1ឥឡូវនេះ មានអ្នកទារពន្ធ និងមនុស្សបាបទាំងអស់ ចូលមកជិតព្រះយេស៊ូ ដើម្បីស្ដាប់ព្រះបន្ទូលព្រះអង្គ។
2ទាំងពួកខាងគណៈផារីស៊ី និងពួកអាចារ្យរអ៊ូរទាំដាក់គ្នាថា៖ «អ្នកនេះរាក់ទាក់មនុស្សមានបាប ថែមទាំងទាំងបរិភោគជាមួយគេទៀត»។
3ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នានេះទៅពួកគេថា៖
4«ក្នុងចំណោមអ្នករាល់គ្នា បើមានម្នាក់មានចៀមមួយរយក្បាល ហើយបាត់ចៀមមួយ តើគាត់មិនទុកចៀមកៅសិបប្រាំបួនចោលនៅទីវាល ហើយទៅតាមរកចៀមដែលបាត់នោះ រហូតទាល់តែបានឃើញវិញទេឬអី?
5បន្ទាប់ពីរកឃើញហើយ គាត់លើកចៀមដាក់លើស្មា និងត្រេកអរសប្បាយ។
6ពេលគាត់ត្រឡប់មកផ្ទះវិញ គាត់ក៏ហៅមិត្តភក្ដិ និងអ្នកជិតខាងមកប្រាប់ថា៖ «សូមជួយអរសប្បាយជាមួយខ្ញុំផង ដ្បិត ខ្ញុំបានរកឃើញចៀមដែលបាត់នោះហើយ»។
7ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់នៅស្ថានបរមសុខនឹងអរសប្បាយ សូម្បីតែមានមនុស្សបាបម្នាក់ប្រែចិត្ត ខ្លាំងជាងព្រះអង្គអរសប្បាយនឹងមនុស្សសុចរិតកៅសិបប្រាំបួននាក់ ដែលមិនត្រូវការប្រែចិត្ត។
8ឬមានស្ត្រីម្នាក់មានប្រាក់ដប់ដួង ប្រសិនបើ បាត់តែមួយដួង តើគាត់នឹងអុជចង្កៀង បោសផ្ទះ និងស្វែងរកប្រាក់នោះគ្រប់ទីកន្លែងដោយយកចិត្តទុកដាក់ ទាល់តែបានឃើញវិញ។
9ពេលរកឃើញហើយ គាត់ក៏ហៅមិត្តភក្ដិ និងអ្នកជិតខាងមកប្រាប់ថា៖ «សូមជួយអរសប្បាយជាមួយខ្ញុំផង! ដ្បិត ខ្ញុំបានរកឃើញប្រាក់ដួងដែលបាត់នោះហើយ»។
10ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ទេវតារបស់ព្រះជាម្ចាស់នឹងអរសប្បាយជាខ្លាំង ដោយមានមនុស្សបាបតែម្នាក់ប្រែចិត្ត»។
11បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «មានបុរសម្នាក់មានកូនប្រុសពីរនាក់
12ហើយកូនពៅនិយាយទៅកាន់ឪពុកថា៖ «លោកឪពុក! សូមចែកចំណែកកេរមរតកឲ្យកូនមក»។ ដូច្នេះ ឪពុកក៏ចែកមរតកឲ្យកូន។
13ប៉ុន្មានថ្ងៃក្រោយមក កូនពៅប្រមូលទ្រព្យសម្បត្តិដែលខ្លួនមានទាំងអស់ រួចក៏ចាកចេញទៅស្រុកឆ្ងាយ ហើយកូនពៅបានចាយបង្ហិនទ្រព្យសម្បត្តិរបស់ខ្លួនអស់ទៅ។
14ពេលកូនពៅចាយវាយទ្រព្យសម្បត្តិអស់ហើយ ស្រាប់តែមានកើតទុរ្ភិក្សយ៉ាងខ្លាំងពាសពេញស្រុកនោះ ហើយកូនពៅនោះចាប់ផ្ដើមខ្វះខាត។
15គាត់ក៏ទៅស៊ីឈ្នួលឲ្យអ្នកស្រុកម្នាក់ ដែលគេប្រើគាត់ឲ្យមើលថែជ្រូកតាមវាលស្រែចម្ការ។
16គាត់ចង់បរិភោគបាយជ្រូកនោះណាស់ តែគ្មានអ្នកណាឲ្យគាត់បរិភោគឡើយ។
17តែពេលកូនពៅភ្ញាក់ខ្លួន ហើយគិតក្នុងចិត្តថា៖ «អ្នកបម្រើរបស់ឪពុកអញទាំងអស់សុទ្ធតែមានម្ហូបអាហារបរិភោគគ្រប់គ្រាន់ ចំណែកអញនៅទីនេះវិញ អញសឹងតែដាច់ពោះស្លាប់ទៅហើយ!
