ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

លូកា 21

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះយេស៊ូ​ទត​ឃើញ​ពួក​អ្នក​មាន ​យក​ប្រាក់​មក​ដាក់​ក្នុង​ហិបថ្វាយ​ព្រះជាម្ចាស់។
2ព្រះអង្គ​ទត​ឃើញ​ស្ត្រី​មេម៉ាយ​ក្រីក្រ​ម្នាក់ ​យក​ប្រាក់​ពីរ​សេនមក​ដាក់​ក្នុង​ហិប​នោះ​ដែរ។
3ដូច្នេះ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យអ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ស្ត្រី​មេម៉ាយ​ក្រីក្រ​នេះ​បាន​ដាក់​ប្រាក់​ច្រើន​ជាង​គេ​ទាំង​អស់។
4ដ្បិត​អ្នក​ទាំង​នោះ​បាន​យក​ប្រាក់​សល់ហូរហៀររបស់​ខ្លួន​មក​ដាក់​ក្នុង​ហិប។ ចំណែកឯ​ស្ត្រី​មេម៉ាយ​នេះ​វិញ នាង​ដាក់ប្រាក់ពីភាពក្រីក្ររបស់នាង គឺដាក់ប្រាក់ទាំង​អស់ដែលខ្លួនមានសម្រាប់ចិញ្ចឹម​ជីវិត ថ្វាយដល់ព្រះជាម្ចាស់»។
5អ្នក​ខ្លះ​កំពុង​និយាយ​សរសើរព្រះវិហារ ដែល​គេតុបឡើង​ដោយ​ថ្មល្អ​ប្រណីត និង​តង្វាយផ្សេងៗ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖
6«នៅ​ពេល​វេលាមកដល់ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ពេល​នេះ នឹងត្រូវបំផ្លាញចោលអស់ គឺនឹង​លែង​មាន​ថ្ម​ត្រួត​ពី​លើ​ថ្ម​ទៀត​ហើយ»។
7ដូច្នេះ គេ​ទូល​សួរ​ព្រះអង្គ​ថា៖ «លោកគ្រូ​អើយ តើហេតុការណ៍​ទាំង​នោះ​នឹង​កើត​ឡើង​នៅ​ពេល​ណា? តើ​មាន​ទី​សម្គាល់​អ្វីថាព្រឹត្តិការណ៍​ទាំង​នោះកើតមានឡើង?»។
8ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា៖ «ចូរ​ប្រុង​ប្រយ័ត្ន កុំ​ឲ្យ​នរណា​បញ្ឆោត​អ្នក​រាល់​គ្នា​ឡើយ។ ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​ចេញមកយក​ឈ្មោះ​ខ្ញុំ​​ប្រើ ដោយ​ពោល​ថា៖ «ខ្ញុំ​នេះ​ហើយ​ជា​ព្រះគ្រិស្ត» ឬ​ថា «ពេល​កំណត់ជិត​មក​ដល់​ហើយ»។ កុំ​តាម​អ្នក​ទាំង​នោះ​ឲ្យសោះ។
9ពេល​ណា​អ្នក​រាល់​គ្នា​ឮ​គេ​និយាយ​អំពី​សង្គ្រាម ឬ​អំពី​ការ​បះបោរ កុំ​តក់ស្លុត​ឡើយ ដ្បិត​ហេតុការណ៍​ទាំង​នេះ​ត្រូវ​តែ​កើត​ឡើង​ជា​មុន ប៉ុន្តែ មិន​ទាន់​ដល់​អវសានកាល​នៃ​ពិភព​លោក​ភ្លាមៗ​ទេ»។
10បន្ទាប់មក ព្រះអង្គ​មាន​ព្រះបន្ទូល​​ទៀត​ថា៖ «ប្រជាជាតិ​មួយ​នឹង​ធ្វើ​សង្គ្រាម​តទល់​នឹង​ប្រជាជាតិ​មួយ​ទៀត ប្រទេស​មួយ​តទល់​នឹង​ប្រទេស​មួយ​ទៀត។
11នឹង​មាន​រញ្ជួយ​ផែនដី​យ៉ាង​ខ្លាំង​នៅ​តាម​តំបន់​ផ្សេងៗ ​មាន​កើត​ទុរ្ភិក្ស ជំងឺ​រាតត្បាត។ អព្ភូតហេតុ​ទាំងនេះនឹងបណ្ដាល​ឲ្យអ្នកភ័យ​តក់ស្លុត ហើយនិង​មានទីសម្គាល់ធំមហិមាមកពីលើ​មេឃ​ផង។
