ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

លូកា 24

Read Scripture freely. Divine Threads study for this chapter is coming later.

1នៅ​​ព្រលឹម​ស្រាងៗនៃថ្ងៃទីមួយ ស្ត្រីៗ​នាំ​គ្នា​ទៅ​ផ្នូរដោយ​យក​គ្រឿង​ក្រអូប ដែល​គេ​បាន​រៀបចំ​ទុក​ទៅ​ជា​មួយ​ផង។
2ពួក​នាង​សង្កេត​ឃើញ​ថា ថ្ម​បាន​រមៀល​ចេញ​ពី​មាត់​ផ្នូរបាត់ទៅហើយ។
3នាង​ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្នូរនោះ តែ​ពុំ​ឃើញ​ព្រះសព​របស់​ព្រះអម្ចាស់​យេស៊ូ​ទេ។
4ខណៈពេលស្ត្រី​ទាំង​នោះ​មានការស្រឡាំងកាំង ស្រាប់​តែ​មាន​បុរស​ពីរ​នាក់ ស្លៀក​ពាក់​ភ្លឺ​ចិញ្ចែងចិញ្ចាច​ ​ឈរ​នៅជិត​ពួកនាង។
5នាង​ភ័យ​ខ្លាច​ជា​ខ្លាំង​ហើយ​ឱន​មុខ​ចុះមើលដី បុរស​ទាំង​ពីរ​នាក់​នោះ​និយាយ​ទៅកាន់​នាង​ថា៖ «ហេតុ​អ្វី​បាន​ជា​នាង​នាំ​គ្នា​មក​រក​ព្រះអង្គ​ ដែល​មាន​ព្រះជន្ម​រស់នៅក្នុង​ចំណោម​មនុស្ស​ស្លាប់​ដូច្នេះ?
6ព្រះអង្គ​មិន​គង់​នៅ​ទី​នេះ​ទេ! ចូរ​នឹក​ចាំ​អំពី​ព្រះបន្ទូល ដែល​ព្រះអង្គ​បាន​ប្រាប់​អ្នក​រាល់​គ្នា កាល​នៅ​ស្រុក​កាលីឡេ​នៅឡើយ
7ថា៖ «បុត្រ​មនុស្ស​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​បាប គេ​នឹង​ឆ្កាង​ព្រះអង្គ ហើយនៅថ្ងៃទីបី​ ព្រះអង្គ​មាន​ព្រះជន្ម​រស់​ឡើង​វិញ»។
8ពួក​នាង​ក៏​នឹក​ឃើញ​ព្រះបន្ទូល​របស់​ព្រះអង្គ
9ហើយនាំ​គ្នា​ចេញពី​ពី​ផ្នូរ​វិញ ទាំងរៀប​រាប់​ហេតុការណ៍​ទាំងនេះ ​ប្រាប់​ក្រុម​សិស្ស​ទាំង​ដប់​មួយ​នាក់ ព្រម​ទាំង​អ្នក​ឯ​ទៀតៗ​ដែរ។
10ឥឡូវនេះ ​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដាឡា នាង​យ៉ូអាន់ និង​នាង​ម៉ារី​ជា​ម្ដាយ​របស់​យ៉ាកុប ព្រមទាំងស្ត្រី​ឯ​ទៀតៗ ​ដែល​បាន​ទៅ​ជា​មួយ​នាង​ទាំង​នោះ ក៏​រៀប​រាប់​ហេតុការណ៍​ទាំងនេះប្រាប់​ក្រុម​សាវ័ក​ដែរ។
11ប៉ុន្តែ ពួកសាវកហាក់បីដូចជាពុំជឿពាក្យសម្តីនាង​ទេ ព្រោះ​គេគិតពួកនាងនិយាយ​រឿង​ផ្ដេសផ្ដាស។
12ប៉ុន្តែ លោក​ពេត្រុស​ក៏ស្ទុះ​រត់​ទៅ​ផ្នូរ រួច​ឱន​មើល​ទៅ​ឃើញ​តែ​ក្រណាត់​រុំ​ព្រះសព​ប៉ុណ្ណោះ។​ លោកពេត្រុស​វិល​ត្រឡប់​មក​ផ្ទះ​វិញ ​ទាំង​ងឿងឆ្ងល់អំពី​ហេតុការណ៍​ដែល​កើត​មាន​ឡើង។
