1ប៉ុន្តែ ប្រជាជនអ៊ីស្រាអែលប្រព្រឹត្តមិនស្មោះត្រង់ចំពោះរបស់ដែលត្រូវបំផ្លាញចោល។ លោកអេកាន ជាកូនរបស់លោកកើមើជាចៅរបស់លោកសាបឌី និងជាចៅទួតរបស់លោកសេរ៉ាពីកុលសម្ព័ន្ធយូដាបានយករបស់មួយចំនួនដែលត្រូវបំផ្លាញចោល ក្រោយមកព្រះពិរោធរបស់ព្រះអម្ចាស់បានកើតដល់ប្រជារាស្រ្តអ៊ីស្រាអែល។
2លោកយ៉ូស្វេបានបញ្ជូនមនុស្សប្រុសពីយេរីខូទៅស្រុកអៃ ដែលនៅជិតបេតអាវែន ខាងកើតបេតអែល។ លោកបានមានប្រសាសន៍ទៅពួកគេថា៖ «ចូរឡើងទៅ ហើយស៊ើបមើលទឹកដីនោះចុះ»។ ដូច្នេះ ពួកប្រុសៗបានចេញទៅស៊ើបមើលក្រុងអៃ។
3នៅពេលពួកគេបានត្រឡប់មកជួបលោកយ៉ូស្វេវិញ ពួកគេបាននិយាយទៅកាន់លោកថា៖ «មិនបាច់បញ្ជូនមនុស្សទាំងអស់ទៅក្រុងអៃធ្វើអ្វី។ សូមបញ្ជូនតែមនុស្សប្រុស ពីរ ឬបីពាន់នាក់ដើម្បីវាយក្រុងអៃបានហើយ។ កុំចំណាយកម្លាំងមនុស្សទាំងអស់នៅក្នុងសមរភូមិធ្វើអ្វី ដោយសារពួកគេមានគ្នាតិចទេ»។
4ដូច្នេះ មានមនុស្សប្រុសប្រហែលបីពាន់នាក់ចេញទៅ ប៉ុន្តែ ពួកគេបានរត់នៅចំពោះអ្នកក្រុងអៃ។
5ពួកក្រុងអៃបានសម្លាប់ជនជាតិអ៊ីស្រាអែលអស់សាមសិបប្រាំមួយនាក់ ហើយពួកគេដេញតាមតាំងពីច្រកទ្វារហូតដល់តំបន់ថ្ម ហើយពួកគេបានសម្លាប់ពួកប្រុសៗនៅត្រង់ជម្រាលភ្នំ។ ប្រជាជនមានចិត្តភ័យក្លាច ហើយបាក់ទឹកចិត្តយ៉ាងខ្លាំង។
6ពេលនោះ លោកយ៉ូស្វេបានហែកសំលៀកបំពាក់របស់លោក។ ទាំងលោក និងចាស់ទុំនៃសាសន៍អ៊ីស្រាអែលបានបាចដីលើក្បាលរបស់ពួកគេ ហើយក្រាបមុខដល់ដីនៅខាងមុខហិបរបស់ព្រះអម្ចាស់ ពួកគេនៅទីនោះរហូតដល់ពេលល្ងាច។
7បន្ទាប់មក លោកយ៉ូស្វេបាននិយាយថា៖ «ឱព្រះអម្ចាស់ជាព្រះ តើហេតុអ្វីបានជាព្រះអង្គនាំប្រជាជនទាំងអស់នេះឆ្លងកាត់ទន្លេយ័រដាន់មក? ដើម្បីចូលមកកាន់ទឹកដីរបស់សាសន៍អាម៉ូរីឲ្យពួកគេបំផ្លាញយើងទៅវិញ? បើយើងធ្វើការសម្រេចចិត្តស្នាក់ទៅត្រើយម្ខាងនៃទន្លេយ័រដាន់ប្រសើរជាង!
8ព្រះអម្ចាស់ តើទូលបង្គំអាចនិយាយអ្វីបាន ក្រោយពេលដែលជនជាតិអ៊ីស្រាអែលរត់នៅចំពោះខ្មាំងសត្រូវរបស់ពួកគេដូច្នេះ?
