1ព្រះយេស៊ូយាងចូលក្រុងយេរីខូ ហើយកំពុងយាងកាត់ទីក្រុង។
2មើល មានបុរសម្នាក់ឈ្មោះសាខេ។ គាត់ជាមេលើអ្នកទារពន្ធ ហើយគាត់ក៏មានទ្រព្យសម្បត្តិយ៉ាងច្រើនដែរ។
3គាត់ព្យាយាមចង់ឃើញព្រះយេស៊ូមានភិនភាគយ៉ាងណា ប៉ុន្តែ គាត់ពុំឃើញទេ ព្រោះគាត់មានមាឌតូច។
4ដូច្នេះ គាត់រត់ទៅខាងមុខឯង រួចឡើងដើមឈើមួយដើម ចាំមើលព្រះអង្គ ព្រោះព្រះយេស៊ូត្រូវយាងកាត់តាមផ្លូវនោះ។
5ពេលព្រះយេស៊ូយាងមកដល់កន្លែងនោះ ព្រះអង្គងើបព្រះភក្ត្រឡើង ហើយមានព្រះបន្ទូលទៅគាត់ថា៖ «លោកសាខេអើយ! សូមចុះមកជាប្រញាប់ ដ្បិតថ្ងៃនេះ ខ្ញុំត្រូវស្នាក់នៅផ្ទះអ្នកហើយ»។
6ដូច្នេះ លោកសាខេក៏ចុះមកជាប្រញាប់ ហើយទទួលព្រះយេស៊ូដោយអំណរ។
7ពេលគ្រប់គ្នាបានឃើញដូច្នេះ ពួកគេរអ៊ូរទាំថា៖ «លោកនេះទៅស្នាក់នៅផ្ទះមនុស្សបាប»។
8លោកសាខេក្រោកឈរឡើង ហើយទូលព្រះអម្ចាស់ថា៖ «មើល៍! បពិត្រព្រះអម្ចាស់! ទូលបង្គំនឹងចែកទ្រព្យសម្បត្តិរបស់ទូលបង្គំ ពាក់កណ្ដាលដល់ជនក្រីក្រ ហើយប្រសិនបើទូលបង្គំទារពន្ធពីអ្នកណាហួសកំរិត ទូលបង្គំនឹងសងអ្នកនោះវិញមួយជាបួន»។
9ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ថ្ងៃនេះ ការសង្គ្រោះបានមកដល់ផ្ទះនេះហើយ ព្រោះបុរសនេះជាពូជពង្សរបស់លោកអប្រាហាំដែរ។
10ដ្បិតបុត្រមនុស្សបានមក ដើម្បីស្វែងរក និងសង្គ្រោះមនុស្សបាត់បង់»។
11កាលពួកគេបានឮដូច្នេះហើយ ព្រះអង្គមានព្រះបន្ទូលជាប្រស្នាមួយទៀតប្រាប់ពួកគេ ព្រោះព្រះអង្គយាងជិតដល់ក្រុងយេរូសាឡឹមហើយ ហើយអ្នកទាំងនោះនឹកស្មានថា ព្រះរាជ្យព្រះជាម្ចាស់នឹងមកដល់ភ្លាមៗនេះ។
12ហេតុដូចនេះ ព្រះអង្គមានព្រះបន្ទូលថា៖ «មានអភិជនម្នាក់ត្រូវចេញដំណើរទៅស្រុកឆ្ងាយ ដើម្បីនឹងទទួលរាជាភិសេក ហើយកាលណាទទួលរាជាភិសេកហើយ លោកនឹងត្រឡប់មកវិញ។
13លោកក៏ហៅអ្នកបម្រើដប់នាក់មក និងប្រគល់ប្រាក់ដប់ណែនឲ្យពួកគេ រួចផ្ដាំថា៖ «ចូរយកប្រាក់នេះទៅរកស៊ី រហូតដល់ពេលខ្ញុំត្រឡប់មកវិញ»។
14ប៉ុន្តែ ប្រជាជនស្រុកនោះស្អប់លោក និងចាត់អ្នកតំណាងឲ្យទៅតាមក្រោយ ដោយជម្រាបថា៖ «យើងខ្ញុំមិនឲ្យលោកនេះធ្វើស្ដេចលើយើងជាដាច់ខាត»។
15ពេលលោកត្រឡប់មកវិញ ក្រោយទទួលរាជ្យរួចហើយ លោកបានបង្គាប់ឲ្យហៅអ្នកអ្នកបម្រើទាំងដប់នាក់ ដែលលោកបានប្រគល់ប្រាក់ណែននោះ មកសួរចង់ដឹងថា ពួកគេបានរកស៊ីចំណេញបានប៉ុន្មាន។
16អ្នកបម្រើទីមួយចូលមកគាល់ទូលថា៖ «បពិត្រព្រះអម្ចាស់អើយ! ប្រាក់ដែលព្រះអង្គប្រទានមក ទូលបង្គំចំណេញបានដប់ណែន»។
