ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

លូកា 7

Read Scripture freely. Divine Threads study for this chapter is coming later.

1ក្រោយពេល​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ប្រាប់​ប្រជាជន​ស្ដាប់​ចប់​សព្វ​គ្រប់​ហើយ ព្រះអង្គ​ក៏​យាង​ចូល​ទៅ​ក្រុង​កាពើណិម។
2ឥឡូវនេះ មាន​អ្នក​បម្រើ​សំណព្វ​ចិត្ត​របស់​នាយ​ទាហាន​រ៉ូម​ម្នាក់ ឈឺធ្ងន់ហៀបនឹងស្លាប់។
3ពេល​នាយ​ទាហាន​នោះ​ឮ​គេនិយាយអំពី​ព្រះយេស៊ូ គាត់​ក៏​ចាត់បញ្ជូន​ចាស់​ទុំ​ជន​ជាតិ​យូដា​ខ្លះ ឲ្យ​ទៅ​យាង​ព្រះអង្គ​មក​ប្រោស​អ្នក​បម្រើ​របស់​គាត់។
4ពេលចាស់​ទុំ​ទៅ​គាល់​ព្រះយេស៊ូ ពួកគេ​ទទូច​អង្វរ​ព្រះអង្គ​ថា៖ «នាយ​ទាហាន​នោះ​ជា​មនុស្ស​ម្នាក់ ដែល​គួរ​តែ​លោក​ប្រោសប្រណី​ដល់​គាត់
5ព្រោះ​គាត់​ស្រឡាញ់​ប្រទេសជាតិយើង ហើយគាត់បាន​សង់​សាលា​ប្រជុំឲ្យ​យើងទៀត​ផង»។
6ដូច្នេះ ព្រះយេស៊ូ​ក៏យាង​ទៅ​ជា​មួយ​ចាស់​ទុំ​ទាំង​នោះ។ ប៉ុន្តែនៅមិនឆ្ងាយប៉ុន្មានពីផ្ទះ នាយ​ទាហាន​ចាត់​មិត្តភក្ដិ​របស់​គាត់​ឲ្យ​មក​ទូល​ថា៖ «លោក​ម្ចាស់! មិន​បាច់​អញ្ជើញ​ចូល​ផ្ទះ​ខ្ញុំ​ប្របាទ​ទេ ដ្បិត​ខ្ញុំមិន​សម​នឹង​ទទួល​លោកនៅ​ក្នុង​ផ្ទះ​ខ្ញុំ​ប្របាទ​ឡើយ។
7ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្របាទ​មិន​ហ៊ាន​មក​ជួប​លោក​ផ្ទាល់ ប៉ុន្តែសូម​លោក​មេត្តា​មាន​ប្រសាសន៍​តែ​មួយ​ម៉ាត់ នោះ​អ្នក​បម្រើ​របស់​ខ្ញុំនឹងបាន​ជា​សះស្បើយ​ពុំ​ខាន។
8ដ្បិតខ្ញុំ​ប្របាទក៏​ជា​អ្នក​នៅ​ក្រោម​បញ្ជា​គេដែរ ហើយ​ក៏​មាន​កូន​ទាហាន​ជា​ច្រើន​នៅ​ក្រោម​បញ្ជា​ខ្ញុំ​ប្របាទ​ដែរ។ បើ​ខ្ញុំ​ប្របាទ​បញ្ជា​អ្នក​ណា​ម្នាក់ «​ឲ្យ​ទៅ!» គេ​មុខជា​ទៅ ហើយ​បញ្ជា​ម្នាក់​ទៀត «ឲ្យមក!» គេ​នឹង​មក ហើយ​ខ្ញុំ​ប្របាទ​ប្រាប់​អ្នក​បម្រើ ​«ឲ្យធ្វើអ្វី​មួយ!» គេ​នឹង​ធ្វើ​តាម!»។
