ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

លូកា 3

Read Scripture freely. Divine Threads study for this chapter is coming later.

1នៅ​ឆ្នាំ​ទី​ដប់​ប្រាំ នៃ​រាជ្យ​ព្រះចៅ​អធិរាជ​រ៉ូម ព្រះនាម​ទីប៊ើរ លោក​ប៉ុនទាស-ពីឡាត​ធ្វើ​ជា​ទេសាភិបាល​នៅ​ស្រុក​យូដា ព្រះបាទ​ហេរ៉ូដ​ជា​ស្ដេច​អនុរាជ​គ្រប់គ្រង​ស្រុក​កាលីឡេ ព្រះបាទ​ភីលីព​អនុជ​របស់​ព្រះបាទ​ហេរ៉ូដ​ ជា​ស្ដេច​អនុរាជ​គ្រប់គ្រង​តំបន់​អ៊ីទូរេ និង​តំបន់​ត្រាខូនីត ព្រះបាទ​លីសានាស​ជា​ស្ដេច​អនុរាជ​គ្រប់គ្រង​ស្រុក​អាប៊ីឡែន
2លោក​អាណ និង​លោក​កៃផាស​ធ្វើ​ជា​មហា​បូជាចារ្យ។ ព្រះជាម្ចាស់ មាន​ព្រះបន្ទូល​មក​កាន់​លោក​យ៉ូហាន ជា​កូន​របស់​លោក​សាការី នៅ​ក្នុង​ទីរហោស្ថាន។
3លោកបាន​ធ្វើ​ដំណើរទៅ​គ្រប់​ទី​កន្លែង ក្នុង​តំបន់​ទន្លេ​យ័រដាន់ ហើយ​ប្រកាស​ពីពិធី​ជ្រមុជ​ទឹក សម្តែងពីការប្រែចិត្ត និងទទួលការលើកលែង​ទោសឲ្យ​រួច​ពី​បាប។
4ដ្បិតនៅក្នុង​កណ្ឌគម្ពីរ​ព្យាការី​អេសាយមានចែងទុកមក​ថា៖ «មាន​សំឡេង​បុរស​ម្នាក់​ស្រែក​ឡើងនៅ​ទី​រហោស្ថាន​ថា ចូរ​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះអម្ចាស់ ចូរ​តម្រង់​ផ្លូវ​ថ្វាយ​ព្រះអង្គចុះ។
5ត្រូវ​បំពេញ​ជ្រលង​ភ្នំ​ទាំង​អស់​ឲ្យ​រាប​ស្មើ និង​ពង្រាប​ភ្នំ​តូច​ធំ​ទាំង​ប៉ុន្មាន​ទាប ត្រូវ​តម្រង់​ផ្លូវ​កោង​ឲ្យ​ត្រង់ ព្រម​ទាំង​លុប​ផ្លូវ​រដិបរដុបឲ្យ​រាប​ស្មើផង​ដែរ
6នោះ​មនុស្សលោក​ទាំង​អស់​នឹង​ឃើញ​ការ​សង្គ្រោះរបស់​ព្រះជាម្ចាស់»។
7ដូច្នេះ លោក​យ៉ូហាន​មានប្រសាសន៍ទៅកាន់​មហាជន ដែល​មក​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក​ថា៖ «ពូជ​ពស់​វែក​អើយ! តើ​នរណា​ព្រមាន​អ្នក​រាល់​គ្នា ឲ្យ​រត់​គេច​ពី​ព្រះពិរោធ​របស់​ព្រះជាម្ចាស់​ ដែល​ជិត​មក​ដល់​ដូច្នេះ?។
8ដូច្នេះ ចូរបង្កើតផលផ្លែឲ្យស័ក្តិសមនឹងការប្រែចិត្តរបស់អ្នក​រាល់​គ្នា​ចុះ ហើយកុំ​អាង​​ថាខ្លួន មាន​លោក​អប្រាហាំ​ជា​បុព្វបុរស​នោះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះជាម្ចាស់​ក៏​អាច​ធ្វើ​​ឲ្យថ្ម​ទាំង​នេះ ក្លាយជាកូនចៅលោកអប្រាហាំ​បាន​ដែរ។
