ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

លូកា 14

Read Scripture freely. Divine Threads study for this chapter is coming later.

1នៅ​ថ្ងៃ​សប្ប័ទមួយ ព្រះអង្គយាង​ទៅ​ផ្ទះ​របស់​អ្នក​ដឹក​នាំ​ខាង​គណៈផារីស៊ី​ម្នាក់ ដើម្បីសោយព្រះស្ងោយ ហើយអ្នកនៅ​ផ្ទះ​នោះ​តាម​ឃ្លាំ​មើល​ព្រះអង្គយ៉ាងដិតដល់។
2មើល នៅមុខព្រះអង្គ មាន​បុរស​ម្នាក់​កើត​ទាច។
3ព្រះយេស៊ូ​មាន​ព្រះបន្ទូល​សួរ​ទៅ​ពួក​បណ្ឌិត​ខាង​វិន័យ និង​ពួក​ខាង​គណៈផារីស៊ីថា៖ «តើ​ការ​មើល​អ្នក​ជំងឺ​ឲ្យបាន​ជានៅ​ថ្ងៃ​សប្ប័ទត្រូវតាមក្រឹត្យវិន័យ​ឬ​ទេ?»
4ប៉ុន្តែ ពួកគេ​នៅ​ស្ងៀម​ទាំង​អស់​គ្នា។ ដូច្នេះ ព្រះយេស៊ូ​ហៅ​អ្នក​ជំងឺ​មក ហើយ​ប្រោស​គាត់​ឲ្យ​ជា រួច​ប្រាប់​គាត់ឲ្យ​ត្រឡប់​ទៅ​វិញ។
5ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​​មាន​កូនប្រុសម្នាក់ ឬ​គោ​ធ្លាក់​អណ្ដូងនៅ​ថ្ងៃ​សប្ប័ទ​ តើអ្នកនឹង​ស្រង់​គេ​ឡើងភ្លាមទេ?
6ពួកគេ​មិន​អាច​ឆ្លើយ​តប​នឹង​ព្រះអង្គ​ចំពោះសំណួរខាងលើ។
7ពេលព្រះយេស៊ូ​សង្កេត​ឃើញ​ភ្ញៀវ ដែលគេអញ្ជើញមកជ្រើសរើសកៅអី​កិត្តិយស​ នោះព្រះអង្គ​ក៏​មាន​ព្រះបន្ទូល​ជា​ប្រស្នា​ទៅ​គេ​ថា៖
8«បើ​មាន​គេ​អញ្ជើញ​អ្នក​ទៅ​ជប់លៀងក្នុង​ពិធី​មង្គល​ការ​ណា​មួយ សុំ​កុំ​ទៅ​អង្គុយនៅកន្លែង​កិត្តិយស ក្រែង​លោ​គេ​បាន​អញ្ជើញ​កិត្តិយសម្នាក់ទៀតមាន​ឋានៈ​ខ្ពស់​ជាង​អ្នក។
9ប្រសិន​បើ​ ម្ចាស់​កម្មវិធី​អញ្ជើញ​អ្នកទាំងពីរមកដល់ គាត់​មុខ​ជា​និយាយថា «ចូរទុកកន្លែងកិត្តិយស​នេះ ជូនអ្នក​ផ្សេង» ពេល​នោះ អ្នក​នឹង​ត្រូវ​អាម៉ាស់​មុខ ហើយ​ទៅ​អង្គុយ​កន្លែង​អន់​ជាង​គេ​វិញ។
10ផ្ទុយទៅវិញ ពេលមាន​គេ​អញ្ជើញ​អ្នក ចូរ​ទៅ​អង្គុយ​កន្លែង​អន់​ជាង​គេ​សិនចុះ លុះ​ដល់​ម្ចាស់​កម្មវិធីមកដល់ នោះគាត់និយាយមក​កាន់​អ្នក​ថា៖ «សម្លាញ់​អើយ! សូម​អ្នក​មក​អង្គុយ​នៅកន្លែងនេះ»។ ពេល​នោះអ្នក​នឹង​មាន​កិត្តិយស​ នៅ​ចំពោះ​មុខ​ភ្ញៀវ​ទាំង​អស់ ​ដែល​អង្គុយ​រួម​តុ​ជា​មួយ​អ្នក​ជា​មិន​ខាន។
11ដ្បិត អ្នក​ណា​លើក​តម្កើង​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​គេ​បន្ទាប​ចុះ ចំណែកឯ​អ្នក​ដែល​បន្ទាប​ខ្លួនវិញ គេនឹង​​លើក​តម្កើងអ្នកនោះ​វិញ»។