9ពេល​ព្រះយេស៊ូ​​ព្រះសណ្ដាប់​ពាក្យ​ទាំង​នេះរួច​ហើយ ព្រះអង្គ​ស្ងើច​សរសើរ​នាយ​ទាហាន​នោះ​ណាស់ នោះព្រះអង្គ​ងាក​ទៅ​រក​បណ្ដាជន​ដែល​ដើរ​តាម​ព្រះអង្គ​ ទាំងមាន​ព្រះបន្ទូល​ថា៖ «ខ្ញុំប្រាប់អ្នករាល់ថា ទោះបីនៅស្រុកអ៊ីស្រាអែល ខ្ញុំ​ពុំ​ដែល​ឃើញ​នរណាម្នាក់​មាន​ជំនឿ​បែប​នេះ​ឡើយ»។
10ពេលមិត្តភក្ដិ​ដែល​នាយ​ទាហាន​ចាត់​នោះ​វិល​ត្រឡប់​ទៅ​វិញ ក៏ស្រាប់តែឃើញ​អ្នក​បម្រើ​បាន​ជា​សះស្បើយទៅហើយ។
11ភ្លាមនោះ ព្រះយេស៊ូ​ក៏យាង​​ទៅ​ភូមិ​មួយ​ឈ្មោះ​ណាអ៊ីន ហើយសិស្ស​ព្រះអង្គ និង​បណ្ដាជន​ជា​ច្រើន ក៏​​ទៅ​ជា​មួយ​ព្រះអង្គ​ដែរ។
12ពេល​ព្រះអង្គ​យាង​មក​ជិត​ដល់​ទ្វារ​កំពែង​ក្រុង មើល៍! មាន​គេ​ដង្ហែ​សព​យក​ទៅ​បញ្ចុះ សពនោះជា​កូន​ប្រុស​តែ​មួយគត់​របស់​ស្ត្រី (មេម៉ាយ​ម្នាក់) ពេលនោះមានអ្នក​ស្រុក​ជា​ច្រើន​បាន​មក​ជួយ​ដង្ហែ​សព​ដែរ។
13កាល​ព្រះអម្ចាស់បាន​ឃើញ​ស្ត្រី​​នោះហើយ ព្រះអង្គ​មាន​ព្រះហឫទ័យ​អាណិត​អាសូរ​នាង​ពន់ពេក រួចព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​នាង​ថា៖ «​កុំ​យំ​អី!»។
14ព្រះអង្គ​យាង​ចូល​ទៅ​ជិត ទ្រង់​ពាល់​មឈូស ពួក​អ្នក​សែង​ក៏​នាំ​គ្នា​ឈប់។ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «អ្នក​កំលោះ​អើយ! ចូរ​ក្រោក​ឡើង!»។
15រួចបុគ្គល​ដែល​ស្លាប់ ក៏​ក្រោក​អង្គុយ ចាប់​ផ្ដើម​និយាយ​ស្ដីឡើងវិញ ហើយព្រះយេស៊ូ​ប្រគល់​អ្នក​កំលោះ​ទៅ​ម្ដាយ​វិញ។
16គេ​ស្ញែង​ខ្លាច​ទាំង​អស់​គ្នា ហើយ​សរសើរ​តម្កើង​ព្រះជាម្ចាស់ ​ដោយ​ពោល​ថា៖ «មាន​ព្យាការី​ដ៏​ប្រសើរឧត្តម​នៅ​ក្នុង​ចំណោម​យើង​» ហើយ «ព្រះជាម្ចាស់​ទតមើលប្រជារាស្ត្រ​របស់​ព្រះអង្គ»។
17ដំណឹងដែលគេនិយាយ​អំពី​ព្រះយេស៊ូ បាន​ល្បី​ពាសពេញ​ក្នុង​ស្រុក​យូដា និង​តំបន់​ជិត​ខាង​ទាំង​មូល។
18សិស្ស​របស់​លោក​យ៉ូហាន បាន​ជម្រាបប្រាប់​លោក​នូវ​ហេតុការណ៍​ទាំង​អស់​នេះ។ បន្ទាប់មក លោក​យ៉ូហាន​ក៏​ហៅ​សិស្ស​ពីរ​នាក់​មក
19រួច​ចាត់​អ្នកទាំងពីរឲ្យ​ទៅ​ទូល​សួរ​ព្រះ​អម្ចាស់​ថា៖ «តើ​លោក​ជា​ព្រះគ្រិស្ដ​ដែល​ត្រូវ​យាង​មក ឬ​មួយ​យើង​ខ្ញុំ​ត្រូវ​រង់ចាំ​ម្នាក់​ផ្សេង​ទៀត?»