18អញត្រូវតែវិលត្រឡប់ទៅរកឪពុកអញវិញ និងប្រាប់គាត់ថា៖ «លោកឪពុក! កូនបានប្រព្រឹត្តអំពើបាបខុសនឹងព្រះជាម្ចាស់ ហើយខុសនឹងលោកឪពុកផងដែរ។
19លោកឪពុកមិនគួរហៅខ្ញុំនេះជាកូនទៀតទេ សូមលោកឪពុករាប់ខ្ញុំជាអ្នកបម្រើបានហើយ»។
20ដូច្នេះ កូនពៅក៏វិលត្រឡប់ទៅរកឪពុកវិញ។ ខណៈពេលឪពុកឃើញកូនប្រុសពីចម្ងាយ គាត់មានចិត្តក្តួលអាណិត រួចក៏រត់ទៅទទួលកូន ហើយឱបថើបទៀតផង។
21កូនពៅនិយាយទៅកាន់ឪពុកថា៖ «លោកឪពុក! កូនបានប្រព្រឹត្តអំពើបាបខុសនឹងព្រះជាម្ចាស់ ហើយខុសនឹងលោកឪពុកដែរ។ លោកឪពុកមិនគួរហៅខ្ញុំនេះជាកូនទៀតទេ»។
22ឪពុកប្រាប់ពួកអ្នកបម្រើថា៖ «ចូរប្រញាប់យកសម្លៀកបំពាក់ល្អៗបំផុត និងពាក់ឲ្យកូនខ្ញុំ ហើយយកចិញ្ចៀន និងស្បែកជើងមកពាក់ឲ្យផង។
23បន្ទាប់មកយកកូនគោបំប៉នទុក មកកាប់ជប់លៀង។ ចូរយើងជប់លៀងឲ្យសប្បាយ!
24ដ្បិត កូនខ្ញុំនេះបានស្លាប់ទៅហើយ តែឥឡូវនេះរស់ឡើងវិញ។ កូនបានវង្វេងបាត់ តែឥឡូវនេះ រកឃើញវិញហើយ»។ គេនាំគ្នាជប់លៀងយ៉ាងសប្បាយ។
25ចំណែកកូនច្បងវិញនៅចម្ការ។ កាលគាត់ត្រឡប់មកជិតដល់ផ្ទះវិញ គាត់ឮស្នូរតន្ត្រី និងរបាំ។
26គាត់ក៏ហៅអ្នកបម្រើម្នាក់មកសួរថាតើ មានរឿងអ្វីកើតឡើង។
27អ្នកបម្រើឆ្លើយប្រាប់គាត់ថា៖ «ប្អូនលោកត្រឡប់មកវិញ ហើយឪពុករបស់លោកឲ្យគេកាប់កូនគោបំប៉ន ព្រោះប្អូនរបស់លោកបានត្រឡប់មកវិញដោយសុវត្ថិភាព»។
28កូនច្បងខឹងណាស់ និងមិនចូលផ្ទះទេ ដូច្នេះ ឪពុកក៏ចេញមកអង្វរកូនឲ្យចូលផ្ទះ។
29ប៉ុន្តែ កូនច្បងឆ្លើយតបទៅឪពុកវិញថា «មើល៍! ខ្ញុំបានបម្រើលោកដូចជាទាសករច្រើនឆ្នាំមកនេះ ហើយខ្ញុំមិនដែលធ្វើខុសនឹងបទបញ្ជារបស់លោកត្រង់ណាមួយឡើយ តែលោកវិញមិនដែលឲ្យកូនពពែមួយមកកូន ដើម្បីកាប់ជប់លៀងជាមួយមិត្តភក្ដិទាល់តែសោះ
30ចំណែកកូនលោកត្រឡប់មកវិញ វាបានបំផ្លាញទ្រព្យសម្បត្តិលោកទាំងអស់ជាមួយស្រីញី លោកនៅតែកាប់កូនគោបំប៉នជប់លៀងទទួលវាទៀត»។
31ឪពុកនិយាយទៅកូនថា៖ «កូនអើយ! ឯងនៅជាមួយឪពុករហូត ហើយអ្វីៗទាំងអស់ដែលជារបស់ឪពុក ក៏ជារបស់កូនដែរ។
32គួរតែយើងសប្បាយរីករាយវិញ ដ្បិតប្អូនរបស់ឯងដែលបានស្លាប់នោះ ឥឡូវនេះ វារស់ឡើងវិញហើយ។ ពីមុនវាបានវង្វេងបាត់ តែឥឡូវនេះ យើងរកឃើញវិញហើយ»។