1បន្ទាប់ពីព្រះយេស៊ូបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ព្រះអង្គយាងត្រឡប់ពីទន្លេយ័រដាន់មកវិញ ហើយព្រះវិញ្ញាណនាំព្រះអង្គទៅទីរហោស្ថាន
2ជាកន្លែងដែលព្រះអង្គត្រូវសាតាំងល្បួងអស់រយៈពេលសែសិបថ្ងៃ។ ព្រះអង្គពុំបានសោយអ្វីសោះឡើយអំឡុងពេលនោះ រួចផុតពេលនោះមក ទើបព្រះអង្គឃ្លាន។
3សាតាំងទូលព្រះអង្គថា៖ «ប្រសិនបើលោកពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន ចូរបញ្ជាទៅដុំថ្មនេះឲ្យក្លាយជានំបុ័ងទៅ»។
4ព្រះយេស៊ូមានព្រះបន្ទូលតបទៅវិញថា៖ «គម្ពីរមានចែងថា មនុស្សពុំមែនរស់ដោយសារតែអាហារទេ»។
5រួចសាតាំងនាំព្រះយេស៊ូទៅកន្លែងមួយខ្ពស់មួយ ហើយបង្ហាញនគរទាំងអស់នៅលើផែនដីឲ្យព្រះអង្គឃើញ មួយរយៈពេលខ្លី។
6សាតាំងទូលព្រះអង្គថា៖ «ខ្ញុំនឹងប្រគល់អំណាច និងសម្បត្តិរបស់នគរទាំងអស់ឲ្យលោក ដ្បិតខ្ញុំបានទទួលសម្បត្តិទាំងនេះ ហើយខ្ញុំអាចប្រគល់ឲ្យអ្នកណាក៏បាន ស្រេចតែខ្ញុំ។
7ដូច្នេះ បើលោកក្រាបថ្វាយបង្គំខ្ញុំ សម្បត្តិទាំងនោះនឹងក្លាយជារបស់លោកភ្លាម»។
8ប៉ុន្តែព្រះយេស៊ូមានព្រះបន្ទូលតបទៅវិញថា៖ «មានសេចក្តីចែងទុកថា អ្នកត្រូវតែថ្វាយបង្គំព្រះអម្ចាស់ជាព្រះរបស់អ្នក ហើយនិងគោរពបម្រើព្រះអង្គតែមួយប៉ុណ្ណោះ»។
9បន្ទាប់មក មារសាតាំងក៏នាំព្រះយេស៊ូទៅក្រុងយេរូសាឡិម រួចដាក់ព្រះអង្គលើកំពូលព្រះវិហារ ហើយទូលថា៖ «បើលោកពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន សូមលោតទម្លាក់ខ្លួនចុះទៅ។
10ដ្បិតមានសេចក្តីចែងទុកមកថា «ព្រះអង្គនឹងបញ្ជាទេវតាឲ្យការពារលោក
11ហើយទេវតាទាំងនោះនឹងចាំទ្រលោក មិនធ្វើឲ្យជើងលោកប៉ះថ្មឡើយ»។
12ព្រះយេស៊ូមានព្រះបន្ទូលតបទៅសាតាំងវិញថា៖ «មានសេចក្តីចែងទុកមកថា កុំល្បងលព្រះអម្ចាស់ជាព្រះរបស់អ្នកឡើយ»។
13ក្រោយពេលមារល្បួងព្រះយេស៊ូរួចហើយ វាក៏ថយចេញពីព្រះអង្គទៅ ចាំពេលកំណត់មកដល់។
14ក្រោយពេលព្រះយេស៊ូយាងត្រឡប់ទៅស្រុកកាលីឡេវិញ ពេញដោយឫទ្ធានុភាពរបស់ព្រះវិញ្ញាណ ចំណែកដំណឹងពីព្រះអង្គល្បីល្បាញពេញតំបន់។
15បន្ទាប់មក ព្រះអង្គចាប់ផ្តើមបង្រៀនក្នុងសាលាប្រជុំ ហើយគេសរសើរតម្កើងព្រះអង្គគ្រប់ៗគ្នា។
16ព្រះអង្គយាងទៅភូមិណាសារ៉ែត ជាភូមិដែលព្រះអង្គធំដឹងក្តី ហើយតាមទម្លាប់ព្រះអង្គយាងទៅសាលាប្រជុំនៅថ្ងៃសប្ប័ទ រួចព្រះអង្គក្រោកឈរឡើង និងអានគម្ពីរឮខ្លាំងៗ។
17គេបានយកគម្ពីររបស់ព្យាការីអេសាយមកថ្វាយព្រះអង្គ។ ព្រះអង្គបើកគម្ពីរត្រង់អត្ថបទមួយ ដែលមានចែងថា
