ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

លូកា 22

Read Scripture freely. Divine Threads study for this chapter is coming later.

1ពិធី​បុណ្យ​នំបុ័ង​ឥត​មេ ដែល​ហៅ​ថា​បុណ្យ​រំលងនោះ កាន់​តែខិត​ជិត​ដល់​ហើយ។
2ពួក​នាយក​បូជាចារ្យ និង​ពួក​អាចារ្យពិភាក្សាគ្នារក​មធ្យោបាយ​ធ្វើ​គុត​ព្រះយេស៊ូ ដ្បិត​ ពួកគេ​ខ្លាច​ប្រជាជន។
3បន្ទាប់មក សាតាំង​បាន​ចូល​យូដាស​ហៅ​អ៊ីស្ការីយ៉ុត ដែល​ជា​សិស្ស​ម្នាក់ក្នុង​ក្រុម​សិស្សទាំង​ដប់ពីរ​រូប។
4យូដាស​បាន​ទៅ​ពិភាក្សា​ជា​មួយ​ពួក​នាយក​បូជាចារ្យ និង​មេ​ក្រុម​រក្សា​ព្រះវិហារ អំពី​ឧបាយកលក្បត់ដើម្បីចាប់ព្រះយេស៊ូបញ្ជូន​ទៅ​ពួក​គេ។
5ពួកលោក​ទាំង​នោះ​សប្បាយ​ចិត្ត​ណាស់ ហើយ​ព្រម​ព្រៀងនឹងប្រគល់​ប្រាក់ឲ្យ​គាត់។
6យូដាសក៏​យល់​ព្រម ហើយ​រក​ឱកាស​ល្អ ដើម្បី​​ចាប់​ព្រះយេស៊ូ ពេលនៅឆ្ងាយពី​បណ្ដាជន។
7ថ្ងៃ​បុណ្យ​នំបុ័ង​ឥត​មេ ដែលជា​ថ្ងៃ​គេ​ត្រូវ​សម្លាប់​កូន​ចៀម​ធ្វើ​យញ្ញបូជា សម្រាប់បុណ្យ​រំលងក៏មកដល់។
8ព្រះយេស៊ូ​បាន​ចាត់​លោក​ពេត្រុស និង​លោក​យ៉ូហាន​ឲ្យ​ទៅ​មុន ដោយ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​ទៅ​រៀបចំ​ពិធី​ជប់លៀង​ក្នុង​ពេល​បុណ្យ​រំលង ដើម្បីឲ្យយើងបរិភោគជុំគ្នា»។
9អ្នក​ទាំង​ពីរ​ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​លោកគ្រូ​ចង់​ឲ្យយើង​ខ្ញុំ​រៀបចំ​ជប់លៀងនៅ​កន្លែង​ណា?»។
10ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «ចូរស្តាប់! ពេលណាអ្នក​ចូល​ទៅ​ដល់​ក្នុង​ទីក្រុង អ្នក​នឹង​ជួប​បុរស​ម្នាក់​លី​ក្អម​ទឹក។ ចូរ​ដើរ​តាម​គាត់​រហូត​ដល់​ផ្ទះ​ រួចចូលទៅមួយគាត់ទៅ។
11បន្ទាប់មក ចូរពោលទៅកាន់​ម្ចាស់​ផ្ទះ​ថា៖ «លោក​គ្រូ​ចាត់​យើង​ឲ្យមក​សួរ​អ្នក​ថា៖ «តើបន្ទប់​​ជប់លៀង​​ពេល​បុណ្យ​រំលងជាមួយសិស្សនៅ​ឯ​ណា?»
