1ឥឡូវនេះគ្រប់ច្រកទាំងអស់ទៅកាន់ក្រុងយេរីខូបានបិទដោយសារតែពួកទាហានអ៊ីស្រាអែល។ គ្មាននរណាម្នាក់ចេញក្រៅ ហើយក៏គ្មាននរណាម្នាក់ចូលទៅក្នុងដែរ។
2ព្រះអម្ចាស់មានបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ឃើញទេ យើងប្រគល់ក្រុងយេរីខូមកក្នុងកណ្តាប់ដៃអ្នកហើយ ទាំងស្តេចរបស់ក្រុងនេះ និងទាហានអង់អាចទាំងអស់ផង»។
3អ្នកត្រូវដើរជុំវិញទីក្រុង ប្រុសៗដែលធ្វើសឹកទាំងអស់ត្រូវដើរជុំវិញទីក្រុងមួយជុំ។ អ្នកត្រូវធ្វើបែបនេះក្នុងរវាងប្រាំមួយថ្ងៃ។
4ពួកបូជាចារ្យប្រាំពីរនាក់ត្រូវប្រដាប់ដោយត្រែប្រាំពីរដែលធ្វើពីស្នែងនៅខាងមុខហិប។ នៅថ្ងៃទីប្រាំពីរអ្នកត្រូវតែដើរជុំវិញទីក្រុងប្រាំពីរជុំ ហើយពួកបូជាចារ្យត្រូវបន្លឺសម្លេងត្រែឡើង។
5បន្ទាប់មក ពួកគេត្រូវតែផ្លុំត្រែពីស្នែងនោះឲ្យវែង ហើយនៅពេលដែលអ្នកបានឮសម្លេងត្រែ ប្រជាជនទាំងអស់ត្រូវតែស្រែកឲ្យខ្លាំងៗ នោះជញ្ជាំងក្រុងនឹងរលំ។ ពួកទាហានត្រូវតែសម្រុកចូល ចូរឲ្យគ្រប់គ្នាដើរទៅមុខត្រង់»។
6លោកយ៉ូស្វេកូនរបស់លោកនូនបានហៅពួកបូជាចារ្យមក ហើយនិយាយទៅពួកគេថា៖ «ចូរសែងហិបនៃសម្ពន្ធមេត្រី ហើយចូរឲ្យពួកបូជាចារ្យប្រាំពីររូបប្រដាប់ដោយត្រែប្រាំពីរធ្វើពីស្នែង ដើរខាងមុខហិបរបស់ព្រះអម្ចាស់។
7លោកមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរចេញទៅ ហើយដើរជុំវិញទីក្រុង ហើយពួកទាហាននឹងដើរនៅខាងមុខហិបរបស់ព្រះអម្ចាស់»។
8ដូចអ្វីដែលលោកយ៉ូស្វេបានប្រាប់ដល់ប្រជាជន ពួកបូជាចារ្យប្រាំពីរនាក់បានប្រដាប់ដោយត្រែប្រាំពីរធ្វើពីស្នែងដើរខាងមុខព្រះអម្ចាស់។ នៅពេលដែលគេដើរ គេក៏បន្លឺសម្លេងត្រែឡើង។ ហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ក៏មកតាមក្រោយពួកគេ។
9ពួកទាហានដើរនៅខាងមុខពួកបូជាចារ្យ ហើយពួកគេបានបន្លឺសម្លេងត្រែឡើង ប៉ុន្តែ បន្ទាប់មកក៏មានអ្នកដើរពីក្រោយហិបដែរ ពួកបូជាចារ្យនៅតែបន្តបន្លឺសម្លេងត្រែឡើងដដែល។
