ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

លូកា 23

Read Scripture freely. Divine Threads study for this chapter is coming later.

1ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ក្រោក​ឡើង​ទាំង​អស់​គ្នា ហើយ​បញ្ជូន​ព្រះយេស៊ូ​ទៅ​លោក​ពីឡាត។
2ពួកគេ​នាំ​គ្នា​ចោទ​ប្រកាន់​ព្រះអង្គ​ថា៖ «យើង​ខ្ញុំ​រកឃើញ​ថា អ្នក​នេះ​កំពុង​តែ​បំភាន់​ប្រជារាស្ត្រ​យើង គឺ​ហាម​គេ​មិន​ឲ្យ​បង់​ពន្ធ​ថ្វាយ​ព្រះចៅ​អធិរាជ ហើយ​គាត់​អះអាង​ខ្លួន​ថា ជា​ព្រះគ្រិស្ដ គឺ​ជា​ស្ដេច»។
3លោក​ពីឡាត​សួរ​ព្រះអង្គ​ថា៖ «តើ​អ្នក​ជា​ស្ដេច​សាសន៍​យូដា​មែន​ឬ?»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «លោក​ទេ​តើ​ដែល​មាន​ប្រសាសន៍​ដូច្នេះ»។
4លោក​ពីឡាត​ក៏​ពោល​ទៅ​កាន់​ពួក​នាយក​បូជាចារ្យ និង​បណ្ដាជន​ថា៖ «ខ្ញុំពុំរកឃើញ​​អ្នក​នេះ​មាន​ទោស​អ្វី​សោះឡើយ»។
5ប៉ុន្តែ ពួកគេ​រឹត​តែ​ចោទ​ប្រកាន់​ខ្លាំង​ឡើងៗ​ថា៖ «អ្នក​នេះ​បាន​ធ្វើឲ្យ​ប្រជាជនបះបោរ ដោយ​បង្រៀន​គេពាសពេញស្រុកយូដាទាំងមូល ​ចាប់​តាំង​ពី​ស្រុក​កាលីឡេ រហូត​មក​ដល់​ទី​នេះ»។
6ដូច្នេះ លោក​ពីឡាត​ឮ​ហើយ​ក៏​សួរ​ថាតើ អ្នក​នេះ​ជា​អ្នក​ស្រុក​កាលីឡេ​មែនទេ»។
7កាល​លោក​ពីឡាត​ដឹង​ថា ព្រះយេស៊ូ​ជា​អ្នក​ស្រុក​នៅ​ក្រោម​អំណាច​របស់​ព្រះបាទ​ហេរ៉ូដ លោក​ក៏​បញ្ជូន​ព្រះអង្គ​ទៅ​ព្រះបាទ​ហេរ៉ូដ ដែល​គង់​នៅ​ក្រុង​យេរូសាឡិម​ពេល​នោះ​ដែរ។
8ពេល​ព្រះបាទ​ហេរ៉ូដ​បានឃើញព្រះយេស៊ូ ទ្រង់សប្បាយ​ព្រះហឫទ័យ​ក្រៃលែងព្រោះ​ចង់​ជួប​ព្រះយេស៊ូតាំង​ពី​យូរយារ​មក​ហើយ។ ទ្រង់តែង​ឮ​គេ​និយាយ​អំពី​ព្រះអង្គ​ហើយ​សង្ឃឹម​ថានឹង​បាន​ឃើញ​ព្រះយេស៊ូ​ធ្វើ​ការ​អស្ចារ្យ​ណាមួយ។
9ព្រះបាទហេរ៉ូដ​ទូល​សួរ​សំណួរ​ជា​ច្រើន តែ​ព្រះយេស៊ូ​ពុំ​មាន​ព្រះបន្ទូល​ឆ្លើយ​តប​ទាល់​តែ​សោះ។
10ពួក​មហា​បូជាចារ្យ និង​ពួក​អាចារ្យ​ក៏​នៅ​ទី​នោះ​ដែរ ក្រោកឈរឡើង​ចោទ​ប្រកាន់​ព្រះយេស៊ូ​យ៉ាង​ខ្លាំង​បំផុត។
