ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

លូកា 16

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​កាន់​ពួកសិស្ស​ថា៖ «មាន​សេដ្ឋី​មួយ​រូប បាន​ប្រគល់​មុខងារ​ឲ្យអ្នក​បម្រើម្នាក់​មើល​ខុស​ត្រូវ​លើ​ទ្រព្យសម្បត្តិ​របស់​លោក ហើយមាន​គេ​រាយការណ៍ប្រាប់​លោក​ថា អ្នក​មើលការខុសត្រូវនោះ​បាន​ចាយ​វាយ​ទ្រព្យសម្បត្តិរបស់លោកខ្ជះខ្ជាយ។
2ដូច្នេះ សេដ្ឋី​ក៏​ហៅ​អ្នក​មើល​ការខុស​ត្រូវ​មក​ប្រាប់​ថា៖ «តើអ្វីដែលខ្ញុំបានឮពីអ្នកពិតមែនទេ? ចូរយកបញ្ជីការទទួលខុសត្រូវរបស់អ្នកចេញមកដ្បិតខ្ញុំលែងឲ្យអ្នកមើលការខុសត្រូវលើសម្បត្តិ​ខ្ញុំ​​ទៅ​ទៀតហើយ»។
3អ្នក​មើលការខុសត្រូវនោះគិត​ក្នុង​ចិត្ត​ថា៖ «តើ​អញ​គិត​ទៅ​ធ្វើ​ការ​អ្វី​វិញ បើចៅហ្វាយ​ដកការទទួលខុសត្រូវចេញពីអញ? អញ​គ្មាន​កម្លាំង​នឹង​កាប់​គាស់​ដី​ទេ ហើយអញខ្មាសមិនហ៊ានដើរសុំ​ទាន​គេ។
4ខ្ញុំនឹក​ឃើញ​ គួរ​ធ្វើ​អ្វីហើយ ដូច្នេះនៅពេល​អញ​ឈប់​កាន់​​ការងារ តែឲ្យអ្នក​ស្រុកនៅតែ​ទទួល​អញឲ្យ​ស្នាក់​នៅ​ផ្ទះ​គេ ដដែល»។
5រួចអ្នកមើលការខុសត្រូវ​ក៏​ហៅ​កូន​បំណុល​របស់​ចៅហ្វាយ​ឲ្យ​ចូល​មក​ម្នាក់​ម្ដងៗ គាត់​សួរ​អ្នក​ទី​មួយ​ថា៖ «តើ​អ្នក​ជំពាក់​ចៅហ្វាយ​ខ្ញុំ​ប៉ុន្មាន?»
6កូន​បំណុល​នោះ​ឆ្លើយ​ថា៖ «ប្រេងអូលីវ​មួយ​រយធុង»។ គាត់​ប្រាប់អ្នកនោះ​ថា៖ «យក​បញ្ជី​របស់​អ្នក​ទៅ ចូរអង្គុយ​ចុះរួចសរសេរ​ឲ្យលឿនដាក់ថា ជំពាក់​ហាសិប​ធុង»។
7បន្ទាប់​មក គាត់​សួរ​ម្នាក់​ទៀត​ថា៖ «តើ​អ្នក​ជំពាក់​ចៅហ្វាយ​ខ្ញុំ​ប៉ុន្មាន​ដែរ?» កូន​បំណុល​នោះ​ឆ្លើយ​ថា៖ «ស្រូវ​មួយ​រយ​ថាំង»។ គាត់ប្រាប់ថា៖ «យក​បញ្ជី​របស់​អ្នក​ហើយ​សរសេរ​ដាក់​ថា ជំពាក់​ប៉ែតសិប​ថាំងវិញ»។
8ម្ចាស់​ក៏​សរសើរ​អ្នកមើលការខុសត្រូវទុច្ចរិតនេះណាស់ ព្រោះគាត់​ប៉ិនប្រសប់​បោក​បញ្ឆោត។ ដ្បិត មនុស្ស​ក្នុង​លោក​នេះ​តែងតែ​ប៉ិនប្រសប់​បោកបញ្ឆោតគ្នាឯង ជាងមនុស្សក្នុងពន្លឺ​​ទៅ​ទៀត។
9ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរបង្កើតមិត្តភក្តិ ដោយចេះប្រើប្រាស់​ទ្រព្យសម្បត្តិ​លោកីយ៍​នេះ ដូច្នេះ ពេល​ទ្រព្យ​នេះ​រលាយ​សូន្យ​ទៅ​មិត្តភក្ដិ​ទាំង​នោះនឹង​ទទួល​អ្នក​រាល់​គ្នា នៅ​ក្នុង​ដំណាក់​ដ៏អស់កល្បជានិច្ចវិញ។
10អ្នក​ណា​ស្មោះ​ត្រង់​ក្នុង​កិច្ចការ​​តូច អ្នក​នោះ​ក៏​ស្មោះ​ត្រង់​ក្នុង​កិច្ចការ​ធំ​ដែរ ហើយអ្នកទុច្ចរិតក្នុង​កិច្ចការ​​តូច អ្នក​នោះ​ក៏​ទុច្ចរិតក្នុង​កិច្ចការ​ធំដែរ។
11ប្រសិន​បើ​ អ្នក​រាល់​គ្នា​មិន​ស្មោះ​ត្រង់​ក្នុង​របៀប​ប្រើប្រាស់​ទ្រព្យសម្បត្តិទុច្ចរិតនេះ តើអ្នកណា​អាច​ប្រគល់​ទ្រព្យសម្បត្តិ​​ពិត​ប្រាកដ​ មក​អ្នក​រាល់​គ្នា​បាន​ដែរ?
