ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

លូកា 5

Read Scripture freely. Divine Threads study for this chapter is coming later.

1ឥឡូវនេះ មានរឿងមួយកើតឡើង​ ពេលបណ្តាជនប្រជ្រៀតគ្នាជុំវិញព្រះយេស៊ូ​ ដើម្បីស្តាប់ព្រះបន្ទូលព្រះជាម្ចាស់ ​នៅ​មាត់​បឹង​គេនេសារ៉ែត។
2ព្រះអង្គ​ទត​ឃើញ​ទូក​ពីរ​ចង​នៅ​មាត់​ច្រាំង។ ចំណែក​អ្នក​នេសាទ​ចេញទៅលាង​អួនរបស់​គេ។
3ព្រះយេស៊ូ​យាង​ចុះ​ទៅ​ក្នុង​ទូក​របស់​លោក​ស៊ីម៉ូន ហើយ​ព្រះអង្គ​សុំ​ឲ្យ​គាត់​ចេញ​ទូកទៅ​ឆ្ងាយ​ពី​ច្រាំង​បន្តិច។ រួចព្រះអង្គ​គង់​បង្រៀន​បណ្ដាជន​ពី​ក្នុង​ទូក​នោះមក។
4ពេល​ព្រះអង្គ​បង្រៀន​គេ​ចប់​ហើយ ទ្រង់​មាន​ព្រះបន្ទូល​ទៅ​កាន់​លោក​ស៊ីម៉ូន​ថា៖ «ចូរ​ចេញ​ទូក​ទៅ​ទឹក​ជ្រៅជាងនេះ រួច​នាំ​គ្នា​ទម្លាក់​អួន​ចុះ»។
5លោក​ស៊ីម៉ូន​តប​ទៅ​ព្រះយេស៊ូ​វិញ​ថា៖ «លោក​គ្រូ! យើង​ខ្ញុំ​បាន​អូស​អួន​ពេញ​មួយ​យប់​ហើយ អត់​បាន​ត្រី​ទេ ប៉ុន្តែបើ​លោក​គ្រូ​មានប្រាប់ ខ្ញុំ​នឹង​ទម្លាក់​អួនចុះ​តាម​ពាក្យ​លោក​គ្រូ»។
6ពេលទម្លាក់​អួនរួចហើយ មានជាប់​ត្រី​​ច្រើន​ស្ទើរ​តែ​ធ្លាយ​អួន។
7គេ​បក់​ដៃ​ហៅ​មិត្តភក្ដិ​ដែល​នៅ​ក្នុង​ទូក​មួយ​ទៀត​ឲ្យ​មក​ជួយ។ ពួក​គេមក​ដល់ ជួយ​ចាប់​ត្រី​ដាក់​ពេញ​ទូក​ទាំង​ពីរ ស្ទើរ​តែ​នឹង​លិច។
8ប៉ុន្តែពេល​លោក​ស៊ីម៉ូន-ពេត្រុស​ឃើញ​ដូច្នោះ គាត់​ក្រាប​ទៀប​ព្រះបាទា​ព្រះយេស៊ូ ទូល​ព្រះអង្គ​ថា៖ «ព្រះអម្ចាស់​អើយ! សូម​យាង​ចេញឆ្ងាយ​ពី​ទូលបង្គំ​ទៅ ព្រោះ​ទូលបង្គំ​ជា​មនុស្ស​មានបាប»។
9ដ្បិតលោក​ស៊ីម៉ូន និងអ្នកនៅជាមួយគាត់​ភ័យ​ស្ញប់ស្ញែង​ជា​ខ្លាំង ​ពេល​បាន​ឃើញ​ត្រី​ច្រើនដូច្នេះ។
10នៅទីនោះក៏មាន​លោក​យ៉ាកុប និង​លោក​យ៉ូហាន​ជា​កូន​លោក​សេបេដេ ដែលជាអ្នក​នេសាទ​រួម​ជា​មួយ​លោក​ស៊ីម៉ូនដែរ។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​លោក​ស៊ីម៉ូន​ថា៖ «កុំ​ខ្លាច​អី! ព្រោះចាប់ពីពេល​នេះ​ទៅ​មុខ អ្នក​នឹង​នេសាទ​មនុស្ស​វិញ»។