12ម្ចាស់​ផ្ទះ​នឹង​បង្ហាញ​បន្ទប់​មួយ​យ៉ាង​ធំ នៅ​ជាន់​ខាង​លើ​ដែលបាន​រៀបចំរួច​ជា​ស្រេច។ ចូរ​រៀបចំ​ម្ហូប​អាហារ​បុណ្យ​រំលងនៅ​ក្នុង​បន្ទប់​នោះ​ចុះ»។
13ដូច្នេះ អ្នក​ទាំង​ពីរ​ក៏​ចេញ​ទៅ ហើយ​បាន​ឃើញអ្វីៗ ដូច​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ប្រាប់​មែន។ បន្ទាប់មក គេ​រៀបចំ​ម្ហូប​អាហារ​សម្រាប់​បុណ្យ​រំលង។
14លុះ​ដល់​ពេល​កំណត់​ហើយ ព្រះអង្គក៏​គង់រួម​តុ​ជា​មួយ​ក្រុម​សាវក។
15ព្រះអង្គ​មាន​ព្រះបន្ទូលទៅពួកសិស្ស​ថា៖ «ខ្ញុំមានបំណងប្រាថ្នាចង់ទទួលទាន​អាហារ​ក្នុង​ឱកាស​បុណ្យ​រំលងនេះ ជា​មួយ​អ្នក​រាល់​គ្នា មុនពេលខ្ញុំរងទុក្ខវេទនា។
16ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​នឹង​មិន​បរិភោគ​ម្ហូប​អាហារ​បុណ្យ​រំលងនេះ​ទៀត​ទេ លុះ​ត្រា​តែ​ពិធី​បុណ្យ​នេះ​បានសម្រេច​សព្វ​គ្រប់ នៅ​ក្នុង​ព្រះរាជ្យព្រះជាម្ចាស់»។
17បន្ទាប់មកព្រះយេស៊ូយក​ពែង​មួយ​មក​កាន់ ទាំង​អរ​ព្រះគុណ​ព្រះជាម្ចាស់ រួច​​មាន​ព្រះបន្ទូល​ថា៖ «ចូរ​យក​ទៅ​ចែក​គ្នា​ពិសា​ចុះ។
18ដ្បិត ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​នឹងមិន​ទទួល​ទាន​ស្រា​ទំពាំងបាយជូរ​ទៀត​ឡើយ លុះ​ត្រា​តែ​ព្រះរាជ្យព្រះជាម្ចាស់បាន​មក​ដល់»។
19បន្ទាប់​មក ព្រះអង្គ​យក​នំបុ័ង​មក​កាន់ ទាំងអរ​ព្រះគុណ​ព្រះជាម្ចាស់ រួច​ព្រះអង្គ​កាច់​ប្រទាន​ឲ្យគេ​ទាំង​មាន​ព្រះបន្ទូល​ថា៖ «នេះ​ជា​រូប​កាយ​ខ្ញុំ​ដែល​ត្រូវ​បូជាសម្រាប់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​ដូច្នេះ ដើម្បី​នឹក​រឭក​ដល់​ខ្ញុំចុះ»។
20លុះ​ទទួលទាន​រួច​ហើយ ព្រះអង្គ​​យក​ពែង​មក​កាន់តាមបែបដដែល ទាំង​មាន​ព្រះបន្ទូល​ថា៖ «នេះ​ជា​ពែង​នៃ​សម្ពន្ធមេត្រីថ្មី​ ចង​ឡើងដោយសារ​លោហិត​ខ្ញុំ ដែល​ត្រូវ​បង្ហូរ​សម្រាប់​អ្នក​រាល់​គ្នា។
21ប៉ុន្តែ ចូរស្តាប់ខ្ញុំ។ អ្នក​ដែល​នឹង​ក្បត់​ខ្ញុំក៏​នៅ​រួម​តុ​ជា​មួយ​ខ្ញុំ​ដែរ។
22ដ្បិត បុត្រ​មនុស្ស​ត្រូវ​តែ​ស្លាប់ តាម​ព្រះជាម្ចាស់​បាន​កំណត់​ទុក​មក។ ប៉ុន្តែ ត្រូវវេទនាហើយអ្នក​ដែល​ក្បត់​បុត្រ​មនុស្ស!»។
23ពួក​សិស្សសួរ​គ្នា​ទៅ​វិញ​ទៅ​មកក្នុង​ចំណោម​ពួក​គេ ចង់ដឹងថាតើនរណានឹង​ប្រព្រឹត្ត​ដូច្នេះ។
24បន្ទាប់មក ក៏មានការ​ជជែក​ទាស់ទែង​គ្នា​ក្នុង​ចំណោម​ពួក​សិស្ស ថាតើនរណា​មាន​ឋានៈ​ធំ​ជាង​គេ។
25ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ស្ដេច​សាសន៍ដទៃទាំងឡាយ​តែងតែ​ត្រួតត្រា​លើ​ប្រជារាស្ត្រ គឺ​ជាអ្នក​កាន់​អំណាច​លើពួកគេ ហើយត្រូវប្រព្រឹត្តអំពើល្អលើប្រជារាស្រ្តរបស់ខ្លួន។
26អ្នករាល់គ្នាមិនត្រូវធ្វើដូច្នេះទេ។ ផ្ទុយទៅវិញ អ្នក​ដែល​ធំ​ជាង​គេក្នុងចំណោមអ្នករាល់គ្នា គឺត្រូវ​ធ្វើជាអ្នកតូចជាង​គេ ហើយ​ត្រូវឲ្យអ្នកដែលធំជាងគេ បម្រើ​គេ​វិញ។
27តើអ្នកណាធំជាងគេ អ្នក​អង្គុយ​នៅ​តុ ឬ​អ្នក​បម្រើតុ? តើមិនមែនជាអ្នកដែលអង្គុយ​នៅតុទេឬអី? ចំណែកឯ​ខ្ញុំ ខ្ញុំ​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ខ្ញុំ​ធ្វើ​ជា​អ្នក​បម្រើអ្នករាល់គ្នា។
28ប៉ុន្តែ អ្នករាល់គ្នា​ស៊ូ​ទ្រាំបន្ត​នៅ​ជា​មួយ​ខ្ញុំជានិច្ច​ គ្រប់​ពេល​ខ្ញុំ​ជួប​ការល្បួង។
29​ខ្ញុំ​ប្រគល់​ព្រះរាជ្យមួយឲ្យ​អ្នក​រាល់​គ្នា ដូច​ព្រះបិតា​បាន​ប្រគល់​មក​ឲ្យ​ខ្ញុំ​ដែរ
30ហើយនៅក្នុង​ព្រះរាជ្យ​របស់​ខ្ញុំ អ្នក​រាល់​គ្នាអាច​បរិភោគ​រួម​តុ​ជា​មួយ​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​នឹង​អង្គុយ​លើ​បល្ល័ង្ក ដើម្បី​វិនិច្ឆ័យ​កុលសម្ពន្ធ​ទាំង​ដប់ពីររបស់អ៊ីស្រាអែល។
31ស៊ីម៉ូន! ស៊ីម៉ូន​អើយ! ចូរប្រយ័ត្ន​សាតាំង​ទាមទារ​សុំ​រែង​អ្នក​រាល់​គ្នា ដូច​គេ​រែង​អង្ករ។
32ប៉ុន្តែ ខ្ញុំ​បាន​អង្វរ​ព្រះជាម្ចាស់ សូម​កុំ​ឲ្យ​អ្នក​បាត់​ជំនឿ​ឡើយ។ ក្រោយ​ពេល​អ្នក​ប្រែ​ចិត្ត​មក​វិញ ចូរ​ជួយ​បងប្អូនអ្នកឲ្យ​មាន​ជំនឿ​មាំមួន​ផង»។
33លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះអម្ចាស់! ទូលបង្គំ​ត្រៀម​ខ្លួន​ជា​ស្រេច ទោះ​បី​ត្រូវ​ជាប់​ឃុំឃាំង ឬ​ត្រូវ​ស្លាប់​ទៅ​ជា​មួយ​ព្រះអង្គក៏ដោយ»។
34ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គាត់​ថា៖ «ពេត្រុស​អើយ! ខ្ញុំ​សុំ​ប្រាប់​អ្នក​ថា នៅ​យប់​នេះ មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំទេ»។
35បន្ទាប់​មក ព្រះយេស៊ូ​មាន​ព្រះបន្ទូល​សួរ​ពួកសិស្ស​ថា៖ «អ្នករាល់គ្នាមានចាំទេ កាល​​ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ទៅ ដោយ​គ្មាន​ថង់​ប្រាក់ កាបូប ឬ​ស្បែក​ជើង តើ​អ្នក​រាល់​គ្នា​មាន​ខ្វះ​ខាត​អ្វី​ទេ?»។ គេ​ទូល​ថា៖ «យើង​ខ្ញុំ​គ្មាន​ខ្វះ​ខាត​អ្វី​ទេ»។
36បន្ទាប់មក ព្រះអង្គ​មាន​ព្រះបន្ទូល​ទៀត​ថា៖ «ឥឡូវ​នេះ អ្នក​ណា​មាន​ថង់​ប្រាក់ ត្រូវ​យក​ទៅ​ជា​មួយ ហើយ​អ្នក​ណា​មាន​កាបូប ក៏​ត្រូវ​យក​ទៅ​ជា​មួយ​ដែរ។ ហើយ​អ្នក​ដែល​គ្មាន​ដាវ ត្រូវ​លក់​អាវ​ធំ​របស់​ខ្លួន ទិញ​ដាវ​មួយ​ទៅ។
