1នៅថ្ងៃសប្ប័ទ ព្រះយេស៊ូយាងកាត់វាលស្រែ ហើយសិស្សព្រះអង្គនាំគ្នាបូតកួរស្រូវសាលី មកឈ្លីដើម្បីបរិភោគ។
2ប៉ុន្តែមានពួកខាងគណៈផារីស៊ីខ្លះនិយាយថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើការនៅថ្ងៃសប្ប័ទ ដែលបញ្ញត្តិហាមដូច្នេះ?»។
3ព្រះយេស៊ូតបទៅគេវិញថា៖ «តើអ្នករាល់គ្នាបានអានអត្ថបទគម្ពីរមួយ ស្ដីអំពីព្រះបាទដាវីឌ និងបរិពារបានប្រព្រឹត្ត នៅពេលឃ្លានដែរឬទេ?
4ព្រះបាទដាវីឌបានយាងចូលទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ និងយកនំបុ័ងខ្លះដែលគេតាំងថ្វាយព្រះជាម្ចាស់មកសោយ ព្រមទាំងចែកឲ្យពួកបរិពារបរិភោគទៀតផង។ តាមវិន័យមានតែពួកបូជាចារ្យប៉ុណ្ណោះ ដែលមានសិទ្ធិបរិភោគនំបុ័ងបាន។
5បន្ទាប់មកព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖ «បុត្រមនុស្សជាម្ចាស់លើថ្ងៃសប្ប័ទ»។
6នៅថ្ងៃសប្ប័ទមួយទៀត ព្រះយេស៊ូយាងចូលក្នុងសាលាប្រជុំ ហើយព្រះអង្គបង្រៀនគេនៅទីនោះ។ មានបុរសម្នាក់ស្វិតដៃស្ដាំ។
7ពួកអាចារ្យ និងពួកខាងគណៈផារីស៊ីឃ្លាំមើលព្រះយេស៊ូយ៉ាងដិតដល់ ក្រែងលោព្រះអង្គប្រោសអ្នកជំងឺនៅថ្ងៃសប្ប័ទ ដើម្បីចង់រកលេសចោទប្រកាន់ព្រះអង្គ។
8ព្រះយេស៊ូឈ្វេងយល់គំនិតពួកគេ និងមានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើង មកឈរនៅកណ្ដាលពួកគេទៅ»។ ដូច្នេះ បុរសនោះក៏ក្រោកឈរឡើង។
9ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំសួរអ្នករាល់គ្នាថា តើនៅថ្ងៃសប្ប័ទ មនុស្សមានសិទ្ធិធ្វើអំពើល្អ ឬអំពើអាក្រក់? តើសង្គ្រោះជីវិតមនុស្ស ឬបំផ្លាញមនុស្សឲ្យវិនាសអន្តរាយ?»។
10រួចព្រះអង្គបែរព្រះភក្ត្រទតមើលមនុស្សទាំងអស់នៅជុំវិញ និងមានព្រះបន្ទូលទៅបុរសស្វិតដៃនោះថា៖ «ចូរលាតដៃមើល៍!»។ គាត់ក៏លាតដៃ ហើយដៃគាត់បានជាដូចដើមវិញ។
11ប៉ុន្តែ ពួកគេខឹងយ៉ាងខ្លាំង ហើយពិគ្រោះគ្នា ថាតើត្រូវធ្វើអ្វីតបស្នងចំពោះព្រះយេស៊ូវិញ។
12នៅគ្រានោះ ព្រះយេស៊ូយាងឡើងទៅលើភ្នំដើម្បីអធិស្ឋាន។ ព្រះអង្គអធិស្ឋានទៅព្រះជាម្ចាស់ពេញមួយយប់។
13លុះព្រលឹមឡើង ព្រះអង្គត្រាស់ហៅសិស្សមក ព្រះអង្គជ្រើសយកដប់ពីររូបក្នុងចំណោមពួកគេ ហើយហៅពួកគេជាសិស្សរបស់ព្រះអង្គ។
14សិស្សរបស់ព្រះយេស៊ូមានលោកស៊ីម៉ូន (ដែលព្រះអង្គប្រទានឈ្មោះថា ពេត្រុស) និងលោកអនទ្រេជាប្អូនរបស់គាត់ លោកយ៉ាកុប លោកយ៉ូហាន លោកភីលីព លោកបាថូឡូមេ
