1មានថ្ងៃមួយ ព្រះយេស៊ូកំពុងតែអធិស្ឋាននៅកន្លែងមួយ រួចហើយមានសិស្សម្នាក់ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! សូមបង្រៀនយើងខ្ញុំឲ្យចេះអធិស្ឋាន ដូចលោកយ៉ូហានបានបង្រៀនសិស្សរបស់លោក ឲ្យចេះអធិស្ឋានដែរ»។
2ព្រះយេស៊ូមានព្រះបន្ទូលទៅពួកគេថា៖ «ពេលណាអ្នករាល់គ្នាអធិស្ឋាន ត្រូវពោលថា «ឱព្រះបិតាអើយ សូមឲ្យព្រះនាមព្រះអង្គបានវិសុទ្ធ។ សូមឲ្យព្រះរាជ្យព្រះអង្គបានមកដល់។
3សូមប្រទានអាហារដែលយើងខ្ញុំត្រូវការរៀងរាល់ថ្ងៃ។
4សូមអត់ទោសបាបយើងខ្ញុំ ដូចយើងខ្ញុំបានអត់ទោសឲ្យអស់ណា ដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំដែរ។កុំនាំយើងខ្ញុំធ្លាក់ក្នុងការល្បួងឡើយ»។
5ព្រះយេស៊ូមានព្រះបន្ទូលទៅពួកគេថា៖ «ក្នុងចំណោមអ្នករាល់គ្នា បើមានមិត្តសម្លាញ់ម្នាក់មករកអ្វីពាក់កណ្ដាលអធ្រាត្រ ហើយពោលថា៖ «សម្លាញ់អើយ! សូមឲ្យគ្នាខ្ចីនំបុ័ងបីដុំសិនមក
6ដោយដឹងមិត្តភក្ដិទើបនឹងធ្វើដំណើរមកដល់ ហើយគ្មានអ្វីទទួលគេសោះ»។
7អ្នកនៅក្នុងផ្ទះម្នាក់ប្រហែលឆ្លើយមកវិញថា៖ «កុំរំខានគ្នាធ្វើអ្វី!។ គ្នាបិទទ្វារហើយ ម្យ៉ាងទៀត កូនចៅគ្នាកំពុងដេកលក់ គ្នាមិនអាចក្រោកទៅយកនំបុ័ងឲ្យសម្លាញ់ឯងបានទេ»។
8ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ទោះបីជាម្ចាស់ផ្ទះមិនក្រោកទៅយកនំបុ័ង ដោយសារជាសម្លាញ់ក៏ដោយ តែដោយសារខ្មាសនឹងការទទូចអង្វរឥតខ្មាស នោះគាត់ប្រាកដជាក្រោកទៅយកនំប៉័ងតាមតែអ្នកចង់បាន ។
9ចំពោះខ្ញុំវិញ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចូរសុំ! នោះព្រះជាម្ចាស់នឹងប្រទានឲ្យ ចូរស្វែងរក! គង់នឹងឃើញ ចូរគោះទ្វារ! នោះព្រះអង្គនឹងបើកឲ្យមិនខាន។
10ដ្បិតអ្នកណាសុំ អ្នកនោះតែងទទួល អ្នកណាស្វែងរក នោះតែងតែឃើញ ហើយអ្នកណាដែលគោះ នោះនឹងបើកឲ្យអ្នកដែលគោះ។
11អ្នករាល់គ្នាជាឪពុកបែបណា បើកូនសុំត្រី តើឪពុកនឹងយកពស់ពិសឲ្យវាឬ?
12បើកូនសុំពងមាន់ តើឪពុកនឹងយកខ្យាដំរីឲ្យវាដែរឬ?
13ដូច្នេះ សូម្បីតែអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ ក៏ចេះយករបស់ល្អៗឲ្យកូនដែរ ចុះចំណង់បើព្រះបិតាដែលគង់នៅស្ថានបរមសុខវិញ តើព្រះអង្គនឹងប្រទានព្រះវិញ្ញាណដ៏វិសុទ្ធឲ្យអស់អ្នកដែលសុំពីព្រះអង្គយ៉ាងណាទៅទៀត?»