9ពួកស្រុកកាណាន និងជនជាតិទាំងឡាយនឹងឮពីរឿងនេះ។ ពួកគេនឹងឡោមព័ទ្ធយើង ហើយនឹងធ្វើឲ្យមនុស្សនៅលើផែនដីភ្លេចឈ្មោះយើងមិនខាន។ តើព្រះអង្គនឹងធ្វើយ៉ាងណាសម្រាប់ព្រះនាមដ៏ប្រសើររបស់ព្រះអង្គ»?
10ព្រះអម្ចាស់បានមានបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ចូរក្រោកឡើង! ហេតុអ្វីបានជាអ្នកក្រាបមុខដល់ដីបែបនេះ?
11ជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តអំពើបាប។ ពួកគេបានរំលោភលើសម្ពន្ធមេត្រី ដែលយើងបានបង្គាប់ដល់ពួកគេ។ ពួកគេបានលួចរបស់មួយចំនួនដែលត្រូវបំផ្លាញចោល។ ពួកគេបានលួច ហើយក៏លាក់អំពើបាបរបស់ពួកគេ ដោយដាក់របស់ដែលពួកគេបានយកក្នុងចំណោមរបស់របររបស់ពួកគេថែមទៀតផង។
12ជាលទ្ធផល ធ្វើឲ្យជនជាតិអ៊ីស្រាអែលមិនអាចឈរនៅមុខខ្មាំងសត្រូវរបស់ខ្លួនបាន។ ពួកគេត្រូវរត់ពីខ្មាំង ព្រោះពួកគេផ្ទាល់ដែលត្រូវបំផ្លាញចោល។ យើងនឹងមិនគង់ជាមួយអ្នកទៀតឡើយ បើអ្នកមិនបំផ្លាញរបស់ដែលគួរបំផ្លាញដែលស្ថិតនៅក្នុងចំណោមអ្នករាល់គ្នាទេនោះ។
13ចូរក្រោកឡើង! ចូរជម្រះប្រជាជននេះឲ្យបានបរិសុទ្ធសម្រាប់យើង ហើយប្រាប់ពួកគេថា៖ «ចូរជម្រះខ្លួនឲ្យបានបរិសុទ្ធសម្រាប់ថ្ងៃស្អែក។ ព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានបន្ទូលថា៖ «អ៊ីស្រាអែលអើយ មានរបស់ដែលត្រូវបំផ្លាញចោល នៅក្នុងចំណោមអ្នករាល់គ្នា។ អ្នកមិនអាចឈរនៅចំពោះខ្មាំងសត្រូវរបស់អ្នករាល់គ្នានបានឡើយរហូតដល់អ្នកយករបស់ដែលត្រូវបំផ្លាញចោលចេញពីអ្នករាល់គ្នា»។
14នៅពេលព្រឹក អ្នកត្រូវបង្ហាញខ្លួនតាមកុលសម្ព័ន្ធរៀងៗខ្លួន។ កុលសម្ព័ន្ធដែលព្រះអម្ចាស់ជ្រើសរើសត្រូវចូលមកជិតតាមអំបូរបស់ខ្លួន។ អំបូរដែលព្រះអម្ចាស់បានជ្រើសរើសត្រូវចូលមកជិតតាមគ្រួសាររៀងខ្លួន។ គ្រួសារដែលព្រះអម្ចាស់បានជ្រើសរើសត្រូវចូលមកជិតម្តងម្នាក់ៗ។
15វានឹងត្រូវកើតឡើងដូច្នេះថា អ្នកដែលត្រូវបានជ្រើសរើស ហើយមានរបស់ទាំងអស់ដែលត្រូវបំផ្លាញចោល ត្រូវដុតអ្នកនោះ គឺទាំងគាត់ និងអ្វីៗដែលគាត់មាន ព្រោះគាត់បានរំលោភសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ និងដោយសារគាត់បានប្រព្រឹត្តរឿងថោកទាបនៅក្នុងស្រុកអ៊ីស្រាអែល»។
16ដូច្នេះ លោកយ៉ូស្វេបានក្រោកពីព្រលឹម ហើយនាំប្រជាជនអ៊ីស្រាអែលមកជិត តាមកុលសម្ព័ន្ធ ហើយកុលសម្ព័ន្ធយូដាត្រូវបានជ្រើសរើស។