15លោកម៉ាថាយ លោកថូម៉ាស លោកយ៉ាកុបជាកូនរបស់លោកអាល់ផាយ លោកស៊ីម៉ូនហៅអ្នកជាតិនិយម
16លោកយូដាសជាកូនលោកយ៉ាកុប និងលោកយូដាសអ៊ីស្ការីយ៉ុតដែលនឹងក្បត់ព្រះអង្គ។
17បន្ទាប់មក ព្រះយេស៊ូយាងចុះពីលើភ្នំជាមួយពួកគេ គង់នៅត្រង់កន្លែងមួយរាបស្មើ មានពួកសិស្ស និងប្រជាជនជាច្រើនពីស្រុកយូដា និងពីក្រុងយេរូសាឡិម ពីក្រុងទីរ៉ូស និងក្រុងស៊ីដូននៅតាមមាត់សមុទ្រ។
18ពួកគេនាំគ្នាមកស្ដាប់ព្រះអង្គ និងទទួលការប្រោសគេឲ្យជាពីជំងឺ។ ពួកអ្នកដែលមានវិញ្ញាណអាក្រក់នៅក្នុងខ្លួន ក៏បានជាដែរ។
19គ្រប់គ្នាចូលមកពាល់ព្រះអង្គ ព្រោះមានឫទ្ធានុភាពចេញពីព្រះអង្គមក ប្រោសគេឲ្យជាគ្រប់ៗគ្នា។
20រួចព្រះអង្គទតមើលពួកសិស្សព្រះអង្គ ហើយមានព្រះបន្ទូលថា៖ «មានពរហើយ អ្នករាល់គ្នាដែលជាជនក្រីក្រអើយ ដ្បិតអ្នករាល់គ្នានឹងបានទទួលព្រះរាជ្យរបស់ព្រះជាម្ចាស់។
21មានពរហើយ អ្នករាល់គ្នាដែលកំពុងតែស្រេកឃ្លានអើយ ដ្បិតអ្នករាល់គ្នានឹងបានឆ្អែត។ មានពរហើយ អ្នករាល់គ្នាដែលកំពុងតែយំសោកអើយ ដ្បិតអ្នករាល់គ្នានឹងបានត្រេកអរ។
22មានពរហើយ នៅពេលដែលគេស្អប់អ្នករាល់គ្នា នៅពេលដែលគេលែងរាប់រកអ្នករាល់គ្នា និងនៅពេលដែលគេបង្ខូចឈ្មោះអ្នករាល់គ្នា ព្រោះតែបុត្រមនុស្ស។
23ចូរមានអំណរសប្បាយឡើង ព្រោះអ្នករាល់គ្នាទទួលរង្វាន់យ៉ាងធំ នៅស្ថានបរមសុខ ដ្បិតបុព្វបុរសរបស់គេក៏បានប្រព្រឹត្តដូច្នេះចំពោះពួកព្យាការីដែរ។
24ប៉ុន្តែអ្នករាល់គ្នាដែលជាអ្នកមានអើយ អ្នកនឹងត្រូវវេទនាហើយ ដ្បិតអ្នករាល់គ្នាបានទទួលការកម្សាន្តចិត្តហើយ។
25អ្នករាល់គ្នាដែលឆ្អែតនៅពេលនេះអើយ អ្នកនឹងត្រូវវេទនា ដ្បិតអ្នករាល់គ្នានឹងស្រេកឃ្លាននៅពេលក្រោយ។ អ្នករាល់គ្នាដែលកំពុងតែសើចសប្បាយអើយ អ្នកនឹងត្រូវវេទនា ដ្បិតអ្នករាល់គ្នានឹងត្រូវកាន់ទុក្ខ ហើយយំសោកពេលក្រោយ។
26អ្នករាល់គ្នាដែលមនុស្សទាំងអស់កោតសរសើរអើយ អ្នកត្រូវវេទនាហើយ ដ្បិតបុព្វបុរសរបស់គេក៏បានប្រព្រឹត្ត ចំពោះពួកព្យាការីក្លែងក្លាយដូច្នោះដែរ!»។
27«ប៉ុន្តែ ខ្ញុំសុំប្រាប់អ្នករាល់គ្នាដែលកំពុងស្ដាប់ខ្ញុំថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន និងប្រព្រឹត្តអំពើល្អដាក់អស់អ្នកដែលស្អប់អ្នករាល់គ្នា
28ត្រូវជូនពរដល់អស់អ្នកដែលដាក់បណ្តាសាអ្នករាល់គ្នា និងអធិស្ឋានជូនពរ ដល់អស់អ្នកដែលបៀតបៀនអ្នករាល់គ្នាផង។