11ពេល​ទូក​ទៅ​ដល់​មាត់​ច្រាំង​វិញ ពួកគេ​បោះ​បង់​របស់​របរ​ទាំង​អស់​ចោល រួច​នាំ​គ្នា​ដើរ​តាម​ព្រះយេស៊ូ​ទៅ។
12ក្រោយមកទៀត ព្រះយេស៊ូ​គង់​នៅ​ក្នុង​ក្រុង​មួយ មាន​មនុស្ស​ឃ្លង់​ម្នាក់។ ពេល​ឃើញ​ព្រះយេស៊ូគាត់​ក្រាប​ថ្វាយបង្គំ អោន​មុខ​ដល់​ដី និងទូល​ព្រះអង្គ​ថា៖ «ព្រះអម្ចាស់អើយ! ​បើ​ព្រះអង្គ​មិន​យល់​ទាស់​ទេ សូម​ប្រោស​ខ្ញុំ​ប្របាទឲ្យ​បាន​ជា​ស្អាត​បរិសុទ្ធ​ផង»។
13រួចព្រះយេស៊ូ​លូក​ព្រះហស្ដ​ទៅ​ពាល់​គាត់ ​ទាំង​មាន​ព្រះបន្ទូល​ថា៖ «ខ្ញុំ​យល់​ព្រម​ហើយ សូមឲ្យ​បាន​ជា​ស្អាត​បរិសុទ្ធ​ចុះ»។ រំពេច​នោះ​ គាត់បានជាស្អាតបរិសុទ្ធពីជំងឺឃ្លង់ភ្លាម។
14ព្រះយេស៊ូ​ហាម​គាត់ពុំឲ្យប្រាប់អ្នកណាឡើយ ប៉ុន្តែប្រាប់គាត់​ថា៖ «ត្រឡប់ទៅវិញចុះ រួច​ទៅ​បង្ហាញ​ខ្លួន​ដល់​លោក​បូជាចារ្យ និង​ថ្វាយ​តង្វាយ​ដូច​លោក​ម៉ូសេ​បាន​បង្គាប់​ ជាបន្ទាប់ប្រាប់ថា អ្នក​បាន​ជា​ស្អាត​បរិសុទ្ធ​មែន»។
15ប៉ុន្តែរឿងរ៉ាវនេះល្បី​សុសសាយ​កាន់​តែ​ខ្លាំង​ឡើងៗ ហើយមហាជន​ជា​ច្រើន​មក​ជុំ​គ្នា​ស្ដាប់​ព្រះអង្គបង្រៀន ព្រមទាំងទទួលការ​ប្រោស​ឲ្យជា​ពី​ជំងឺ​ផ្សេងៗ​ផង។
16តែព្រះយេស៊ូ​វិញតែង​យាង​ទៅ​ទី​ស្ងាត់ ដើម្បី​អធិស្ឋាន។
17មានថ្ងៃ​មួយនោះ ព្រះយេស៊ូ​កំពុង​តែ​បង្រៀន​បណ្ដាជន ស្រាប់តែមាន​ពួក​ខាង​គណៈ​ផារីស៊ី និង​អ្នក​ប្រាជ្ញ​ខាង​វិន័យ​អង្គុយ​ស្ដាប់​ព្រះអង្គ​ដែរ ដែលអ្នក​ទាំង​នោះ​​មក​ពី​ភូមិ​នានា ក្នុង​ស្រុក​កាលីឡេ ស្រុក​យូដា និង​ពី​ក្រុង​យេរូសាឡិម។ ​ឫទ្ធានុភាព​របស់​ព្រះអម្ចាស់គង់នៅជាមួយទ្រង់ និង​ប្រោស​អ្នក​ជំងឺឲ្យ​បាន​ជា។
18ពេលនេះ ស្រាប់​តែ​មាន​គេ​សែង​មនុស្ស​ខ្វិន​ដៃ​ខ្វិន​ជើង​ម្នាក់​មក​ រកវិធីនាំគាត់ចូលទៅក្នុងផ្ទះ ដាក់នៅមុខ​ព្រះយេស៊ូ។
19ដោយ​គេរកផ្លូវចូលទៅពុំបាន ព្រោះមាន​មនុស្ស​ច្រើន​ពេក ដូច្នេះ គេ​ក៏​សែង​អ្នក​ជំងឺ​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ បក​ក្បឿង សំរូត​គាត់​ចុះ​មក​កណ្ដាល​ចំណោម​មនុស្ស នៅ​ចំ​ពី​មុខ​ព្រះយេស៊ូ។