12ប៉ុន្តែ មុន​នឹង​ហេតុការណ៍​ទាំង​នោះ​កើត​ឡើង គេ​នឹង​ចាប់​ចង​អ្នក​រាល់​គ្នា គេ​បៀតបៀន ហើយ​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​កាត់​ទោស​ក្នុង​សាលា​ប្រជុំ រួចយក​អ្នក​រាល់​គ្នា​ទៅ​ឃុំឃាំង ដោយនាំ​អ្នក​រាល់​គ្នា​ទៅ​ឲ្យ​ស្ដេច និង​លោក​ទេសាភិបាល​កាត់​ទោស​ព្រោះ​តែ​នាម​ខ្ញុំ។
13ប៉ុន្តែ ការ​នេះបែរជាផ្លល់​ឱកាស​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើទីបន្ទាល់ទៅវិញ។
14ដូច្នេះ ត្រូវ​ចង​ចាំ​ក្នុង​ចិត្ត​ថា មិនត្រូវរៀបចំការពារខ្លួន មុនពេលកំណត់មកដល់នោះឡើយ
15ដ្បិត ​ខ្ញុំ​នឹង​ផ្ដល់​ឲ្យអ្នកមានថ្វី​មាត់ និង​ប្រាជ្ញា ដែលធ្វើឲ្យ​ពួក​ប្រឆាំង ពុំអាច​​តទល់​នឹង​អ្នក​រាល់​គ្នា​បាន​ឡើយ។
16ប៉ុន្តែ ទោះបីជា​ឪពុកម្ដាយ បង​ប្អូន​ញាតិសន្ដាន និង​មិត្តភក្ដិ​របស់​អ្នក​រាល់​គ្នា ព្រមទាំងមនុស្សខ្លះក្នុងចំណោមអ្នករាល់គ្នាក៏ត្រូវគេ​យកសម្លាប់​ផង​ដែរ។
17​អ្នក​រាល់​គ្នានឹងត្រូវគេស្អប់ព្រោះ​តែ​នាម​ខ្ញុំ។
18ប៉ុន្តែ សូម្បី​តែ​សក់​អ្នក​រាល់​គ្នា​មួយ​សរសៃ​ក៏​មិន​ត្រូវ​បាត់​ឡើយ។
19កាលណាអ្នករាល់គ្នាមានចិត្តស៊ូទ្រាំ នោះអ្នក​រាល់​គ្នា​នឹង​បាន​រួច​ជីវិត។
20«កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​មាន​កងទ័ព​មក​ឡោមព័ទ្ធ​ក្រុង​យេរូសាឡិម ចូរ​ដឹង​ថា ក្រុង​នេះ​ជិត​វិនាស​ហើយ។
21ពេល​នោះ អស់​អ្នក​នៅ​ស្រុក​យូដា​ត្រូវ​តែ​រត់​ទៅ​ជ្រក​នៅ​តាម​ភ្នំ ចំណែកឯ​អស់​អ្នក​នៅ​កណ្តាលក្រុង ត្រូវ​រត់​ចេញ​អោយ​ឆ្ងាយ​ពី​ក្រុង ហើយ​អស់​អ្នក​ដែល​នៅ​ជនបទ មិន​ត្រូវ​ចូល​ទៅ​ក្រុង​ឡើយ។
22ដ្បិត នៅគ្រា​នេះ ព្រះជាម្ចាស់វិនិច្ឆ័យទោស​ប្រជារាស្ត្រ​ព្រះអង្គ ដើម្បីឲ្យសម្រេចតាមសេចក្តីដែលមានចែង​ទុក​ក្នុង​គម្ពីរ។
23វេទនាហើយ ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​បំបៅ! ដ្បិត​នឹង​កើត​មាន​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង​នៅ​ក្នុង​ស្រុក ហើយ​ព្រះជាម្ចាស់​នឹង​សម្តែងព្រះពិរោធចំពោះ​ប្រជារាស្ត្រ​នេះ។
24គេ​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ ហើយ​ខ្មាំង​សត្រូវ​នឹង​កៀរ​គេ​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​សឹក ​រស់​នៅ​កណ្ដាល​ចំណោម​ជាតិ​សាសន៍​ទាំង​អស់ ហើយក្រុងយេរូសាឡិមត្រូវសាសន៍ដទៃជាន់ឈ្លី រហូត​ដល់​ពេលកំណត់»។
