ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

លូកា 2

Read Scripture freely. Divine Threads study for this chapter is coming later.

1នៅ​គ្រា​នោះ ព្រះចៅ​អធិរាជ​រ៉ូម ព្រះនាម​អូគូស្ដ មាន​ព្រះរាជ​បញ្ជា​ឲ្យ​ជំរឿន​ចំនួន​ប្រជាជន​រស់នៅក្នុង​ចក្រភព​រ៉ូម៉ាំង​ទាំង​មូល​។
2ការ​ជំរឿន​ប្រជាជន​លើក​ដំបូង​នេះ បាន​ធ្វើ​ឡើង​អំឡុង​ពេល​​លោក​គីរេនាស ធ្វើ​ជា​ទេសាភិបាល​នៅ​ស្រុក​ស៊ីរី។
3ដូច្នេះ អ្នក​ស្រុក​ទាំង​អស់​ក៏ចេញ​ទៅ​ចុះ​ឈ្មោះ​ក្នុង​បញ្ជីជំរឿន។
4លោកយ៉ូសែបក៏ចេញពីភូមិណាសារ៉ែតក្នុងស្រុកកាលីឡេ ឆ្ពោះទៅភូមិបេថ្លេហិមក្នុងស្រុកយូដា ដែលជាក្រុងកំណើតរបស់ព្រះបាទដាវីឌផងដែរ ព្រោះលោកជាញ្ញាតិវង្សរបស់ព្រះបាទដាវីឌ។
5លោកបានធ្វើដំណើរទៅទីនោះជាមួយនាងម៉ារី ដែលជាគូដណ្តឹងកំពុងតែមានផ្ទៃពោះ។
6ខណៈពេលពួកគេកំពុងតែនៅទីនោះនៅឡើយ ដល់ពេលនាងត្រូវគ្រប់ខែសម្រាលបុត្រ។
7នាងសម្រាលបានបុត្រាមួយ ដែលជាបុត្រច្បង រួចនាងបានរុំបុត្រនោះនឹងក្រណាត់ ហើយផ្តេកក្នុងស្នូកសត្វ ព្រោះគ្មានបន្ទប់ទំនេរនៅសល់សម្រាប់ពួកគេឡើយ។
8នៅតំបន់នោះ ​មាន​ពួក​គង្វាល​នៅ​មើល​ហ្វូង​សត្វ​របស់​គេ​តាម​វាល​ស្មៅ នាពេលយប់។
9ពេលនោះស្រាប់តែមានទេវតា​របស់​ព្រះអម្ចាស់​ លេចមកក្បែរ​ពួក​គេ ហើយសិរីរុងរឿង​របស់​ព្រះអម្ចាស់​​ភ្លឺ​ចិញ្ចែងចិញ្ចាច​នៅ​ជុំវិញ​គេ ធ្វើឲ្យពួកគេ​ភ័យ​ខ្លាច​ជា​ខ្លាំង។
10រួចមកទេវតា​ពោល​ទៅ​គេ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ! ព្រោះខ្ញុំ​នាំ​ដំណឹងល្អ​មួយ ​មក​ប្រាប់​អ្នក​រាល់​គ្នា ហើយដំណឹង​នេះ​នាំ​ប្រជារាស្ត្រ​ទាំង​មូល មាន​អំណរ​​លើសលប់។
11យប់​នេះ ព្រះសង្គ្រោះបានប្រសូត​នៅភូមិកំណើតរបស់ព្រះបាទដាវីឌ! គឺ​ព្រះគ្រិស្ដ​ជាព្រះ​អម្ចាស់។
12នេះ​ជា​សញ្ញា​សម្គាល់មួយប្រាប់អ្នករាល់គ្នាឲ្យដឹង គឺ​អ្នក​រាល់​គ្នានឹង​ឃើញ​ទារក​មួយរុំ​ដោយ​សំពត់ រួចផ្ដេក​នៅ​ក្នុង​ស្នូក​សត្វ»។​
13ភ្លាម​នោះ ស្រាប់តែមាន​ទេវតា​ច្រើន​កុះករ ជាពលទេវតាចុះ​ពី​ស្ថាន​បរមសុខមកច្រៀង​សរសើរ​ព្រះជាម្ចាស់​ថា៖
14«សូម​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សូមឲ្យ​សេចក្ដី​សុខសាន្តរបស់ព្រះអង្គ ស្ថិតនៅក្នុងចំណោមមនុស្សលោកដ៏ជាទីស្រឡាញ់របស់ព្រះអង្គ នៅ​លើ​ផែនដីនេះ»។
