ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

លូកា 12

Read Scripture freely. Divine Threads study for this chapter is coming later.

1ខណៈពេល​នោះ មាន​មហាជន​រាប់​ម៉ឺន​នាក់​ជួបជុំ​គ្នា​ ស្ទើរ​តែ​ដើរ​ជាន់​គ្នាទៅហើយ។ មុន​ដំបូង ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​សិស្ស​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​នឹង​មេ​ម្សៅ​របស់​ពួក​ខាង​គណៈផារីស៊ី ជាមនុស្សមាន​ពុតត្បុត។
2ប៉ុន្តែ គ្មានការ​លាក់​កំបាំងណាមួយ មិនត្រូវគេ​លាត​ត្រដាងឃើញនោះឡើយ ហើយក៏គ្មាន​អាថ៌កំបាំង​ណា មិន​ត្រូវ​បើក​​គេ​ដឹង​ដែរ។
3ដូច្នេះ​ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​និយាយ​ក្នុង​ទីងងឹត នឹងត្រូវគេ​ឮ​នៅ​ក្នុង​ពន្លឺ​ថ្ងៃ ហើយ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ខ្សឹប​ដាក់​ត្រចៀក​នរណា​ម្នាក់​នៅ​ក្នុង​បន្ទប់ មុខ​ជា​ត្រូវ​អ្នក​ដទៃ​យក​ទៅ​ប្រកាស​នៅ​លើ​ដំបូល​ផ្ទះ​មិន​ខាន។
4ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា ដែលជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ​ថា ចូរ​កុំ​ខ្លាច​អ្នក​ដែល​សម្លាប់​បាន​ត្រឹម​តែ​រូប​កាយ ហើយ​ពុំអាច​ធ្វើ​អ្វី​ដល់​អ្នករាល់គ្នា​នោះ​ឡើយ។
5ខ្ញុំ​សុំ​ប្រាប់​ឲ្យអ្នករាល់គ្នា​ដឹង​ថា អ្នក​រាល់​គ្នា​ត្រូវ​ខ្លាច​នរណា គឺ​ត្រូវ​ខ្លាច​ព្រះជាម្ចាស់ ដ្បិត​ព្រះអង្គ​មាន​អំណាច​ផ្ដាច់​ជីវិត ហើយក៏អំណាចបោះ​ទៅ​ក្នុង​ភ្លើង​នរក​ថែម​ទៀត​ផង។ មែន! ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ​​អ្នក​រាល់​គ្នា​ត្រូវ​ខ្លាចព្រះអង្គ។
6តើគេលក់​ចាប​ប្រាំ​ថ្លៃ​ពីរ​សេនមែនទេ? ទោះជាយ៉ាងណា ក៏​ព្រះជាម្ចាស់​ឥត​ភ្លេច​ចាប​ណា​មួយនៅចំពោះព្រះភក្រ្ត​ព្រះអង្គ។
7សូម្បី​តែសរសៃ​សក់​នៅ​លើ​ក្បាល​របស់​អ្នក​រាល់​គ្នា ក៏​ព្រះអង្គ​រាប់​អស់​ដែរ។ កុំ​ខ្លាច​អ្វី​ឡើយ។ ​អ្នក​រាល់​គ្នា​មាន​តម្លៃជាងចាប​ទៅ​ទៀត។
8ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នកណាដែលទទួល​ស្គាល់​ខ្ញុំ​នៅ​ចំពោះ​មុខ​មនុស្ស​លោក នោះបុត្រ​មនុស្សនឹង​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​មុខ​ពួក​ទេវតា​របស់​ព្រះជាម្ចាស់​ដែរ។
9ប៉ុន្តែ ​អ្នក​ណា​បដិសេធ​មិន​ទទួល​ស្គាល់​ខ្ញុំ​នៅ​ចំពោះ​មុខ​មនុស្ស​លោក នោះ​បុត្រ​មនុស្ស​ក៏​នឹង​បដិសេធ​មិន​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​មុខ​ពួក​ទេវតា​របស់​ព្រះជាម្ចាស់​ដែរ។