25គ្រា​នោះ នឹង​មាន​ទីសម្គាល់​នៅ​ក្នុង​ព្រះអាទិត្យ ​ក្នុង​ព្រះច័ន្ទ និង​ក្នុង​ផ្កាយ​ទាំង​ប៉ុន្មាននៅលើមេឃ។ ប្រជាជាតិ​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​តឹង​ទ្រូង និងព្រួយ​បារម្ភ ព្រោះ​ឮ​សូរ​សន្ធឹក​រលក​សមុទ្រ​បក់​បោក។
26មនុស្សម្នា​ភ័យ​ស្លុត​បាត់​ស្មារតី ដោយគិត​អំពី​ហេតុការណ៍​ដែល​នឹង​កើត​មាន​នៅ​លើ​ផែនដី។ ដ្បិត ​អំណាចនានា​នៅ​លើ​មេឃ​នឹង​កក្រើក​រំពើក។
27ពេល​នោះ គេ​នឹង​ឃើញ​បុត្រ​មនុស្សយាង​មក​ក្នុង​ពពក ពេញ​ដោយ​ឫទ្ធានុភាព និង​សិរីរុងរឿង​អស្ចារ្យ។
28ប៉ុន្តែ កាល​ណា​ព្រឹត្តិការណ៍​ទាំង​នេះ​ចាប់​ផ្ដើម​កើត​ឡើង ចូរ​អ្នក​រាល់​គ្នា​ងើប​មើល​ទៅ​លើ ពីព្រោះ​ព្រះជាម្ចាស់​ជិត​រំដោះ​អ្នក​រាល់​គ្នា​ហើយ»។
29ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ជា​ពាក្យ​ប្រស្នា​នេះ​ថា៖ «ចូរ​មើល​ដើម​ឧទុម្ពរ និង​ដើម​ឈើ​ទាំង​អស់​ចុះ។
30ពេល​ណា​អ្នក​រាល់​គ្នា​ឃើញ​ស្លឹក​វា​លាស់ អ្នក​រាល់​គ្នា​ដឹង​ថា រដូវ​ប្រាំង​ ជិត​មក​ដល់​ហើយ។
31ដូច្នេះ កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ព្រឹត្តិការណ៍​ទាំង​នោះ​កើត​ឡើង នោះអ្នកត្រូវ​ដឹង​ថា ព្រះរាជ្យ​របស់​ព្រះជាម្ចាស់​មក​ជិតមកដល់ហើយ។
32ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ​មនុស្ស​ជំនាន់​នេះនឹងមិនកន្លែងផុតទៅឡើយ ដរាបណាហេតុការណ៍​ទាំង​នោះ​នឹង​កើត​ឡើង ជាមុនសិន។
33ផ្ទៃ​មេឃ និង​ផែនដី​នឹង​រលាយ​បាត់​ទៅ តែ​ពាក្យ​ដែល​ខ្ញុំ​និយាយ​មិន​រលាយ​បាត់​ឡើយ។
34«ចូរ​អ្នក​រាល់​គ្នា​ប្រុង​ប្រយ័ត្ន​ឲ្យ​មែន​ទែន! កុំ​បណ្ដោយ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នាត្រូវ​វក់វី​នឹង​គ្រឿង​សប្បាយ គ្រឿង​ស្រវឹង ឬ​ក៏​ខ្វល់​ខ្វាយ​អំពី​ជីវិត​នេះ​ឡើយ ក្រែង​លោ​ថ្ងៃ​ពេលកំណត់នឹងត្រូវបិទដូចអន្ទាក់។
35ដ្បិត​ថ្ងៃ​នោះ​មក​ដល់ដែល​នឹងគ្រប​ពី​លើ​មនុស្ស​ទាំង​អស់​នៅ​លើ​ផែនដី​ទាំង​មូល។
36ចូរ​ប្រុង​ស្មារតី និង​ទូលអង្វរ​គ្រប់​ពេល​វេលា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​កម្លាំង ឆ្លង​ផុត​ពី​ហេតុការណ៍​ទាំង​អស់ ដែល​ត្រូវ​កើត​មាន ​ព្រមទាំងឲ្យអ្នករាល់គ្នាអាច​ឈរ​នៅ​មុខ​បុត្រ​មនុស្ស»។
37ពេល​ថ្ងៃ ​ព្រះយេស៊ូ​តែង​ប្រៀនគេ​នៅ​ក្នុង​ព្រះវិហារ ហើយ​នៅ​ពេល​យប់ ព្រះអង្គ​យាង​ចេញ​ទៅ​សម្រាក​នៅ​លើ​ភ្នំ​ដើម​អូលីវ។
38ប្រជាជន​ទាំង​មូល​នាំ​គ្នា​មក​តាំង​ពី​ព្រលឹម ស្ដាប់​ព្រះអង្គ​មាន​ព្រះបន្ទូល​នៅ​ក្នុង​ព្រះវិហារ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។