តិច​។ ហេតុ​នេះ ចូរ​អង្វរ​ម្ចាស់ចម្រូតឲ្យ​ចាត់​អ្នក​ច្រូត​មក​ក្នុង​ស្រែ​របស់​លោកថែមទៀត។
3ចូរ​នាំ​គ្នា​ទៅ​ចុះ។ មើល ខ្ញុំ​ចាត់បញ្ជូន​អ្នក​រាល់​គ្នា​ទៅ ដូច​ជា​កូន​ចៀម​នៅកណ្ដាល​ហ្វូង​ចចក។
4កុំ​យក​ថង់​ប្រាក់ កាបូបស្ពាយ ឬ​ស្បែក​ជើង​ទៅ​ជា​មួយ​ឡើយ ហើយ​ក៏​កុំ​ជម្រាបសួរ​អ្នក​ណា​តាម​ផ្លូវ​ដែរ។
5ផ្ទះណាក៏ដោយដែលអ្នក​រាល់​គ្នា​ចូល​ទៅ​ មុន​ដំបូង​ត្រូវ​ពោល​ថា៖ «សូម​ព្រះជាម្ចាស់​ប្រទាន​សេចក្ដី​សុខសាន្ត ដល់​មនុស្ស​ក្នុង​ផ្ទះ​នេះ»។
6បើ​មាន​មនុស្ស​ណា​ចូល​ចិត្ត​សេចក្ដី​សុខសាន្តនៅក្នុងផ្ទះនោះ គេ​នឹង​បាន​សុខសាន្ត ដូច​ពាក្យ​អ្នក​រាល់​គ្នា​បានប្រាប់ តែបើ​គ្មាន​ទេ សេចក្ដី​សុខសាន្ត​នោះនឹង​វិល​ត្រឡប់​មក​អ្នក​រាល់​គ្នា​វិញជាមិនខាន។
7ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ ​បរិភោគ​ម្ហូប​អាហារ និងពិសាទឹក​ដែល​គេ​ជូន​អ្នក​រាល់​គ្នា​ ដ្បិតអ្នក​ធ្វើ​ការ​តែងតែ​ទទួល​ប្រាក់​ឈ្នួល។ មិន​ត្រូវរើកន្លែងស្នាក់​ពី​ផ្ទះ​មួយ​ទៅ​នៅ​ផ្ទះ​មួយ​ទៀត ឆាប់ពេកឡើយ។
8មិនថាអ្នកចូលទៅក្រុងណាទេ ហើយបើ​មាន​គេ​ទទួល​អ្នក​រាល់​គ្នា ត្រូវ​បរិភោគ​ម្ហូប​អាហារ​ដែល​គេ​រៀប​ជូននោះ​ចុះ
9ហើយត្រូវ​ប្រោស​អ្នក​ជំងឺ​ក្នុង​ភូមិ​នោះ​ឲ្យ​បាន​ជា ហើយ​ប្រាប់​អ្នក​ភូមិ​ថា៖ «ព្រះរាជ្យ​របស់​ព្រះជាម្ចាស់​នៅ​ជិត​អ្នក​រាល់​គ្នា​ហើយ»។
10ពេលណាអ្នកចូល​ទៅ​ក្រុងណា​មួយ ហើយបើ​គេ​មិន​ព្រម​ទទួល​អ្នក​រាល់​គ្នា​ទេ ត្រូវ​ចេញ​ទៅ​តាមផ្លូវ និងប្រកាសថា៖
11«សូម្បី​តែ​ធូលី​ដី​ដែល​ជាប់​ជើង​យើង ក៏​យើង​រលាស់​ឲ្យអ្នក​រាល់​គ្នា​វិញ​ដែរ! ប៉ុន្តែ តោងដឹងថា ​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់​ជិតមកដល់​ហើយ»។
12ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ដែល​ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស អ្នក​ក្រុង​សូដុម​ទទួល​ទោស​ស្រាល​ជាង​អ្នក​ក្រុង​នោះទៅទៀត។
13វេទនាហើយ អ្នក​ក្រុង​ខូរ៉ាស៊ីន​អើយ! អ្នក​ក្រុង​បេតសៃដា​អើយ! ប្រសិន​បើ​អ្នក​ក្រុង​ទីរ៉ូស និង​អ្នក​ក្រុង​ស៊ីដូន​បាន​ឃើញ​ការ​អស្ចារ្យ ដូច​អ្នក​រាល់​គ្នា​ឃើញ​នៅ​ទី​នេះ នោះសម​អ្នក​ក្រុង​ទាំងនោះ​បាន​ប្រែ​ចិត្ត​គំនិតទៅហើយ គឺពួកគេ​ស្លៀក​បាវ​អង្គុយ​ក្នុង​ផេះ​​ជា​មិន​ខាន។