10អ្នក​ណា​ពោល​ពាក្យ​ទាស់​នឹង​បុត្រ​មនុស្ស នោះព្រះជាម្ចាស់​នឹង​លើកលែង​ទោស​ឲ្យ ប៉ុន្តែ អ្នក​ណា​ពោល​ពាក្យ​ទាស់​នឹង​ព្រះវិញ្ញាណ​ដ៏វិសុទ្ធវិញ នោះព្រះអង្គ​មិន​លើកលែង​ទោស​ឲ្យ​ឡើយ។
11ពេលណា​គេ​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​កាត់​ទោស ក្នុង​សាលា​ប្រជុំ ​នៅ​មុខ​ចៅក្រម និង​អាជ្ញាធរ មិន​ត្រូវ​ព្រួយបារម្ភពីរបៀបនិយាយ ដើម្បី​ឆ្លើយ​ការពារ​ខ្លួន ឬ​ត្រូវ​និយាយអ្វី​នោះ​ឡើយ។
12ដ្បិត​ ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​នឹង​បង្រៀន​អ្នក​រាល់​គ្នានៅពេលនោះ ត្រូវនិយាយអ្វីហើយ»។
13មានបុរសម្នាក់ពីក្នុង​ចំណោម​បណ្ដាជន​ទូល​ព្រះយេស៊ូ​ថា៖ «លោក​គ្រូ! សូម​​ប្រាប់​បង​ខ្ញុំ​ឲ្យចែក​កេរមត៌ក​មក​ចែក​ខ្ញុំ​ផង»។
14ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​បុរស​នោះ​ថា៖ «អ្នកអើយ តើ​នរណា​បាន​តែងតាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ចៅក្រម ឬអាជ្ញាកណ្តាល​​បែងចែក​ទ្រព្យសម្បត្តិ​​អ្នក​រាល់​គ្នាដូច្នេះ?»។
15ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​បណ្ដាជន​ថា៖ «ចូរ​ប្រយ័ត្ន! កុំ​លោភលន់​ចង់​បាន​ទ្រព្យសម្បត្តិ​គេឲ្យ​សោះ ព្រោះជីវិតមនុស្សមិនអាស្រ័យលើសម្បត្តិ​បរិបូណ៌តែមួយមុខនោះ​ឡើយ»។
16រួចព្រះយេស៊ូមាន​ព្រះបន្ទូល​ជា​ពាក្យ​ប្រស្នា​ថា៖ «មានដីធ្លីរបស់សេដ្ឋីម្នាក់​ផ្ដល់​ភោគ​ផល​យ៉ាង​បរិបូណ៌
17គាត់​រិះគិត​ក្នុង​ចិត្ត​ថា «តើខ្ញុំនឹងធ្វើយ៉ាងម៉េច ព្រោះខ្ញុំ​គ្មាន​កន្លែង​ដាក់​ភោគ​ផល​ដូច្នេះ?»
18គាត់​គិត​ទៀត​ថា «ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​នេះ គឺថាខ្ញុំ​រុះ​ជង្រុក​របស់​ខ្ញុំ​ចោល ហើយ​សង់​ជង្រុកធំៗ​ជាងមុន ហើយ​ខ្ញុំ​ប្រមូល​ស្រូវ និង​ភោគ​ផល​ទាំង​អស់​ដាក់​ក្នុង​ជង្រុក​ថ្មី​វិញ។
19រួចខ្ញុំ​នឹង​និយាយ​ប្រាប់ខ្លួនថា៖ «ឱព្រលឹង​ខ្ញុំ​អើយ អ្នកមានទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន​បរិបូណ៌ ​ទុក​ចិញ្ចឹម​ជីវិតរាប់សិបឆ្នាំទៅមុខទៀត។ ខ្ញុំ​ត្រូវ​សម្រាក គិត​តែបរិភោគ និង​ស៊ី​ផឹក​សប្បាយ​បានហើយ»។
20ប៉ុន្តែ ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ទៅ​កាន់គាត់ថា៖ «មនុស្ស​​ល្ងីល្ងើ​អើយ យប់​នេះ​យើង​នឹង​ដក​ជីវិត​អ្នក តើទ្រព្យសម្បត្តិ​ដែល​អ្នក​បាន​ប្រមូល​ទុកនោះ បានទៅជារបស់នរណា​វិញ?»