20ពេលចូលទៅជិតព្រះយេស៊ូ អ្នក​ទាំង​ពីរ​​ទូល​សួរ​ព្រះយេស៊ូ​ថា៖ «លោក​យ៉ូហានបាទីស្ដ​ចាត់​​យើង​ខ្ញុំ​ឲ្យមក​សួរ​លោក​ថា តើ​លោក​ជា​ព្រះគ្រិស្ដ​ដែល​ត្រូវ​យាង​មក ឬ​មួយ​គួរឲ្យ​យើង​ខ្ញុំ​ត្រូវ​រង់ចាំ​ម្នាក់​​ទៀត?»។
21នៅ​គ្រា​នោះ ​ព្រះយេស៊ូ​បាន​ប្រោស​អ្នក​ជំងឺឲ្យបានជា ​មនុស្ស​ដែល​មាន​វិញ្ញាណ​អាក្រក់​នៅ​ក្នុង​ខ្លួនឲ្យបានសេរីភាព និងមនុស្សខ្វាក់​ឲ្យ​បាន​មើល​ឃើញ​ដែរ។
22ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​សិស្ស​ទាំង​ពីរ​នាក់​នោះ​ថា៖ «ចូរ​អ្នក​ទៅ​ជម្រាបប្រាប់​លោក​យ៉ូហាន​នូវ​ហេតុការណ៍ ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ និង​បាន​ឮចុះ គឺថា​មនុស្ស​ខ្វាក់​មើល​ឃើញ មនុស្ស​ខ្វិន​ដើរ​បាន មនុស្ស​ឃ្លង់​ជា​ស្អាត​បរិសុទ្ធ មនុស្ស​ថ្លង់​ស្ដាប់​ឮ មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ហើយ​ជន​ក្រីក្របានឮដំណឹងល្អ។
23អ្នក​ណា​មិន​រវាត​ចិត្ត​ចេញ​ពី​ជំនឿព្រោះ​តែ​ខ្ញុំ អ្នក​នោះ​ពិត​ជា​មានពរ​ហើយ»។
24ក្រោយពេល​សិស្ស​របស់​លោក​យ៉ូហាន​ត្រឡប់​ទៅ​វិញ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​មហាជន​អំពី​លោក​យ៉ូហាន​ថា៖ «តើ​អ្នក​រាល់​គ្នា​ទៅទី​រហោស្ថាន​រក​មើល​អ្វី? មើល​ដើម​ត្រែង​ដែល​ត្រូវ​ខ្យល់​បក់​នោះ​ឬ?
25តើ​អ្នក​រាល់​គ្នា​ទៅ​រក​មើល​អ្វី? ទៅមើល​បុរសម្នាក់​ស្លៀក​ពាក់​ស្អាតបាត​ឬ? មើល៍! អស់​អ្នក​ដែល​ស្លៀក​ពាក់ស្អាតបាត ហើយ​មាន​ជីវភាព​ខ្ពង់ខ្ពស់ គេ​រស់​នៅ​ក្នុង​វាំង​ឯណោះ។
26បើ​ដូច្នេះ តើ​អ្នក​រាល់​គ្នា​ទៅ​រក​មើល​អ្វី? រក​មើល​ព្យាការី​ម្នាក់​មែនទេ?។ ពិតមែនហើយ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា លោក​នោះ​ប្រសើរ​ជាង​ព្យាការី​ទៅ​ទៀត។
27ដ្បិត​ មាន​សេចក្តីចែងទុក​អំពី​លោក​យ៉ូហានថា៖ «យើង​ចាត់​ទូត​យើង​ឲ្យ​ទៅ​មុន​ព្រះអង្គ ដើម្បី​រៀបចំ​ផ្លូវថ្វាយ​ព្រះអង្គ»។
28ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ក្នុងចំណោម​មនុស្ស​ដែល​កើត​មកពីស្រ្តី​ក្នុង​លោក​នេះ​ ពុំ​មាន​នរណា​ម្នាក់​ប្រសើរ​ជាង​លោក​យ៉ូហាន​ឡើយ។ ប៉ុន្តែ អ្នក​ណា​តូច​ជាង​គេ​នៅ​ក្នុង​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់ អ្នក​នោះ​ប្រសើរ​ជាង​លោក​យ៉ូហាន​ទៅ​ទៀត»។
29(ពេលប្រជាជន​ទាំងឡាយ រួមទាំង​អ្នក​ទារ​ពន្ធ បានប្រកាសថា ព្រះជាម្ចាស់មាន​សុចរិត​មែន ដ្បិតពួកគេបានទទួលពិធីជ្រមុជទឹក​ពី​លោកយ៉ូហាន។
30ប៉ុន្តែ​ពួក​ខាង​គណៈផារីស៊ី និង​ពួក​បណ្ឌិត​ខាង​វិន័យសាសនាយូដា មិន​ទទួល​ស្គាល់​គោលបំណងព្រះជាម្ចាស់រៀបចំសម្រាប់ពួកគេឡើយ ព្រោះពួកគេ​មិន​ព្រម​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក​យ៉ូហានឡើយ)។
31តើ​ខ្ញុំ​ប្រដូច​មនុស្ស​ជំនាន់​នេះ ទៅ​នឹង​មនុស្ស​ប្រភេទ​ណា? តើពួក​គេ​ដូចជា​នរណា?