9ពូថៅ​ត្រៀមនៅក្បែរ​គល់​ឈើ​ជា​ស្រេច​ហើយ។ ដើម​ឈើ​ណា​មិន​ផ្ដល់​ផ្លែ​ល្អ​ទេ ត្រូវ​កាប់​រំលំ​ចោល រួចបោះចូល​ក្នុង​ភ្លើង»។
10រួចមក មហាជន​សួរ​លោក​យ៉ូហាន​ថា៖ «តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ?»។
11លោក​​តប​ទៅ​ពួក​គេ​វិញ​ថា៖ «ប្រសិនបើអ្នក​ណា​មាន​អាវ​ពីរ ត្រូវ​ចែក​មួយឲ្យ​អ្នក​ដែល​គ្មាន ហើយ​បើអ្នក​មាន​ចំណី​អាហារ ក៏​ត្រូវ​ចែក​ឲ្យ​អ្នកដែល​គ្មាន​ផង»។
12មាន​អ្នក​ទារ​ពន្ធ​ខ្លះ​ក៏បានមក​ទទួល​ពិធី​ជ្រមុជ​ទឹកដែរ ហើយ​ពួកគេសួរ​លោក​ថា៖ «លោក​គ្រូ​អើយ! តើ​យើង​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ខ្លះ?»។
13លោក​ឆ្លើយ​វិញ​ថា៖ «កុំ​ទារ​ពន្ធ​ហួស​ពី​កំណត់ ដែល​មាន​ចែង​ទុក​ក្នុងច្បាប់នោះ​ឡើយ»។
14មាន​ទាហានខ្លះក៏​មក​សួរ​លោក​ថា៖ «ចុះ​យើង​ខ្ញុំ​វិញ? តើយើងត្រូវ​ធ្វើ​អ្វី​ខ្លះដែរ?»។ លោក​ឆ្លើយ​ថា៖ «កុំ​យក​ប្រាក់​ពី​អ្នក​ណា​ដោយសង្កត់សង្កិតឲ្យ​សោះ​ កុំចោទប្រកាន់អ្នកណាដោយបំពាន។ ត្រូវចេះ​ស្កប់​ចិត្ត​​នឹង​ប្រាក់​ខែ​របស់​អ្នក​រាល់​គ្នា»។
15ឥឡូវនេះ ប្រជាជន​នៅ​តែ​រង់ចាំដោយអន្ទះសារ ដោយរំពឹងថា​ព្រះគ្រិស្តនឹងយាងមក ហើយគ្រប់គ្នាងឿងឆ្ងល់ក្នុងចិត្តទាក់ទងនឹងលោកយ៉ូហាន ថាតើលោកជាព្រះគ្រិស្តដែលត្រូវយាងមកឬយ៉ាងណា។
16លោក​យ៉ូហាន​មាន​ប្រសាសន៍​ប្រាប់​គេ​ទាំង​អស់​គ្នា​ថា៖ «ចំពោះខ្ញុំ​ ខ្ញុំធ្វើ​ពិធី​ជ្រមុជនេះឲ្យ​អ្នក​រាល់​គ្នា​ក្នុង​ទឹក ប៉ុន្តែ លោក​ដែល​មាន​កម្លាំង​ខ្លាំង​ជាង​ខ្ញុំ លោកជិត​មក​ដល់​ហើយ។ ខ្ញុំ​មាន​ឋានៈ​ទាប​ណាស់ សូម្បី​តែ​ស្រាយ​ខ្សែ​ស្បែក​ជើង​ជូន​លោក ក៏​មិន​សម​នឹង​ឋានៈ​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ផង លោក​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យអ្នក​រាល់​គ្នា ​ក្នុង​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ និង​ដោយ​ភ្លើង​វិញ។
17លោក​កាន់​ចង្អេរ លោក​សម្អាត​លាន​បោក​ស្រូវ ដើម្បី​អុំ​ស្រូវ យក​គ្រាប់​ល្អ​ប្រមូល​ដាក់ក្នុង​ជង្រុក។ លោកនឹងដុតអង្កាមក្នុង​ក្នុង​ភ្លើង ដែល​ឆេះ​ពុំ​ចេះ​រលត់​ឡើយ»។