21នេះជារបៀបមនុស្សម្នាក់​ប្រមូល​ទ្រព្យសម្បត្តិ​ទុកទុកសម្រាប់តែ​ខ្លួន​ឯង ហើយ​គ្មាន​សម្បត្តិ​សួគ៌​នៅ​ក្នុង​ខ្លួន»។
22ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​កាន់​ពួកសិស្សថា៖ «ហេតុ​នេះ​ ​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា កុំ​ឲ្យខ្វល់​ខ្វាយ​ពីជីវិតនេះ ថាតើត្រូវបរិភោគអ្វី ឬរូបកាយតុបតែងអ្វី ឬ​ស្លៀកពាក់អ្វីឡើយ
23ដ្បិត ​ជីវិត​មាន​តម្លៃ​​ជាងម្ហូប​អាហារ ហើយ​រូប​កាយក៏​មាន​តម្លៃ​ជាង​សម្លៀកបំពាក់​ដែរ។
24ចូរ​មើលសត្វ​ក្អែក ​វា​មិន​ចេះ​សាប​ព្រោះ មិន​ចេះច្រូត​កាត់។ ពួកវាគ្មាន​ឃ្លាំង​ឬជង្រុក​ទេ ប៉ុន្តែ ព្រះជាម្ចាស់​ចិញ្ចឹម​វា។ តែយើងមាន​តម្លៃ​លើស​ជាងបក្សាបក្សីទៅទៀត!
25ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើអាចបង្កើនអាយុ​របស់​ខ្លួនឲ្យបានវែង ដោយការខ្វល់ខ្វាយដែរទេ?
26ដូច្នេះ បើ​អ្នក​រាល់​គ្នា​ពុំ​អាចសម្រេចការតូចតាចបានផង ចុះ​ហេតុ​អ្វី​បាន​ជា​ខ្វល់​ខ្វាយ​រឿង​ផ្សេង​ទៀត?
27ចូរពិចារណា​មើល ផ្កា​ដុះ​វាដុះឡើងយ៉ាងម៉េច។ វាមិនចេះធ្វើការនឿយហត់​ ឬ​ត្បាញ​រវៃ​ឡើយ។ ប៉ុន្តែ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​ព្រះបាទ​សាឡូម៉ូន​ប្រកប​ដោយ​សិរីរុងរឿង​បំផុត ក៏ព្រះអង្គគ្មាន​ព្រះភូសា​ល្អ​ស្មើ​នឹង​ផ្កា​មួយ​ទង​នេះ​ផង។
28ប្រសិន​បើ​ព្រះជាម្ចាស់​ធ្វើឲ្យផ្ការីកតាមទីវាល​ថ្ងៃ​នេះ ហើយ​ថ្ងៃស្អែក​ត្រូវ​គេ​ដុត​ចោល​ តើ​ព្រះអង្គ​នឹង​ទំនុក​បម្រុង​អ្នក​រាល់​គ្នា​លើសជាងអំបាលម៉ានទៅទៀត ឱមនុស្ស​មាន​ជំនឿ​តិច​អើយ!