12ព្រះយេស៊ូ​ក៏មាន​ព្រះបន្ទូល​ទៅ​កាន់​អ្នក​ដែល​បាន​យាង​ព្រះអង្គថា៖ «កាល​ណា​អ្នក​អញ្ជើញ​ភ្ញៀវ​មកចូលរួមពិធី​ជប់លៀង កុំ​អញ្ជើញ​មិត្តសំឡាញ់ បង​ប្អូន សាច់ញាតិ ឬអ្នក​ជិត​ខាងដែល​មាន​សម្បត្តិ ​អ្នក​ទាំង​នោះ​អញ្ជើញ​អ្នកវិញជាការតបស្នង រួចគេនឹងតបស្នងអ្នកវិញ។
13ប៉ុន្តែ ពេល​ណា​អ្នករៀបចំ​ពិធី​ជប់លៀង ​ត្រូវ​ហៅមនុស្ស​ក្រីក្រ មនុស្ស​ពិការ មនុស្សខ្វិន និងមនុស្ស​ខ្វាក់
14នោះអ្នក​នឹង​មានពរមិន​ខាន ព្រោះ​អ្នក​ទាំង​នោះ​ពុំ​មានលទ្ធភាពតប​ស្នង​អ្នក​វិញបាន​ឡើយ។ ដ្បិតព្រះជាម្ចាស់​វិញ​ទេ ដែលនឹង​តប​ស្នង​ជូន​អ្នក នៅ​ថ្ងៃដែលមនុស្ស​សុចរិត​រស់​ឡើង​វិញ»។
15ក្រោយពេលបុរសម្នាក់​ដែលអង្គុយរួមតុជាមួយព្រះយេស៊ូ បាន​ឮ​ព្រះបន្ទូល​ទាំង​នេះ​ហើយ គាត់ទូល​ព្រះអង្គ​ថា៖ «មានពរហើយ អ្នក​ណាដែល​បាន​ចូល​រួម​ពិធី​ជប់លៀង​ក្នុង​ព្រះរាជ្យរបស់​ព្រះជាម្ចាស់!»។
16ប៉ុន្តែ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «មាន​បុរស​ម្នាក់​រៀប​ពិធី​ជប់លៀង​មួយ​យ៉ាង​ធំ ហើយ​លោក​បាន​អញ្ជើញ​ភ្ញៀវ​ជា​ច្រើននាក់មកចូលរួម។
17ពេលអាហាររៀបចំរួចរាល់តាមម៉ោងកំណត់លោក​ចាត់​អ្នក​បម្រើ​ឲ្យ​ទៅ​ប្រាប់​ភ្ញៀវ​ថា៖ «សូមអញ្ជើញមក! ព្រោះម្ហូប​អាហារ​បាន​រៀបចំ​ស្រេច​ហើយ»។
18ភ្ញៀវ​ទាំង​នោះ​នាំគ្នាដោះសា​បន្ត​បន្ទាប់​គ្នា។ ម្នាក់​និយាយ​ទៅ​កាន់​អ្នក​បម្រើ​ថា៖ «ខ្ញុំ​ទើប​តែបានទិញ​ដី​ចម្ការ​មួយ​កន្លែង ហើយខ្ញុំ​ត្រូវ​តែ​ទៅ​មើល​ឥឡូវ​នេះ។ សូម​មេត្តា​អភ័យទោសឲ្យ​ខ្ញុំ​ផង»។
19ម្នាក់ទៀតក៏​និយាយ​ថា៖ «ខ្ញុំ​ទើប​នឹង​ទិញ​គោ​ប្រាំ​នឹម ខ្ញុំ​ត្រូវ​តែ​យកវាទៅទឹម​សាក​ល្បង។ សូមលោក​មេត្តា​អភ័យ​ទោស​ឲ្យ​ខ្ញុំ​ផង»។
20បន្ទាប់មកម្នាក់​ទៀត​ពោល​ថា៖ «ខ្ញុំ​ទើប​នឹង​រៀបការ​ប្រពន្ធ ដូច្នេះខ្ញុំ​ពុំ​អាច​ទៅចោលនាងបានទេ។
21អ្នកបម្រើចូលមកជម្រាបប្រាប់ចៅហ្វាយនូវរឿងរ៉ាវទាំងអស់នេះ។ ម្ចាស់​ផ្ទះ​ក៏​ខឹង ហើយប្រាប់ទៅបម្រើ​ថា៖ «ចូរ​ប្រញាប់ប្រញាល់​ចេញ​ទៅ​តាមផ្លូវ និងតាម​ទី​ផ្សារក្នុងទីក្រុង ដើម្បីនាំមនុស្ស​ក្រីក្រ មនុស្ស​ពិការ មនុស្សខ្វិន និងមនុស្ស​ខ្វាក់»។
22អ្នក​បម្រើនិយាយថា៖ «លោកម្ចាស់! អ្វីដែលលោកម្ចាស់បានបង្គាប់ដល់ខ្ញុំ ខ្ញុំធ្វើបានសម្រេចរួចហើយ ហើយនៅមានកន្លែង​អង្គុយ​នៅសល់​ទៀត»។
23ម្ចាស់​ផ្ទះ​ប្រាប់​ទៅ​អ្នក​បម្រើ​​ថា៖ «ចូរ​ទៅ​តាម​ផ្លូវជាតិ ​ស្រុក​ស្រែ តាម​កៀន​របង ហើយ​បង្ខំ​មនុស្សចូល​មក​ពេញ​ផ្ទះ​ខ្ញុំ។