18«ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ឋិតលើខ្ញុំ ព្រោះព្រះអង្គបានចាក់ប្រេងអភិសេកខ្ញុំឲ្យប្រកាសដំណឹងល្អ ប្រាប់ជនក្រីក្រ។ ព្រះអង្គចាត់ខ្ញុំឲ្យទៅប្រកាសពីសេរីភាពប្រាប់ជនជាប់ជាឈ្លើយ និងប្រាប់មនុស្សខ្វាក់ថា គេនឹងមើលឃើញវិញ និងរំដោះអស់អ្នកដែលត្រូវគេសង្កត់សង្កិន
19ព្រមទាំងប្រកាសអំពីឆ្នាំដែលព្រះអម្ចាស់សម្តែងព្រះហឫទ័យមេត្តាករុណា»។
20រួចព្រះអង្គបិទគម្ពីរ និងប្រគល់ទៅអ្នកថែរក្សាវិញ ហើយព្រះអង្គក៏គង់ចុះ។ មនុស្សគ្រប់គ្នានៅក្នុងសាលាប្រជុំ សម្លឹងមើលព្រះអង្គ។
21ព្រះអង្គមាន ព្រះបន្ទូលទៅពួកគេថា៖ «ថ្ងៃនេះ អត្ថបទគម្ពីរនេះបានសម្រេចជារូបរាង ដូចអ្នករាល់គ្នាបានស្តាប់»។
22គ្រប់គ្នាស្ងើចសរសើរព្រះអង្គ ហើយគ្រប់គ្នានឹកឆ្ងល់អំពីព្រះបន្ទូលប្រកបដោយព្រះហឫទ័យប្រណីសន្ដោស ដែលហូរចេញពីព្រះឱស្ឋរបស់ព្រះអង្គមក ហើយពួកគេពោលថា៖ «អ្នកនេះមិនមែនជាកូនរបស់លោកយ៉ូសែបទេឬ?»។
23ព្រះអង្គមានព្រះបន្ទូលទៅពួកគេថា៖ «ប្រាកដណាស់អ្នករាល់គ្នានឹងយកសុភាសិតមកប្រាប់ខ្ញុំថា គ្រូពេទ្យអើយ ចូរមើលជំងឺរបស់ខ្លួនឲ្យជាសិនទៅ។ អ្វីៗដែលអ្នករាល់គ្នាបានឮនៅក្រុងកាពើណិម ចូរប្រព្រឹត្តដូចគ្នានៅស្រុកកំណើតរបស់អ្នកផងចុះ»។
24ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ខ្ញុំសុំប្រាប់អ្នករាល់គ្នាឲ្យដឹងច្បាស់ថា ពុំមានព្យាការីណាម្នាក់ត្រូវគេគោរព នៅក្នុងស្រុកកំណើតខ្លួនឡើយ។
25ខ្ញុំសុំបញ្ជាក់ថា មានស្រ្តីមេម៉ាយជាច្រើននៅក្នុងប្រទេសអ៊ីស្រាអែល នៅជំនាន់លោកអេលីយ៉ា មេឃរាំងអស់រយៈពេលបីឆ្នាំប្រាំមួយខែ បណ្ដាលឲ្យមានទុរ្ភិក្សយ៉ាងខ្លាំងពេញទាំងស្រុក។
26ក៏ប៉ុន្តែ ព្រះជាម្ចាស់ពុំបានចាត់ព្យាការីអេលីយ៉ា ឲ្យទៅជួយស្ត្រីមេម៉ាយទាំងឡាយ ប៉ុន្តែចាត់ឲ្យទៅជួយស្ត្រីមេម៉ាយម្នាក់ ដែលរស់នៅភូមិសារិបតា ក្នុងក្រុងស៊ីដូនតែប៉ុណ្ណោះ។
27មានមនុស្សឃ្លង់ជាច្រើននៅជំនាន់ព្យាការីអេលីសេ ក្នុងស្រុកអ៊ីស្រាអែល ប៉ុន្តែ គ្មានអ្នកណាម្នាក់បានជាសោះឡើយ គឺមានតែលោកណាម៉ាន់ជាជនជាតិស៊ីរីម្នាក់ប៉ុណ្ណោះ»។
28មនុស្សទាំងអស់នៅសាលាប្រជុំខឹងព្រះយេស៊ូ ពេលបានឮព្រះបន្ទូលទាំងនេះ។
29គេក្រោកឡើងចាប់ទាញព្រះយេស៊ូ នាំឆ្ពោះទៅមាត់ជ្រោះចេញពីភូមិដែលសង់លើកំពូលភ្នំ ពួកគេបម្រុងនឹងច្រានព្រះអង្គទម្លាក់ទៅក្រោម។
30ប៉ុន្តែ ព្រះអង្គយាងចេញពីកណ្ដាលចំណោមពួកគេ រួចយាងទៅកន្លែងមួយផ្សេងទៀត។