15ក្រោយពួក​ទេវតា​ត្រឡប់​ទៅ​ស្ថាន​បរមសុខ​វិញអស់​ទៅ ពួកគង្វាលហ្វូងសត្វនិយាយគ្នាទៅវិញទៅមកថា៖ «តោះ! យើង​នាំ​គ្នា​ទៅ​បេថ្លេហិម ទៅមើលហេតុការណ៍​នេះ តើកើតមានដូច​ព្រះអម្ចាស់បានសម្តែងប្រាប់យើងឬអត់»។
16ពួក​គេ​​ធ្វើ​ដំណើរ​ទៅយ៉ាងប្រញាប់ ស្រាប់តែឃើញ​នាង​ម៉ារី និង​លោក​យ៉ូសែប ព្រម​ទាំង​ព្រះឱរស​ផ្ទំក្នុង​ស្នូក​សត្វមែន។
17ក្រោយពេល​ពួក​គង្វាល​ឃើញ​ព្រះឱរសរួច​ហើយ ពួកគេជឿនូវ​សេចក្ដី​ដែល​ទេវតា​បាន​ប្រាប់ពួកគេ ​អំពី​ព្រះឱរស​នេះកាលនៅទីវាល។
18អស់​អ្នក​ដែល​បាន​ឮ​ពួក​គង្វាល​និយាយរៀបរាប់ មានការងឿង​ឆ្ងល់​យ៉ាង​ខ្លាំង។
19ប៉ុន្តែ​ នាង​ម៉ារី​វិញ នាង​នឹកគិតអំពីហេតុការណ៍​ទាំង​នេះ​ទុក​ក្នុង​ចិត្តនាង។
20ពួកគង្វាលក៏ត្រឡប់ទៅវិញ លើកតម្កើងសិរីរុងរឿង និងសរសើរតម្កើងព្រះជាម្ចាស់ ចំពោះហេតុការណ៍ដែលពួកគេបានឮ និងឃើញ ស្របតាមសេចក្តីដែលពួកទេវតាបានប្រាប់ពួកគេមែន។
21ក្រោយថ្ងៃទីប្រាំ​បី​ ដល់​ពេល​កំណត់ត្រូវ​ធ្វើ​ពិធី​កាត់​ស្បែក​ថ្វាយ​ព្រះឱរស គេ​ថ្វាយ​ព្រះនាម​ថា «យេស៊ូ» ជា​ព្រះនាម​ដែល​ទេវតា​បាន​ប្រាប់​នាង​ម៉ារី មុន​ពេលនាង​មាន​ផ្ទៃ​ពោះ។
22លុះ​ដល់​ពេល​កំណត់​ដែល​លោក​យ៉ូសែប និង​នាង​ម៉ារី​ត្រូវ​ធ្វើ​ពិធី​ជម្រះ​កាយ ឲ្យ​បាន​វិសុទ្ធតាមក្រឹត្យ​វិន័យរបស់​លោក​ម៉ូសេរួចហើយ អ្នក​ទាំង​ពីរ​ក៏​នាំ​ព្រះឱរស​ទៅក្រុងយេរូសាឡិម ដើម្បី​ថ្វាយ​ព្រះអម្ចាស់។
23ដ្បិត​​ ក្រឹត្យវិន័យ​របស់​ព្រះអម្ចាស់​មាន​ចែង​ទុក​មក​ថា៖ «កូន​ប្រុស​ច្បង​គ្រប់រូប ត្រូវ​ទុក​ជា​ចំណែក​ថ្វាយ​ព្រះអម្ចាស់»។
24ដូច្នេះ អ្នក​ទាំង​ពីរ​ថ្វាយ​យញ្ញបូជា ស្រប​តាម​ក្រឹត្យវិន័យ​របស់​ព្រះអម្ចាស់ គឺតម្រូវឲ្យ​ថ្វាយ «លលក​មួយ​គូ ឬ​ព្រាប​ជំទើពីរ»​។
25មើល! មានបុរសម្នាក់នៅ​ក្រុង​យេរូសាឡិម ឈ្មោះ​ស៊ីម្មាន​ជា​មនុស្ស​សុចរិត ហើយគាត់​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់។ លោករង់ចាំព្រះអង្គ​យាង​មក​សម្រាលទុក្ខប្រជារាស្រ្ត​អ៊ីស្រាអែល ហើយព្រះវិញ្ញាណ​ដ៏វិសុទ្ធ​សណ្ឋិត​លើ​គាត់។
26ព្រះវិញ្ញាណដ៏វិសុទ្ធបើកសម្តែងប្រាប់គាត់ថា គាត់នឹងមិនទាន់​ស្លាប់ទេ ដរាបណាមិនទាន់បាន​ឃើញ​ព្រះគ្រិស្ដយាងមក។
27ព្រះវិញ្ញាណ​នាំ​លោក​ស៊ីម្មាន​ចូល​ក្នុង​ព្រះវិហារ។ ពេលនោះ​មាតាបិតា​នាំ​ព្រះឱរស​យេស៊ូ​មក​ថ្វាយ​ព្រះជាម្ចាស់ ស្របតាម​ក្រឹត្យវិន័យមានចែងទុកស្រាប់។
