ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យ៉ូស្វេ 8

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះអម្ចាស់បានមានបន្ទូលមកលោកយ៉ូស្វេថា៖​ «កុំឲ្យភ័យខ្លាចឡើយ កុំឲ្យបាក់ទឹកចិត្តឲ្យសោះ។ ចូរនាំអ្នកចំបាំងទាំងអស់ទៅជាមួយអ្នក។ ឡើងទៅក្រុងអៃទៅ។ មើល យើងនឹងប្រគល់ស្តេចក្រុងអៃដល់អ្នក ទាំងប្រជាជន ទាំងក្រុង និងទឹកដីរបស់ស្តេចផង។
2អ្នកនឹងប្រព្រឹត្តជាមួយក្រុងអៃដូចដែលអ្នកបានប្រព្រឹត្តចំពោះក្រុងយេរីខូ និងស្តេចរបស់ក្រុងនោះដែរ តែអ្នកអាចយកជ័យភណ្ឌ និងហ្វូងសត្វរបស់ពួកគេទុកជារបស់អ្នកបាន។ ចូររៀបទ័ពវាយឆ្មក់ពីក្រោយក្រុង»។
3ដូច្នេះ លោកយ៉ូស្វេភ្ញាក់ពីដំណេក ហើយនាំអ្នកចម្បាំងទាំងអស់ទៅក្រុងអៃ។ បន្ទាប់មក លោកយ៉ូស្វេបានជ្រើសរើសមនុស្សប្រុសបីមុឺននាក់ ជាអ្នកខ្លាំងពូកែ និងអង់អាចក្លាហាន​ រួចពួកគេចេញទៅនៅពេលយប់។
4លោកបានបង្គាប់ពួកគេថា៖ ​«មើល អ្នកត្រូវបង្កប់ខ្លួននៅខាងក្រោយក្រុង។ កុំឲ្យទៅឆ្ងាយពីទីក្រុងពេក តែចូរឲ្យគ្រប់គ្នារួចរាល់។
5ខ្ញុំ និងអ្នកដែលនៅជាមួយខ្ញុំនឹងសំដៅទៅទីក្រុង ហើយនៅពេលដែលពួកគេចេញមកវាយពួកយើង យើងនឹងរត់ដូចកាលមុន។
6ពួកគេនឹងដេញតាមយើងរហូតដល់យើងនាំគេចេញឆ្ងាយពីទីក្រុង។ ពួកគេនឹងនិយាយថា៖​ អ្នកទាំងនេះបានរត់នៅមុខយើងដូចកាលពីមុន។ ដូច្នេះ យើងនឹងរត់នៅមុខពួកគេ។
7បន្ទាប់មក អ្នកត្រូវតែចេញពីកន្លែងលាក់ខ្លួនរបស់អ្នកមក ហើយអ្នកត្រូវដណ្តើមយកទីក្រុង។ ព្រះអម្ចាស់នឹងប្រគល់ក្រុងនេះមកក្នុងដៃរបស់អ្នក។​
8នៅពេលដែលអ្នកកាន់កាប់ទីក្រុងបានហើយ អ្នកត្រូវតែដុតក្រុងនោះចោល។ អ្នកអាចសម្រេចការនេះបានលុះត្រាតែអ្នកស្តាប់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់។ មើល យើងបានបង្គាប់អ្នក។
9«លោកយ៉ូស្វេបានបញ្ជូនពួកគេទៅ ហើយពួកគេទៅកន្លែងលាក់ខ្លួន ហើយពួកគេបានលាក់ខ្លួននៅចន្លោះបេតអែល និងអៃ។​ ប៉ុន្តែ យប់នោះលោកយ៉ូស្វេបានស្នាក់នៅក្នុងចំណោមប្រជាជន។
10លោកយ៉ូស្វេបានក្រោកពីព្រលឹម ហើយរៀបចំពួកទាហានរួចរាល់ លោកយ៉ូស្វេ និងពួកចាស់ទុំអ៊ីស្រាអែលបានវាយលុកមនុស្សក្រុងអៃ។​
11ទាហានទាំងអស់ដែលនៅជាមួយលោកបានឡើងទៅ ហើយសំដៅទៅទីក្រុង។ ពួកគេបានមកជិតទីក្រុង ហើយពួកគេក៏បោះជំរំនៅខាងជើងក្រុងអៃ។ ពួកគេនៅចន្លោះរវាងជ្រោះ និងក្រុងអៃ។
12លោកបាននាំមនុស្សប្រុសប្រាំពាន់នាក់ ហើយឲ្យគេលាក់ខ្លួននៅខាងលិចទីក្រុងរវាងបេតអែល និងអៃ។