32ពួកគេប្រៀប​ដូច​ជា​កូន​ក្មេង​​លេង​នៅតាមទី​ផ្សារ ដែលអង្គុយ និង​ស្រែក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «យើង​បាន​ផ្លុំ​ខ្លុយ តែ​ពួក​ឯង​មិន​ព្រម​រាំ យើង​បាន​ស្មូត្រ​បទ​ទំនួញ តែ​ពួក​ឯង​ពុំ​ព្រម​យំ​សោះ»។
33ដ្បិតលោក​យ៉ូហានបាទីស្ដ​​តម​អាហារ និង​តម​ស្រា តែ​អ្នក​រាល់​គ្នា​ថា៖ «លោក​មាន​អារក្ស​ចូល»។
34ចំណែក​បុត្រ​មនុស្សបរិភោគ​អាហារ និង​ពិសា​ស្រា តែ​អ្នក​រាល់​គ្នា​ថា «មើល៍! ​អ្នក​នេះ​គិត​តែ​ពី​ស៊ី​ផឹក ហើយ​សេពគប់​ជា​មួយ​ពួក​ទារ​ពន្ធ និង​មនុស្ស​បាប!
35ប៉ុន្តែ អស់​អ្នក​ដែល​មាន​ប្រាជ្ញា​ទទួល​ស្គាល់​ថា ព្រះប្រាជ្ញា​ញាណ​របស់​ព្រះជាម្ចាស់​ពិត​ជា​ល្អ​ត្រឹម​ត្រូវ​មែន»។
36ឥឡូវនេះ មាន​បុរស​ម្នាក់​ពីខាង​គណៈផារីស៊ី បាន​យាង​ព្រះយេស៊ូ​ទៅ​សោយ​ព្រះស្ងោយនៅផ្ទះគាត់។ ក្រោយពេលព្រះអង្គ​​យាង​ទៅ​ផ្ទះ​បុរសម្នាក់ពីខាងគណៈផារីស៊ី​នោះ ព្រះអង្គ​គង់​រួម​តុ​ជា​មួយ​គាត់។
37មើល៍! នៅ​ក្រុង​នោះមាន​ស្ត្រី​ម្នាក់ជាមនុស្សមានបាប។ ពេល​ឮ​ថា​ព្រះយេស៊ូ​គង់​នៅ​ក្នុង​ផ្ទះ​អ្នក​ខាង​គណៈផារីស៊ី នោះ​នាង​យក​ដប​ថ្ម​កែវ​ដាក់​ប្រេង​ក្រអូប​ចូល​មក។
38កាលនាង​នៅ​ពី​ក្រោយ​ព្រះយេស៊ូ​ក្រាប​ទៀប​ព្រះបាទា​ព្រះអង្គ នាង​យំ​សម្រក់​ទឹក​ភ្នែក​ជោក​ព្រះបាទា​ព្រះយេស៊ូ ហើយ​យក​សក់​មក​ជូតព្រះបាទា បន្ទាប់មកនាង​ថើប ទាំងយក​ប្រេង​ក្រអូប​មក​ចាក់​ពី​លើ​ផង។
39ពេលខាងគណៈផារីស៊ី​ដែលអញ្ជើញព្រះយេស៊ូ បានឃើញ​ដូច្នោះ គាត់​រិះគិត​ក្នុង​ចិត្ត​ថា៖ «បើ​លោក​នេះ​ពិត​ជា​ព្យាការី​មែន ​លោកច្បាស់ជា​ជ្រាប​ថា ស្ត្រី​ដែល​ពាល់​លោក​នេះ ជា​ស្ត្រី​ប្រភេទ​ណា​ពុំខាន គឺ​នាង​ជា​មនុស្ស​បាប»។
40ព្រះយេស៊ូ​ឆ្លើយ​តប​​ទៅ​បុរស​ខាង​គណៈផារីស៊ី​នោះ​ថា៖ «លោក​ស៊ីម៉ូន ខ្ញុំ​ចង់​និយាយ​រឿង​មួយ​ជា​មួយ​លោក»។ លោក​ស៊ីម៉ូន​ទូល​តប​ទៅ​ព្រះអង្គ​ថា៖ «សូម​លោក​គ្រូ​មាន​ប្រសាសន៍​មក​ចុះ!»។
41ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «ម្ចាស់បំណុលម្នាក់មានកូនបំណុលពីរនាក់។ ម្នាក់​ជំពាក់​ប្រាំ​រយ ម្នាក់​ទៀត​ហាសិប។