28លោក​ស៊ីម្មាន​ក៏​យក​ព្រះឱរស​មក​បី រួច​សរសើរ​តម្កើង​ព្រះជាម្ចាស់ ដោយទូល​ថា៖
29«ឥឡូវ​នេះ សូមឲ្យអ្នកបម្រើ​ព្រះអង្គលា​ចាក​លោក​នេះ​ទៅដោយ​សុខសាន្ត ស្របតាមព្រះបន្ទូល​សន្យា​របស់ព្រះអង្គ។
30ដ្បិត​ភ្នែក​ទូលបង្គំ​បាន​ឃើញ​ការ​សង្គ្រោះរបស់ព្រះអង្គ
31ដែលបាន​​ប្រទាន​មកឲ្យប្រជាជាតិ​ទាំង​អស់ហើយ។
32​គឺជាពន្លឺ​នៃការបើកសម្តែងចំពោះសាសន៍ដទៃ និងសិរីរុងរឿងចំពោះ​សាសន៍អ៊ីស្រាអែលជា​ប្រជារាស្ត្រ​ព្រះអង្គ»។
33មាតាបិតា​របស់​ព្រះយេស៊ូ​ងឿងឆ្ងល់​នឹង​សេចក្ដី ​ដែល​លោក​ស៊ីម្មាន​មានប្រសាសន៍អំពី​ព្រះឱរស​។
34លោក​ស៊ីម្មាន​ឲ្យពរ​អ្នក​ទាំង​ពីរ ហើយ​និយាយ​ទៅ​កាន់​នាង​ម៉ារីជាមាតា​ថា៖ «មើល ព្រះជាម្ចាស់បានតែងតាំងព្រះ​បុត្រា​នេះ ដើម្បី​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ច្រើន​នាក់​ដួលចុះ និង​ងើប​ឡើង​វិញ ដ្បិតគេប្រឆាំងនឹងទីសម្គាល់​មួយនេះ
35គឺថា​មាន​ដាវ​មួយ​មក​ចាក់​ទម្លុះ​ដួង​ចិត្ត​របស់​នាង ដូច្នេះ បុត្រានេះនឹងបើកសម្តែងគំនិតលាក់កំបាំងនៅក្នុងដួងចិត្តរបស់មនុស្សជាច្រើន»។
36មាន​ព្យាការិនី​ម្នាក់​ឈ្មោះអាណក៏នៅទីនោះដែរ។ នាងជា​កូន​របស់​លោក​ផាញូអែល ក្នុង​កុលសម្ព័ន្ធ​អេស៊ើរ។ គាត់មានវ័យចំណាស់ទៅហើយ។ គាត់រួមរស់ជាមួួយប្តីបាន​ប្រាំពីរ​ឆ្នាំ
37ហើយគាត់ជាស្រ្តីម៉េម៉ាយអាយុ​ប៉ែតសិប​បួន​ឆ្នាំហើយ។ គាត់​មិន​ទៅ​ណា​ឆ្ងាយ​ពី​ព្រះវិហារ​ទេ គឺនៅ​គោរព​បម្រើ​ព្រះអង្គ​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​តម​អាហារ និង​អធិស្ឋាន​ផងដែរ។
38នៅពេល​នោះ លោក​ស្រី​អាណ​ក៏​នៅ​ទី​នោះ​ដែរ គាត់​សរសើរ​តម្កើង​ព្រះជាម្ចាស់ រួច​តំណាល​អំពី​ព្រះឱរស​នោះ ប្រាប់​គ្រប់គ្នាដែល​ទន្ទឹង​រង់ចាំ​ព្រះជាម្ចាស់ ​យាង​មកប្រោស​លោះ​ក្រុង​យេរូសាឡិម។
39កាលពួកគេបាន​បំពេញ​កិច្ចការ​ទាំង​អស់ ស្រប​តាម​ក្រឹត្យវិន័យរបស់​ព្រះអម្ចាស់​សព្វ​គ្រប់រួច​ហើយ ពួកគេក៏នាំគ្នាវិល​ត្រឡប់​ភូមិណាសារ៉ែត ​ក្នុង​ស្រុក​កាលីឡេ​វិញ។
40ព្រះកុមារ​​ចម្រើនវ័យជា​លំដាប់ មានទាំង​កម្លាំង​មាំមួន និង​ពោរពេញ​ទៅ​ដោយ​ព្រះប្រាជ្ញា​ញាណ។ ព្រះគុណព្រះជាម្ចាស់ស្ថិតនៅលើ​ព្រះកុមារ​នេះ។
41មាតាបិតារបស់ព្រះយេស៊ូចូលរួមបុណ្យ​រំលងរៀងរាល់ឆ្នាំ នៅ​ក្រុង​យេរូសាឡិម។
