ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

លូកា 13

Read Scripture freely. Divine Threads study for this chapter is coming later.

1ពេល​នោះ មាន​អ្នក​ខ្លះ​​ទូល​ព្រះយេស៊ូ អំពី​អ្នក​ស្រុក​កាលីឡេ ដែល​លោក​ពីឡាត​បាន​សម្លាប់ នៅ​ពេល​គេ​កំពុង​តែ​ថ្វាយ​យញ្ញបូជា។
2ព្រះយេស៊ូ​មាន​ព្រះបន្ទូលឆ្លើយតប​ទៅ​គេ​វិញ​ថា៖ «តើ​អ្នក​រាល់​គ្នា​គិតថា​ អ្នក​ស្រុក​កាលីឡេ​ទាំង​នោះ​មាន​បាប ជាង​អ្នក​ស្រុក​កាលីឡេ​ឯ​ទៀតៗ​ ព្រោះពួកគេបានតាម​របៀប​នេះ?
3ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទេ មិនមែនទេ តែបើ​អ្នក​រាល់​គ្នា​មិន​​ប្រែ​ចិត្ត​​ទេ នោះអ្នក​ទាំងអស់គ្នា​នឹង​ត្រូវ​វិនាស​ដូច​គេ​មិន​ខាន។
4ឬ​មនុស្ស​ដប់​ប្រាំ​បី​នាក់​ដែល​បាន​ស្លាប់ ដោយ​ប៉ម​ស៊ីឡោម​រលំ​សង្កត់​លើ តើ​អ្នក​រាល់​គ្នា​គិត​ថា អ្នក​ទាំង​នោះ​មានមានបាប​ជាង ​អ្នក​ក្រុង​យេរូសាឡិម​ឯទៀតៗ​ឬ?
5ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទេ មិន​មែន​ទេ។ តែបើ​អ្នក​រាល់​គ្នា​មិន​​ប្រែ​ចិត្ត​ទេ នោះអ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​ដូចគេដែរ»។
6ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ជា​ប្រស្នា​នេះ​ទៅ​គេ​ថា៖ «បុរសម្នាក់មានដើម​ឧទុម្ពរ​មួយ​ដើម​ដុះ​ក្នុង​ចម្ការគាត់ ហើយម្ចាស់​ចម្ការដើរមករក​បេះ​ផ្លែ តែ​រកពុំឃើញមាន​ផ្លែ​សោះ។
7ម្ចាស់​ក៏​ប្រាប់​អ្នក​ថែ​ចម្ការ​ថា៖ «មើល៍ ខ្ញុំ​មក​រក​បេះ​ផ្លែ​ឧទុម្ពរ​នេះ​បី​ឆ្នាំ​ហើយ តែ​ពុំ​ឃើញ​មាន​ផ្លែ​សោះ។ ចូរ​កាប់​វា​ចោល​ទៅ។ ហេតុអ្វីបានជាទុក​នាំ​តែ​ខាត​ដី​ទេ?»។​
8អ្នក​ថែ​ចម្ការ​ឆ្លើយ​តប​ថា៖ «សូម​លោក​ទុក​វា​មួយ​ឆ្នាំ​ទៀត​សិនចុះ ចាំ​ខ្ញុំ​ជីកកំពែងជុំវិញគល់វា និង​ដាក់​ជី។
9បើ​ឆ្នាំ​ក្រោយ​នឹង​មាន​ផ្លែ តែបើ​មិន​ផ្លែ​ទេ សឹម​កាប់​វា​ចោល​ទៅ មិនទាន់ហួសពេលទេ!»។
10កំឡុងពេល​ថ្ងៃ​សប្ប័ទ ព្រះយេស៊ូ​កំពុង​តែ​បង្រៀនគេ​ក្នុង​សាលា​ប្រជុំ។
11មើល មាន​ស្ត្រី​ម្នាក់​ដែល​ត្រូវ​វិញ្ញាណ​អាក្រក់​ធ្វើ​ឲ្យនាងចុះខ្សោយ អស់​រយៈ​ពេល​ដប់​ប្រាំ​បី​ឆ្នាំ​មក​ហើយ ហើយខ្នងរបស់នាង​កោង ពុំអាច​ងើប​ត្រង់​បានឡើយ។
12ពេល​ព្រះយេស៊ូ​ទត​ឃើញ​ស្ត្រី​នោះ ព្រះអង្គ​ហៅ​នាង​មក ហើយ​មាន​ព្រះបន្ទូល​ថា៖ «នាង​អើយ! នាង​មានសេរីភាពហើយ»។
13ព្រះអង្គ​ដាក់​ព្រះហស្ដ​លើ​នាង ភ្លាមនោះ នាង​ក៏​ឈរ​ត្រង់​វិញ ហើយ​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់​។
14ប៉ុន្តែ អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ​ទាស់​ចិត្ត​ណាស់ ព្រោះព្រះយេស៊ូ​ប្រោស​អ្នក​ជំងឺ​​នៅ​ថ្ងៃ​សប្ប័ទ។ ដូច្នេះ អ្នកទទួលខុសត្រូវនោះ​ក៏​និយាយ​ទៅ​កាន់​បណ្ដាជន​ថា៖ «យើង​មាន​សិទ្ធិ​ធ្វើ​ការ​បាន​ប្រាំ​មួយ​ថ្ងៃ។ ចូរ​អ្នក​រាល់​គ្នារកពេល​ព្យាបាល​ខ្លួន​ក្នុង​ថ្ងៃ​ទាំង​នោះ​ចុះ តែកុំមក​ថ្ងៃ​សប្ប័ទ​ឡើយ»។
15ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទៅ​កាន់គាត់​ថា៖ «មនុស្ស​មាន​ពុត​អើយ! តើ​អ្នក​រាល់​គ្នា​មិន​ស្រាយ​គោ ឬ​លា ចេញ​ពី​ក្រោលនិងដឹក​ទៅ​ផឹក​ទឹក​នៅ​ថ្ងៃ​សប្ប័ទ​ទេ​ឬ​អី?។
16ដូច្នេះ ស្រ្តីនេះជាពូជពង្ស​របស់​លោក​អប្រាហាំ ដែលសាតាំង​បាន​ចង​នាង​អស់​រយៈ​ពេល​ដប់​ប្រាំ​បី​ឆ្នាំ​មក​ហើយ តើ​មិន​គួរ​ឲ្យខ្ញុំ​ស្រាយ​ចំណង​នាង​នៅ​ថ្ងៃ​សប្ប័ទ​ទេ​ឬ​អី?»។
17កាល​ព្រះអង្គ​មាន​ព្រះបន្ទូល​ការណ៍ទាំងនេះរួចហើយ ពួកអ្នក​ប្រឆាំង​នឹង​ព្រះអង្គ​ទាំងអស់ត្រូវអាម៉ាស ប៉ុន្តែ​ បណ្ដាជន​ទាំងអស់​វិញកំពុងតែមានអំណរ​ការ​អស្ចារ្យប្រកបដោយសិរីរុងរឿង ដែល​ព្រះអង្គ​បាន​ធ្វើ។
18រួចមកព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «តើ​ព្រះរាជ្យ​ព្រះជាម្ចាស់​ប្រៀប​បាន​ទៅ​នឹង​អ្វី​ខ្លះ? តើ​ខ្ញុំ​អាចប្រៀបប្រដូច​ព្រះរាជ្យ​ព្រះជាម្ចាស់​ទៅ​នឹង​អ្វី?។
19ព្រះរាជ្យ​ព្រះជាម្ចាស់​ប្រៀប​បី​ដូច​ជា​គ្រាប់​ពូជ​​ល្អិតម៉្យាង ដែល​បុរស​ម្នាក់​យក​ទៅ​ដាំ​ក្នុង​សួន​របស់​ខ្លួន ហើយគ្រាប់​នោះ​ក៏​ដុះធំឡើង​ទៅ​ជា​ដើម​ឈើ​មួយ ហើយមាន​បក្សាបក្សី​មក​ធ្វើ​សំបុក​តាម​មែក​របស់​វា»។
20ព្រះយេស៊ូ​មាន​ព្រះបន្ទូលម្តង​ទៀត​ថា៖ «តើ​ខ្ញុំ​អាចប្រៀបប្រដូច​ព្រះរាជ្យ​ព្រះជាម្ចាស់​ទៅ​នឹង​អ្វី?។
21ព្រះរាជ្យ​ព្រះជាម្ចាស់​ប្រៀប​បី​ដូច​ជា​មេ​ម្សៅ ដែល​ស្ត្រី​ម្នាក់​យក​ទៅ​លាយ​ជា​មួយ​នឹង​ម្សៅ​បី​តៅ​ រហូតទាល់តែម្សៅ​នោះ​ដោរ​ឡើង»។
22នៅតាមផ្លូវឆ្ពោះ​ទៅ​ក្រុង​យេរូសាឡិម​ ព្រះយេស៊ូយាងកាត់តាម​ក្រុង និងតាម​ភូមិ​នានា ព្រម​ទាំងបង្រៀន​អ្នក​ស្រុកនោះ​ផងដែរ។
23មាន​បុរស​ម្នាក់​ទូល​សួរ​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះអម្ចាស់! មានមនុស្សតិចតួចនៅឡើយ ​ដែល​ព្រះជាម្ចាស់​សង្គ្រោះ​»។ ព្រះអង្គមាន​ព្រះបន្ទូល​តប​ថា៖
24«ចូរ​ខំ​ប្រឹង​ចូល​តាម​ទ្វារ​ចង្អៀត។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រោះ​មាន​មនុស្ស​ជា​ច្រើន​ចង់​ចូល​ដែរ ក៏​ប៉ុន្តែ គេ​មិន​អាច​ចូល​បាន​ឡើយ។
25កាល​ណា​ម្ចាស់​ផ្ទះ​ក្រោក​ទៅ​បិទ​ទ្វារ​ជិត​ហើយ នោះរួចអ្នក​រាល់​គ្នា​នឹង​ឈរ​នៅ​ខាង​ក្រៅ គោះ​ទ្វារ​ផ្ទះ​ទាំង​អង្វរ​ថា «ឱ​ព្រះអម្ចាស់​អើយ! សូម​បើក​ទ្វារ​ឲ្យយើង​ខ្ញុំបានចូលផង»។ ម្ចាស់​ផ្ទះ​នឹង​តប​មក​អ្នក​រាល់​គ្នា​ថា៖ «យើង​មិន​ដឹង​ថា​អ្នក​រាល់​គ្នា​មក​ពី​ណា​ទេ»។
26អ្នកនោះមុខជានិយាយថា៖ «យើង​ខ្ញុំ​ធ្លាប់​បរិភោគ​នៅចំពោះមុខព្រះអង្គ ហើយព្រះអង្គក៏ធ្លាប់បង្រៀននៅតាមផ្លូវដែរ»។
27ប៉ុន្តែលោក​នឹង​ប្រាប់​អ្នក​រាល់​គ្នា​វិញ​ថា៖ «យើងមិនដឹងថា អ្នករាល់មកពីណាទេ។ ចូរថយចេញពីមុខយើងទៅ ពួកមនុស្ស​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​អើយ!»