13ពួកគេបានរៀបកងទ័ព ទាហានជួរមុខនៅខាងជើងក្រុង ហើយទាហានផ្សេងទៀតនៅខាងលិចក្រុង។ លោកយ៉ូស្វេបានស្នាក់នៅក្នុងជ្រលងភ្នំនៅយប់នោះ។
14នៅពេលដែលស្តេចក្រុងអៃបានឃើញកងទ័ព ស្តេច និងពួកគេទាហានរបស់ស្តេចក្រោកពីព្រលឹម ហើយរួសរាន់ចេញទៅវាយប្រហារជនជាតិអ៊ីស្រាអែល។ ស្តេចមិនបានដឹងថាទ័ពដែលលាក់ខ្លួនបានរង់ចាំវាយប្រហារពួកគេពីខាងក្រោយក្រុងនោះទេ។
15លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងអស់បានអនុញ្ញាត្តឲ្យគេមានប្រៀបលើខ្លួន ហើយរត់តម្រង់ទៅទីរហោស្ថាន។
16មនុស្សទាំងអស់នៅក្នុងក្រុងបានប្រមូលគ្នាដេញតាមពួកគេ រួចពួកគេដេញពីក្រោយលោកយ៉ូស្វេ ហើយពួកគេចេញឆ្ងាយពីក្រុង។
17គ្មានមនុស្សប្រុសនៅសល់ក្នុងក្រុងអៃ និងបេតអែលឡើយ ពួកគេបានដេញតាមទ័ពអ៊ីស្រាអែល។ ពួកគេបានទុកទីក្រុងចោល ហើយចំហទ្វារក្រុងចោល ដោយសារពួកគេដេញតាមអ៊ីស្រាអែល។
18ព្រះអម្ចាស់មានបន្ទូលមកលោកយ៉ូស្វេថា៖ «ចូរតម្រង់លំពែងនៅក្នុងដៃអ្នកឆ្ពោះទៅក្រុងអៃទៅ យើងនឹងប្រគល់ក្រុងអៃមកក្នុងដៃអ្នក»។ លោកយ៉ូស្វេបានតម្រង់លំពែងដែលនៅក្នុងដៃលោកទៅកាន់ក្រុង។
19ពួកទាហានដែលលាក់ខ្លួនក៏ចេញមកយ៉ាងប្រញាប់ពីកន្លែងរបស់ពួកគេចំពេលដែលលោកបានលើដៃឡើង។ ពួកគេរត់ចូលក្នុងក្រុងយ៉ាងប្រញាប់ ហើយក៏ចាប់យកក្រុង។ ពួកគេប្រញាប់ដុតកម្ទេចក្រុងចោល។
20ពួកប្រុសៗក្រុងអៃមើលត្រឡប់ក្រោយ។ ពួកគេឃើញផ្សែងហុយឡើងពីទីក្រុងដល់មេឃ ហើយពួកគេមិនអាចរត់ទៅណាបានឡើយ។ ទាហានអ៊ីស្រាអែលដែលរត់ទៅទីរហោស្ថានបានត្រឡប់ក្រោយរកអ្នកដែលបានដេញពួូកគេ។
21នៅពេលដែលលោកយ៉ូស្វេ និងជនជាតិអ៊ីស្រាអែលបានឃើញថាទាហានដែលលាក់់ខ្លួនបានកាន់កាប់ទីក្រុងដោយមានផ្សែងហុយឡើងផង ពួកគេក៏ត្រឡប់ក្រោយ ហើយសម្លាប់ពួកក្រុងអៃ។
22ទាហានអ៊ីស្រាអែលផ្សេងទៀត គឺអស់អ្នកដែលបានចូលទៅក្នុងក្រុង ក៏ចេញមកប្រយុទ្ធដែរ។​ ដូច្នេះ ប្រុសៗក្រុងអៃក៏ជាប់នៅកណ្តាលរវាងទាហានអ៊ីស្រាអែល ខ្លះនៅខាងនេះ ខ្លះនៅខាងនោះ។ អ៊ីស្រាអែលបានវាយប្រហារប្រុសៗក្រុងអៃ គ្មាននរណាម្នាក់នៅរស់ ឬរត់រួចឡើយ។
23ពួកគេបានទុកស្តេចក្រុងអៃ គឺពួកគេចាប់បានទាំងរស់ ហើយបាននាំស្តេចទៅជួបលោកយ៉ូស្វេ។
24នៅពេលដែលអ៊ីស្រាអែលបានសម្លាប់ពួកក្រុងអៃនៅវាលស្រែនៅជិតវាលទីរហោស្ថាននៅកន្លែងដែលពួកគេបានដេញតាមអ្នកទាំងនោះរួចហើយ គឺនៅពេលដែលពួកគេទាំងអស់បានស្លាប់ដោយមុខដាវ នោះជនជាតិអ៊ីស្រាអែលទាំងអស់ក៏ត្រឡប់ទៅក្រុងអៃវិញ។ ពួកគេបានវាយប្រហារក្រុងអៃដោយមុខដាវ។