14ព្រះយេស៊ូកំពុងបណ្ដេញអារក្សចេញពីមនុស្សគម្នាក់។ លុះពេលអារក្សចេញផុតទៅ មនុស្សគនោះនិយាយបានវិញ ហើយមហាជនក៏ស្ងើចសរសើរគ្រប់គ្នា។
15ប៉ុន្តែ មានអ្នកខ្លះនិយាយថា៖ «អ្នកនេះដេញអារក្សបានដូច្នេះ ដោយប្រើអំណាចបេលសេប៊ូលជាស្ដេចអារក្ស»។
16មានអ្នកខ្លះទៀតល្បងល និងស្វែងរកទីសម្គាល់ពីស្ថានបរសុខមកបញ្ជាក់។
17ព្រះយេស៊ូឈ្វេងយល់គំនិតរបស់គេ រួចព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «នគរណាដែលបែកបាក់គ្នាឯង នគរនោះមុខជាត្រូវវិនាស ហើយផ្ទះណាដែលបែកបាក់គ្នាឯង ក៏មុខជារលំសង្កត់គ្នាមិនខាន។
18ប្រសិនបើ សាតាំងទាស់ទែងបែកបាក់គ្នាឯង តើរាជ្យរបស់វានៅស្ថិតស្ថេរម្តេចបាន? ដ្បិតអ្នករាល់គ្នាថា ខ្ញុំដេញអារក្សដោយអំណាចបេលសេប៊ូល។
19ប្រសិនបើខ្ញុំដេញអារក្សដោយអំណាចបេលសេប៊ូលមែន តើកូនចៅរបស់អ្នករាល់គ្នាដេញអារក្សដោយអំណាចនរណាគេទៅវិញ?។ ហេតុនេះហើយបានជាកូនចៅរបស់អ្នករាល់គ្នា នឹងដាក់ទោសអ្នករាល់គ្នាវិញម្តង។
20ប៉ុន្តែ បើខ្ញុំដេញអារក្សដោយឫទ្ធានុភាពរបស់ព្រះជាម្ចាស់មែន នោះបានសេចក្តីថាព្រះរាជ្យរបស់ព្រះជាម្ចាស់នឹងមកដល់អ្នករាល់គ្នាហើយ។
21ពេលណាមានមនុស្សណាម្នាក់ខ្លាំងពូកែ ប្រដាប់ដោយអាវុធការពារផ្ទះរបស់ខ្លួន នោះទ្រព្យសម្បត្តិរបស់គេនឹងនៅស្ថិតស្ថេរគង់វង្ស
22ប៉ុន្តែ បើមានម្នាក់ទៀតខ្លាំងពូកែជាង គេនឹងមកដកហូតគ្រឿងអាវុធ និងរឹបអូសទ្រព្យសម្បត្តិពីអ្នកនោះ។
23អ្នកណាមិននៅខាងខ្ញុំ អ្នកនោះប្រឆាំងនឹងខ្ញុំ ហើយអ្នកណាមិនជួយប្រមូលផ្ដុំខ្ញុំទេ អ្នកនោះកំពុងតែកំចាត់កំចាយខ្ញុំហើយ។
24ពេលណាវិញ្ញាណអាក្រក់ចេញពីមនុស្សម្នាក់ វានឹងស្វែងរកទីវាលហួតហែង ដើម្បីសម្រាក។ បើវារកពុំឃើញទេ នោះវាមុខជានិយាយថា៖ «អញនឹងវិលត្រឡប់ទៅផ្ទះ ដែលអញទើបនឹងចេញមក»។
25លុះពេលត្រឡប់មកដល់ហើយ ឃើញផ្ទះនោះបោសស្អាត ហើយរៀបចំមានរបៀបរៀបរយ។
26នោះវានឹងទៅបបួលវិញ្ញាណអាក្រក់ប្រាំពីរទៀត ដែលសុទ្ធតែអាក្រក់ជាងវា ឲ្យមកចូលអ្នកនោះ។ ចំណែកឯស្ថានភាពចុងក្រោយរបស់អ្នកនោះ រឹតតែអាក្រក់លើសដើមទៅទៀត»។
27កាលព្រះយេស៊ូមានព្រះបន្ទូលការនេះរួចហើយ មានស្ត្រីម្នាក់បន្លឺសំឡេងចេញពីបណ្ដាជន ទូលព្រះអង្គថា៖ «ស្ត្រីដែលបានបង្កើតលោក ព្រមទាំងបានបំបៅលោក ពិតជាមានពរមែន»។
28ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នកណាស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអនុវត្តតាម អ្នកនោះហើយមានពរជាង»។