42​អ្នក​ទាំង​ពីរ​គ្មាន​ប្រាក់​សងទេ ដូច្នេះ ម្ចាស់​ប្រាក់​ក៏​លុប​បំណុល​ចោល។ ដូច្នេះ ក្នុង​ចំណោម​អ្នក​ទាំង​ពីរ តើ​អ្នក​ណា​ស្រឡាញ់​ម្ចាស់​បំណុល​ជាង?»។
43លោក​ស៊ីម៉ូន​ទូល​ឆ្លើយ​ថា៖ «តាម​យោបល់​ខ្ញុំ គឺ​អ្នក​ដែល​ជំពាក់​ប្រាក់​ច្រើន​ជាង»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​លោក​ស៊ីម៉ូន​ថា៖ «លោក​វិនិច្ឆ័យបាន​ត្រឹម​ត្រូវ​មែន»។
44ព្រះអង្គ​បែរ​ទៅ​រក​ស្ត្រី​នោះ រួច​មាន​ព្រះបន្ទូល​ទៅ​លោក​ស៊ីម៉ូន​ថា៖ «សូម​មើល​ស្ត្រី​នេះ​ចុះ។ ខ្ញុំ​បាន​ចូល​មក​ក្នុង​ផ្ទះ​លោក។ តែ​លោក​ពុំ​បាន​យក​ទឹក​មក​លាង​ជើង​ខ្ញុំ​ទេ រីឯនាងវិញ នាង​បាន​សម្រក់​ទឹក​ភ្នែក​ជោក​ជើង​ខ្ញុំ ព្រម​ទាំង​យក​សក់​នាង​មក​ជូត​ទៀត​ផង។
45លោក​មិន​បាន​ថើប​ខ្ញុំ​ទេ រីឯ​នាង​វិញ តាំង​ពី​ខ្ញុំ​ចូល​មក នាង​ថើប​ជើង​ខ្ញុំ ឥត​ឈប់​ឈរ​សោះ​ឡើយ។
46លោក​មិន​បាន​យក​ប្រេង​មក​លាប​ក្បាល​ខ្ញុំ​ទេ តែ​នាង​វិញ នាង​បាន​ចាក់​ប្រេង​ក្រអូប​លាប​ជើង​ខ្ញុំ។
47ហេតុ​នេះ​ហើយ ខ្ញុំ​សុំ​ប្រាប់​ឲ្យលោក​ដឹង​ថា នាង​ដឹងថាខ្លួនជាមនុស្សបាបច្រើនក្រៃ នាងក៏ទទួលការអត់ទោសបាបច្រើនដែរ នោះនាងសម្តែង​សេចក្ដី​ស្រឡាញ់​ជា​ខ្លាំង​យ៉ាង​នេះ។ ប៉ុន្តែអ្នកដែលដឹងថាខ្លួនបានទទួលការអត់ទោសតិច ក៏សម្តែង​សេចក្ដី​ស្រឡាញ់​តិច​ដែរ»។
48រួចព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​ស្ត្រី​នោះ​ថា៖ «ខ្ញុំ​អត់ទោស​ឲ្យ​នាង​បាន​រួច​ពី​បាប​ហើយ»។
49អស់​អ្នក​ដែល​អង្គុយ​រួម​តុ​ជា​មួយ រិះគិត​ក្នុង​ចិត្ត​រៀងៗ​ខ្លួន​ថា៖ «តើ​លោក​នេះ​ជានរណាបាន​ជា​ហ៊ាន​អត់ទោស​ឲ្យ​មនុស្ស​រួច​ពី​បាប​ដូច្នេះ?»។
50ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​នាង​ទៀត​ថា៖ «ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ សូម​អញ្ជើញ​ទៅ​វិញ​ដោយ​សុខសាន្ត​ចុះ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។