13មើល មាន​សិស្ស​ពីរ​នាក់កំពុងតែ​ធ្វើ​ដំណើរ ទៅ​ភូមិមួយឈ្មោះ​អេម៉ោស ដែលមានចម្ងាយ​ប្រមាណ​ដប់​មួយ​គីឡូម៉ែត្រ​ពី​ក្រុង​យេរូសាឡិម។
14ពួកគេពិភាក្សា​គ្នា​អំពី​ហេតុការណ៍​ទាំង​ប៉ុន្មាន​ដែល​កើត​មាន។
15ខណៈពេល​គេ​កំពុង​តែ​ពិភាក្សា​ និងសួរគ្នាទៅវិញទៅមក ស្រាប់តែព្រះយេស៊ូ​យាង​មក​ជិត​គេ ព្រមទាំង​ធ្វើ​ដំណើរ​ជា​មួយ​គេ​ទៅដែរ។
16ប៉ុន្តែ ព្រះជាម្ចាស់បំបាំងភ្នែកគេមិនឲ្យ​ចំណាំព្រះអង្គ​បាន​ឡើយ។
17ព្រះយេស៊ូ​មាន​ព្រះបន្ទូល​សួរ​គេ​ថា៖ «តើអ្នក​រាល់​គ្នា​ដើរ​បណ្ដើរ ជជែក​គ្នា​បណ្ដើរ​អំពី​រឿង​អ្វី​ដែរ?»។ គេ​ក៏​ឈប់​នៅស្ងៀម បង្ហាញ​ទឹក​មុខក្រៀមក្រំ។
18សិស្សម្នាក់​ឈ្មោះ​ក្លេវប៉ាសឆ្លើយតបទៅ​ព្រះអង្គ​ថា៖ «តើលោកជាមនុស្សម្នាក់គត់នៅក្រុង​យេរូសាឡិម ដែលមិនបានដឹងអំពី​ហេតុការណ៍​ កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​មុន​នេះទេឬអី?»។
19ព្រះអង្គ​សួរ​គេ​ថា៖ «តើ​មានរឿង​អ្វីកើតឡើង?»។ គេ​ទូល​ឆ្លើយ​ថា៖ «គឺ​រឿងព្រះ​យេស៊ូ​ជា​អ្នក​ភូមិ​ណាសារ៉ែត ដែលជា​ព្យាការីដ៏​មាន​ឫទ្ធានុភាព​ក្នុង​គ្រប់​កិច្ចការ​ និងគ្រប់​ពាក្យ​សម្តីដែលលោក​បាន​ថ្លែង នៅចំពោះព្រះភក្រ្តព្រះជាម្ចាស់ និងមុខប្រជាជនទាំងអស់
20និងអំពីហេតុការណ៍ ដែលពួក​នាយក​បូជាចារ្យ និង​ពួក​មន្ត្រី​របស់​យើង បាន​បញ្ជូន​លោក​ឲ្យទទួលការ​កាត់​ទោស​ប្រហារ​ជីវិត ព្រមទាំង​ឆ្កាង​លោក​ផង។
21ប៉ុន្តែ យើង​បាន​សង្ឃឹម​ថា លោក​​នឹង​រំដោះ​ជន​ជាតិ​អ៊ីស្រាអែលឲ្យមានសេរីភាព។ ពិតមែនហើយ ​ហេតុការណ៍​ទាំង​នោះ​បាន​កន្លង​ផុត​ទៅ​បី​ថ្ងៃ​មកហើយ។
22មាន​ស្ត្រី​ខ្លះ​ក្នុង​ចំណោម​ពួក​យើង បាន​ធ្វើ​ឲ្យយើង​ឆ្ងល់​ជា​ខ្លាំង គឺពួក​នាង​នាំ​គ្នា​ទៅ​ផ្នូរ​តាំង​ពី​ព្រលឹម។​
23ពេលពួក​គេរកមិន​ឃើញ​សពលោក គេក៏​ត្រឡប់​មក​វិញ​រៀប​រាប់ប្រាប់យើងថា ពួកគេបាន​ឃើញ​ទេវតា​ប្រាប់​ថា លោក​មាន​ជីវិត​រស់។
24មាន​ពួក​យើង​ខ្លះ​នាំ​គ្នា​ទៅ​ផ្នូរ​ដែរ ហើយ​បាន​ឃើញ​ដូច​ពាក្យ​ស្ត្រី​ទាំង​នោះ​និយាយ​មែន។ ប៉ុន្តែ ពុំ​មាន​នរណា​បាន​ឃើញ​លោក​សោះ»។
25ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ឱមនុស្សល្ងីល្ងើ​អើយ អ្នក​រាល់​គ្នា​មិន​ងាយ​ជឿ​ពាក្យ​ទាំង​ប៉ុន្មាន ​ដែល​ពួក​ព្យាការី​បាន​ថ្លែង​ប្រាប់សោះ!។