10ប៉ុន្តែ លោកយ៉ូស្វេបានបង្គាប់ដល់ប្រជាជនថា៖ «កុំឲ្យស្រែកឲ្យសោះ កុំឲ្យអ្នកណាម្នាក់និយាយពាក្យអ្វីមួយឡើយ រហូតដល់ថ្ងៃដែលខ្ញុំឲ្យអ្នកស្រែក នៅពេលនោះអ្នកត្រូវតែស្រែកឡើង»។
11ដូច្នេះលោកក៏ឲ្យគេសែងហិបនៃព្រះអម្ចាស់ក្រឡឹងជុំវិញទីក្រុងនោះ មួយថ្ងៃ មួយជុំ។ បន្ទាប់មក ពួកគេក៏ចូលទៅក្នុងជំរំរបស់ពួកគេវិញ ហើយពួកគេស្នាក់នៅក្នុងជំរំនៅយប់នោះ។
12បន្ទាប់មក លោកយ៉ូស្វេក៏ក្រោកឡើងពីព្រលឹម ហើយពួកបូជាចារ្យក៏សែងហិបរបស់ព្រះអម្ចាស់។
13ពួកបូជាចារ្យទាំងប្រាំពីរបានប្រដាប់ដោយត្រែធ្វើពីស្នែងចៀមប្រាំពីរដើរនៅខាងមុខហិបរបស់ព្រះអម្ចាស់ ដើរយ៉ាងមានរបៀប ហើយពួកគេក៏ផ្លុំត្រែឡើង។ ពួកទាហានបានដើរនៅខាងមុខពួកគេ។ ប៉ុន្តែ នៅពេលដែលពួកអ្នកដើរខាងក្រោយហិបមកដល់នោះសម្លេងត្រែក៏នៅតែបន្លឺឡើងដែរ។
14ពួកគេបានដើរជុំវិញក្រុងមួយជុំនៅក្នុងថ្ងៃទីពីរ ហើយបានត្រឡប់មកជំរំវិញ។ ពួកគេធ្វើរបៀបនេះអស់ប្រាំមួយថ្ងៃ។
15នៅថ្ងៃទីប្រាំពីរពួកគេបានក្រោកតាំងពីព្រលឹម ហើយពួកគេបានដើរជុំវិញទីក្រុងដូចដែលពួកគេបានធ្វើ នៅពេលនោះពួកគេដើរប្រាំពីរជុំ។ មានតែថ្ងៃនេះទេដែលពួកគេត្រូវដើរប្រាំពីរជុំ។
16គឺនៅថ្ងៃទីប្រាំពីរ នៅពេលដែលពួកបូជាចារ្យបានបន្លឺសម្លេងត្រែឡើង នោះលោកយ៉ូស្វេក៏បានបង្គាប់ដល់បណ្តាជនថា៖ «ចូរស្រែកឡើង! ព្រោះព្រះអម្ចាស់បានប្រគល់ក្រុងនេះដល់អ្នកហើយ»។
17ទាំងក្រុង និងអ្វីៗដែលមាននៅក្នុងក្រុងត្រូវតែបំផ្លាញទាំងអស់ថ្វាយដល់ព្រះអម្ចាស់។ មានតែនាងរ៉ាហាបជាស្រ្តីពេស្យាទេដែលត្រូវនៅរស់ គឺនាងនិងគ្រប់គ្នានៅក្នុងផ្ទះរបស់នាង ដោយសារនាងបានលាក់មនុស្សដែលយើងបានបញ្ជូនមក។
18ប៉ុន្តែអ្នកទាំងអស់គ្នាត្រូវតែប្រយ័ត្នជាមួយនឹងរបស់ដែលត្រូវបំផ្លាញចោល ដូច្នេះ នៅពេលដែលអ្នកត្រូវបំផ្លាញរបស់ទាំងអស់នេះ កុំឲ្យយករបស់ណាមួយឡើយ។ បើយក នោះអ្នកនឹងធ្វើឲ្យជំរំរបស់ជនជាតិអ៊ីស្រាអែលត្រូវវិនាស និងនាំឲ្យមានបញ្ហា។