11ព្រះបាទ​ហេរ៉ូដ និង​ពួក​ទាហាន​ចំអក​ឲ្យ​ព្រះយេស៊ូ ព្រម​ទាំង​ជេរ​ប្រមាថ​ព្រះអង្គ​ផងដែរ។ គេ​យក​អាវ​ដ៏​ល្អ​វិសេស​មក​ពាក់​ឲ្យ​ព្រះអង្គ រួច​បញ្ជូន​ទៅ​លោក​ពីឡាត​វិញ។
12ដ្បិត ព្រះបាទហេរ៉ូដ និងលោកពីឡាតក្លាយជាមិត្តសម្លាញ់នឹងគ្នា នៅថ្ងៃនោះប៉ុណ្ណោះ (កាល​ពី​មុន​ព្រះបាទ​ហេរ៉ូដ និង​លោក​ពីឡាត ជា​សត្រូវ​នឹង​គ្នា)។
13លោក​ពីឡាត​បាន​កោះ​ហៅ​ពួក​នាយក​បូជាចារ្យ ពួក​មន្ត្រី និង​បណ្តាជន​មក​ជួបជុំ​គ្នា
14រួចលោក​មាន​ប្រសាសន៍​ថា៖ «អស់​លោក​បាន​នាំ​បុរស​នេះ​មក​ឲ្យ​ខ្ញុំ​កាត់​ទោស ដោយ​ចោទ​ប្រកាន់​ថា គាត់នាំប្រជារាស្រ្តឲ្យបះបោរ ហើយ​ មើល៍! ខ្ញុំ​បាន​សួរ​ចម្លើយ​គាត់​នៅ​មុខ​អស់​លោក ​តែរក​មិន​ឃើញថា​មាន​ទោស​អ្វី ដូច​អស់​លោក​ចោទ​ប្រកាន់គាត់​សោះ។
15សូម្បី​តែ​ព្រះបាទ​ហេរ៉ូដ​ក៏​មិន​ឃើញថា​គាត់​មាន​ទោស​អ្វី​ដែរ ហេតុ​នេះ​ហើយ​បាន​ជា​ទ្រង់​បញ្ជូន​គាត់​មកឲ្យយើង​វិញ ហើយ មើល! បុរស​នេះ​មិន​បាន​ប្រព្រឹត្ត​អ្វី សមនឹងទោស​ប្រហារ​ជីវិត​ឡើយ។
16បើដូច្នេះ ខ្ញុំ​គ្រាន់​តែ​ឲ្យគេ​វាយ​ប្រដៅ​គាត់ រួច​លែង​គាត់​ឲ្យទៅ​វិញ»។
17ជា​រៀង​រាល់​ឆ្នាំ ក្នុង​ឱកាស​បុណ្យ​រំលង លោក​ពីឡាតមានសិទ្ធិលើក​លែង​អ្នក​ទោស​ម្នាក់។
18ប៉ុន្តែ ពួកគេ​ស្រែក​ឡើង​ព្រម​គ្នា​ថា៖ «សូម​សម្លាប់​អ្នក​នេះ​ទៅ តែលែង​បារ៉ាបាស​ឲ្យ​យើង​ខ្ញុំ​វិញ!»។
19ឈ្មោះ​បារ៉ាបាស​នេះ​ជាប់​ឃុំឃាំង ព្រោះ​គាត់​បាន​បង្ក​ចចលាចលនៅក្នុង​ទីក្រុង ព្រម​ទាំង​បាន​សម្លាប់​មនុស្ស​ផង។
20លើកនេះ លោក​ពីឡាតមានបញ្ជាក់ពួកគេម្តងទៀត ព្រោះលោកមានបំណង​ចង់​ដោះ​លែង​ព្រះយេស៊ូ។
21ប៉ុន្តែ ពួកគេ​ស្រែក​ឡើង​ថា៖ «ឆ្កាងគាត់​ទៅ! ឆ្កាងគាត់​ទៅ!»។
22លោក​ពីឡាត​មាន​ប្រសាសន៍​ទៅ​គេ ជា​លើក​ទី​បី​ថា៖ «ហេតុអី? តើ​អ្នក​នេះ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វីខ្លះ? ខ្ញុំ​មិន​ឃើញ​គាត់​មាន​ទោស​អ្វី សមនឹង​ប្រហារ​ជីវិត​ឡើយ។ ដូច្នេះ ខ្ញុំ​គ្រាន់​តែឲ្យ​គេ​វាយ​ប្រដៅ​គាត់ រួច​លែង​គាត់​ឲ្យ​ទៅ​វិញចុះ»។
