ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

លូកា 18

Read Scripture freely. Divine Threads study for this chapter is coming later.

1បន្ទាប់​មក ព្រះអង្គមាន​ព្រះបន្ទូល​ជា​ប្រស្នា ដើម្បីពន្យល់​សិស្សឲ្យខ្ជាប់ខ្ជួនក្នុងការ​អធិស្ឋាន មិន​ត្រូវ​រសាយ​ចិត្ត​ឡើយ
2ដោយមានព្រះបន្ទូលថា៖ «នៅ​ក្នុង​ក្រុង​មួយ មាន​ចៅក្រម​ម្នាក់ ដែលមិន​ចេះគោរពកោត​ខ្លាច​ព្រះជាម្ចាស់ និងមិន​កោត​ក្រែងមនុស្សណាម្នាក់​ឡើយ។
3ពេលនោះ មាន​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ក្នុង​ក្រុង​នោះ​ដែរ នាងតែង​មក​អង្វរ​ចៅក្រម​ថា៖ «សូម​លោកជួយ​រក​យុត្តិធម៌ឲ្យ​នាង​ខ្ញុំ​ផង»។
4អស់ពេលជាយូរមកហើយ ចៅក្រម​នោះមិន​ព្រមជួយនាងទាល់តែសោះ ប៉ុន្តែក្រោយមកលោកនឹក​ក្នុង​ចិត្ត​ថា៖ «ទោះ​បី​អញ​មិនគោរព​កោត​ខ្លាច​ព្រះជាម្ចាស់ ឬមិន​កោត​ក្រែង​នរណា​ម្នាក់ក្តី
5ក៏​អញ​ត្រូវ​តែជួយ​កាត់​ក្តីឲ្យ​ស្ត្រី​មេម៉ាយម្នាក់​នេះ​ដែរ ព្រោះនាងចេះ​តែ​មករំខានអញ​គ្រប់​ពេល​វេលា ដូច្នេះ នាងមុខ​ជា​លែងមក​រំខាន​អញ​ទៀតហើយ»។
6បន្ទាប់មក ព្រះអម្ចាស់​មាន​ព្រះបន្ទូល​​ថា៖ «ចូរ​ស្តាប់​ពាក្យ​របស់​ចៅក្រមអយុត្តិធម៌នេះ​ចុះ។
7ចុះបើ​ព្រះជាម្ចាស់​វិញ តើព្រះអង្គ​រឹត​តែ​រក​យុត្តិធម៌ឲ្យ​អស់​អ្នក ដែល​ព្រះអង្គ​បាន​ជ្រើស​រើស ស្រែកអង្វរ​ព្រះអង្គទាំង​យប់ទាំង​ថ្ងៃយ៉ាងណាទៅទៀត? តើព្រះអង្គ​នឹងបង្អែរបង្អង់ពេលឬ?
8ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះអង្គ​នឹង​រក​យុត្តិធម៌​យ៉ាងលឿន។ ទោះបីជាពេល​បុត្រ​មនុស្ស​មក​ដល់ តើ​លោកពិតជា​ឃើញ​មនុស្សនៅលើផែនដី​មាន​ជំនឿ​​ឬ?»