20ដោយបានឃើញជំនឿពួកគេដូច្នេះ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​កាន់​អ្នក​ពិការ​ថា៖ «អ្នក​អើយ ខ្ញុំ​អត់ទោស​ឲ្យ​អ្នក​រួច​ពី​បាប​ហើយ»។
21ពួក​អាចារ្យ និង​ពួក​ខាង​គណៈផារីស៊ី​រិះគិតក្នុងចិត្ត និងនិយាយថា៖ «អ្នក​នេះ​មាន​ឋានៈ​អ្វី បាន​ជា​ហ៊ាន​​ប្រមាថព្រះជាម្ចាស់​ដូច្នេះ? តើ​អ្នក​ណា​អាច​អត់ទោស​ឲ្យ​មនុស្ស​រួច​ពី​បាប​បាន?»។
22ប៉ុន្តែ ព្រះយេស៊ូ​ឈ្វេង​យល់​ពី​គំនិត​អ្នក​ទាំង​នោះ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រិះគិតក្នុងចិត្ត​ដូច្នេះ?
23តើឃ្លាមួយណាងាយស្រួលជាង «ខ្ញុំ​អត់ទោស​ឲ្យ​អ្នក​រួច​ពី​បាប​ហើយ» ឬ «ចូរ​ក្រោក​ឡើង​ដើរ​ទៅ​ចុះ?»
24នោះអ្នករាល់គ្នាដឹងថា បុត្រ​មនុស្ស​មាន​អំណាច​នឹង​អត់ទោសបាបមនុស្សលោក ខ្ញុំសូមប្រាប់អ្នករាល់គ្នាថា៖ «ចូរ​ក្រោក​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក​ទៅ​ផ្ទះ​វិញ​ទៅ»។
25ភ្លាម​នោះ បុរសនោះក្រោក​ឡើង​នៅ​មុខ​មនុស្ស​ទាំង​អស់ រួច​យក​គ្រែ​ស្នែង​ដែល​គេ​សែង​ខ្លួន​មក។ រួចគាត់ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ ទាំង​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់​ផង។
26អស់​អ្នក​ដែល​នៅ​ទី​នោះកោតស្ញប់ស្ញែងគ្រប់ៗ​គ្នា ហើយ​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់។ ពួកគេ​ភ័យ​ខ្លាច​ជា​ខ្លាំង ក៏​និយាយ​គ្នា​ថា៖ «យើង​បាន​ឃើញ​ហេតុការណ៍​ចំឡែក​អស្ចារ្យ​មែននៅថ្ងៃនេះ»។
27បន្ទាប់​មកហេតុការណ៍នេះកើតឡើង ព្រះយេស៊ូ​យាង​ចាក​ចេញ​ពី​ទី​នោះ ហើយ​ទត​ឃើញ​អ្នក​ទារ​ពន្ធ​ម្នាក់ ឈ្មោះ​លេវី អង្គុយ​នៅ​កន្លែង​យក​ពន្ធ។ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ»។
28ដូច្នេះ លោក​លេវី​ក្រោក​ឡើង ដើរតាមព្រះយេស៊ូ ដោយបោះបង់ចោលកិច្ចការ​ទាំង​អស់​។
29រួចលោក​លេវី​បាន​រៀបចំ​ពិធី​ជប់លៀង​មួយ​យ៉ាង​ធំ នៅផ្ទះលោក​ថ្វាយ​ព្រះអង្គ។ មាន​អ្នក​ទារ​ពន្ធ និង​​មនុស្សជាច្រើន​ទៀតក៏​ចូល​រួម​ពិធីជប់លៀងនោះដែរ។