17ព្រះរាជាមានរាជឱង្ការទៅអ្នកនោះថា៖ «ល្អណាស់ អ្នកបម្រើដ៏ល្អអើយ!។ ដ្បិត អ្នកស្មោះត្រង់នឹងកិច្ចការដ៏តូចនេះយើងប្រគល់ឲ្យអ្នកគ្រប់គ្រងក្រុងដប់»។
18អ្នកបម្រើទីពីរចូលមកទូលថា៖ «ព្រះអម្ចាស់អើយ! ប្រាក់ដែលព្រះអង្គប្រទានមកនោះ ទូលបង្គំចំណេញបានប្រាំណែន»។
19ព្រះរាជាមានរាជឱង្ការទៅគាត់ថា៖ «យើងតែងតាំងអ្នកឲ្យគ្រប់គ្រងលើក្រុងប្រាំ»។
20អ្នកបម្រើម្នាក់ទៀតចូលមកទូលថា៖ «បពិត្រព្រះអម្ចាស់! នេះប្រាក់របស់ព្រះអង្គ ទូលបង្គំបានរំក្រណាត់ទុក
21ដ្បិត ទូលបង្គំខ្លាចព្រះអង្គ ព្រោះព្រះអង្គប្រិតប្រៀងណាស់។ ព្រះអង្គតែងប្រមូលយកអ្វីៗ ដែលពុំមែនជារបស់ព្រះអង្គ និងច្រូតកាត់ពីស្រែ ដែលព្រះអង្គមិនបានសាបព្រោះ»។
22ព្រះរាជាមានរាជឱង្ការទៅអ្នកបម្រើនោះថា៖ «អ្នកបម្រើអាក្រក់អើយ យើងនឹងកាត់ទោសអ្នក ឲ្យស្របតាមពាក្យសម្តីរបស់អ្នក។ អ្នកដឹងស្រាប់ហើយថា យើងជាមនុស្សប្រិតប្រៀង ប្រមូលយកអ្វីៗដែលមិនមែនជារបស់យើង ហើយច្រូតកាត់ពីស្រែដែលយើងមិនបានសាបព្រោះ។
23ហេតុអ្វីបានជាអ្នកមិនយកប្រាក់របស់យើងទៅចងការ ដូច្នេះពេលយើងយើងត្រឡប់មកវិញ យើងបានទាំងដើម និងបានទាំងការ?»
24ព្រះរាជាបញ្ជាទៅអ្នកឈរនៅក្បែរនោះថា៖ «ចូរយកប្រាក់ពីអ្នកនេះ ប្រគល់ឲ្យអ្នកដែលមានដប់ណែនទៅ»។
25អ្នកទាំងនោះទូលព្រះរាជាថា៖ «បពិត្រព្រះអម្ចាស់! គាត់មានប្រាក់ដប់ណែនរួចទៅហើយ»។
26«យើងសុំប្រាប់អ្នករាល់គ្នាថា អ្នកណាមានហើយ អ្នកនោះនឹងទទួលបានថែមទៀត ចំណែកឯអ្នកដែលគ្មានវិញ គេនឹងដកហូតនូវអ្វីៗដែលអ្នកនោះមានផង។
27ម្យ៉ាងវិញទៀត ពួកខ្មាំងសត្រូវដែលមិនចង់ឃើញយើងគ្រងរាជ្យលើគេទេ ចូរនាំគេមក ហើយសម្លាប់គេចោលនៅមុខយើងទៅ»។
28ពេលព្រះយេស៊ូមានព្រះបន្ទូលដូច្នោះហើយ ព្រះអង្គក៏យាងនាំមុខបណ្ដាជន ឡើងទៅក្រុងយេរូសាឡិម។
29លុះព្រះអង្គយាងជិតដល់ភូមិបេតផាសេ និងភូមិបេតថានី ដែលនៅចង្កេះភ្នំដើមអូលីវ ព្រះអង្គចាត់សិស្សពីររូបឲ្យទៅមុន
30ដោយមានព្រះបន្ទូលថា៖ «ចូរទៅភូមិខាងមុខនោះ។ ពេលអ្នកទៅដល់ អ្នកនឹងឃើញកូនលាមួយ ដែលពុំទាន់មាននរណាធ្លាប់ជិះសោះ។ ចូរស្រាយវាដឹកមកឲ្យយើង។
31ប្រសិនបើមានគេសួរអ្នកថា៖ «ហេតុអ្វីបានជាអ្នកស្រាយវា?» ចូរឆ្លើយប្រាប់ទៅគេថា៖ «ព្រះអម្ចាស់ត្រូវការវា»។
32សិស្សទាំងពីរដែលព្រះអង្គបានចាត់បញ្ជូនទៅនោះ ក៏បានឃើញកូនលាដូចព្រះយេស៊ូមានព្រះបន្ទូលប្រាប់មែន។
33ពេលពួកគេកំពុងស្រាយកូនលាម្ចាស់វាសួរថា៖ «ហេតុអ្វីបានជាអ្នកស្រាយលានេះ?»