9ព្រះអង្គ​មាន​ព្រះបន្ទូល​ជា​ប្រស្នា​នេះ ទៅ​កាន់​អ្នក​ខ្លះ​ដែល​នឹកគិត​ថា​ខ្លួន​ជា​មនុស្ស​សុចរិត តែ​បែរ​ជា​មើលងាយ​អ្នក​ដទៃទៅវិញ
10«មាន​បុរស​ពីរ​នាក់​ឡើង​ទៅ​អធិស្ឋាន​ក្នុង​ព្រះវិហារ គឺម្នាក់​ខាង​គណៈផារីស៊ី និងម្នាក់​ទៀត​ជា​អ្នក​ទារ​ពន្ធ។
11បុរស​ខាង​គណៈផារីស៊ី​ឈរ​អធិស្ឋាន​ក្នុង​ចិត្ត​ថា៖ «បពិត្រ​ព្រះជាម្ចាស់! ទូលបង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ព្រោះ​ទូលបង្គំ​មិន​ដូច​ជន​ឯ​ទៀតទេ ពួកគេជាចោរ ជា​មនុស្ស​ទុច្ចរិត ជា​មនុស្ស​​ផិត​ក្បត់ ឬ​ដូច​អ្នក​ទារ​ពន្ធ​នេះជាដើម។
12ទូលបង្គំ​តម​អាហារ​ពីរ​ដង​ក្នុង​មួយ​អាទិត្យ។ ទូលបង្គំ​ថ្វាយ​មួយ​ភាគ​ដប់​ពីរបស់ទូលបង្គំរកបាន»។
13ចំណែកឯ ​អ្នក​ទារ​ពន្ធ​គាត់​ឈរ​នៅ​ពី​ចម្ងាយ មិន​ទាំង​ហ៊ាន​ងើប​មុខ​ទៅលើផង ប៉ុន្តែគាត់​គក់​ទ្រូង​ទូល​ព្រះអង្គថា៖ «ឱ​ព្រះជាម្ចាស់​អើយ! សូម​អាណិត​មេត្តា​ទូលបង្គំ​ជា​មនុស្ស​បាប​ផង»។
14ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បុរសនេះត្រឡប់ទៅផ្ទះវិញ ដោយដឹងថា ព្រះជាម្ចាស់​ប្រោសគាត់ឲ្យបាន​សុចរិត ព្រោះអ្នក​ណា​លើក​តម្កើង​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​គេ​បន្ទាប​ចុះ រីឯ​អ្នក​ដែល​បន្ទាប​ខ្លួន ​នឹង​ត្រូវ​គេ​លើក​តម្កើង​វិញ»។
15មាន​មនុស្សម្នា​បី​ទារក​មក​ ដើម្បីឲ្យព្រះអង្គដាក់​ព្រះហស្ដ​លើ​ ប៉ុន្តែពេលពួកសិស្សឃើញដូច្នោះ គេ​ក៏​ស្ដី​បន្ទោសអ្នកទាំងនោះ។
16ប៉ុន្តែ ព្រះយេស៊ូ​ហៅអ្នកទាំងនោះឲ្យយក​ទារកមក​ជិត​ព្រះអង្គ ដោយ​មាន​ព្រះបន្ទូល​ថា៖ «ទុក​ឲ្យ​ក្មេងៗ​មក​រក​ខ្ញុំ​ចុះ កុំ​ឃាត់​ពួក​វា​អី ដ្បិតនៅក្នុង​ព្រះរាជ្យរបស់​ព្រះជាម្ចាស់ក៏មានសុទ្ធតែពួកគេដែរ។
17ខ្ញុំ​សុំ​ប្រាប់​​អ្នក​រាល់​គ្នាឲ្យ​ដឹង​ច្បាស់​ថា អ្នក​ណា​មិន​ព្រម​ទទួល​ព្រះរាជ្យ​ព្រះជាម្ចាស់​ដូច​ក្មេង​តូច​មួយនេះ​ទេ អ្នក​នោះ​ចូល​ក្នុង​ព្រះរាជ្យ​ព្រះជាម្ចាស់មិនបានឡើយ»។
18មាន​នាម៉ឺន​ម្នាក់​ទូល​សួរ​ព្រះអង្គថា៖ «លោក​គ្រូ​ដ៏​សប្បុរស​អើយ តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី ដើម្បី​ទទួលបាន​ជីវិត​អស់កល្ប​ជានិច្ចទុកជាមត៌ក?»
19ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ហៅ​ខ្ញុំ​ថាសប្បុរស​ដូច្នេះ? លើកលែងតែព្រះជាម្ចាស់​មួយ​អង្គប៉ុណ្តោះ?