30ប៉ុន្តែ ពួក​ខាង​គណៈផារីស៊ី និង​ពួក​អាចារ្យ​ត្អូញត្អែដាក់​ក្រុម​សិស្សរបស់​ព្រះអង្គ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បរិភោគ​ជា​មួយ​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប​ដូច្នេះ?»។
31ព្រះយេស៊ូ​តប​ទៅ​គេ​ថា៖ «មនុស្ស​មាន​សុខភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ឡើយ មាន​តែ​អ្នក​ជំងឺ​ប៉ុណ្ណោះ​ត្រូវការគ្រូពេទ្យ។
32ខ្ញុំ​ពុំមែន​មក​រក​មនុស្ស​សុចរិត​ទេ ឲ្យប្រែចិត្តទេ ផ្ទុយទៅវិញខ្ញុំ​មក​រក​មនុស្ស​បាប ដើម្បីឲ្យ​គេ​កែ​ប្រែ​ចិត្ត​គំនិតវិញ»។
33ពួក​គេ​ទូល​សួរ​ព្រះអង្គថា៖ «ពួក​សិស្ស​របស់​លោក​យ៉ូហាន និង​ពួក​សិស្ស​ខាង​គណៈផារីស៊ី តែងតែ​តម​អាហារ និងអធិស្ឋានជាប្រចាំ។ ប៉ុន្តែសិស្សរបស់លោក​នាំ​គ្នា​បរិភោគ​ជាធម្មតា»។
34ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គេ​វិញ​ថា៖ «តើ​ភ្ញៀវចូលរួមពិធីមង្គលការ​អាច​តម​អាហារ​កើតទេ បើកូនកម្លោះ​នៅ​ជា​មួយកូនក្រមុំដូច្នេះ?។
35ថ្ងៃ​ក្រោយ ពេល​គេ​ចាប់​ស្វាមី​យក​ទៅ​ ទើប​ភ្ញៀវ​ទាំង​នោះ​តម​អាហារវិញ»។
36រួចព្រះយេស៊ូ​មាន​ព្រះបន្ទូល​ជា​​ប្រស្នា​ថា៖ «ពុំ​ដែល​មាន​នរណា​ហែក​សម្លៀកបំពាក់​ថ្មី យក​ទៅ​ប៉ះ​សម្លៀកបំពាក់​ចាស់​នោះទេ បើធ្វើ​ដូច្នេះ នោះសម្លៀកបំពាក់​ថ្មី​នឹង​ត្រូវ​រហែក ហើយ​​ក្រណាត់​ថ្មីពុំសមនឹងក្រណាត់ចាស់ឡើយ។
37ពុំ​ដែល​មាន​នរណា​ដាក់ស្រា​ទំពាំងបាយជូរ​ថ្មី ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ឡើយ បើ​ធ្វើ​ដូច្នេះ ស្រា​ថ្មី​នឹង​ធ្វើ​ឲ្យថង់​ស្បែក​ចាស់​នោះ ត្រូវ​ធ្លុះហើយ​បណ្ដាលឲ្យស្រា​ហូរ​ចេញ ហើយ​ថង់​ស្បែក​ក៏​ត្រូវ​ខូច​ខាត​ជាពុំ​ខាន
38ប៉ុន្តែ ត្រូវ​ដាក់​ស្រា​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ថ្មីវិញ។
39គ្មាននរណាដែលផឹកស្រាចាស់ហើយ ទៅផឹកស្រាវិញនោះទេ ដ្បិតអ្នកនោះនឹងនិយាយថា «ស្រា​ចាស់​ឆ្ងាញ់​ជាង​ស្រា​ថ្មី»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។