14ប៉ុន្តែ នៅថ្ងៃ​ដែល​ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក អ្នក​ក្រុង​ទីរ៉ូស និង​ក្រុង​ស៊ីដូននឹង​ទទួល​ទោស​ស្រាល​ជាង​អ្នក​រាល់​គ្នា។
15អ្នក​ក្រុង​កាពើណិម​អើយ! តើអ្នកគិតថា អ្នក​នឹង​បាន​ថ្កើង​ឡើង​ដល់​ស្ថានសួគ៌ឬ? ទេ! អ្នក​នឹង​ធ្លាក់​ទៅ​ស្ថាន​នរក​វិញ។
16អ្នក​ណា​ស្ដាប់​អ្នក​រាល់​គ្នា អ្នកនោះក៏​​ស្ដាប់​ខ្ញុំ​ដែរ ហើយអ្នក​ណា​បដិសេធ​មិន​ទទួល​អ្នក​រាល់​គ្នា អ្នកនោះក៏​បដិសេធ​មិន​ទទួល​ខ្ញុំ​ដែរ ហើយ​អ្នក​ណា​មិន​ទទួល​ខ្ញុំ អ្នកនោះក៏​​មិន​ទទួល​ព្រះអង្គ ដែល​ចាត់​ខ្ញុំ​​មក​ដែរ»។
17ពួក​សិស្សទាំង​ចិតសិប​ពីរ​រូប​ត្រឡប់​មក​វិញដោយអំណររ ហើយ​ទូល​ព្រះអង្គ​ថា៖ «ព្រះអម្ចាស់​អើយ​ សូម្បី​តែ​អារក្ស​ក៏​ចុះ​ចូល​ក្រោម​អំណាច​យើង​ខ្ញុំ​ដែរ ដោយសារព្រះនាមព្រះអង្គ»។
18ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ឃើញ​​សាតាំង​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក ដូច​ផ្លេក​បន្ទោរ។
19មើល! ខ្ញុំ​ប្រទានឲ្យ​អ្នក​រាល់​គ្នា​មាន​អំណាច​ដើរ​ជាន់​ពស់ និង​ខ្យាដំរី ព្រម​ទាំង​បង្ក្រាប​ឫទ្ធិអំណាច​គ្រប់​យ៉ាង​របស់​សត្រូវ​ផងដែរ ហើយគ្មាន​អ្វីមួួយ​អាច​ធ្វើ​ទុក្ខ​អ្នក​រាល់​គ្នា​បាន​ឡើយ។
20បើដូច្នេះ កុំអាល​ត្រេក​អរ​ពេល​ឃើញ​វិញ្ញាណ​អាក្រក់​ចុះ​ចូល​អ្នក​រាល់​គ្នា តែត្រូវ​ត្រេក​អរដោយ​ព្រោះអ្នក​រាល់​គ្នា​មាន​ឈ្មោះ​កត់​ទុក​នៅ​ស្ថាន​បរមសុខ​វិញ»។
21ជាមួយគ្នានោះដែរ ព្រះយេស៊ូមាន​ព្រះហឫទ័យ​រីករាយ​ជាខ្លាំង ក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ ហើយព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «ទូលបង្គំ​សូម​សរសើរ​តម្កើង​ព្រះបិតា ជាព្រះអម្ចាស់នៃស្ថានបរមសុខ និងផែនដី ព្រោះ​ព្រះអង្គលាក់អាថ៌កំបាំងទាំងនេះពីអ្នកប្រាជ្ញា និងអ្នកចេះដឹង តែបើកសម្តែងឲ្យ​មនុស្ស​តូចតាច​យល់។ មែន​ហើយ! ព្រះបិតា​សព្វ​ព្រះហឫទ័យ​យ៉ាងណា ព្រះអង្គនឹងសម្រេចយ៉ាងនោះ។