18ដោយមានពាក្យដាស់តឿនផងដែរ​ នោះលោក​យ៉ូហាន​ប្រកាស​ដំណឹងល្អប្រាប់​ប្រជាជន។
19លោកយ៉ូហានបានស្តីបន្ទោសព្រះបាទ​ហេរ៉ូដ​ ជា​ស្ដេច​អនុរាជយកនាង​ព្រះនាង​ហេរ៉ូឌាស ដែល​ត្រូវ​ជា​មហេសី​របស់​អនុជ​ព្រះអង្គ​ មក​ធ្វើ​ជា​មហេសី​របស់​ព្រះអង្គ​ផ្ទាល់ និងមាន​អំពើ​អាក្រក់​ជា​ច្រើន​ ដែលព្រះបាទហេរ៉ូដបានប្រព្រឹត្ត។
20ហើយព្រះអង្គ​បាន​ធ្វើ​អំពើ​អាក្រក់​មួយ​ទៀត គឺ​ចាប់​លោក​យ៉ូហាន​ទៅ​ដាក់​ក្នុង​មន្ទីរ​ឃុំឃាំង។
21ឥឡូវនេះ ពេល​ប្រជាជន​ទាំង​អស់​ទទួល​ពិធី​ជ្រមុជ​ទឹក​រួច​ហើយ ព្រះយេស៊ូ​ក៏​ទទួល​ពិធី​ជ្រមុជ​ទឹក​ដែរ។ នៅ​ពេល​ព្រះអង្គ​កំពុង​អធិស្ឋាន ស្រាប់​តែ​ផ្ទៃ​មេឃ​បើក​ចំហ
22ហើយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធយាង​ចុះ​មក មាន​រូប​រាង​ដូច​សត្វ​ព្រាប សណ្ឋិត​លើ​ព្រះអង្គ រួចមាន​ឮ​ព្រះសូរសៀង​ពី​លើ​មេឃ​មក​ថា៖ «ព្រះអង្គ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​គាប់​ចិត្ត​នឹង​ព្រះអង្គ​ណាស់»​។
23ពេល​ព្រះយេស៊ូ​ចាប់​ផ្ដើម​ព័ន្ធកិច្ច ព្រះអង្គ​មាន​ព្រះជន្មាយុ​ប្រមាណ​សាមសិប​ព្រះវស្សា។ ​គេសន្មត់ថា ព្រះអង្គ​ជា​កូន​របស់​លោក​យ៉ូសែប ដែល​ត្រូវ​ជា​កូន​លោក​ហេលី
24លោក​ហេលី​ជា​កូន​លោក​ម៉ាត់ថាត់ លោក​ម៉ាត់ថាត់​ជា​កូន​លោក​លេវី លោក​លេវី​ជា​កូនលោក​ម៉ិលគី លោក​ម៉ិលគី​ជាកូន​លោក​យ៉ាណាយ លោក​យ៉ាណាយ​ជា​កូន​លោក​យ៉ូសែប។
25លោក​យ៉ូសែប​ជា​កូន​លោក​ម៉ាតាធាស លោក​ម៉ាតាធាស​ជា​កូនលោក​ហាម៉ូស លោក​ហាម៉ូស​ជា​កូន​លោក​ណាអ៊ូម លោក​ណាអ៊ូម​ជា​កូន​លោក​អែសលី លោក​អែសលី​ជា​កូន​លោក​ណាកាយ
26លោក​ណាកាយ​ជា​កូន​លោក​ម៉ាអាត លោក​ម៉ាអាត​ជា​កូន​លោក​ម៉ាតាធាល លោក​ម៉ាតាធាល​ជា​កូន​លោក​សេម៉ី លោក​សេម៉ី​ជា​កូន​លោក​យ៉ូសែប លោក​យ៉ូសែប​ជា​កូន​លោក​យូដា។
27លោក​យូដា​ជា​កូនលោក​យ៉ូអាណាន់ លោក​យ៉ូអាណាន់​ជា​កូន​លោក​រេសា លោក​រេសា​ជា​កូន​លោក​សូរ៉ូបាបិល លោក​សូរ៉ូបាបិល​ជា​កូន​លោក​សាលធាល លោក​សាលធាល​ជា​កូន​លោក​នេរី