25មនុស្សទាំងអស់បានស្លាប់នៅថ្ងៃនោះ ទាំងប្រុស ទាំងស្រី គឺមានចំនួនដប់ពីរម៉ឺននាក់ សុទ្ធតែជាអ្នកក្រុងអៃ។
26លោកយ៉ូស្វេមិនបានដកដៃរបស់លោកដែលលើកលំពែងនោះឡើយ រហូតដល់គាត់បានបំផ្លាញអ្នកក្រុងអៃបានទាំងស្រុង។
27ជនជាតិអ៊ីស្រាអែលបានយកតែហ្វូងសត្វ និងគ្រឿងជ័យភណ្ឌប៉ុណ្ណោះសម្រាប់ខ្លួនពួកគេ ដូចអ្វីដែលព្រះអម្ចាស់បានបង្គាប់មកលោកយ៉ូស្វេ។
28លោកយ៉ូស្វេបានដុតកម្ទេចក្រុងអៃ ហើយក្រុងនោះក្លាយជាគំនរបាក់បែករហូតមក។ វាក្លាយជាកន្លែងដែលគេបោះបង់ចោលរហូតដល់សព្វថ្ងៃ។
29លោកបានចងស្តេចក្រុងអៃនៅលើដើមឈើរហូតដល់ពេលល្ងាច។ នៅពេលថ្ងៃលិច លោកយ៉ូស្វេបានបញ្ជាឲ្យគេដាក់សាកសពរបស់ស្តេចចុះពីដើមឈើ ហើយបោះចោលនៅច្រកទ្វារក្រុង។ នៅទៅនោះពួកគេបានដាក់គំនរថ្មលើសាកសពស្តេច។ គំនរនោះបន្សល់មកដល់សព្វថ្ងៃ។
30បន្ទាប់មក លោកយ៉ូស្វេបានសង់អាសនាមួយថ្វាយព្រះអម្ចាស់ ដល់ព្រះរបស់អ៊ីស្រាអែលនៅលើភ្នំអេបាល។
31ដូចដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអម្ចាស់បានបង្គាប់ដល់ជនជាតិអ៊ីស្រាអែល ហើយវាមានសរសេរទុកនៅក្នុងគម្ពីរវិន័យរបស់លោកម៉ូសេថា៖​ «អាសនាពីថ្មទាំងមូល ដែលគ្មាននរណាដាប់ដោយដែកឡើយ»។ លោកបានថ្វាយតង្វាយដុតនៅលើអាសនានោះដល់ព្រះអម្ចាស់ ហើយបន្ទាប់មកគេក៏ថ្វាយដង្វាយមេត្រីដែរ។
32នៅក្នុងវត្តមានរបស់ប្រជាជនអ៊ីស្រាអែល លោកបានចំលងក្រឹត្យវិន័យរបស់លោកម៉ូសេដាក់លើថ្ម។
33គ្រប់ទាំងជនជាតិអ៊ីស្រាអែល ពួកចាស់ទុំរបស់ពួកគេ នាយក្រុម និងពួកចៅហ្វាយរបស់ពួកគេបានឈរនៅទាំងសងខាងនៅហិប នៅមុខពួកបូជាចារ្យ និងពួកលេវី ដែលបានសែងហិបសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់។ ជនបរទេស ក៏ដូចជាអ្នកដែលកើតក្នុងស្រុក និងកើតក្រៅស្រុក ពួកគេពាក់កណ្តាលបានឈរនៅមុខភ្នំកេរីស៊ីម ហើយពាក់កណ្តាលទៀតឈរនៅមុខភ្នំអេបាល។ ពួកគេបានឲ្យពរដល់ប្រជាជនអ៊ីស្រាអែល ដូចអ្វីដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអម្ចាស់បានបង្គាប់ដល់ពួកគេតាំងពីដំបូង។
34ក្រោយមក លោកយូស្វេបានអានក្រឹត្យវិន័យ គឺព្រះពរ និងបណ្តាសារ ដូចមានចែងទុកនៅក្នុងគម្ពីរក្រឹត្យវិន័យ។
35គ្មានពាក្យមួយមាត់ណាដែលចេញពីលោកម៉ូសេដែលលោកយ៉ូស្វេមិនបានអាននៅខាងមុខប្រជាជនអ៊ីស្រាអែល ទាំងស្រីៗ ក្មេងតូចៗ ជនបរទេសដែលរស់នៅក្នុងចំណោមពួកគេឡើយ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។