26តើមិនចាំចាប់ឲ្យព្រះគ្រិស្ត​ត្រូវ​រង​ទុក្ខ​លំបាក​បែប​នេះ​សិន មុន​នឹង​​ទទួល​សិរីរុងរឿង​របស់​ព្រះអង្គទេឬ?»។
27ចាប់​ពី​គម្ពីរ​លោក​ម៉ូសេ​រហូត​ដល់​គម្ពីរ​ព្យាការី​ទាំង​អស់ ព្រះយេស៊ូ​បក​ស្រាយ​សេចក្ដី​ ដែល​មាន​ចែង​ទុកអំពី​ព្រះអង្គ​នៅ​ក្នុង​គម្ពីរ​ទាំង​មូល។
28ពេល​មក​ជិត​ដល់​ភូមិ​ដែល​សិស្ស​ទាំង​ពីរ​បម្រុង​នឹង​ទៅ ព្រះយេស៊ូ​ធ្វើជាទុច ដូចជា​ចង់​យាង​បន្ត​ទៅ​មុខ​ទៀត។
29ប៉ុន្តែ គេ​ឃាត់​ព្រះអង្គ​ថា៖ «សូម​លោក​ស្នាក់​នៅ​ជា​មួយ​យើង​ខ្ញុំ​ទី​នេះ​ហើយ ដ្បិត ​ថ្ងៃ​កាន់​តែ​ទាប​ជិត​យប់​ហើយ»។ ដូច្នេះ ព្រះយេស៊ូ​ក៏​ចូល​ទៅ​ស្នាក់​នៅ​ជា​មួយ​គេ។
30ពេលព្រះអង្គ​គង់​រួម​តុ​ជា​មួយ​គេ ហើយ​យក​នំបុ័ង​មក​កាន់ ទាំងអរ​ព្រះគុណ​ព្រះជាម្ចាស់ រួច​កាច់​ប្រទាន​ឲ្យ​គេ។
31រំពេចនោះ ស្រាប់តែភ្នែក​គេ​បាន​ភ្លឺ​ឡើង មើល​ព្រះអង្គ​ស្គាល់ ប៉ុន្តែព្រះអង្គ​បាត់​ពី​មុខ​គេ​ទៅ។
32គេ​និយាយ​គ្នា​ថា៖ «តើយើងមិនមានចិត្តរំភើបទេឬ កាល​ព្រះអង្គ​មាន​ព្រះបន្ទូល​មក​កាន់​យើងនៅតាមផ្លូវ​​ និង​បក​ស្រាយ​គម្ពីរឲ្យយើង​ស្ដាប់?។
33គេ​ក៏​ក្រោក​ឡើងភ្លាម វិល​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ​។ ពួកគេឃើញ​សិស្សទាំង​ដប់​មួយ​នាក់​នៅ​ជុំ​គ្នា ​ជា​មួយ​ពួក​អ្នកដទៃទៀត
34ដោយប្រាប់​អ្នក​ទាំង​ពីរ​ថា៖ «ព្រះអម្ចាស់​មាន​ព្រះជន្ម​រស់​ឡើង​វិញពិត​ប្រាកដ​មែន ហើយ​ព្រះអង្គ​បាន​បង្ហាញ​ខ្លួនឲ្យ​ស៊ីម៉ូន​ឃើញផងដែរ»។
35សិស្ស​ទាំង​ពីរ​នាក់​ក៏រៀប​រាប់រឿងរ៉ាវ ដែល​កើត​មានឡើង​នៅ​តាម​ផ្លូវ និងរបៀបពួកគេ​ស្គាល់​ព្រះយេស៊ូ ពេល​ព្រះអង្គ​កាច់​នំបុ័ងប្រទានឲ្យ។
36កាលគេរៀបរាប់ហេតុការណ៍ទាំងនេះ ព្រះយេស៊ូ​យាង​មក​គង់​នៅ​កណ្ដាល​ចំណោម​សិស្ស​ទាំង​អស់ ហើយ​មាន​ព្រះបន្ទូល​ថា៖ «សូម​ឲ្យ​អ្នក​រាល់​គ្នា​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត»។
37គេ​តក់ស្លុត និងភ័យខ្លាចជា​ខ្លាំង ព្រោះ​ស្មាន​ថាឃើញ​ខ្មោច​លង។
38ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នាពិបាកចិត្តដូច្នេះ? ហេតុអ្វីបានជាអ្នក​រាល់​គ្នា​នៅ​សង្ស័យទៀត?