22ព្រះបិតា​​បាន​ផ្ទុកផ្តាក់ការ​ទាំង​អស់​នេះមកឲ្យ​ខ្ញុំ ហើយគ្មាន​នរណា​ស្គាល់​ព្រះបុត្រា​ក្រៅ​ពី​ព្រះបិតាឡើយ ហើយ​ក៏​គ្មាន​នរណា​ស្គាល់​ព្រះបិតា​ក្រៅ​ពី​ព្រះបុត្រាដែរ ហើយនិង​អស់អ្នក​ដែល​ព្រះបុត្រា​សព្វ​ព្រះហឫទ័យបើកសម្តែងឲ្យ​ស្គាល់​នោះ​ដែរ»។
23បន្ទាប់​មក ព្រះយេស៊ូ​បែរ​ទៅ​រក​សិស្ស ហើយ​មាន​ព្រះបន្ទូល​ដាច់​ឡែក​ពី​គេ​ថា៖ «អ្នក​រាល់​គ្នា​មាន​ពរ​ហើយ ព្រោះ​អ្នក​រាល់​គ្នា​បានយល់ដឹងពី ​ហេតុការណ៍ដែលអ្នករាល់គ្នាបានឃើញនេះ។
24ខ្ញុំ​សុំ​​ប្រាប់​អ្នក​រាល់​គ្នា​ថា ​ព្យាការី និង​ស្ដេច​ជា​ច្រើន ប្រាថ្នាចង់ឃើញ​ហេតុការណ៍​ដែល​អ្នក​រាល់​គ្នា​ឃើញ​នេះ​ដែរ តែ​មិន​បាន​ឃើញ និងប្រាថ្នាចង់ឮ​សេចក្ដី​ដែលអ្នករាល់គ្នាបាន​ឮ​នេះ​ដែរ តែ​មិន​បាន​ឮ​សោះ»។
25មើល មាន​បណ្ឌិត​ខាង​ក្រឹត្យវិន័យ​ម្នាក់​ក្រោក​ឈរ​ទូល​សួរ​ព្រះយេស៊ូ ក្នុង​បំណង​ចង់​ចាប់​កំហុស​ព្រះអង្គ​ថា៖ «លោក​គ្រូ! តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​​ទទួល​ជីវិត​អស់កល្ប​ជានិច្ចទុកជាមត៌ក?»
26ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «តើ​ក្នុង​ក្រឹត្យវិន័យ​មាន​ចែង​អ្វី​ខ្លះ? តើ​លោក​យល់​យ៉ាង​ណាពេលអាន?»
27គាត់​ទូល​ឆ្លើយ​ទៅ​ព្រះយេស៊ូ​ថា៖ «ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​អស់​ពី​ចិត្ត​ អស់​ពី​ព្រលឹង អស់​ពី​កម្លាំង និង​អស់​ពីគំនិត ហើយ​ត្រូវ​ស្រឡាញ់​អ្នកជិតខាងដូចខ្លួន​ឯង​ដែរ»។
28ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «លោក​ឆ្លើយ​ត្រឹម​ត្រូវ​ល្អ​ណាស់។ សុំ​ធ្វើ​ដូច្នេះចុះ នោះ​លោក​នឹង​មាន​ជីវិត​ជា​មិន​ខាន»។
29ប៉ុន្តែ អាចារ្យ​នោះ​ចង់​បង្ហាញ​ថា សំណួរ​របស់​គាត់​ត្រឹម​ត្រូវ គាត់​ក៏​សួរ​ព្រះយេស៊ូ​ទៀត​ថា៖ «តើ​នរណា​ជា​អ្នកជិតខាង​របស់​ខ្ញុំ?»។
30ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «មាន​បុរស​ម្នាក់ ធ្វើ​ដំណើរ​ចុះ​ពី​ក្រុង​យេរូសាឡឹម ​ឆ្ពោះ​ទៅ​ក្រុង​យេរីខូ។ គាត់​ត្រូវពួក​ចោរ​ប្លន់​ យកទ្រព្យសម្បត្តិ និងវាយដំ​គាត់ឲ្យរបួស ទុក​គាត់ចោល​នៅ​ស្ដូកស្ដឹង​ស្ទើរស្លាប់។
31ចៃដន្យ មាន​បូជាចារ្យ​មួយ​រូប​ធ្វើដំណើរ​ចុះ​តាម​ផ្លូវ​នោះ ពេលគាត់​ឃើញ​បុរស​នោះ គាត់ក៏​ដើរ​វាង​ហួស​ទៅ។