29ចូរ​អ្នក​រាល់​គ្នា​កុំ​គិត​តែពីរឿង​បរិភោគ និងផឹកស៊ី​នោះ​ឡើយ ហើយមិនត្រូវអន្ទះសារឡើយ
30ដ្បិត​ជាតិ​សាសន៍​ទាំងនៅលើផែនដី កំពុងតែស្វែងរក​របស់​ទាំង​នេះ ហើយព្រះបិតា​របស់​អ្នក​រាល់​គ្នា ជ្រាប​នូវ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ។
31ប៉ុន្តែ ចូរ​​ស្វែង​រក​ព្រះរាជ្យរបស់​ព្រះជាម្ចាស់​វិញ នោះទើបគ្រប់របស់នឹងបានប្រទានមកអ្នករាល់គ្នា​ថែម​ទៀត​ផង»។
32«កុំ​ខ្លាច​អី! ហ្វូងចៀម​តូច​អើយ ព្រោះ ព្រះបិតា​របស់​អ្នក​រាល់​គ្នា សព្វ​ព្រះហឫទ័យ​ប្រទាន​ព្រះរាជ្យ​មកឲ្យអ្នក​រាល់​គ្នា​ហើយ។
33ចូរ​លក់​ទ្រព្យសម្បត្តិ​របស់​អ្នក​រាល់​គ្នា ដើម្បីយកទៅចែក​ទាន​ដល់​ជន​ក្រីក្រ​។ ចូរ​ប្រមូលយក​ទ្រព្យ​ដែល​មិន​ចេះ​ពុករលួយ ទុក​សម្រាប់​ខ្លួន​នៅ​ស្ថាន​បរមសុខ ដែលមិនចេះរលួយ គ្មានចោរ​ប្លន់ ឬ​កណ្ដៀរ​ស៊ី​ឡើយ។
34ដ្បិតទ្រព្យសម្បត្តិ​របស់​អ្នក​រាល់​គ្នា​នៅ​កន្លែង​ណា ចិត្ត​របស់​អ្នក​រាល់​គ្នា​ក៏​នៅ​កន្លែង​នោះ​ដែរ។
35ចូរស្លៀកពាក់ឲ្យបានជាប់ដោយដាក់ខ្សែក្រវាត់ និងដុត​ចង្កៀង​របស់​អ្នក​រាល់​គ្នា​ឲ្យនៅឆេះជាប់ជានិច្ច
36ចូរ​ប្រព្រឹត្ត​​ដូច​ពួក​អ្នក​បម្រើ ទន្ទឹងរង់ចាំមើលផ្លូវម្ចាស់វិល​ត្រឡប់​មក​ពី​ជប់លៀងមង្គលការវីញ ដូច្នេះពេលលោកត្រឡប់មកវិញគោះទ្វារ នោះអ្នក​បម្រើ​ទៅ​បើក​ជូន​ភ្លាម។
37អ្នកបម្រើទាំងនោះមានពរហើយ ដោយទន្ទឹងរង់ចាំមើលផ្លូវម្ចាស់​ត្រឡប់​មក​ដល់វិញ។ ខ្ញុំ​សុំ​ប្រាប់ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា លោកនឹងស្លៀកពាក់អាវវែង ដោយពាក់ខ្សែក្រវាត់ ហើយលោក​នឹង​ឲ្យ​អ្នក​បម្រើ​អង្គុយ​បរិភោគ ហើយ​លោក​​បម្រើគេ​វិញ។
38ប្រសិនបើ​ លោក​វិល​មក​វិញ​នៅ​ពាក់​កណ្ដាល​អធ្រាត្រ ឬ​មេឃជិត​ភ្លឺ ហើយមើល​ឃើញ​ថា អ្នកបម្រើ​​នៅ​រង់ចាំ​ដូច្នេះ នោះអ្នកបម្រើទាំងនោះមានពរហើយ។
39អ្នករាល់គ្នានឹងដឹងជាងនេះទៅទៀត បើ​ម្ចាស់​ផ្ទះ​ដឹង​ចោរ​ចូល​មក​ប្លន់​ពេល​ណា នោះគាត់​នឹង​មិន​បណ្ដោយ​ឲ្យចោរ​ចូល​ក្នុង​ផ្ទះ​គាត់​បាន​ឡើយ។
40ដូច្នេះ ​អ្នក​រាល់​គ្នាត្រូវត្រៀម​ខ្លួន​ជានិច្ច ព្រោះអ្នករាល់គ្នាមិនដឹងម៉ោងណា​បុត្រ​មនុស្ស​មកវិញទេ»។