37ដ្បិត ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្វីដែល​គម្ពីរ​មាន​ចែង​ទុក​អំពី​ខ្ញុំ នោះត្រូវតែបានសម្រេចជាក់ជាមិនខាន «​បាន​រាប់​លោក​ទុក​ដូច​ជា​អ្នក​មាន​ទោស​ឧក្រិដ្ឋ»។ ដ្បិត ហេតុការណ៍​ដែលបានទាយទុក ត្រូវតែបានសម្រេចមិនខាន»។
38រួចមក ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះអម្ចាស់! មើល៍! យើង​មាន​ដាវ​ពីរ»។ ព្រះអង្គ​មាន​ព្រះបន្ទូល​ឆ្លើយ​តប​វិញ​ថា៖ «ប៉ុណ្ណឹង​គ្រប់​គ្រាន់​ហើយ»។
39ក្រោយពិធីជប់លៀងចប់សព្វគ្រប់ ព្រះយេស៊ូ​យាង​ចេញ​ពី​ផ្ទះ​នោះ ដូចតាមទម្លាប់ព្រះអង្គត្រូវឆ្ពោះ​ទៅ​ភ្នំ​ដើម​អូលីវ ហើយពួកសិស្សក៏​នាំ​គ្នា​តាម​ព្រះអង្គ​ទៅ​ដែរ។
40កាល​យាង​ទៅ​ដល់​ហើយ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ចូរ​អធិស្ឋាន ដើម្បីកុំ​ឲ្យអ្នករាល់គ្នា​ចាញ់​ការ​ល្បួង​ឡើយ»។
41ព្រះអង្គក៏​យាង​ទៅ​ឆ្ងាយ​ពី​ពួក​សិស្ស ចម្ងាយ​ប្រហែល​គេ​ចោល​ដុំ​ថ្ម​មួយ​ទំហឹង​ដៃ រួចព្រះអង្គ​លុត​ជង្គង់​ចុះ​ ទូលអង្វរ​ថា៖
42«ឱ​ព្រះបិតា​អើយ! ប្រសិន​បើ​ព្រះអង្គ​សព្វ​ព្រះហឫទ័យ សូម​ដក​យក​ពែង​នៃ​ទុក្ខ​លំបាក​នេះចេញ​ពី​ទូលបង្គំ​ទៅ។ ប៉ុន្តែ សូម​កុំ​ឲ្យ​សម្រេច​តាម​ចិត្ត​ទូលបង្គំ​ឡើយ គឺសម្រេច​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ​វិញ»។
43បន្ទាប់មក មាន​ទេវតាមួយ​រូប​ចុះ​ពី​ស្ថាន​បរមសុខ​ឲ្យព្រះអង្គឃើញ ដើម្បី​លើក​ទឹក​ចិត្ត​ព្រះអង្គ។
44ព្រះយេស៊ូ​ព្រួយ​ចិត្តអន្ទះអន្ទែង ធ្វើឲ្យព្រះអង្គ​ទូលអង្វរ​កាន់​តែ​ខ្លាំង​ឡើងៗ រហូតទាល់តែតំណក់​ញើស​របស់​ព្រះអង្គ ក្លាយជា​តំណក់​ឈាម​ស្រក់​ចុះ​ដល់​ដី។
45កាល​ព្រះអង្គ​ទូលអង្វរ​រួច​ហើយ ទ្រង់​ក្រោក​ឡើង​ត្រឡប់​ទៅ​រក​ពួក​សិស្សវិញហើយព្រះអង្គឃើញ​ពួកគេ​កំពុង​ដេក​លក់ ព្រោះ​ព្រួយ​ចិត្តពេក
46រួចព្រះអង្គ​មាន​ព្រះបន្ទូល​សួរ​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ដេក​លក់​ដូច្នេះ? ចូរ​ក្រោក​ឡើង​អធិស្ឋាន ដើម្បីកុំ​ឲ្យ​ចាញ់​ការ​ល្បួង»។
47ខណៈពេល​ព្រះអង្គ​កំពុង​តែ​មាន​ព្រះបន្ទូល​នៅ​ឡើយ មើល ​បណ្ដាជន​មក​ដល់ នាំ​មុខ​ដោយ​ឈ្មោះ​យូដាស ជា​សិស្សមួយ​រូបក្នុង​ក្រុមសិស្ស​ទាំង​ដប់ពីរ។ គាត់​ចូល​មក​ជិត​ព្រះយេស៊ូ ហើយ​ថើប​ព្រះអង្គ
48ប៉ុន្តែ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «យូដាស​អើយ! អ្នកក្បត់​បុត្រ​មនុស្សដោយការថើបឬ​អី?»
