1សូមនឹកចាំពីយើងខ្ញុំព្រះអម្ចាស់ អ្វីដែលកើតមានឡើងដល់យើងរាល់គ្នា ទាំងគេឃើញពីភាពអាម៉ាស់
2កេរ្ត៍អាកររបស់យើងក្លាយជារបស់អ្នកដ៏ទៃ ឯផ្ទះសំបែងរបស់យើងខ្ញុំ ក៏ក្លាយជារបស់ជនបរទេស។
3យើងក្លាយជាកូនកំព្រាឪពុកម្តាយ ហើយម្តាយយើងទៅជាមេម៉ាយវិញ។
4យើងត្រូវចំណាយប្រាក់ដើម្បីផឹកទឹករបស់ខ្លួន ហើយក៏ត្រូវចំណាយប្រាក់សំរាប់ទិញអុសរបស់ខ្លួនឯងដែរ។
5អស់ពួកដែលដេញតាមនោះនៅពីក្រោយខ្នងយើងខ្ញុំជានិច្ច យើងខ្ញុំពិតជាអស់កម្លាំង និងឥតមានពេលសម្រាកឡើយ។
6យើងបានដាក់ខ្លួនទៅសុំពួកជនជាតិអេស៊ីប និងពួកជនជាតិអាសស៊ើរ ដើម្បីឲ្យបានអាហារបរិភោគគ្រប់គ្រាន់។
7ដូនតារបស់យើងបានធ្វើបាប តែគាត់បានស្លាប់អស់ហើយ ដោយព្រោះកំហុសគាត់បានសាង យើងខ្ញុំត្រូវរងទ្រាំវិញ។
8ពួកអ្នកបម្រើបានធ្វើជាចៅហ្វាយលើយើងខ្ញុំ ឥតមានអ្នកណានឹងរំដោះយើងខ្ញុំ ឲ្យរួចពីកណ្ដាប់ដៃគេឡើយ។
9យើងខ្ញុំរកអាហារបានដោយប្រថុយជីវិត ចំពោះមុខដាវនៅទីរហោស្ថាន។
10ស្បែកយើងខ្ញុំក្តៅដូចជាជើងក្រាន ព្រោះតែការអត់ឃ្លាន។
11ពួកស្រ្តីត្រូវបានគេចាប់រំលោភនៅក្រុងស៊ីយ៉ូន និងពួកក្រមុំៗនៅតាមទីក្រុងក្នុងទឹកដីយូដា។
12ឯពួកចៅហ្វាយត្រូវបានគេចងដៃព្យួរ ហើយគ្មាននរណាគោរពចាស់ទុំទៀតទេ។
13ពួកយុវជនត្រូវបានបង្ខំឲ្យលីសែងត្បាល់កិន ហើយគេប្រើកូនក្មេងឲ្យលីឈើដ៏ធ្ងន់ រហូតដល់ជំពន់ដួល។
14លែងមានពួកព្រឹទ្ឋាចារ្យនៅទ្វារក្រុងទៀតហើយ រីឯពួកយុវជនក៏ឈប់លេងភ្លេងទៀតដែរ។
15អំណរបានចាកចេញបាត់ពីចិត្តខ្ញុំហើយ រីឯការលោតកញ្ឆេងរបស់យើងខ្ញុំ ក៏ត្រឡប់ទៅជាការសោយសោកវិញ។
16មកុដបានធ្លាក់ចុះពីក្បាលយើង វរហើយ ព្រោះខ្ញុំបានធ្វើបាប!។
17ហេតុនេះបានជាចិត្តខ្ញុំខ្លោចផ្សា ហើយភ្នែកយើងខ្ញុំក៏ត្រឡប់ទៅជាងងឹត ដោយព្រោះការទាំងនេះដែរ
18ដ្បិតភ្នំស៊ីយ៉ូនត្រូវចោលស្ងាត់ មានតែឆ្កែចចកដើរប៉ុណ្ណោះ។
19ប៉ុន្តែព្រះអង្គ គឺជាព្រះអម្ចាស់ ដែលគង់នៅអស់កល្បជានិច្ច បល្ល័ង្ករបស់ព្រះអង្គស្ថិតស្ថេរ ពីតំណមនុស្សមួយ ទៅតំណមនុស្សមួយទៀត។
20ហេតុអ្វីបានជាព្រះអង្គភ្លេចយើងខ្ញុំរហូត? ហេតុអ្វីព្រះអង្គបោះបង់ចោលយើងយូរយ៉ាងនេះ?
21សូមនាំយើងខ្ញុំឲ្យវិលមកវិញ ព្រះអម្ចាស់អើយ នោះយើងខ្ញុំនឹងបានស្តាឡើងវិញ សូមកែជីវិតរបស់យើង ដូចកាលពីដើម
22ឬក៏ព្រះអង្គបានបោះបង់ចោលយើងខ្ញុំហើយ តើព្រះអង្គខ្ញាល់នឹងយើងខ្ញុំហួសកម្រិតបែបនេះរឺ។