17លោកយ៉ូស្វេក៏បាននាំអំបូរយូដាមកជិត ហើយអំបូររបស់សេរ៉ាសត្រូវបានជ្រើសរើស។ លោកបាននាំអំបូរសេរ៉ាសមកជិតម្នាក់ម្តងៗ ហើយចំលើគ្រួសារលោកសាបឌី។
18លោកបាននាំគ្រួសាររបស់សាបឌីមកជិតម្នាក់ម្តងៗ ហើយអេកានជាកូនរបស់កើមី ជាចៅរបស់សាបឌី ជាចៅទួតរបស់សេរ៉ា ពីកុលសម្ព័ន្ធយូដាត្រូវបានជ្រើសរើស។
19បន្ទាប់មក លោកយ៉ូស្វេបាននិយាយទៅលោកអេកានថា៖ «កូនអើយ ចូរនិយាយការពិតនៅចំពោះព្រះអម្ចាស់ គឺព្រះរបស់អ៊ីស្រាអែល ហើយចូរសារភាពចំពោះព្រះអង្គចុះ។ ចូរនិយាយប្រាប់ខ្ញុំពីអ្វីដែលអ្នកបានធ្វើ។ កុំឲ្យលាក់បាំងខ្ញុំឡើយ»។
20លោកអេកានបានឆ្លើយទៅលោកយ៉ូស្វេថា៖ «តាមពិតខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់អ៊ីស្រាអែលមែន។ នេះជាអ្វីដែលខ្ញុំបានប្រព្រឹត្ត។
21នៅពេលខ្ញុំបានឃើញអាវធំមកពីបាប៊ីឡូន និងប្រាក់ពីររយដួង ព្រមទាំងមាសមួយដុំទម្ងន់ហាសិបដួងក្នុងចំណោមជ័យភណ្ឌ នោះខ្ញុំក៏ចង់បាន ហើយក៏យករបស់ទាំងនោះទុក។ ខ្ញុំលាក់របស់ទាំងនោះទុកនៅក្រោមដីក្នុងជំរំរបស់ខ្ញុំ ហើយប្រាក់នៅខាងក្រោមគេ»។
22លោកយ៉ូស្វេបានបញ្ជូនអ្នកនាំសារ ឲ្យរត់ទៅជំរំ ហើយបានរកឃើញរបស់ទាំងនោះ។ ពួកគេឃើញថាលោកអេកានបានលាក់វានៅក្នុងតង់ទាំងពីររបស់លោក ហើយប្រាក់នៅក្រោមគេ។
23ពួកគេបានយករបស់ទាំងនោះពីកណ្តាលត្រសាលមក ហើយយកទៅជូនលោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែល។ ពួកគេដាក់របស់ទាំងអស់នោះនៅចំពោះព្រះអម្ចាស់។
24បន្ទាប់មក លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលដែលនៅជាមួយលោក បានយកលោកអេកានជាកូនរបស់លោកសេរ៉ា ព្រមទាំងប្រាក់ អាវធំ ដុំមាស កូនប្រុសស្រី គោ លា ចៀម ពីត្រសាលរបស់គាត់ និងរបស់អ្វីដែលគាត់មាន ហើយនាំពួកគេឡើងទៅជ្រោះអាគ័រ។
25បន្ទាប់មក លោកយ៉ូស្វេបានមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាអ្នកនាំបញ្ហាមកឲ្យយើងដូច្នេះ? ព្រះអម្ចាស់នឹងដាក់ទោសអ្នកនៅថ្ងៃនេះ»។ ជនជាតិអ៊ីស្រាអែលទាំងអស់បានយកដុំថ្មគប់គាត់។ អ្នកផ្សេងទៀតក៏គប់នឹងដុំថ្មដែរ ហើយបានដុតពួកគេនឹងភ្លើង។
26ពួកគេបានយកដុំថ្មដ៏ច្រើនមកសង្គត់គាត់ ដែលស្ថិតនៅកន្លែងនោះរហូតមកដល់សព្វថ្ងៃនេះ។ ព្រះអម្ចាស់ក៏ឈប់ព្រះពិរោធ។ ហេតុដូច្នេះហើយ បានជាគេក៏ហៅកន្លែងនោះថា ជ្រោះអាគ័ររហូតដល់សព្វថ្ងៃនេះ។