28លោក​នេរី​ជា​កូន​លោក​ម៉ិលគី លោក​ម៉ិលគី​ជា​កូន​លោក​អ័តឌី លោក​អ័តឌី​ជា​កូន​លោក​កូសាម លោក​កូសាម​ជា​កូន​លោក​អែលម៉ូដាម លោក​អែលម៉ូដាម​ជា​កូន​លោក​អ៊ើរ
29លោក​អ៊ើរ​ជា​កូន​លោក​យ៉ូស្វេ លោក​យ៉ូស្វេ​ជា​កូន​លោក​អេលាស៊ើរ លោក​អេលាស៊ើរ​ជា​កូន​លោក​យ៉ូរីម លោក​យ៉ូរីម​ជា​កូន​លោក​ម៉ាត់ថាត់ លោក​ម៉ាត់ ថាត់​ជា​កូន​លោក​លេវី។
30លោក​លេវី​ជាកូន​លោក​ស៊ីម្មាន លោក​ស៊ីម្មាន​ជា​កូន​លោក​យូដា លោក​យូដា​ជា​កូន​លោក​យ៉ូសែប លោក​យ៉ូសែប​ជា​កូន​លោក​យ៉ូណាន លោក​យ៉ូណាន​ជា​កូនលោក​អេលាគីម
31លោក​អេលាគីម​ជា​កូនលោក​មេលាស លោក​មេលាស​ជា​កូន​លោក​ម៉ៃណាន លោក​ម៉ៃណាន​ជា​កូន​លោក​ម៉ាតាថា លោក​ម៉ាតាថា​ជា​កូន​លោក​ណាថាន់ លោក​ណាថាន់​ជា​បុត្រ​ស្ដេច​ដាវីឌ
32ស្ដេច​ដាវីឌ​ជា​កូន​លោក​អ៊ីសាយ លោក​អ៊ីសាយ​ជា​កូន​លោក​អូបេដ លោក​អូបេដ​ជា​កូន​លោក​បូអូស លោក​បូអូស​ជា​កូន​លោក​សាលម៉ូន លោក​សាលម៉ូន​ជា​កូន​លោក​ណាសូន។
33លោក​ណាសូន​ជាកូន​លោក​អមីណាដាប់ លោក​អមីណាដាប់​ជា​កូន​លោក​អើរ៉ាម លោក​អើរ៉ាម​ជា​កូន​លោក​អ័រនី លោក​អ័រនី​ជា​កូន​លោក​អែសរ៉ូម លោក​អែសរ៉ូម​ជា​កូន​លោក​ពេរេស លោក​ពេរេស​ជា​កូន​លោក​យូដា
34លោក​យូដា​ជា​កូន​លោក​យ៉ាកុប លោក​យ៉ាកុប​ជា​កូន​លោក​អ៊ីសាក លោក​អ៊ីសាក​ជា​កូន​លោក​អប្រាហាំ លោក​អប្រាហាំ​ជា​កូន​លោក​ថេរ៉ា លោក​ថេរ៉ា​ជា​កូន​លោក​ណាឃរ
35លោក​ណាឃរ​ជា​កូនលោក​សេរូក លោក​សេរូក​ជា​កូន​លោក​រេហ៊ូវ លោក​រេហ៊ូវ​ជា​កូន​លោក​ផាលេក លោក​ផាលេក​ជា​កូន​លោក​ហេប៊ើរ លោក​ហេប៊ើរ​ជា​កូន​លោក​សេឡា។
36លោក​សេឡា​ជា​កូន​លោក​កៃណាន លោក​កៃណាន​ជាកូន​លោក​អើប៉ាកសាដ លោក​អើប៉ាកសាដ​ជាកូន​លោក​សិម លោក​សិម​ជាកូន​លោក​ណូអេ លោក​ណូអេ​ជា​កូន​លោក​ឡាម៉េក
37លោក​ឡាម៉េក​ជា​កូន​លោក​មធូសាឡា លោក​មធូសាឡា​ជា​កូន​លោក​ហេណុក លោក​ហេណុក​ជា​កូន​លោក​យ៉ារ៉េឌ លោក​យ៉ារ៉េឌ​ជា​កូនលោក​ម៉ាលេលាល លោក​ម៉ាលេលាល​ជាកូន​លោក​កៃណាន
38លោក​កៃណាន​ជាកូន​លោក​អេណុស លោក​អេណុស​ជា​កូន​លោក​សេថ លោក​សេថ​ជា​កូន​លោក​អដាំ ហើយ​លោក​អដាំ​ជា​បុត្រ​ព្រះជាម្ចាស់។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។