20លោក​ស្គាល់​បទ​បញ្ជា​ស្រាប់​ហើយ​ថា កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ កុំ​សម្លាប់​មនុស្ស កុំ​លួច​ទ្រព្យសម្បត្តិ​គេ កុំ​ធ្វើសាក្សីក្លែងក្លាយ ចូរ​គោរព​មាតាបិតា»។
21នាម៉ឺន​នោះ​ទូល​ព្រះយេស៊ូ​ថា៖ «ខ្ញុំ​បាន​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​នេះ​តាំង​តែ​ពី​ក្មេង​មកម្ល៉េះ»។
22ពេលព្រះយេស៊ូ​ឮ​ដូច្នេះ ព្រះអង្គ​មាន​ព្រះបន្ទូលតប​ថា៖ «នៅខ្វះកិច្ចការ​មួយ​ទៀត​ ដែល​លោកពុំ​ទាន់​ធ្វើ គឺ​ត្រូវលក់ទ្រព្យសម្បត្តិទាំងអស់ដែលលោកមាន ហើយ​ចែក​ឲ្យ​ជន​ក្រីក្រ នោះអ្នកនឹងបាន​សម្បត្តិ​សួគ៌ រួច​សឹម​លោកអញ្ជើញ​មក​តាម​ខ្ញុំ»។
23ប៉ុន្តែ ពេល​នាម៉ឺន​នោះ​ឮ​ដូច្នេះ គាត់​ព្រួយ​ចិត្តជា​ខ្លាំង ដ្បិត​គាត់​ជា​អ្នក​មានទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ។
24ពេល​ព្រះយេស៊ូ​ឃើញ​គាត់​ព្រួយ​ចិត្ដដូច្នេះ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «អ្នក​មាន​ពិបាក​ចូល​ទៅ​ក្នុង​ព្រះរាជ្យព្រះជាម្ចាស់​ណាស់!
25សត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុលងាយ​ជាង​ អ្នក​មាន​ចូល​ក្នុង​ព្រះរាជ្យ​របស់ព្រះជាម្ចាស់​ទៅ​ទៀត»។
26អស់​អ្នក​ដែល​បានឮ​ព្រះបន្ទូល​​ព្រះអង្គ គេពោល​ឡើង​ថា៖ «តើ​អ្នក​ណា​អាច​ទទួល​ការ​សង្គ្រោះ​បាន?»
27រួចព្រះយេស៊ូ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា៖ «ការ​អ្វី​ដែល​មនុស្ស​ធ្វើ​ពុំ​កើត ព្រះជាម្ចាស់​ធ្វើ​កើត​ទាំង​អស់»។
28លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «យើង​ខ្ញុំ​បាន​លះបង់​ចោលទ្រព្យសម្បត្តិ​ទាំង​អស់ ហើយ​ដើរ​តាម​ព្រះអង្គ»។
29ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​​អ្នក​រាល់​គ្នា​ឲ្យដឹង​ច្បាស់​ថា គ្មានអ្នក​ណា​លះបង់​ផ្ទះ​សម្បែង ប្រពន្ធ កូន ឪពុកម្ដាយ និង​បង​ប្អូន ដោយ​យល់​ដល់​ព្រះរាជ្យ​ព្រះជាម្ចាស់ឡើយ
30អ្នក​នោះ​នឹង​ទទួល​បាន​យ៉ាង​ច្រើន​លើសលប់ នៅ​ពេល​ឥឡូវ​នេះ ព្រម​ទាំង​មាន​ជីវិត​អស់កល្ប​ជានិច្ច នៅ​ពេល​ខាង​មុខ​ថែម​ទៀត​ផង»។