12ប្រសិន​បើ​ អ្នក​រាល់​គ្នា​មិន​ស្មោះ​ត្រង់​ក្នុងការប្រើប្រាសទ្រព្យសម្បត្តិ​អ្នក​ដទៃ​ផង តើអ្នកណានឹងប្រគល់ទ្រព្យសម្បត្តិ​មកឲ្យអ្នក​រាល់គ្នាមើលការខុសត្រូវ?
13គ្មាន​អ្នកបម្រើណាអាចបម្រើចៅហ្វាយពីរបានទេ ព្រោះ​អ្នក​នោះ​នឹង​ស្អប់មួយ​ហើយស្រឡាញ់​មួយ ឬស្មោះ​ត្រង់​មួយ និងមើលងាយ​មួយជា​ពុំខាន។ អ្នក​រាល់​គ្នា​ពុំ​អាច​បម្រើ​ព្រះជាម្ចាស់​ផង និងបម្រើ​ទ្រព្យសម្បត្តិ​លោកីយ៍​ផង​បាន​ឡើយ»។
14ពេលណា​ពួក​ខាង​គណៈផារីស៊ីដែលជាអ្នកស្រឡាញ់ប្រាក់ បានឮ​ដូច្នោះ ពួកគេ​ក៏​ចំអកឲ្យ​ព្រះអង្គ។
15ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នាសម្តែងថាខ្លួន​សុចរិតនៅចំពោះមុខមនុស្ស ប៉ុន្តែព្រះជាម្ចាស់​ឈ្វេង​យល់ជម្រៅ​ចិត្ត​អ្នក​រាល់​គ្នាវិញ។ អ្វីៗ​ដែល​មនុស្សលើកតម្កើង តែជាការគួរឲ្យ​ស្អប់​ខ្ពើមនៅចំពោះភក្រ្តព្រះជាម្ចាស់។
16គម្ពីរ​វិន័យ និង​គម្ពីរ​ព្យាការីនៅតែសុពលភាព រហូត​ដល់​លោក​យ៉ូហានបាទីស្ដ​មក​ដល់។ ចាប់តាំង​ពី​ពេល​នោះ​មក​មនុស្សបាន​ឮ​ដំណឹងល្អ ស្តីអំពី​ព្រះរាជ្យរបស់ព្រះជាម្ចាស់ ហើយគ្រប់​គ្នា​ខំ​ប្រឹង​តាម។
17ប៉ុន្តែ ផ្ទៃ​មេឃ​ផែនដី​នឹង​រលាយ​សូន្យ​ទៅ តែ​ក្រឹត្យវិន័យ​មិន​រលាយ​ឡើយ សូម្បី​តែ​តួ​អក្សរ​មួយ​ដ៏​តូច ក៏​មិន​រលាយ​បាត់​ផង។
18បុរសណាដែល​លែង​ភរិយា ហើយ​ទៅ​រៀបការ​នឹង​ស្ត្រី​ម្នាក់​ទៀត បុរស​នោះ​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ចំណែកឯ​បុរស​ណា​រៀបការ​នឹង​ស្ត្រី​ប្ដី​លែង បុរស​នោះ​ក៏​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ។
19«មាន​បុរស​ម្នាក់​​មានទ្រព្យសម្បត្តិស្តុកស្តម្ភ គាត់ប្រើ​សម្លៀកបំពាក់​ល្អៗ ធ្វើ​ពី​ក្រណាត់​ទេសឯក ហើយគាត់​រស់​នៅយ៉ាង​សប្បាយ ជាមួយនឹងទ្រព្យសម្បត្តិមហាសាល។
20នៅទីនោះក៏មានអ្នកសុំទានម្នាក់ឈ្មោះ​ឡាសារ ហើយគាត់​តែង​ដេក​នៅ​មាត់​ទ្វារ​របង​ផ្ទះ​អ្នក​មាន​នោះ ខ្លួនគាត់​កើត​ដំបៅ​ពេញ​
21គាត់រង់ចាំបរិភោគ​កំទេច​ម្ហូប​អាហារជ្រុះ​ពី​តុ​អ្នក​មាន។ សូម្បីតែសត្វឆ្កែក៏មក​លិទ្ធ​ដំបៅ​គាត់​ទៀត​ផង។