34ពួកសិស្សឆ្លើយថា៖ «ព្រះអម្ចាស់ត្រូវការវា»។
35បន្ទាប់មក អ្នកទាំងពីរដឹកកូនលាយកមកថ្វាយព្រះយេស៊ូ ហើយក្រាលអាវធំរបស់ខ្លួនលើខ្នងវាថ្វាយព្រះយេស៊ូគង់លើ។
36កាលព្រះអង្គយាងទៅមុខ មនុស្សម្នាយកអាវធំរបស់ខ្លួនមកក្រាលតាមផ្លូវ។
37កាលព្រះយេស៊ូយាងដល់ភ្នំដើមអូលីវ មានសិស្សច្រើនកុះករអរសប្បាយ ហើយនាំគ្នាបន្លឺសំឡេងសរសើរតម្កើងព្រះជាម្ចាស់ អំពីការអស្ចារ្យទាំងប៉ុន្មាន ដែលគេបានឃើញ
38ដោយពោលថា៖ «មានពរហើយព្រះមហាក្សត្រណា ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់! សូមលើកតម្កើងសេចក្តីសុខសាន្តមកពីស្ថានបរមសុខដ៏ខ្ពង់ខ្ពស់បំផុត!»។
39មានអ្នកខាងគណៈផារីស៊ីខ្លះ នៅក្នុងចំណោមបណ្ដាជន ទូលព្រះយេស៊ូថា៖ «លោកគ្រូ សូមហាមឃាត់សិស្សរបស់លោក»។
40ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងថា ប្រសិនបើអ្នកទាំងនេះនៅស្ងៀម ដុំថ្មមុខជាស្រែកជំនួសគេវិញ»។
41កាលព្រះយេស៊ូយាងមកដល់ក្រុងមួួយ ស្រាប់តែព្រះអង្គទតឃើញទីក្រុង ហើយអង្គព្រះកន្សែង
42មានព្រះបន្ទូលថា៖ «ប្រសិនបើ មានតែអ្នកយល់ហេតុការណ៍នៅសម័យនេះ ដែលនាំអ្នកឲ្យបានសុខសាន្ត! តែឥឡូវ អត្ថន័យនេះនៅលាក់កំបាំងពីភ្នែកគេនៅឡើយ។
43ដ្បិត ថ្ងៃនោះនឹងមកដល់ ពេលណាខ្មាំងសត្រូវនឹងមកបោះទ័ពព័ទ្ធជុំវិញអ្នក ហើយវាយប្រហារអ្នកពីគ្រប់ទិស។
44គេនឹងកម្ទេចអ្នកចោលដល់ដី ហើយកូនរបស់អ្នកនឹងនៅជាមួយអ្នក។ គេមិនទុកឲ្យដុំថ្មនៅត្រួតពីលើគ្នាឡើយ ព្រោះអ្នកពុំបានចំណាំ ពេលណាព្រះជាម្ចាស់យាងមកសង្គ្រោះអ្នក»។
45ព្រះយេស៊ូយាងចូលព្រះវិហារ ហើយដេញអ្នកលក់ដូរចេញពីទីនោះ
46ដោយមានព្រះបន្ទូលទៅគេថា៖ «មានសេចក្តីចែងទុកមកថា ដំណាក់របស់យើងជាកន្លែងសម្រាប់អធិស្ឋាន តែអ្នករាល់គ្នាបែរជាយកធ្វើសំបុកចោរទៅវិញ»។
47ដូច្នេះ ព្រះយេស៊ូបានបង្រៀនគេនៅក្នុងព្រះវិហារជារៀងរាល់ថ្ងៃ។ ក្រុមនាយកបូជាចារ្យ ពួកអាចារ្យ និងពួកមន្ត្រី នាំគ្នារកមធ្យោបាយធ្វើគុតព្រះអង្គ
48ប៉ុន្តែ គេពុំដឹងជាត្រូវប្រើវិធីណាឡើយ ព្រោះប្រជាជនទាំងមូលកំពុងស្ដាប់ព្រះបន្ទូលព្រះអង្គ ដោយយកចិត្តទុកដាក់។