23ប៉ុន្តែ គេ​ចេះ​តែ​ស្រែក​ខ្លាំង​ឡើងៗ ទាមទារឲ្យ​ឆ្កាង​ព្រះយេស៊ូ។ សម្រែក​របស់​គេ​មាន​ប្រៀប​ជាងលោកពីឡាត។
24ដូច្នេះ លោក​ពីឡាត​ក៏​យល់​ព្រម​តាម​ពាក្យ​ទាមទារ​របស់​ពួក​គេ
25លោក​ក៏ដោះ​លែង​បារ៉ាបាស ជា​អ្នក​ជាប់​ឃុំឃាំង មក​ពី​បាន​បង្ក​ចលាចល និង​បាន​សម្លាប់​មនុស្សផង។ ចំពោះ​ព្រះយេស៊ូ​វិញ លោក​ប្រគល់​ឲ្យគេ​យក​ទៅ​ធ្វើ​តាម​អំពើ​ចិត្ត។
26នៅ​ពេល​បណ្ដើរ​ព្រះយេស៊ូ​ទៅ គេ​ចាប់បុរស​ម្នាក់​ឈ្មោះ ស៊ីម៉ូន ជា​អ្នក​ស្រុក​គីរេន ដែលទើប​ត្រឡប់​មក​ពី​ចម្ការវិញ។ គេ​ចាប់​បង្ខំ​គាត់​ឲ្យ​លី​ឈើ​ឆ្កាង ​ដើរ​តាម​ក្រោយ​ព្រះយេស៊ូ។
27បណ្តាជនច្រើន​កុះករ​ដើរ​តាម​ព្រះអង្គ​ទៅ ព្រម​ទាំង​មាន​ពួក​ស្ត្រី​គក់​ទ្រូង យំ​សោក​អាណិត​ព្រះអង្គ ក៏ដើរតាមក្រោយព្រះអង្គដែរ។
28ព្រះយេស៊ូ​ក៏ងាក​មក​មាន​ព្រះបន្ទូល​នឹង​ស្ត្រី​ទាំង​នោះ​ថា៖ «កូនស្រី​ក្រុង​យេរូសាឡិម​អើយ កុំ​យំ​សោក​អាណិត​ខ្ញុំ​ធ្វើ​អ្វី ប៉ុន្តែ ចូរ​យំ​សោក​អាណិត​ខ្លួន​នាង និង​កូន​នាង​វិញទៅ។
29ដ្បិត​ នឹងមានថ្ងៃមកដល់ ដែល​គេ​ពោល​ថា៖ «មានពរហើយ ស្ត្រី​ណា​ឥត​កូន​ ស្ត្រី​ណា​មិន​បង្កើត​កូន និង​ស្ត្រី​ណា​មិន​ដែល​បំបៅ​កូន»។
30បន្ទាប់មក គេ​នឹង​និយាយ​ទៅ​ភ្នំ​ថា៖ «ភ្នំអើយ ចូរ​រលំ​សង្កត់​ពី​លើ​យើង​ខ្ញុំ​មក ហើយចូរ​ជួយ​លាក់​ខ្លួន​យើង​ខ្ញុំ​ផង»។
31ដ្បិត បើ​គេ​ធ្វើ​ដូច្នេះចំពោះ​ឈើ​ស្រស់​យ៉ាង​ហ្នឹង​ទៅ​ហើយ ចុះ​ទំរាំ​បើ​ឈើ​ងាប់​វិញ តើ​គេ​នឹង​ធ្វើ​ដល់កម្រិត​ណា​ទៅ?»។
32គេ​បាន​នាំ​អ្នក​ទោស​​ពីរ​នាក់​ទៀត មក​សម្លាប់​ជា​មួយ​ព្រះយេស៊ូ​ដែរ។
33លុះពេលពួកគេមក​ដល់​កន្លែងឈ្មោះ​ថា «ភ្នំ​លលាដ៍​ក្បាល» គេ​ឆ្កាង​ព្រះយេស៊ូ​ និង​អ្នក​ទោស​​ពីរ​នាក់ទៀតនៅទី​នោះ​ដែរ ម្នាក់​នៅ​ខាង​ស្ដាំ​ព្រះអង្គ ម្នាក់​ទៀត​នៅ​ខាងឆ្វេង។
34ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «ឱ​ព្រះបិតា​អើយ! សូម​ព្រះអង្គ​អត់ទោស​ឲ្យ​អ្នក​ទាំង​នេះ​ផង ដ្បិត ​ពួកគេ​មិន​ដឹង​ថា​ ពួកគេ​កំពុង​ធ្វើ​អ្វី​ឡើយ»។ បន្ទាប់មក គេ​យក​សម្លៀកបំពាក់​របស់​ព្រះអង្គ មក​ចាប់​ឆ្នោត​ចែក​គ្នា។
35ប្រជាជន​នាំ​គ្នា​ឈរ​មើល ខណៈពេលពួកមន្រ្តី​និយាយ​ចំអក​មើលងាយ​ព្រះអង្គ​ថា៖ «គាត់​បាន​សង្គ្រោះ​អ្នកដទៃ។ ចូរសង្រ្គោះខ្លួនឯងទៅ បើ​គាត់​ពិតជា​ព្រះគ្រិស្ដ​របស់​ព្រះជាម្ចាស់ ហើយ​ជា​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​មែន​នោះ»។
36ពួក​ទាហាន​ក៏​បាន​ចំអក​ដាក់​ព្រះអង្គ​ដែរ ពួកគេ​យក​ទឹក​ខ្មេះ​មក​ថ្វាយ​ព្រះអង្គ​សោយ
37ទាំង​ពោល​ថា៖ «បើ​អ្នក​ជា​ស្ដេច​ជន​ជាតិ​យូដា​មែន ចូរ​សង្គ្រោះ​ខ្លួន​អ្នក​ទៅ»។
38នៅ​ពី​លើ​ព្រះអង្គ​មាន​សរសេរ​អក្សរ​ថា «​នេះ​ជា​ស្ដេចសាសន៍​យូដា»។
39អ្នក​ទោស​ម្នាក់​ដែល​ជាប់​ឆ្កាង​ពោល​ប្រមាថ​ព្រះយេស៊ូ​ថា៖ «តើ​អ្នក​មិនមែនជា​ព្រះគ្រិស្ដ​ទេឬ? ចូរ​សង្គ្រោះ​ខ្លួន​អ្នក​ទៅ ហើយ​សង្គ្រោះ​យើង​ផង»។
40ប៉ុន្តែ អ្នក​ទោស​ម្នាក់​ទៀត​ស្ដី​ឲ្យ​អ្នក​នោះ​ថា៖ «តើឯង​មិន​កោត​ខ្លាច​ព្រះជាម្ចាស់​ទេ​ឬ? ឯង​ត្រូវ​គេ​កាត់​ទោស​ដូច​លោក​ដែរ។
41យើងត្រូវគេកាត់​ទោស ព្រោះមុខយើងសមនឹងទទួល​ទោស​តាម​អំពើ ​ដែល​យើង​បាន​ប្រព្រឹត្ត។ ចំណែកឯ​លោក​វិញ លោក​មិន​បានប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី​សោះ»។
42បន្ទាប់​មក គាត់​ទូល​ព្រះអង្គ​ថា៖ «ឱ​ព្រះយេស៊ូ​អើយ! ចូរនឹកចាំពីទូលបង្គំផងពេល​ព្រះអង្គ​យាង​មក​គ្រង​រាជ្យ»។
43ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​ដឹង​ច្បាស់​ថា ថ្ងៃ​នេះ​អ្នក​បាន​ទៅ​នៅ​ស្ថាន​បរមសុខជា​មួយ​ខ្ញុំហើយ»។
44ពេល​នោះ ប្រហែល​ជា​ម៉ោងប្រាំមួយ មេឃ​ងងឹត​ផែនដីទាំងមូលសូន្យសុង​រហូត​ដល់​ម៉ោង​ប្រាំបួន
45ព្រោះព្រះអាទិត្យ​បាត់​រស្មី។ បន្ទាប់មក វាំងនន​នៅ​ក្នុង​ព្រះវិហារក៏​រហែក​ជា​ពីរចំ​ពាក់​កណ្ដាល។