49ពេលពួក​អ្នក​នៅ​ជុំវិញ​ព្រះយេស៊ូ បានឃើញ​ហេតុការណ៍​ ពួកគេ​ទូល​សួរ​ព្រះអង្គ​ថា៖ «ព្រះអម្ចាស់! តើ​​យើង​ខ្ញុំ​គួរហូត​ដាវ​កាប់​គេ​ឬ?»។
50បន្ទាប់មក សិស្ស​ម្នាក់​បាន​កាប់​អ្នក​បម្រើរបស់​លោក​មហា​បូជាចារ្យ មួយផ្លែ​ដាវ​ដាច់​ស្លឹក​ត្រចៀក​ស្ដាំ។
51ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «ប៉ុណ្ណឹង​បាន​ហើយ!»។ ព្រះអង្គ​ក៏​ពាល់​ត្រចៀក​បុរស​នោះ ហើយ​គាត់ក៏​បាន​ជា​ដូច​ដើម​វិញ។
52បន្ទាប់​មក ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​ពួក​នាយក​បូជាចារ្យ មេ​ក្រុម​រក្សា​ព្រះវិហារ និង​ពួក​ព្រឹទ្ធាចារ្យ​ដែល​មក​ចាប់​ព្រះអង្គ​នោះ​ថា៖ «តើអ្នករាល់គ្នាមកចាប់ខ្ញុំដោយដាវ និងដំបងដូចជាចាប់ចោរ​ឬ?
53ពេលខ្ញុំ​នៅ​ក្នុង​ព្រះវិហារ​ជា​មួយអស់លោក​រាល់​ថ្ងៃ តែ​អស់​លោក​ពុំ​បាន​ចាប់​ខ្ញុំ​ទេ។ ប៉ុន្តែ ពេលនេះជាពេល​ម្ចាស់​នៃ​សេចក្ដី​ងងឹត​បញ្ចេញ​អំណាច»។
54ពួក​គេ​ចាប់​ព្រះយេស៊ូ រួចបណ្ដើរ​ចូល​ទៅ​ក្នុង​ដំណាក់​របស់​លោក​មហា​បូជាចារ្យ។ ប៉ុន្តែ លោក​ពេត្រុស​ដើរ​តាម​ព្រះអង្គ​ពី​ចម្ងាយ។
55ក្រោយពេល គេ​​ដុត​ភ្លើង​នៅ​កណ្ដាល​ទីលាន ហើយ​អង្គុយ​ជុំវិញ លោក​ពេត្រុស​ក៏​អង្គុយ​នៅ​កណ្ដាល​ចំណោម​ពួក​គេ​ដែរ។
56ស្ត្រី​បម្រើ​ម្នាក់​ឃើញ​គាត់​អង្គុយ​នៅ​មុខ​ពន្លឺ​ភ្លើង នាងក៏សម្លឹង​មើល​គាត់​ហើយ​ពោល​ថា៖ «ម្នាក់​នេះ​ក៏នៅជាមួយព្រះយេស៊ូដែរ»។
57បុន្តែ លោក​ពេត្រុស​ប្រកែក​ថា៖ «ទេ​នាង​អើយ ខ្ញុំ​មិន​ដែល​ស្គាល់​គាត់​ទេ»។
58មួយ​ស្របក់​ក្រោយ​មក មាន​ម្នាក់​ទៀត​ឃើញ​គាត់ ក៏​ពោល​ថា៖ «អ្នក​ឯង​ក៏សិស្សគាត់ម្នាក់ដែរ»។ លោក​ពេត្រុស​ឆ្លើយ​ទៅ​អ្នក​នោះ​ថា៖ «អ្នកអើយ! មិន​មែន​ខ្ញុំ​ទេ»។
59ប្រហែល​មួយ​ម៉ោង​ក្រោយ​មក មានបុរស​ម្នាក់​ទៀត​ទទូចសួរគាត់ថា៖ «អ្នក​នេះ​ពិត​ជានៅជាមួយ​យេស៊ូ​មែន ដ្បិត​គាត់​ជា​អ្នក​ស្រុក​កាលីឡេ​ដូច​គ្នា»។