31បន្ទាប់ពីព្រះយេស៊ូ​ជួបជុំសាវក​ទាំង​ដប់ពីរ​រូបរួចហើយ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «មើល! យើងនឹង​ឡើង​ទៅ​ក្រុង​យេរូសាឡិម អ្វីៗ​ទាំង​អស់​ដែល​ព្យាការីបាន​ចែង​ទុកអំពី​បុត្រ​មនុស្ស ​នឹង​បានសម្រេច​នៅ​ទី​នោះ។
32ដ្បិត លោកនឹង​ត្រូវគេបញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​​សាសន៍​ដទៃ ហើយពួក​គេនឹង​ចំអក​​លោក មើលងាយលោក ព្រម​ទាំង​ស្ដោះ​ទឹក​មាត់​ដាក់​លោក​ផង។
33ក្រោយពេលវាយលោកនឹង​រំពាត់ រួចគេក៏​ប្រហារ​ជីវិត​លោក ហើយបី​ថ្ងៃ​ក្រោយ​មក​លោក​នឹង​រស់​ឡើង​វិញ»។
34ពួក​សិស្ស​ពុំ​បាន​យល់​អំពីព្រះបន្ទូល​នោះ​ទេ ព្រោះព្រះអង្គលាក់កំបាំងអត្ថន័យទាំងនេះ ហើយពួកគេពុំបានយល់នូវអ្វី ដែលព្រះជាម្ចាស់មានព្រះបន្ទូលនោះឡើយ។
35ពេល​ព្រះយេស៊ូ​យាង​​ដល់​ក្រុង​យេរីខូ មាន​មនុស្ស​ខ្វាក់​ម្នាក់ អង្គុយ​សុំ​ទាន​នៅ​តាម​ផ្លូវ។
36ពេល​គាត់​ឮ​ស្នូរ​បណ្ដាជន​ដើរ​កាត់តាម​ទីនោះ គាត់​ក៏សួរ​គេ​ថា​មាន​រឿង​អ្វីកើតឡើង។
37គេ​ប្រាប់​គាត់​ថា ព្រះយេស៊ូ​ជា​អ្នក​ភូមិ​ណាសារ៉ែត​យាង​កាត់​តាម​ផ្លូវ​នេះ។
38ដូច្នេះ មនុស្ស​ខ្វាក់​ក៏​ស្រែក​ឡើង​ថា៖ «ឱ​ព្រះយេស៊ូ ជា​ព្រះរាជវង្ស​ព្រះបាទ​ដាវីឌ​អើយ! សូមលោក​អាណិត​មេត្តា​ទូលបង្គំ​ផង»។
39ពួក​អ្នក​ដើរ​ខាង​មុខ​បាន​ឃាត់​គាត់​ឲ្យនៅ​ស្ងៀម ប៉ុន្តែ គាត់​ស្រែក​រឹត​តែ​ខ្លាំង​ឡើងៗ​ថា៖ «ឱ​ព្រះរាជវង្ស​ព្រះបាទ​ដាវីឌ​អើយ សូមលោក​អាណិត​មេត្តា​ទូលបង្គំ​ផង»។
40ព្រះយេស៊ូ​ក៏​ឈប់នៅស្ងៀម ហើយ​បញ្ជា​គេ​ឲ្យបុរសនោះ​មក​ជិត​ព្រះអង្គ។ លុះ​មនុស្ស​ខ្វាក់​ដើរ​ចូល​ជិតមក ព្រះយេស៊ូ​មាន​ព្រះបន្ទូល​សួរ​គាត់​ថា៖
41«តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វីចំពោះអ្នក?»។ គាត់​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះអម្ចាស់! ​ទូលបង្គំចង់មើលឃើញវិញ»។
42ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ឲ្យ​ភ្នែក​អ្នក​បាន​ភ្លឺ​ឡើង​វិញ​ចុះ។ ជំនឿរបស់អ្នកបានប្រោសអ្នកឲ្យជាហើយ»។
43រំពេច​នោះ​គាត់​មើល​ឃើញ​វិញ​ភ្លាម ហើយ​គាត់​ក៏​តាម​ព្រះយេស៊ូ​ ទាំង​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់។ ពេលឃើញ​ហេតុការណ៍​ទាំងនេះ ប្រជាជន​ទាំងអស់គ្នាសរសើរ​តម្កើង​ព្រះជាម្ចាស់​។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។