46ព្រះយេស៊ូ​បន្លឺ​ព្រះសូរសៀង​ខ្លាំងៗ​ថា៖ «ព្រះបិតាអើយ ទូលបង្គំ​សូម​ប្រគល់​វិញ្ញាណ​របស់​ទូលបង្គំ ទៅ​ក្នុង​ព្រះហស្ដ​ព្រះអង្គ​វិញ​»។ ក្រោយពេលព្រះអង្គ​មាន​ព្រះបន្ទូល​ដូច្នោះ​រួច​ហើយ ក៏​រលត់​វិញ្ញាណ​ទៅ។
47ពេលនាយ​ទាហាន​រ៉ូម៉ាំង​ដែល​បាន​ឃើញ​ហេតុការណ៍​ទាំងនេះ ក៏​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ ហើយ​ពោល​ថា៖ «បុរស​នេះ​ពិត​ជា​សុចរិត​មែន!»។
48កាល​បណ្ដាជន​ទាំង​ឡាយដែលបានមក ​ឃើញ​ហេតុការណ៍​ទាំង​នេះ គេ​នាំ​គ្នា​ត្រឡប់​ទៅ​វិញទាំង​គក់​ទ្រូង។
49ប៉ុន្តែ អ្នក​ដែលស្គាល់ព្រះយេស៊ូ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​ស្ត្រី​ដែល​ដើរ​តាម​ព្រះអង្គតាំង​ពី​ស្រុក​កាលីឡេ​មក នាំ​គ្នា​ឈរ​មើល​ហេតុការណ៍​ទាំង​អស់​ពី​ចម្ងាយ។
50មើល មាន​​បុរសរូប​ឈ្មោះ​យ៉ូសែប ជាសមាជិក​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​មួយរូប។ លោក​ជា​មនុស្ស​ល្អ​សុចរិត។
51លោក​ពុំ​បាន​យល់​ស្រប​ជា​មួយ​គេ លើ​ការ​សម្រេច​ចិត្ត​របស់ក្រុមប្រឹក្សាជាន់ខ្ពស់ និងអំពើ​ដែល​គេ​ប្រព្រឹត្ត​នោះឡើយ។ លោក​មកពី​ក្រុង​អើរីម៉ាថេ ដែលជា​ក្រុង​មួយ​របស់​ជន​ជាតិ​យូដា ហើយលោកទន្ទឹង​រង់ចាំ​ព្រះរាជ្យរបស់​ព្រះជាម្ចាស់។
52បុរសនេះបាន​ទៅ​ជួប​លោក​ពីឡាត សុំ​យក​ព្រះសព​ព្រះយេស៊ូ។
53លោក​យក​ព្រះសព​ព្រះយេស៊ូ​ចុះ​ពី​ឈើ​ឆ្កាង ហើយ​រុំ​នឹង​ក្រណាត់​ផាឌិប រួច​ដាក់​ក្នុង​រូង​ថ្ម​មួយ ដែល​គេ​ដាប់​ធ្វើ​ជា​ផ្នូរ ដោយពុំ​ទាន់​មាន​ដាក់​សព​ណា​មួយ​នៅ​ឡើយ​ទេ។
54នៅថ្ងៃ​នោះ ​ជា​ថ្ងៃ​រៀបចំ​បុណ្យ​រំលង ហើយ​ថ្ងៃ​សប្ប័ទក៏ខិត​ជិត​មក​ដល់ដែរ។
55ពួក​ស្ត្រី​ដែល​មក​តាម​ព្រះអង្គ​តាំង​ពី​ស្រុក​កាលីឡេ ក៏​ទៅ​ជា​មួយ​លោក​យ៉ូសែប​ដែរ ហើយនាង​បាន​ឃើញ​ផ្នូរ ព្រមទាំងឃើញ​របៀប​ដែល​គេ​ដាក់​ព្រះសព​ព្រះយេស៊ូ​ផងដែរ។
56ស្ត្រី​ទាំង​នោះ​វិល​ត្រឡប់​ទៅ​វិញ រៀបចំ​គ្រឿង​ក្រអូប និង​ទឹក​អប់។ បន្ទាប់មក នៅ​ថ្ងៃ​សប្ប័ទ នាង​នាំ​គ្នា​ឈប់​សម្រាក​តាម​បទ​បញ្ជាដែលមាន​ចែង​ទុក។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។