60ប៉ុន្តែ លោក​ពេត្រុស​ឆ្លើយ​ថា៖ «ខ្ញុំ​មិន​ដឹង​ថា​អ្នក​ចង់​និយាយ​អំពី​រឿង​អ្វី​សោះ»។​ ភ្លាមនោះ ខណៈពេលលោកពេត្រុសកំពុង​តែ​និយាយ​នៅ​ឡើយ ស្រាប់​តែ​មាន់​រងាវ​ឡើង។
61ព្រះអម្ចាស់​បែរ​ព្រះភក្ត្រ​ទត​មក​លោក​ពេត្រុស ស្រាប់តែលោក​ពេត្រុស​​នឹក​ឃើញ​ព្រះបន្ទូល​របស់​ព្រះអង្គ​ថា៖ «យប់​នេះ មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំទេ»។
62លោក​ពេត្រុសក៏​ចាក​ចេញ​ពី​ទី​នោះ ហើយ​យំ​ក្តុកក្តួលជាខ្លាំង។
63ពួក​អ្នក​យាម​ព្រះយេស៊ូ​ចំអក​ និង​វាយ​តប់​ព្រះអង្គផងដែរ។
64គេ​យក​ក្រណាត់​គ្រប​ព្រះភក្ត្រ​ព្រះអង្គ​ហើយ​សួរ​ថា៖ «លោកព្យាការី ទាយ​មើល៍ តើអ្នក​ណា​វាយ​ឯង?»។
65រួច​គេនិយាយប្រឆាំង និង​ជេរ​ប្រមាថ​ព្រះអង្គ​ទៀតផង។
66កាលនៅពេលថ្ងៃនៅឡើយ ពួក​ព្រឹទ្ធាចារ្យរបស់​ប្រជាជន ​ពួក​នាយក​បូជាចារ្យ និង​ពួក​អាចារ្យជួបជុំ​គ្នា។ ពួកលោក​នាំ​ព្រះយេស៊ូ​ចូល​មក​ឈរ​នៅ​ខាង​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់
67រួច​សួរ​ព្រះអង្គ​ថា៖ «ប្រាប់​យើង​មក​មើល៍ តើ​អ្នក​ជា​ព្រះគ្រិស្ដ* ​ឬ?» ប៉ុន្តែ ព្រះអង្គមាន​ព្រះបន្ទូល​ឆ្លើយ​ថា៖ «បើ​ខ្ញុំ​ប្រាប់​អស់​លោក​ ក៏​អស់​លោក​ពុំ​ជឿ​ខ្ញុំដែរ
68ហើយ​បើ​ខ្ញុំ​សួរ​អស់​លោក​វិញ ក៏​អស់​លោក​មិន​ឆ្លើយ​នឹង​ខ្ញុំ​ដែរ។
69ប៉ុន្តែ ចាប់តាំងពេលនេះ​ត​ទៅ បុត្រ​មនុស្ស​នឹង​អង្គុយ នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់​ដ៏​មាន​ឫទ្ធានុភាព​»។
70បន្ទាប់មក គេ​សួរ​ព្រម​គ្នា​ឡើង​ថា៖ «បើ​ដូច្នេះមែន អ្នក​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​ឬ?»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «អស់​លោក​មាន​ប្រសាសន៍​ត្រូវ​មែន គឺ​ខ្ញុំ​នេះ​ហើយ»។
71គេ​ក៏​និយាយ​ឡើង​ថា៖ «ហេតុអ្វីបានជាយើងចាំបាច់រក​សាក្សី​? ដ្បិត​យើង​បាន​ឮ​ពាក្យ​របស់​អ្នក​នេះ​ផ្ទាល់​មាត់តែម្តង»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។