1ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសិស្សថា៖ «ប្រាកដណាស់មានមូលហេតុជាច្រើនជាក់លាក់ ដែលបណ្តាលឲ្យមនុស្សប្រព្រឹត្តអំពើបាប ប៉ុន្តែ វេទនាហើយ អស់អ្នកណានាំគេឲ្យប្រព្រឹត្តអំពើបាប!
2ចំពោះអ្នកនោះ ប្រសិនបើគេយកត្បាល់ថ្មយ៉ាងធំមកចងក រួចទម្លាក់ទៅក្នុងសមុទ្រ ប្រសើរជាងទុកឲ្យនាំមនុស្សតូចតាចណាម្នាក់ប្រព្រឹត្តអំពើបាប។
3ចូរប្រយ័ត្នខ្លួន ប្រសិនបើ បងប្អូនណាប្រព្រឹត្តអំពើបាប ចូរស្ដីប្រដៅគាត់ផង តែបើគាត់ប្រែចិត្តរួចហើយ ចូរអត់ទោសឲ្យគាត់ទៅ។
4ប្រសិនបើ គាត់ប្រព្រឹត្តអំពើបាបចំពោះអ្នក ប្រាំពីរដងក្នុងមួយថ្ងៃ ហើយបើគាត់ត្រឡប់មករកអ្នកទាំងប្រាំពីរដង ដោយពោលថា៖ «ខ្ញុំប្រែចិត្តហើយ» អ្នកត្រូវអត់ទោសឲ្យគាត់ទៅ!»។
5ពួកសាវកទូលព្រះអម្ចាស់ថា៖ «សូមព្រះអង្គប្រទានជំនឿមកយើងខ្ញុំថែមទៀត»។
6ព្រះអម្ចាស់មានព្រះបន្ទូលឆ្លើយថា៖ «ប្រសិនបើ អ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជមួយដ៏ល្អិត ហើយបើអ្នករាល់គ្នានិយាយទៅកាន់ដើមឈើនេះថា៖ «ចូររំលើងឫសឯង ទៅដុះក្នុងសមុទ្រទៅ» វាមុខជាស្ដាប់បង្គាប់អ្នករាល់គ្នាមិនខាន។
7ប៉ុន្តែ ក្នុងចំណោមអ្នករាល់គ្នា ដែលមានអ្នកបម្រើទៅភ្ជួរស្រែ ឬឃ្វាលហ្វូងសត្វ ពេលពួកគេវិលត្រឡប់មកពីវាលស្រែវិញ និយាយថា៖ «មកនេះប្រញាប់ រួចអង្គុយពិសាបាយ?
8ផ្ទុយទៅវិញ តើម្ចាស់មិននិយាយទៅកាន់អ្នកបម្រើថា៖ «ចូររៀបចំបាយទឹកឲ្យខ្ញុំ រួចក្រវ៉ាត់ចង្កេះមកបម្រើខ្ញុំពេលខ្ញុំកំពុងបរិភោគ រហូតដល់ខ្ញុំបរិភោគហើយ។ រួចចាំទៅបរិភោគតាមក្រោយ»។
9ម្ចាស់មិនបានអរគុណអ្នកបម្រើទេ ព្រោះអ្នកបម្រើធ្វើតាមបង្គាប់ខ្លួន មែនទេ?
10ចុះអ្នករាល់គ្នាវិញគិតដូច្នោះដែរ ពេលណាអ្នករាល់គ្នាបានបំពេញតាមបទបញ្ជារបស់ព្រះជាម្ចាស់សព្វគ្រប់ហើយ គួរពោលថា៖ «យើងខ្ញុំជាអ្នកបម្រើមិនស័ក្តិសម។ យើងខ្ញុំគ្រាន់តែបានបំពេញកិច្ចការដែលយើងខ្ញុំត្រូវធ្វើបុណ្ណោះ»។
11កាលព្រះយេស៊ូកំពុងយាងទៅក្រុងយេរូសាឡិម ព្រះអង្គយាងកាត់តាមព្រំដែនស្រុកសាម៉ារី និងស្រុកកាលីឡេ។
12កាលព្រះអង្គយាងចូលក្នុងភូមិមួយ ព្រះអង្គបានជួបមនុស្សឃ្លង់ដប់នាក់។ ពួកឈរឆ្ងាយពីព្រះអង្គ
13រួចស្រែកឡើងថា៖ «ព្រះយេស៊ូ សូមលោកគ្រូមេត្តាអាណិតយើងខ្ញុំផង»។
14ព្រះយេស៊ូទតមើលពួកគេ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរអ្នករាល់គ្នាទៅបង្ហាញខ្លួនឲ្យពួកបូជាចារ្យបានឃើញចុះ»។ ពេលពួកគេនាំគ្នាចេញទៅ ពួកគេក៏បានជាស្អាតបរិសុទ្ធទាំងអស់គ្នា។
15ពេលម្នាក់ក្នុងចំណោមពួកគេឃើញថាខ្លួនបានជាសះស្បើយដូច្នេះ គាត់ក៏ត្រឡប់ក្រោយដោយបន្លឺសំឡេងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។
16គាត់ក្រាបទៀបព្រះបាទាព្រះយេស៊ូ ឱនក្បាលដល់ដី ទាំងអរព្រះគុណព្រះអង្គផង។ អ្នកនោះជាអ្នកស្រុកសាម៉ារី។
17បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលថា៖ «តើអ្នកទាំងដប់នាក់មិនបានជាស្អាតបរិសុទ្ធគ្រប់គ្នាទេឬ? ចុះប្រាំបួននាក់ទៀតនៅឯណា?