22ក្រោយមក អ្នកសុំទានបាន​ស្លាប់​ទៅ ហើយពួក​ទេវតាក៏នាំយកគាត់​ទៅ​ដាក់​ក្បែរ​លោក​អប្រាហាំ។​ បុរសអ្នក​មាន​ក៏​ស្លាប់​ទៅដែរ គេ​យក​សព​គាត់​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ
23នៅ​ស្ថាន​មនុស្ស​ស្លាប់ គាត់ទទួលទារុណកម្ម​យ៉ាង​ខ្លាំង គាត់​ងើប​មុខ​លើ​មើលឃើញ​លោក​អប្រាហាំ​ពី​ចម្ងាយ ហើយ​ឡាសារក៏​នៅ​ក្បែរ​លោក​​ដែរ។
24ដូច្នេះ គាត់​ស្រែកប្រាប់លោក​អប្រាហាំ​ថា៖ «លោក​ឪពុកអប្រាហាំ​អើយ! សូម​​មេត្តា​ខ្ញុំ​ផង ហើយសូម​លោក​ប្រាប់​ឡាសារ​ឲ្យយកក​ម្រាម​ដៃ​ជ្រលក់​ទឹក និងបន្តក់ផ្សើម​អណ្ដាត​ខ្ញុំ​បន្តិច ព្រោះ​ខ្ញុំនៅ​ក្នុង​ភ្លើង​នេះក្តៅណាស់។
25លោក​អប្រាហាំ​មាន​ប្រសាសន៍​ថា៖ «កូន​អើយ! ចូរ​នឹក​កាល​កូន​មាន​ជីវិត​នៅ​ឡើយ កូនរស់នៅយ៉ាងសប្បាយ ហើយឡាសារវិញស្គាល់តែទុក្ខវេទនា។ ឥឡូវ​នេះ ឡាសារ​បាន​សុខ​សាន្តហើយ តែ​កូន​វិញកូន​ត្រូវ​ឈឺ​ចុក​ចាប់។
26ក្រៅពីនេះ មាន​លំហ​មួយ​យ៉ាង​ធំ​ខណ្ឌ​យើង​ពី​គ្នា ដូច្នេះ ទោះ​បី​អ្នក​ណា​ចង់​ឆ្លង​ពី​ស្ថាន​នេះ​ទៅ​រក​អ្នក​រាល់​គ្នា ក៏​ឆ្លង​មិន​បាន​ឡើយ ទោះ​បី​មាន​អ្នក​ណា​ចង់​ឆ្លង​ពី​នោះមករ​រក​យើង ក៏​ឆ្លង​មិន​បាន​ដែរ»។
27អ្នក​មាន​នោះ​អង្វរ​ថា៖ «លោក​ឪពុកអប្រាហាំ​អើយ សូម​លោក​មេត្តា​ចាត់​ឡាសារឲ្យ​ទៅ​ផ្ទះ​ឪពុក​ខ្ញុំ​ផង
28ខ្ញុំ​មាន​បង​ប្អូនប្រុស​ប្រាំ​នាក់ ដើម្បីឲ្យ​ឡាសារ​ទៅ​ប្រាប់​គេឲ្យ​ដឹង​ខ្លួន ខ្លាចក្រែងលោកពួកគេ​ត្រូវមក​កន្លែង​រង​ទុក្ខ​ទារុណកម្ម​នេះ»។
29ប៉ុន្តែ លោក​អប្រាហាំ​ឆ្លើយ​ថា៖ «បង​ប្អូន​របស់​កូនមាន​លោក​ម៉ូសេ និង​​ពួក​ព្យាការី​ហើយ ចូរស្តាប់តាមពួកគេទៅ។
30អ្នក​មាន​តប​ទៅ​លោក​អប្រាហាំ​ថា៖ «ទេ! លោក​ឪពុកអប្រាហាំ តែបើ​មាន​អ្នក​ណា​ម្នាក់ ពី​ចំណោម​មនុស្ស​ស្លាប់​ទៅ​ប្រាប់​គេ ទើប​គេ​​ប្រែ​ចិត្ត។
31ប៉ុន្តែ លោក​អប្រាហាំ​ឆ្លើយ​តប​វិញ​ថា៖ «ប្រសិន​បើ ​គេ​មិន​ធ្វើ​តាម​ពាក្យ​ប្រៀនប្រដៅ​របស់​លោក​ម៉ូសេ និង​​ព្យាការី​ទេ ទោះ​បី​មាន​មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ទៅ​ប្រាប់​គេ​ក៏​ដោយ ក៏​គេ​មិន​ព្រម​ជឿ​ដែរ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។