32ដូចគ្នានេះដែរ មាន​​លេវីម្នាក់ ដើរ​មក​ដល់​កន្លែង​នោះ​ដែរ គាត់​ឃើញ​បុរស​នោះ ក៏​ដើរ​វាង​ហួស​ទៅដែរ។
33ប៉ុន្តែ ​មាន​អ្នក​ស្រុក​សាម៉ារី​ម្នាក់ ធ្វើ​ដំណើរ​មក​តាម​ផ្លូវ​កន្លែងនោះដែរ។ កាលគាត់​ឃើញ​បុរស​នោះ គាត់​មាន​ចិត្ត​អាណិត​​ពន់​ពេក។
34គាត់​ចូល​ទៅ​ជិត​អ្នក​របួស យក​ប្រេង និង​ស្រា​ចាក់​ពី​លើ​មុខ​របួស ព្រមទាំងរុំ​របួសឲ្យគាត់។ ​គាត់​លើក​អ្នក​របួស​ដាក់​លើ​ជំនិះ​របស់​គាត់ នាំ​ទៅ​ផ្ទះ​សំណាក់ ហើយ​ថែ​ទាំ​អ្នក​នោះ។
35ស្អែក​ឡើង​គាត់​យក​ប្រាក់​ពីរកាក់ឲ្យម្ចាស់​ផ្ទះ​សំណាក់​ ហើយ​ផ្ដាំ​ថា «សូម​ថែ​ទាំ​បុរស​នេះ​ផង ប្រសិន​បើ​អ្នក​ចំណាយ​លើស​ពី​ប្រាក់​នេះ ពេល​ខ្ញុំ​ត្រឡប់​មក​វិញ ខ្ញុំ​នឹង​ជូនប្រាក់អ្នក​បង្គ្រប់»។
36ក្នុង​ចំណោម​មនុស្ស​ទាំង​បី​នាក់ តើ​លោក​គិតថា នរណាជា​អ្នកជិតខាង​នឹង​បុរសដែលត្រូវ​ចោរ​ប្លន់​នោះ?»
37អាចារ្យ​ឆ្លើយ​ថា៖ «គឺ​ម្នាក់ដែល​មាន​ចិត្ត​មេត្តាករុណា​ចំពោះ​គាត់»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «សូមអញ្ជើញ​ទៅ និង​ប្រព្រឹត្ត​​ដូច​អ្នក​នោះ​ចុះ!»។
38កាល​ព្រះយេស៊ូ​និង​ពួក​សិស្សកំពុងតែធ្វើដំណើរ ព្រះអង្គ​យាង​ចូល​ក្នុង​ភូមិ​មួយ ហើយមាន​ស្ត្រី​ម្នាក់​ឈ្មោះ​ម៉ាថា នាង​ទទួល​ព្រះអង្គឲ្យស្នាក់នៅ​ក្នុង​ផ្ទះ​នាង។
39នាង​មាន​ប្អូន​ស្រី​ម្នាក់​ឈ្មោះ​ម៉ារី អង្គុយ​នៅ​ទៀប​ព្រះបាទា​ព្រះអម្ចាស់ និងស្ដាប់​ព្រះបន្ទូល​​ព្រះអង្គ។
40ប៉ុន្តែនាង​ម៉ាថា​វិញរវល់​រៀបចំម្ហូបអាហារបម្រើព្រះអង្គ។ នាង​ចូល​មក​ទូល​ព្រះយេស៊ូថា៖ «បពិត្រ​ព្រះអម្ចាស់! តើ​ព្រះអង្គ​មិន​អើពើ​ទេ​ឬ ដែលប្អូនខ្ញុំម្ចាស់ទុកឲ្យខ្ញុំម្ចាស់បម្រើព្រះអង្គតែម្នាក់? សូម​ព្រះអង្គប្រាប់​នាងឲ្យ​មក​ជួយ​ខ្ញុំ​ម្ចាស់​ផង»។
41ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទៅ​នាង​ថា៖ «ម៉ាថា! ម៉ាថា​អើយ! នាងខ្វល់ខ្វាយច្រើនណាស់
42ប៉ុន្តែ មាន​កិច្ចការ​តែ​មួយ​គត់​ដែល​ចាំបាច់។ នាងម៉ារី​បាន​ជ្រើស​យក​ចំណែក​ដ៏​ល្អ​វិសេស​នោះ​ហើយ ដែលមិន​ត្រូវ​យក​ចេញ​ពី​នាងបានឡើយ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។