39ចូរ​មើល​ដៃ​មើលជើង​ខ្ញុំ គឺ​ពិត​ជា​ខ្ញុំ​មែន។ ចូរ​ស្ទាបខ្ញុំ​មើល៍។ ដ្បិត ខ្មោច​គ្មាន​សាច់ គ្មាន​ឆ្អឹង ដូច​ខ្ញុំ​ទេ»។
40កាលព្រះអង្គ​មាន​ព្រះបន្ទូល​ដូចនេះ ព្រះអង្គក៏​បង្ហាញ​ព្រះហស្ដ និង​ព្រះបាទា​ឲ្យ​គេ​ឃើញ។
41ពួកសិស្ស​នៅតែពុំ​ទាន់​ជឿ​នៅ​ឡើយ​ ព្រោះ​គេ​អរ​ផង ​ងឿងឆ្ងល់​ផង។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «​តើ​អ្នក​រាល់​គ្នា​មាន​អ្វី​បរិភោគ​ឬ​ទេ?»។
42គេ​យក​ត្រី​អាំង​មួយ​ដុំ​មក​ថ្វាយ​ព្រះអង្គ
43ហើយព្រះអង្គ​ទទួល​យកទៅសោយ​នៅ​មុខ​ពួក​គេ​ទាំង​អស់​គ្នា។
44ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «កាល​ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​នៅ​ឡើយ ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ថា សេចក្ដី​ទាំង​អស់​ដែល​មាន​ចែង​ទុក​អំពី​ខ្ញុំ ​ក្នុង​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ ​គម្ពីរ​ព្យាការី និង​គម្ពីរ​ទំនុកតម្កើង​ត្រូវ​តែ​បានសម្រេច»។
45ព្រះអង្គ​ក៏​បំភ្លឺ​ចិត្ត​គំនិត​គេ ឲ្យ​យល់​អត្ថន័យ​គម្ពីរទាំងឡាយ។
46ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «ដូច្នេះ សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ គឺថា​ព្រះគ្រិស្ដ​ត្រូវ​រង​ទុក្ខ​លំបាក ហើយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី។
47អ្នក​រាល់​គ្នា​ត្រូវ​ប្រកាសពីការប្រែចិត្ត និងការអត់ទោសបាបនៅក្នុង​ព្រះនាម​ព្រះអង្គ ទៅ​មនុស្ស​គ្រប់​ជាតិ​សាសន៍​ ចាប់​ផ្តើមចេញ​ពី​ក្រុង​យេរូសាឡិម​​ទៅ។
48អ្នក​រាល់​គ្នា​ជា​សាក្សី​អំពី​ហេតុការណ៍​ទាំង​នេះ។
49មើល ខ្ញុំ​នឹង​ចាត់​ព្រះមួយអង្គ តាម​ព្រះបិតាបានសន្យាទុកស្រាប់។ ប៉ុន្តែ អ្នក​រាល់​គ្នា​ត្រូវស្ថិត​នៅ​ក្នុង​ក្រុង​យេរូសាឡិម​នេះ​ រហូត​ទាល់តែព្រះជាម្ចាស់​ប្រទាន​ឲ្យអ្នក​រាល់​គ្នា​មាន​ឫទ្ធានុភាពមកស្ថានដ៏ខ្ពង់ខ្ពស់»។
50បន្ទាប់​មក ព្រះយេស៊ូ​នាំ​ពួក​សិស្ស​ចេញ​ពី​ទីក្រុង​ទៅ​ជិតដល់ភូមិ​បេថានី។ ព្រះអង្គ​លើក​ព្រះហស្ដ​ឡើង ហើយ​ប្រទាន​ពរ​ឲ្យ​គេ។
51ខណៈពេល​ព្រះអង្គ​កំពុង​តែ​ប្រទាន​ពរ ព្រះជាម្ចាស់​លើក​​ព្រះយេស៊ូ​ចេញ​ពី​គេ ឡើង​ទៅ​ស្ថាន​បរមសុខ។
52ដូច្នេះ ពួកគេ​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ រួច​វិល​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ ប្រកប​ដោយ​អំណរ​ពេញពោរ។
53ពួកគេ​បន្តស្ថិតនៅ​ក្នុង​ព្រះវិហារ ហើយ​នាំ​គ្នាថ្វាយព្រះពរព្រះជាម្ចាស់។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។