29ប្រសិនបើមានគេទះកំផ្លៀងអ្នកម្ខាង ចូរបែរឲ្យគេទះម្ខាងទៀតចុះ។ បើគេយកអាវធំរបស់អ្នក ចូរឲ្យគេយកអាវក្នុងថែមទៀត។
30បើមានអ្នកណាសុំអ្វីពីអ្នក ចូរឲ្យគេទៅ ហើយបើគេរឹបអូសយកអ្វីដែលជារបស់អ្នក ចូរកុំទារពីគេវិញឡើយ។
31បើអ្នករាល់គ្នាចង់ឲ្យគេប្រព្រឹត្តចំពោះខ្លួនបែបណា អ្នករាល់គ្នាត្រូវប្រព្រឹត្តចំពោះគេបែបនោះដែរ។
32បើអ្នករាល់គ្នាស្រឡាញ់តែមនុស្សដែលស្រឡាញ់អ្នករាល់គ្នា តើនឹងមានគុណប្រយោជន៍អ្វី? សូម្បីតែមនុស្សបាបក៏ចេះស្រឡាញ់គ្នាគេដែរ
33បើអ្នករាល់គ្នាប្រព្រឹត្តអំពើល្អ តែជាមួយមនុស្សណាដែលប្រព្រឹត្តអំពើល្អដល់អ្នករាល់គ្នា តើនឹងមានគុណប្រយោជន៍អ្វី? សូម្បីតែមនុស្សបាបក៏ចេះប្រព្រឹត្តអំពើល្អដល់គ្នាគេដែរ។
34បើអ្នករាល់គ្នាឲ្យគេខ្ចីអ្វីមួយ ដោយសង្ឃឹមថាគេសំណងវិញ តើនឹងមានគុណប្រយោជន៍អ្វី? សូម្បីតែមនុស្សបាបក៏ឲ្យគ្នាគេខ្ចី ដើម្បីទទួលសំណងដូចដើមវិញដែរ។
35ប៉ុន្តែ ចូរស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន ហើយប្រព្រឹត្តអំពើល្អដល់គេផងដែរ។ ចូរឲ្យគេខ្ចី ដោយមិនសង្ឃឹមចង់បានអ្វីវិញឲ្យសោះ នោះអ្នករាល់គ្នានឹងទទួលរង្វាន់យ៉ាងធំ ហើយអ្នករាល់គ្នានឹងក្លាយជាកូនរបស់ព្រះជាម្ចាស់ដ៏ខ្ពស់បំផុត ដ្បិតព្រះអង្គផ្ទាល់ក៏មានព្រះហឫទ័យសប្បុរស ចំពោះជនអកតញ្ញូ និងមនុស្សអាក្រក់ដែរ។
36ចូរមានចិត្តមេត្តាករុណា ដូចព្រះបិតារបស់អ្នករាល់គ្នាក៏មានព្រះហឫទ័យមេត្តាករុណាដែរ»។
37«កុំកាត់ទោសអ្នកដទៃឡើយ នោះព្រះជាម្ចាស់ក៏មិនកាត់ទោសអ្នករាល់គ្នាដែរ។ កុំថ្កោលទោសអ្នកដទៃឡើយ នោះព្រះជាម្ចាស់ក៏មិនថ្កោលទោសអ្នករាល់គ្នាដែរ។ ចូរលើកលែងទោសឲ្យអ្នកដទៃ នោះព្រះជាម្ចាស់នឹងលើកលែងទោសអ្នករាល់គ្នាដែរ។
38ចូរចែកអំណោយដល់អ្នកដទៃ នោះព្រះជាម្ចាស់នឹងប្រទានអំណោយដល់អ្នករាល់គ្នាដែរ។ គេនឹងវាល់ឲ្យអ្នកដោយសប្បុរស ទាំងញាត់ ទាំងរលាក់ ហើយដាក់ឲ្យហៀរ ហូរធ្លាក់មកលើភ្លៅអ្នកថែមទៀត។ ដ្បិតព្រះជាម្ចាស់នឹងវាល់ឲ្យអ្នក តាមរង្វាល់ដែលអ្នកវាល់ឲ្យអ្នកដទៃដែរ»។
39រួចព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នាទៅគេទៀតថា៖ «តើមនុស្សខ្វាក់អាចនាំមនុស្សខ្វាក់ម្នាក់ទៀតបានទេ? បើធ្វើដូច្នោះមែន ពួកគេមុខជាធ្លាក់រណ្ដៅទាំងពីរនាក់ជាមិនខាន មែនទេ?