18គ្មាននរណាម្នាក់មកលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ ក្រៅពីជនបរទេសម្នាក់នេះទេឬ?»
19ព្រះអង្គមានព្រះបន្ទូលទៅគាត់ទៀតថា៖ «ចូរក្រោកឡើង! អញ្ជើញទៅចុះ!។ ជំនឿរបស់អ្នកបានប្រោសអ្នកឲ្យជាហើយ»។
20ពេលពួកខាងគណៈផារីស៊ីទូលសួរព្រះយេស៊ូថាតើ ព្រះជាម្ចាស់នឹងយាងមកគ្រងរាជ្យនៅពេលណានោះ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ព្រះរាជ្យព្រះជាម្ចាស់មិនមែនមក ដោយមនុស្សមើលឃើញនឹងភ្នែកទេ។
21ក៏ពុំដែលមកដោយមានគេនិយាយថា៖ «មើល ព្រះរាជ្យព្រះជាម្ចាស់នៅទីនេះ!» ឬ «ព្រះរាជ្យព្រះជាម្ចាស់នៅទីនោះ!» ដ្បិត មើល៍! ព្រះរាជ្យព្រះជាម្ចាស់ស្ថិតនៅក្នុងអ្នករាល់គ្នា»។
22ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកសិស្សថា៖ «ថ្ងៃនោះនឹងមកដល់ ពេលណាអ្នករាល់គ្នាចង់ឃើញបុត្រមនុស្សយាងមក ប៉ុន្តែ អ្នករាល់គ្នាពុំបានឃើញឡើយ។
23បន្ទាប់មក មានគេប្រាប់អ្នករាល់គ្នាថា៖ «មើល៍! ព្រះអង្គនៅទីនេះ! ឬនៅទីនោះ! ប៉ុន្តែ កុំចេញទៅ ឬរត់ទៅតាមគេឲ្យសោះ
24ដ្បិត ផ្លេកបន្ទោរភ្លឺឆ្វាចឆ្កងកាត់ពីជើងមេឃម្ខាងទៅជើងមេឃម្ខាងយ៉ាងណា ថ្ងៃនោះបុត្រមនុស្សនឹងយាងមក។
25ប៉ុន្តែ មុនដំបូងបុត្រមនុស្សត្រូវតែរងទុក្ខវេទនាជាច្រើន និងត្រូវមនុស្សជំនាន់នេះបដិសេធផងដែរ។
26នៅជំនាន់លោកណូអេយ៉ាងណា នោះក៏កើតមាននៅគ្រាបុត្រមនុស្សយាងមកយ៉ាងនោះដែរ។
27មនុស្សម្នានាំគ្នាគិតតែរឿងស៊ីផឹក និងរៀបការប្ដីប្រពន្ធ រហូតដល់ថ្ងៃលោកណូអេចូលក្នុងទូកធំ ហើយទឹកជំនន់ឡើងលិចបំផ្លាញពួកអស់។
28ដូចគ្នាទៅនឹងជំនាន់លោកឡុតដែរ ពេលមនុស្សម្នាគិតតែរឿងស៊ីផឹក លក់ដូរ ដាំដំណាំ និងសង់ផ្ទះប៉ុណ្ណោះ។
29ប៉ុន្តែ នៅថ្ងៃដែលលោកឡុតចាកចេញពីក្រុងសូដុម មានភ្លើង និងស្ពាន់ធ័រធ្លាក់ពីលើមេឃ រួចបំផ្លាញអ្នកក្រុងទាំងអស់គ្នា។
30ដូចគ្នានេះដែរ នៅថ្ងៃដែលបុត្រមនុស្សយាងមកនឹងត្រូវបើកសម្តែងឲ្យដឹង។
31នៅថ្ងៃនោះ កុំឲ្យអ្នកនៅលើដំបូលផ្ទះ ចុះមកយករបស់របរចេញពីផ្ទះ ហើយកុំឲ្យអ្នកវាលស្រែចម្ការ វិលត្រឡប់ទៅផ្ទះវិញឡើយ។
32ចូរនឹកចាំអំពីរឿងរ៉ាវរបស់ភរិយាលោកឡុត។
33អ្នកណាខំរក្សាជីវិតរបស់ខ្លួន នឹងបាត់បង់ជីវិតទៅ ប៉ុន្តែអ្នកដែលបាត់បង់ជីវិត នឹងបានរួចជីវិតវិញ។
34ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅយប់នោះបើមានពីរនាក់ដេកលើគ្រែជាមួយគ្នា។ ព្រះជាម្ចាស់នឹងយកម្នាក់ទៅ ទុកម្នាក់ទៀតឲ្យនៅ។
35មានស្ត្រីពីរនាក់កិនស្រូវជាមួយគ្នា ព្រះជាម្ចាស់យកម្នាក់ទៅ ទុកម្នាក់ទៀតឲ្យនៅ។
36មានបុរសពីរនាក់នៅក្នុងចម្ការ ព្រះជាម្ចាស់យកម្នាក់ទៅ ទុកម្នាក់ទៀតឲ្យនៅ។
37ពួកសិស្សទូលសួរព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ តើហេតុការណ៍ទាំងនេះនឹងកើតឡើងនៅទីណា?»។ ព្រះអង្គមានព្រះបន្ទូលតបថា៖ «មានសាកសពនៅទីណា ក៏មានត្មាតជុំគ្នានៅទីនោះដែរ»។