41លោក​ពេត្រុស​ទូល​សួរ​ព្រះយេស៊ូ​ថា៖ «បពិត្រ​ព្រះអម្ចាស់! តើ​ព្រះអង្គ​មាន​ព្រះបន្ទូល​ជា​ពាក្យ​ប្រស្នា​នេះ សម្រាប់តែយើង​ខ្ញុំ ឬ​មួយ​មនុស្ស​គ្រប់គ្នា?»។
42ព្រះអម្ចាស់​មាន​ព្រះបន្ទូល​តប​ថា៖ «តើនរណាជាអ្នកបម្រើដែលស្មោះត្រង់ និងមានប្រាជ្ញាវាងវៃ ដែលម្ចាស់​មុខ​ជា​ផ្ទុកផ្ដាក់​ឲ្យគាត់​មើល​ខុស​ត្រូវ​លើ​អ្នក​បម្រើ​ឯ​ទៀតៗ ក្នុងបែង​ចែក​ម្ហូប​អាហារតាម​ពេល​កំណត់?
43មានពរហើយអ្នកបម្រើណា ដែលពេល​ម្ចាស់​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ឃើញ​អ្នក​បម្រើនោះកំពុងតែធ្វើការងាររបស់ខ្លួន។
44ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ម្ចាស់​មុខប្រគល់ភារកិច្ចឲ្យ​គាត់​មើលការ​ខុស​ត្រូវ​លើ​ទ្រព្យសម្បត្តិ​ទាំង​អស់​របស់​លោក។
45ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​បម្រើនោះគិត​ក្នុង​ចិត្ត​ថា៖​ «ម្ចាស់​អញ​ក្រ​មក​ដល់​ណាស់» ហើយគាត់ចាប់ផ្តើមវាយអ្នកបម្រើទាំងប្រុសស្រី​ឯ​ទៀតៗ ហើយ​ស៊ី​ផឹក​ស្រវឹងជោគជាំ
46នោះពេល​ម្ចាស់​ត្រឡប់​មក​វិញ នៅ​ថ្ងៃ​ដែលអ្នកបម្រើមិនបានរង់ចាំ ហើយមិនដឹងជាត្រឡប់មកវិញពេលណា នោះម្ចាស់នឹងកាត់អ្នកបម្រើជាកង់ៗ យកទៅដាក់នៅកន្លែងពួកអ្នកមិនស្មោះត្រង់។
47អ្នក​បម្រើនោះស្គាល់​ចិត្ត​ម្ចាស់ តែ​មិន​បាន​ត្រៀម​ខ្លួនជាមុន ហើយ​មិន​ធ្វើ​តាម​ចិត្ត​ម្ចាស់ខ្លួន អ្នក​បម្រើ​នោះ​នឹង​ត្រូវច្រើន​រំពាត់។
48ផ្ទុយ​ទៅ​វិញ អ្នក​បម្រើ​ណា​មិន​ស្គាល់​ចិត្ត​ម្ចាស់​ខ្លួន ហើយ​ប្រព្រឹត្ត​ខុស​សមនឹង​ទទួល​ទោស អ្នក​បម្រើនោះ​នឹង​ត្រូវ​រំពាត់​តិចវិញ។ ប៉ុន្តែ អស់អ្នកណាបានទទួលច្រើន គេទាម​ទារច្រើន​ពី​អ្នក​នោះ​វិញ​ដែរ ហើយបើនរណាម្នាក់ទទួលការផ្ទុកផ្ដាក់​កិច្ចការ​ច្រើន គេ​នឹងទាម​ទារ​ពី​អ្នក​នោះ​វិញ​រឹងរឹត​តែ​ច្រើន​ថែម​ទៀត។
49«ខ្ញុំ​មកដើម្បីនាំ​ភ្លើង​មក​ផែនដី ហើយ​បើ​ភ្លើង​នោះ​ឆេះ ខ្ញុំ​នឹងបានស្ងប់​ចិត្ត​ហើយ​។
50ខ្ញុំមានពិធីជ្រមុជ ដែលខ្ញុំត្រូវ​ទទួល​។ ខ្ញុំ​តឹង​​ចិត្ត​ណាស់ រហូតពិធីនោះបានសម្រច!