31បន្ទាប់មកព្រះអង្គយាងទៅក្រុងកាពើណិម ក្នុងស្រុកកាលីឡេ រួចព្រះអង្គចាប់ផ្តើមបង្រៀនបណ្ដាជននៅថ្ងៃសប្ប័ទ។
32ពួកគេគ្រប់គ្នាងឿងឆ្ងល់យ៉ាងខ្លាំងអំពីរបៀបព្រះអង្គបង្រៀនពួកគេ ព្រោះព្រះអង្គមានព្រះបន្ទូលដ៏មានអំណាច។
33នៅក្នុងសាលាប្រជុំមានបុរសម្នាក់ ដែលវិញ្ញាណអារក្សនៅក្នុងខ្លួន ស្រែកឡើងខ្លាំងៗថា៖
34«តើព្រះអង្គចង់ធ្វើអ្វីយើង ព្រះយេស៊ូពីស្រុកណាសារ៉ែតអើយ? តើព្រះអង្គចង់មកបំផ្លាញយើង? ខ្ញុំស្គាល់ព្រះអង្គហើយ គឺព្រះដ៏វិសុទ្ធ ដែលមកពីព្រះជាម្ចាស់!»។
35ព្រះយេស៊ូគំរាមវិញ្ញាណអារក្សថា៖ «នៅឲ្យស្ងៀម ចេញពីអ្នកនេះទៅ!»។ ពេលអារក្សផ្ដួលបុរសនោះ នៅកណ្ដាលចំណោមបណ្ដាជនរួចហើយ វាក៏ចេញចេញពីបុរសនោះទៅ គ្មានធ្វើអ្វីឲ្យគាត់ឈឺចាប់ឡើយ។
36មនុស្សទាំងអស់នៅទីនោះភ័យស្រឡាំងកាំង ហើយនិយាយគ្នាទៅវិញទៅមក។ ពួកគេនិយាយថា៖ «ចុះពាក្យសម្តីលោកនេះខ្លាំងពូកែម៉េ្លះ? លោកមានអំណាច និងឫទ្ធានុភាពអាចបញ្ជាទៅវិញ្ញាណអាក្រក់ឲ្យវាចេញ ហើយវាក៏ធ្វើតាម»។
37ដូច្នេះ បន្ទាប់មកដំណឹងអំពីព្រះយេស៊ូចាប់ផ្តើមល្បីពាសចេញស្រុកជុំវិញនោះ។
38ព្រះយេស៊ូយាងចេញពីសាលាប្រជុំ ទៅផ្ទះលោកស៊ីម៉ូន ពេលនោះ ស្រាប់តែម្ដាយក្មេករបស់លោកស៊ីម៉ូនគ្រុនយ៉ាងខ្លាំង គេទូលសូមព្រះអង្គមេត្តាប្រោសគាត់ឲ្យបានជា។
39ព្រះយេស៊ូឲ្យទៅលើអ្នកជំងឺ ព្រះអង្គគំរាមជំងឺគ្រុន ជំងឺគ្រុនក៏ចេញបាត់ទៅ ហើយម្ដាយក្មេករបស់លោកស៊ីម៉ូនក៏បានជា។ រំពេចនោះ គាត់ក្រោកឡើងចាប់ផ្តើមបម្រើភ្ញៀវ។
40នៅពេលថ្ងៃលិច អ្នកស្រុកនាំបងប្អូនដែលមានជំងឺផ្សេងៗមករកព្រះយេស៊ូ។ ព្រះអង្គដាក់ព្រះហស្ដលើអ្នកទាំងនោះ ហើយប្រោសគេឲ្យបានជា។
41មានអារក្សជាច្រើនចេញពីមនុស្សទាំងនោះស្រែកថា៖ «ព្រះអង្គជាព្រះបុត្រារបស់ព្រះជាម្ចាស់!» ព្រះយេស៊ូគំរាមអារក្សទាំងនោះ មិនឲ្យនិយាយជាដាច់ខាតថា ពួកគេបានស្គាល់ព្រះអង្គថា ជាព្រះគ្រិស្ដ។
42ពេលព្រលឹមឡើង ព្រះអង្គយាងចេញពីក្រុងទៅកន្លែងស្ងាត់។ បណ្ដាជននាំគ្នាដើររកព្រះអង្គ នៅកន្លែងទ្រង់គង់នៅ។ ពួកគេឃាត់ព្រះអង្គឲ្យនៅជាមួយ មិនចង់ចេញចោលគេឡើយ។
43ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំត្រូវប្រកាសដំណឹងល្អអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ ទៅក្រុងឯទៀត ព្រោះហេតុនេះបានជាព្រះអង្គបានចាត់ខ្ញុំមកបំពេញការនេះឯង»។
44បន្ទាប់មក ព្រះយេស៊ូបន្តប្រកាសដំណឹងល្អ តាមសាលាប្រជុំនានា ក្នុងស្រុកកាលីឡេ។