19គ្រប់ទាំងរបស់ដែលធ្វើពីប្រាក់ ពីមាស និងរបស់ធ្វើពីលង្ហិន និងដែកត្រូវញែកថ្វាយព្រះអម្ចាស់។ របស់ទាំងនោះត្រូវទុកនៅក្នុងឃ្លាំងរបស់ព្រះអម្ចាស់។
20នៅពេលដែលពួកគេបន្លឺសម្លេងត្រែឡើង ប្រជាជនក៏បានស្រែកឡើងដែរ ហើយជញ្ជាំងក្រុងក៏រលំ ដូច្នេះ អ្នកដែលនៅទីនោះក៏សម្រុកចូលទៅកាន់កាប់ទីក្រុង។
21ពួកគេបំផ្លាញអ្វីៗគ្រប់យ៉ាងដែលនៅក្នុងទីក្រុងដោយមុខដាវ ទាំងមនុស្សប្រុស មនុស្សស្រី កូនក្មេង និងមនុស្សចាស់ គោ ចៀម និងលាផង។
22បន្ទាប់មក លោកយ៉ូស្វេបានមានប្រសាសន៍ទៅកាន់បុរសពីរនាក់ដែលបានទៅស៊ើបការណ៍នៅក្នុងទឹកដីនេះថា៖ «ចូរចូលទៅក្នុងផ្ទះរបស់ស្រ្តីពេស្យា។ ចូរនាំស្រ្តីនោះមក និងអ្នកដែលនៅជាមួយនាងដែរ ដូចអ្វីដែលអ្នកបានស្បថនឹងនាង»។
23ដូច្នេះ បុរសវ័យក្មេងដែលបានស៊ើបការណ៍នេះបានចូលទៅក្នុងហើយនាំនាងរ៉ាហាបចេញមក។ ពួកគេបាននាំឪពុករបស់នាង ទាំងម្តាយ បងប្អូនប្រុស និងសាច់ញាតិរបស់នាងមកជាមួយនាងដែរ។ ពួកគេបាននាំពួកនាងទៅកន្លែងមួយក្រៅជំរំជនជាតិអ៊ីស្រាអែល។
24ពួកគេបានដុតក្រុង និងអ្វីៗដែលមាននៅក្នុងក្រុងនោះ។ មានតែប្រាក់ មាស និងរបស់ធ្វើពីលង្ហឹន និងដែកទេដែលត្រូវបញ្ចូលទៅក្នុងឃ្លាំងរបស់ព្រះអម្ចាស់។
25ប៉ុន្តែ លោកយ៉ូស្វេបានទុកឲ្យនាងរ៉ាហាបជាស្រ្តីពេស្យា គ្រួឪពុកនាង និងអ្នកដែលនៅជាមួយនាងមានជីវិត។ នាងរស់នៅក្នុងទឹកដីអ៊ីស្រាអែលរហូតមកដល់ពេលនេះ ដោយសារតែនាងលាក់បុរសដែលលោកយ៉ូស្វេបានបញ្ជូនឲ្យទៅស៊ើបការណ៍នៅក្រុងយេរីខូ។
26បន្ទាប់មក លោកយ៉ូស្វេបានបង្គាប់ពួកគេនៅពេលនោះដោយស្បថថា៖ «មានបណ្តាសារហើយអស់អ្នកដែលសង់ក្រុងយេរីខូនេះឡើងវិញ។ អ្នកដែលចាក់គ្រឹះឡើង កូនប្រុសច្បងអ្នកនោះនឹងត្រូវបង់ថ្លៃ ហើយអ្នកណាដែលដំឡើងទ្វារវានឹងត្រូវបង់ថ្លៃជីវិតកូនពៅរបស់ខ្លួន។
27ដូច្នេះ ព្រះអម្ចាស់បានគង់នៅជាមួយលោកយ៉ូស្វេ ហើយកេរ្តិ៍ឈ្មោះរបស់លោកល្បីក្នុងទឹកដីនោះទាំងមូល។