51តើអ្នករាល់គ្នាគិតថា ខ្ញុំ​​នាំសេចក្តីសុខសាន្ត​មកផែនដី​នេះមែនទេ? ទេ! ខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំ​នាំ​ការ​បាក់​បែក​ទៅវិញទេ។
52ចាប់​ពី​ពេល​នេះ​ត​ទៅ ក្នុង​ផ្ទះ​មួយ​មាន​គ្នា​ប្រាំ​នាក់ គឺ​បី​នាក់ទាស់នឹងពីរនាក់ ហើយពីរនាក់ទាស់នឹង​បី​នាក់។
53ឪពុក​ទាស់នឹងកូន​ប្រុស កូន​ប្រុស​ទាស់នឹង​ឪពុក ម្ដាយ​ទាស់នឹង​កូន​ស្រី កូន​ស្រី​ទាស់នឹង​ម្ដាយ ម្ដាយក្មេក​ទាស់នឹងកូន​ប្រសា​ស្រី ហើយកូន​ប្រសា​ស្រីទាស់នឹង​ម្ដាយក្មេក»។
54ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​កាន់​មហាជន​ទៀត​ថា៖ «កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ពពក​រសាត់​ពី​ទិស​ខាង​លិច​មក អ្នក​រាល់​គ្នា​ពោល​ភ្លាម​ថា មេឃជិត​ភ្លៀង​ហើយ ហើយមេញ​ក៏​ភ្លៀង​មែន។
55ពេលណា​មាន​ខ្យល់​បក់​ពី​ទិស​ខាង​ត្បូង អ្នក​រាល់​គ្នា​ថា​មុខជា​ក្ដៅមក​ហើយ ហើយ​ក៏​ក្ដៅ​មែន។
56មនុស្ស​មាន​ពុត​អើយ អ្នក​រាល់​គ្នា​ដឹងពីរបៀបកាត់ស្រាយអ្វីៗនៅលើ​ផែនដីនេះ និង​នៅ​លើ​មេឃ​បាន ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជាមិនចេះកាត់ស្រាយ នា​សម័យ​បច្ចុប្បន្ន​នេះ​ផង?»
57«ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​កាត់ទោសអំពើសុចរិត​ដោយ​ខ្លួន​ឯង?
58ប្រសិន​បើ​អ្នក​ធ្វើ​ដំណើរ​ទៅ​តុលា​ការ​ជា​មួយ​គូវិវាទ នៅ​តាម​ផ្លូវ​អ្នក​ត្រូវ​ខំសម្រុះសម្រួលគ្នា ដូច្នេះគេ​មិនបញ្ជូន​អ្នក​ទៅ​ដល់​ចៅក្រម ចៅក្រមមិន​បញ្ជូន​អ្នក​ទៅ​មន្ត្រី ហើយ​មន្រ្តីមិនយក​អ្នក​ទៅ​ដាក់​គុកទេ។
59ខ្ញុំ​សុំ​ប្រាប់​អ្នក​ថា អ្នក​នឹង​មិន​រួច​ខ្លួន​ទេ ដរាប​ណា​អ្នក​មិន​បាន​បង់​ប្រាក់​ពិន័យ​គ្រប់​ចំនួន សូម្បីតែ​ខ្វះ​មួយ​សេន​ក៏មិនបានផង»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។