42កាល​ព្រះយេស៊ូ​ចម្រើនវ័យ​ដប់ពីរ​ព្រះវស្សា ពួកគេ​នាំ​ព្រះអង្គ​ឡើង​ទៅ​ចូល​រួម​​ពិធី​បុណ្យតាម​ទំនៀមទម្លាប់។
43ក្រោយពេលពួកគេស្នាក់នៅ និងចូលរួម​ពិធី​បុណ្យ​ច្រើនថ្ងៃមក ពួកគេ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ប៉ុន្តែព្រះកុមារ​យេស៊ូ​គង់​នៅ​ក្រុង​យេរូសាឡិម​នៅ​ឡើយ តែ​មាតាបិតា​ពុំ​បាន​ដឹង​ទេ។
44ពួកគាត់ស្មានថា ព្រះកុមារ​គង់​នៅ​ក្នុង​ចំណោម​អស់​អ្នក​ដែល​រួម​ដំណើរ​ជាមួយដែរ ដូច្នេះពួកគេ​បាន​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​មួយ​ថ្ងៃ។ បន្ទាប់មក ពួកគាត់​នាំ​គ្នា​ដើរ​រក​ព្រះកុមារ​ក្នុង​ចំណោម​ញាតិ​មិត្ត​ទាំង​អស់។
45ពេលរក​ពុំ​ឃើញ​ព្រះកុមារ ពួកគាត់​ក៏​នាំ​គ្នា​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ ដើម្បី​រក​ព្រះអង្គ​នៅ​ទី​នោះ។
46បី​ថ្ងៃ​ក្រោយ​មក ពួកគេ​ឃើញ​ព្រះយេស៊ូ​ក្នុង​ព្រះវិហារ កំពុងតែ​គង់​នៅ​កណ្ដាល​ចំណោម​គ្រូ​អាចារ្យ កំពុង​តែ​ស្ដាប់​​ព្រម​ទាំង​សួរ​សំណួរ​ផ្សេងៗ​ដល់​គេ​ផង។
47អស់​អ្នក​ដែល​ស្ដាប់​ព្រះកុមារងឿង​ឆ្ងល់​ពី​​ព្រះប្រាជ្ញា​ញាណ និងចម្លើយឆ្លើយឆ្លងរបស់ព្រះកុមារ។
48កាល​ពួកគេបាន​ឃើញ​ព្រះកុមារ​ហើយ គាត់​នឹកឆ្ងល់​ជា​ខ្លាំង។ មាតា​សួរ​ព្រះកុមារថា៖ «កូន​អើយ! ហេតុ​អ្វី​បាន​ជា​កូន​ធ្វើ​ដូច្នេះ? ចូរស្តា​ប់ ឪពុក​ខំ​ដើរ​រក​កូនដោយអន្ទះសារ»។
49ព្រះកុមារ​មាន​ព្រះបន្ទូល​តប​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ឪពុក​អ្នក​ម្ដាយ​រក​កូន​ដូច្នេះ? តើ​លោក​ឪពុក​អ្នក​ម្ដាយ​មិន​ជ្រាប​ថា កូន​ត្រូវ​នៅ​ក្នុង​ដំណាក់​ព្រះបិតា​របស់​កូន​ទេ​ឬ?»។
50ប៉ុន្តែ លោកទាំងពីរ​ពុំយល់ថា ​ព្រះកុមារ​កំពុងមានបន្ទូលអំពីអ្វីឡើយ។
51ក្រោយពេល ព្រះកុមារ​យេស៊ូ​យាង​ត្រឡប់​ទៅ​ភូមិ​ណាសារ៉ែត​ជា​មួយមាតាបិតា​វិញ ព្រះកុមារធ្វើ​តាម​ឱវាទ​របស់លោក​ទាំង​ពីរ​។ មាតា​របស់​ព្រះអង្គ​ចង​ចាំ​ហេតុការណ៍​ទាំង​អស់​នោះ​ទុក​ក្នុង​ចិត្ត។
52កាលព្រះយេស៊ូ​មាន​វ័យ​ចម្រើន​ឡើង ព្រះអង្គ​មាន​ប្រាជ្ញា​កាន់​តែ​វាងវៃ ហើយជា​ទី​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់ ព្រមទាំង​ជា​ទី​គាប់​ចិត្ត​មនុស្ស​ផង​ទាំង​ពួង។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។