ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

បរិទេវ 4

Read Scripture freely. Divine Threads study for this chapter is coming later.

1ម្ដេច​ក៏​មាស​ប្រែជា​ស្រអាប់ ហើយ​មាស​សុទ្ធ​ប្រែ​ជាបាត់​បង់រស្មី! ថ្ម​បរិសុទ្ឋទាំង​ប៉ុន្មាន​នៅ​រាយ​ប៉ាយ គ្រប់ទីកន្លែង ទាំងនៅតាម​ផ្លូវ
2កូនប្រុសនៃអុីស្រាអែលដ៏​មាន​តម្លៃ​ថ្លៃដូច​ជា​មាស ប៉ុន្តែឥឡូវ​នេះពួកគេគ្មានតំលៃជាជាង​ក្អម​ដីឡើយ​ ដូច​ជា​កិច្ចការរបស់​ជាង​ស្មូន​ដូច្នេះ!
3សូម្បី​តែ​ឆ្កែព្រៃ ក៏​ចេះបំបៅ​ដោះ​ឲ្យ​កូន​ដែរ តែ​ប្រជា​ជន​ខ្ញុំ​វិញ បែជាមាន​ចិត្ត​ខ្មៅ សាហាវ ដូច​ជា​សត្វ​អូទ្រុស​ នៅទី រហោ‌ស្ថាន។
4អណ្ដាត​របស់​កូន​តូចៗ ស្រេកទឹកខះក ក្មេងៗនាំគ្នាយំទារកអាហារ តែ​គ្មាន​អ្នក​ណា​ឲ្យ​វា​ឡើយ។
5ពួក​អ្នក​ដែល​ធ្លាប់​មាន​អាហារ​ថ្លៃៗ​បរិ‌ភោគ ឥឡូវបែរ​ជា​ត្រូវ​ដាច់​ពោះ​នៅតាម​ផ្លូវ ពួក​អ្នក​ដែល​ធ្លាប់​ស្លៀក‌ពាក់រុង​រឿង ក៏បែរ​ជា​កាយសំរាមដើម្បីបរិភោគវិញ។
6ដ្បិត​អំពើ​ទុច្ចរិត​របស់​​ជនជាតិ​ខ្ញុំ​ធ្ងន់​ជាង អំពើ​បាប​របស់​ក្រុង​សូដុម​ទៅ​ទៀត ​ដែល​ត្រូវបាន​បំផ្លាញ​ក្នុង​មួយ​រំពេច ឥត​មាន​ដៃ​អ្នក​ណាមកជួយទាន់​ឡើយ។
7ពួក​អ្នក​ដឹកនាំជាមនុស្ស ដែលបរិសុទ្ធ​ជាង​ហិមៈ ស​ស្អាត​ជាង​ទឹក​ដោះ​គោ ខ្លួនរបស់គេ​ក្រហម​ជាង​ត្បូង​ទទឹម​ទៅ​ទៀត ក៏​ភ្លឺ​ដូច​ជា​ត្បូង​កណ្តៀង។
8ឥឡូវ​នេះ រូបរាងរបស់​គេ​ខ្មៅ​ជាង​ធ្យូង គ្មាន​អ្នក​ណា​ស្គាល់​គេតាម​ផ្លូវ​ទេ ស្បែក​ជាប់​នឹង​ឆ្អឹង ស្វិត​ក្រៀម​ដូច​ជា​រំកាច់​ឈើ។
9អស់អ្នកដែល​ស្លាប់​ដោយមុខ​ដាវ គឺរីករាយ​ជាង​ពួក​អ្នក ដែល​ស្លាប់​ដោយ​ស្រេក​ឃ្លាន​ ដែលវិនាសបន្តិចម្តងៗ​ទៅ ដោយ​ ភាពខ្វះខាត​ស្បៀង​អាហារ។
10មនុស្ស​ស្រី​ដែលធ្លាប់​មាន​ចិត្ត​ទន់​សន្តោស បាន​ស្ងោរ​កូន​ខ្លួន​ស៊ី ដោយ​ដៃ​ខ្លួន​ឯង កូន​ៗទាំង​នោះ​ជា​អាហារ​របស់​គេ ក្នុង​គ្រា​ដែលប្រជា​ជាតិ​ខ្ញុំត្រូវបានបំផ្លាញ។
11ព្រះ‌អម្ចាស់បង្ហាញសេចក្តី​ក្រោធ​យ៉ាង​ខ្លាំង ព្រះ‌អង្គ​បាន​ចាក់​សេចក្ដី​កំហឹង​ដ៏​សហ័សរបស់​ទ្រង់។​ ព្រះ‌អង្គ​បាន​បង្កាត់​ភ្លើង​ដុតក្រុង​ស៊ីយ៉ូន ឲ្យឆេះរហូតដល់គ្រិះផង។
12ពួក​ស្តេច​ទាំងឡាយនៅ​ផែនដី ព្រមទាំងមនុស្ស​ដែល​នៅក្នុង​ពិភពលោក​នេះ គេ​មិន​បាន​ជឿ​ថា​ពួក​បច្ចាមិត្ត និង​ពួក​ខ្មាំង​សត្រូវ​ រឺគូប្រជែង អាច​ចូល​តាម​ទ្វារ​ក្រុង​យេរូ‌សាឡិម​បាន​ទេ។