40ពុំដែលមានសិស្សណាធំជាងគ្រូឡើយ ប៉ុន្តែ ពេលសិស្សការបណ្តុះបណ្តាលចំណេះសព្វគ្រប់ អ្នកនោះអាចស្មើនឹងគ្រូបាន។
41ហេតុអ្វីបានជាអ្នកមើលឃើញល្អងធូលីនៅក្នុងភ្នែករបស់បងប្អូនអ្នក តែមើលមិនឃើញធ្នឹមនៅក្នុងភ្នែករបស់ខ្លួនអ្នកផ្ទាល់ដូច្នេះ?។
42តើអ្នកនិយាយទៅបងប្អូនថា៖ «បងប្អូនអើយ! ទុកឲ្យខ្ញុំផ្ដិតយកល្អងធូលីនេះចេញពីភ្នែកអ្នក» តែអ្នកផ្ទាល់មើលពុំឃើញធ្នឹមនៅុក្នុងភ្នែកខ្លួនដូច្នេះ? មនុស្សមានពុតអើយ! មុនដំបូង ចូរយកធ្នឹមចេញពីភ្នែកអ្នកជាមុនសិន នោះអ្នកនឹងមើលឃើញច្បាស់សិន សឹមទៅផ្ដិតយកល្អងធូលីចេញពីភ្នែករបស់បងប្អូនអ្នកបាន។
43ដ្បិតគ្មានដើមឈើល្អណា ចេញផ្លែអាក្រក់ឡើយ ឯដើមឈើអាក្រក់វិញ ក៏មិនដែលចេញផ្លែល្អដែរ
44ដ្បិតគេស្គាល់ដើមឈើបាន ដោយសារផ្លែវា។ ដ្បិតពុំដែលមាននរណាបេះផ្លែឧទុម្ពរ ឬផ្លែទំពាំងបាយជូរពីគុម្ពបន្លាឡើយ។
45មនុស្សល្អតែងប្រព្រឹត្តអំពើល្អ ចេញពីចិត្តល្អរបស់គេ ចំណែកឯមនុស្សអាក្រក់ វិញ គេតែងប្រព្រឹត្តអំពើអាក្រក់ ចេញចិត្តអាក្រក់របស់គេ ដ្បិតមនុស្សស្រដីចេញមក ពីអ្វីដែលមានពេញពោរនៅក្នុងដួងចិត្តរបស់ខ្លួន»។
46«ហេតុអ្វីបានជាអ្នករាល់គ្នាហៅខ្ញុំថា ព្រះអម្ចាស់! ព្រះអម្ចាស់! តែមិនប្រព្រឹត្តតាមពាក្យខ្ញុំដូច្នេះ?។
47គ្រប់គ្នាដែលចូលមករកខ្ញុំ ស្ដាប់ពាក្យខ្ញុំ ហើយប្រព្រឹត្តតាម ខ្ញុំសុំប្រាប់អ្នករាល់គ្នាឲ្យដឹងថា គេប្រៀបបាននឹងមនុស្សប្រភេទណា
48អ្នកនោះប្រៀបបាននឹងមនុស្សម្នាក់ដែលសង់ផ្ទះ ដែលជីកដីយ៉ាងជ្រៅ ហើយចាក់គ្រឹះលើផ្ទាំងថ្មយ៉ាងធំ។ ពេលមានទឹកជំនន់មកដល់ ទោះបីទឹកហូរមកប៉ះផ្ទះយ៉ាងណាក៏ដោយ ក៏ផ្ទះនោះមិនរង្គើរឡើយ ព្រោះគាត់បានសង់ផ្ទះយ៉ាងមាំ។
49ប៉ុន្តែ អ្នកដែលស្ដាប់ពាក្យខ្ញុំហើយ តែមិនប្រព្រឹត្តតាម គាត់ប្រៀបបាននឹងមនុស្សម្នាក់ដែលសង់ផ្ទះដោយគ្មានចាក់គ្រឹះ។ ពេលទឹកហូរប៉ះចំផ្ទះនោះ ផ្ទះនោះក៏រលំភ្លាម ខូចខាតទាំងស្រុង»។