24ដ្បិត ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ក្នុង​ចំណោម​អស់​អ្នក​ដែល​ខ្ញុំ​បាន​អញ្ជើញ​កាល​ពី​មុន​នោះ ពុំបាន​បរិភោគ​អាហារឡើយ»។
25ឥឡូវនេះ មាន​មហាជន​ជា​ច្រើនកុះករបាន​ធ្វើ​ដំណើរ​ជា​មួយ​ព្រះអង្គ។ ព្រះអង្គ​បែរ​ព្រះភក្ត្រ​ទៅ​រក​គេ ហើយ​មាន​ព្រះបន្ទូល​ថា៖
26«បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ តែ​មិន​ស្រឡាញ់​ខ្ញុំ​ខ្លាំង​ជាង​ឪពុកម្ដាយ ប្រពន្ធ កូន បង​ប្អូន​ប្រុស​ស្រី និង​ជីវិត​ខ្លួន​ទេ អ្នក​នោះ​ពុំ​អាច​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​បាន​ឡើយ។
27អ្នក​ណា​មិន​លី​ឈើ​ឆ្កាង​របស់​ខ្លួន​មក​តាម​ខ្ញុំ​ទេ អ្នក​នោះ​ក៏​ពុំ​អាច​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​បាន​ដែរ។
28ក្នុង​ចំណោម​អ្នក​រាល់​គ្នា ប្រសិន​បើ​នរណា​ម្នាក់​ចង់​សង់​ផ្ទះ​ថ្ម​ធំ​មួយ អ្នក​នោះ​ត្រូវ​អង្គុយ​គិតគូរ​មើល​ថ្លៃ​សង់​ជា​មុន​សិន ដើម្បី​ដឹង​ថា តើ​ខ្លួន​មាន​ប្រាក់​ល្មម​នឹង​បង្ហើយ​សំណង់ ឬ​យ៉ាង​ណា?
29បើមិនដូច្នេះទេ កាលណា​ចាក់​គ្រឹះ​ហើយ តែ​មិន​អាច​បង្ហើយ​បាន មនុស្សម្នា​ឃើញ មុខ​ជា​សើច​ចំអក​អោយ​មិន​ខាន
30ដោយពោល​ថា៖ «មើល​បុរស​នេះ​សង់​ផ្ទះ តែ​មិន​អាច​បង្ហើយ​បាន​ទេ»។
31ម្យ៉ាង​ទៀត ប្រសិន​បើ​មាន​ស្ដេច​មួយ​អង្គ រៀបនឹង​ចេញ​ទៅ​ធ្វើ​សឹក​សង្គ្រាម តទល់​នឹង​ស្ដេច​មួយ​អង្គ​ទៀត តើព្រះអង្គ​មិនគង់​គិតគូរ​ជា​មុន​សិន​ថា បើ​ទ្រង់​មាន​ទ័ព​មួយ​ម៉ឺន​នាក់ ​អាច​តទល់​នឹង​បច្ចាមិត្ត​ដែល​មាន​គ្នា​ពីរ​ម៉ឺន​នាក់​បាន​ឬ​យ៉ាង​ណា?
32បើ​ឃើញ​ថា​មិន​អាច​តទល់​បាន​ទេ នោះ​ទ្រង់​នឹង​គណៈប្រតិភូ​ទៅ​សុំ​ចរចា​រក​សន្តិភាព ពេល​ដែល​ស្ដេច​មួយ​អង្គ​ទៀត​នៅ​ឆ្ងាយ​នៅ​ឡើយ។
33ដូច្នេះ ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មិន​លះបង់​អ្វីៗ​ទាំង​អស់ ​ដែល​ខ្លួន​មាន​ទេ អ្នក​នោះ​មិន​អាច​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​បាន​ឡើយ»។
34«អំបិល​ជា​របស់មានប្រយោជន៍មួយ ប៉ុន្តែ បើ​អំបិលបាត់​ជាតិ​ប្រៃ​ហើយ តើ​ត្រូវធ្វើ​ម្ដេច​ឲ្យ​វា​មានជាតិប្រៃឡើងវិញ?
35វា​គ្មាន​សារ​ប្រយោជន៍​អ្វី​ទៀត​ទេ ទោះ​បី​យក​ទៅ​លាយ​ដី ឬ​លាយ​ជី​ក៏​មិន​កើត​ដែរ។ មាន​តែយកវាទៅចាក់ចោល​ប៉ុណ្ណោះ។ អស់​អ្នក​ដែល​ឮ​ពាក្យ​នេះ សូម​ស្តាប់ដោយពិចារណាចុះ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។