13ការនេះ​កើតឡើងដោយ​ព្រោះ​តែ​អំពើ​បាប​របស់​ពួក​ព្យាការី និង​អំពើ​ទុច្ចរិត​របស់​ពួក​បូជាចារ្យ ជា​ពួក​អ្នក​ដែល​បាន​កម្ចាយ​ឈាម មនុស្ស​សុចរិត​នៅ​ក្នុង​ទី​ក្រុង។
14ពួកគេ​ដើរ​តែលតោលនៅតាម​ផ្លូវដូច​ជា​មនុស្ស​ខ្វាក់ ពួកគេ​ប្រឡាក់​សុទ្ធតែ​ឈាម បាន​ជា​គ្មាន​អ្នក​ណា​ហ៊ាន​ពាល់​សម្លៀក‌បំពាក់របស់​គេ​​ឡើយ។
15«ចៀសចេញ! មនុស្សមិនស្អាត! មនុស្ស​ទាំង‌ឡាយ​ស្រែក​ដាក់​គេ​ថា «ចៀស!​ ចូរចៀសឲ្យឆ្ងាយទៅ! កុំ​មកប៉ះ​ពាល់​អ្វី​ឡើយ!» ​គេ​រត់​ទៅហើយ​ដើរ​សាត់អណ្តែតប្រជាជាតិមួយ ទៅប្រជាជាតិមួយទៀត «តែគ្មានអ្នកណាឲ្យគេអា‌ស្រ័យ​នៅ​ឡើយ»។
16ព្រះ‌អម្ចាស់បានរកវិធី​កម្ចាត់​កម្ចាយ​គេ​ទៅ ព្រះ‌អង្គ​មិន​ព្រម​ទត​មើល​គេ​ទៀត​ទេ គ្មាននរណ​ាគោរព​ប្រតិ‌បត្តិ​ដល់​ពួក​បូជាចារ្យ រឺក៏​អាណិតដល់​ពួក​ចាស់​ទុំ​ដែរ។
17ភ្នែករបស់យើងឡើងផ្សា ដោយទន្ទឹងរង់​ចាំ​ជំនួយ យើងឃ្លាំចាំមើល ហើយចាំមើលទៀត តែគ្មានប្រជាជាតិណាមួយមក ជួយ​សង្គ្រោះ​សោះ។
18គេ​ដេញ​តាមយើង​គ្រប់​ជំហាន បាន​ជា​យើង​រក​ចេញ​ទៅ​ផ្លូវ​មិន​បាន។ ទី​បញ្ចប់​របស់​យើង​កាន់​តែ​ជិត​មក​ដល់ កំណត់​យើង​ក៏​សម្រេច ដ្បិត​ចុង​បំផុត​របស់​យើង​បាន​មក​ដល់​ហើយ។
19ពួក​អ្នក​ដែល​ដេញ​តាម​យើង គេ​រហ័សជាង​ឥន្ទ្រី​នៅ​លើ​អាកាស​ទៅ​ទៀត គេ​បាន​ដេញ​យើង​ឲ្យ​ទៅ​លើ​ភ្នំ ក៏​លប​ចាំ​យើង​នៅ​ទី​រហោ‌ស្ថាន។
20ខ្យល់ដង្ហើមដែលដកតាមរន្ធច្រមុះ គឺ​ព្រះ‌អម្ចាស់​បាន​ចាក់​ប្រេង​តាំង ព្រះ‌អង្គ​ត្រូវ​គេ​ចាប់​ចូល​ក្នុង​អង្គប់ ​ហើយ​ដែល​យើងធ្លាប់​ពោល​ថា «យើង​ខ្ញុំសូម​ជ្រក​ក្រោម​ម្លប់​ដ៏​ត្រជាក់របស់​ព្រះ‌អង្គ ក្នុង​ចំណោម​ពួក​ជនជាតិ​ដទៃ»។
21ចូរ​មាន​ចិត្ត​រីក‌រាយ ហើយ​សប្បាយ​ឡើង ប្រជាជាតិ អេដុម ដែលជា​អ្នក​​អា‌ស្រ័យ​នៅ​ទឹកដី​អ៊ូស​ ដ្បិតអ្នកត្រូវទទួលពែង​នៃទុក្ខលំបាក ទាំង​ស្រវឹងហើយ​នៅ​ខ្លួន​អាក្រាតវិញ។
22ជនជាតិក្រុង​ស៊ីយ៉ូន​អើយ ទោស​នៃ​អំពើ​ទុច្ចរិត​របស់អ្នកគ្រប់​ចំនួន​ហើយ ព្រះ‌អង្គ​នឹង​មិនបន្ត​ឲ្យ​អ្នកទៅ​ជា​ឈ្លើយ​ឡើយ តែគឺជាជនជាតិ​អេដុមវិញ​ ព្រះ‌អង្គ​នឹង​ធ្វើ​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​អ្នកវិញ ព្រះ‌អង្គ​នឹង​មិនគ្របបាំង​អំពើ​បាប​របស់​អ្នកឡើយ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។