28នឹងមានពេលអ្នក​រាល់​គ្នា​ត្រូវ​យំ​សោក និង​ខឹង​សង្កៀត​ធ្មេញ កាល​អ្នក​រាល់​គ្នា​ឃើញ​លោក​អប្រាហាំ លោក​អ៊ីសាក លោក​យ៉ាកុប និង​ព្យាការីទាំងឡាយ ស្ថិតនៅ​ក្នុង​ព្រះរាជ្យ​ព្រះជាម្ចាស់ ប៉ុន្តែ គេបោះអ្នក​រាល់​គ្នាទៅ​ខាង​ក្រៅវិញ ។
29មាន​មនុស្ស​មក​ពី​ទិស​ខាងកើត ខាងលិច ខាងជើង និងខាងត្បូង អង្គុយរួមតុ​ក្នុង​ព្រះរាជ្យ​ព្រះជាម្ចាស់។
30ចូរដឹងថា អ្នកណាដែលមិនសូវសំខាន់​នឹង​ត្រឡប់​ទៅ​ជានៅ​ខាង​មុខគេ ហើយ​អ្នកដែលសំខាន់ជាងគេនឹង​ត្រឡប់​ទៅ​នៅ​ក្រោយគេ​វិញ»។
31បន្តិចក្រោយមក មាន​ពួក​ខាង​គណៈផារីស៊ី​ខ្លះ​មក​ទូល​ព្រះអង្គថា៖ «សូម​លោក​ចាកចេញពីទីនេះទៅ ព្រោះ​ស្ដេច​ហេរ៉ូដ​ចង់​សម្លាប់​លោក!»។
32ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​វិញ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទៅ​ប្រាប់ស្តេចកំហូចនោះវិញថា៖ «មើល៍! យើង​បណ្ដេញ​អារក្ស ខ្ញុំ​មើល​អ្នក​ជំងឺ​ឲ្យ​ជា នៅថ្ងៃនេះ និងថ្ងៃស្អែក ហើយដល់ថ្ងៃខាន​ស្អែក ខ្ញុំ​នឹង​សម្រេចគោលដៅខ្ញុំ។
33ទោះជាមានរឿងអ្វីកើតឡើងក៏ដោយ យើងត្រូវបន្តដំណើរទៅមុខថ្ងៃនេះ ថ្ងៃស្អែក និងថ្ងៃបន្តបន្ទាប់ទៀត ដ្បិត​ មិន​គួរ​សម្លាប់​ព្យាការី​ខាង​ក្រៅ​ក្រុង​យេរូសាឡិម​ឡើយ។
34អ្នក​ក្រុង​យេរូសាឡិម អ្នក​ក្រុង​យេរូសាឡិម​អើយ អ្នក​រាល់​គ្នា​បាន​សម្លាប់​ពួក​ព្យាការី ហើយ​យក​ដុំ​ថ្ម​គប់​សម្លាប់​អស់​អ្នក​ដែល​ព្រះជាម្ចាស់​បាន​ចាត់​បញ្ជូនឲ្យ​មក​រក​អ្នក​រាល់​គ្នា។ យើងចង់ប្រមូលផ្តុំអ្នករាល់គ្នា ដូច​មេ​មាន់​ក្រុង​កូន​វា​នៅ​ក្រោម​ស្លាប តែ​អ្នក​រាល់​គ្នា​ពុំ​ព្រម​សោះ។
35មើល៍! ផ្ទះ​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវគេ​បោះ​បង់​ចោល។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ រហូត​ដល់​ពេល​អ្នក​រាល់​គ្នា​ពោល​ថា៖ «មាន​ពរហើយ អ្នកណាដែលមកក្នុង​នាម​ព្រះអម្ចាស់!»
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។