29កាលមហាជនប្រជុំគ្នាកាន់តែច្រើន ព្រះយេស៊ូមានព្រះបន្ទូលថា៖ «មនុស្សជំនាន់នេះអាក្រក់ណាស់។ គេស្វែងរកទីសម្គាល់អស្ចារ្យ ប៉ុន្តែ ព្រះជាម្ចាស់មិនប្រទានទីសម្គាល់ណាផ្សេងទៀត ក្រៅពីទីសម្គាល់របស់ព្យាការីយ៉ូណាសឡើយ។
30ដ្បិតលោកយ៉ូណាសក្លាយជាទីសម្គាល់ ឲ្យអ្នកក្រុងនីនីវេឃើញយ៉ាងណា នោះបុត្រមនុស្សក៏នឹងធ្វើជាទីសម្គាល់ ឲ្យមនុស្សជំនាន់នេះឃើញយ៉ាងនោះដែរ។
31មហាក្សត្រីយ៍ស្រុកខាងត្បូងនឹងក្រោកឡើង កាលណាព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សជំនាន់នេះ និងថ្កោលទោសពួកគេផង ព្រោះព្រះនាងបានយាងមកពីចុងបំផុតនៃផែនដី ដើម្បីស្ដាប់ប្រាជ្ញាញាណរបស់ស្ដេចសាឡូម៉ូន និងរកមើលក្រែងលោមាននរណាប្រសើរលើសស្ដេចសាឡូម៉ូនទៀត។
32អ្នកក្រុងនីនីវេនឹងក្រោកឈរឡើងជាមួយមនុស្សជំនាន់នេះ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក ព្រមទាំងថ្កោលទោសគេផង ព្រោះអ្នកក្រុងនីនីវេបានកែប្រែចិត្តគំនិត កាលបានឮសេចក្តីប្រកាសរបស់លោកយ៉ូណាស និងរកមើលក្រែងលោកមាននរណាម្នាក់ប្រសើរលើសលោកយ៉ូណាសទៀត។
33គ្មាននរណាអុជចង្កៀង យកទៅលាក់ទុក ឬយកធុងគ្របពីលើនោះឡើយ ផ្ទុយទៅវិញ គេតែងយកចង្កៀងទៅដាក់លើជើងចង្កៀង ដូច្នេះអស់អ្នកដែលចូលទៅក្នុងផ្ទះនឹងបានភ្លឺ។
34ភ្នែកជាចង្កៀងរបស់រូបកាយ។ ពេលណាភ្នែកអ្នកនៅភ្លឺល្អ រូបកាយអ្នកទាំងមូលក៏ភ្លឺដែរ។ ប៉ុន្តែ បើភ្នែកអ្នកងងឹតវិញ រូបកាយអ្នកក៏ងងឹតដែរ។
35ហេតុនេះ ត្រូវប្រយ័ត្នកុំឲ្យពន្លឺនៅក្នុងខ្លួនអ្នក ទៅជាងងឹតឡើយ។
36ប្រសិនបើរូបកាយរបស់អ្នកទាំងមូលមានពន្លឺ គ្មានផ្នែកណាមួយងងឹតនោះទេ រូបកាយទាំងមូលរបស់អ្នកប្រៀបបីដូចជាចង្កៀងភ្លឺចិញ្ចែងចិញ្ចាចលើអ្នកដែរ»។
37ក្រោយពេលព្រះយេស៊ូមានព្រះបន្ទូលរួចហើយ មានបុរសម្នាក់ខាងគណៈផារីស៊ី សូមយាងព្រះអង្គទៅសោយព្រះស្ងោយនៅផ្ទះគាត់ ដូច្នេះព្រះយេស៊ូក៏យាងចូលទៅរួមតុជាមួយគាត់។
38អ្នកខាងគណៈផារីស៊ីភ្ញាក់ផ្អើល ព្រោះឃើញព្រះយេស៊ូមិនលាងព្រះហស្ដមុនពេលសោយអាហារ។
39ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលទៅគាត់ថា៖ «ឥឡូវនេះ ពួកផារីស៊ីអើយ អ្នករាល់គ្នាសម្អាតពែង និងចានតែផ្នែកខាងក្រៅប៉ុណ្ណោះ ប៉ុន្តែ ផ្នែកខាងក្នុងអ្នករាល់គ្នាវិញ ពោរពេញទៅដោយចិត្តលោភលន់ និងគំនិតអាក្រក់។
40មនុស្សឆោតល្ងង់អើយ តើព្រះជាម្ចាស់សម្អាតខាងក្រៅ តើព្រះអង្គមិនសម្អាតខាងក្នុងដែរទេឬ?
41ចូរចែកទានដល់ជនក្រីក្រនូវអ្វីដែលមានខាងក្នុង នោះគ្រប់ទាំងអស់នឹងបានស្អាតបរិសុទ្ធសម្រាប់អ្នករាល់គ្នា។
42អ្នកត្រូវវេទនាហើយ ពួកផារីស៊ីអើយ! ពីព្រោះអ្នករាល់គ្នាថ្វាយមួយភាគដប់ពីជីរអង្កាម ជីរលីងល័ខ និងបន្លែគ្រប់មុខ ប៉ុន្តែ អ្នករាល់គ្នាព្រងើយកន្តើយមិនប្រព្រឹត្តតាមសេចក្ដីសុចរិត និងស្រឡាញ់ព្រះជាម្ចាស់ឡើយ។ នេះហើយជាការចាំបាច់ ដែលអ្នករាល់គ្នាត្រូវប្រព្រឹត្តដោយសុចរិត និងស្រឡាញ់ព្រះជាម្ចាស់ ដោយមិនបំភ្លេចចោលការឯទៀតឡើយ។
43អ្នកត្រូវវេទនាហើយ ពួកផារីស៊ីអើយ ព្រោះអ្នករាល់គ្នាចូលចិត្តអង្គុយកៅអីខាងមុខក្នុងសាលាប្រជុំ ហើយឲ្យគេគោរពរាប់អាននៅតាមផ្សារ។
44អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាប្រៀបបីដូចផ្នូរខ្មោច ដែលមនុស្សដើរជាន់ដោយមិនដឹងខ្លួន»។
45មានបណ្ឌិតខាងវិន័យម្នាក់ទូលព្រះអង្គថា៖ «លោកគ្រូ លោកមានប្រសាសន៍ដូច្នេះធ្វើឲ្យយើងខ្ញុំអាម៉ាស់»។
46ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នកត្រូវវេទនាហើយ ពួកបណ្ឌិតខាងវិន័យអើយ ព្រោះអ្នករាល់គ្នាបានបង្កើតវិន័យតឹងរ៉ឹងដាក់លើមនុស្ស ប៉ុន្តែអ្នករាល់គ្នាមិនជួយគេទេ សូម្បីតែប៉ុនម្រាមដៃក៏គ្មានផង។
47អ្នករាល់គ្នាត្រូវវេទនាហើយ! ព្រោះអ្នករាល់គ្នាសង់ផ្នូរឲ្យព្យាការី ដែលបុព្វបុរសរបស់អ្នករាល់គ្នាបានសម្លាប់។
48ដូច្នេះ អ្នករាល់គ្នាជាសាក្សី ហើយអ្នករាល់គ្នាសមគំនិតជាមួយកិច្ចការរបស់បុព្វបុរស ដ្បិតពួកគេបានសម្លាប់ពួកព្យាការី ហើយអ្នករាល់គ្នាបានសង់ផ្នូរឲ្យ។
49ហេតុនេះហើយបានជាព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់បន្លឺឡើងថា៖ «យើងនឹងចាត់ព្យាការី និងពួកសាវ័ក គេនឹងបៀតបៀន និងសម្លាប់ពួកគេខ្លះ»។
50បន្ទាប់មក មនុស្សជំនាន់នេះនឹងទទួលខុសត្រូវ ចំពោះការខ្ចាយឈាមរបស់បុព្វបុរស តាំងពីកំណើតពិភពលោកមកម៉្លេះ
51គឺចាប់តាំងពីការខ្ចាយឈាមរបស់លោកអេបិល រហូតដល់លោកសាការី ដែលត្រូវគេសម្លាប់នៅត្រង់ចន្លោះទីអាសនៈ និងទីសក្ការៈ។ ពិតណាស់ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា មនុស្សជំនាន់នេះនឹងត្រូវទទួលខុសត្រូវ។
52អ្នករាល់គ្នាត្រូវវេទនាហើយ ពួកបណ្ឌិតខាងវិន័យអើយ ព្រោះអ្នករាល់គ្នាបានបិទសោទ្វារ ដែលនាំស្គាល់ព្រះជាម្ចាស់ ហើយអ្នករាល់គ្នាមិនត្រឹមតែមិនបានចូលខ្លួនទេ គឺថែមទាំងឃាត់អស់អ្នកដែលចង់ចូល មិនឲ្យគេចូលទៀតផង»។
53ក្រោយពេល ព្រះយេស៊ូយាងចាកចេញពីទីនោះទៅ ពួកអាចារ្យ និងពួកខាងគណៈផារីស៊ីនាំគ្នាប្រឆាំងនឹងព្រះអង្គ ហើយដេញដោលសួរព្រះអង្គអំពីរឿងផ្សេងៗជាច្រើន
54រកល្បិចកលចាប់កំហុសព្រះអង្គ។