1នៅពេលដែលប្រជាជនទាំងអស់បានឆ្លងកាត់ទន្លេយ័រដាន់រួចហើយ ព្រះអម្ចាស់បានមានបន្ទូលមកកាន់លោកយ៉ូស្វេថា៖
2«ចូរជ្រើសរើសមនុស្សប្រុសដប់ពីរនាក់ពីក្នុងចំណោមកុលសម្ព័ន្ធទាំងដប់ពីរ គឺក្នុងមួយកុលសម្ព័ន្ធម្នាក់។
3ចូរបញ្ជាគេថា៖ «ចូរយកថ្មដប់ពីរដុំពីកណ្តាលទន្លេយ័រដាន់ គឺពីកន្លែងដែលពួកបូជាចារ្យកំពុងឈរនៅលើដីស្ងួត ហើយយកវាទៅជាមួយអ្នក ដើម្បីដាក់នៅកន្លែងដែលអ្នកនឹងសម្រាកនៅយប់នេះ»។
4បន្ទាប់មក លោកយ៉ូស្វេហៅមនុស្សប្រុសដប់ពីរនាក់ដែលលោកបានជ្រើសរើសចេញពីកុលសម្ព័ន្ធទាំងដប់ពីរ គឺក្នុងមួយកុលសម្ព័ន្ធម្នាក់។
5លោកយ៉ូស្វេមានប្រសាសន៍ទៅពួកគេថា៖ «ចូរដើរនៅខាងមុខហិបរបស់ព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នកទៅក្នុងកណ្តាលទន្លេយ័រដាន់ទៅ។ អ្នកទាំងអស់គ្នាម្នាក់ៗត្រូវរើសថ្មម្នាក់មួយដុំដាក់លើស្មា តាមចំនួនកុលសម្ព័ន្ធរបស់ប្រជាជនអ៊ីស្រាអែល។
6ការនេះនឹងជាសញ្ញាក្នុងចំណោមអ្នករាល់គ្នានៅពេលដែលកូនចៅរបស់អ្នកសួរនៅពេលក្រោយថា៖ «តើថ្មនេះមានអត្ថន័យដូចម្តេច»?
7នោះ អ្នករាល់គ្នាអាចឆ្លើយទៅគេវិញថា៖ «ទឹកនៅក្នុងទន្លេយ័រដាន់បានកាត់ផ្តាច់នៅពីមុខហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់។ នៅពេលដែលហិបបានឆ្លងកាត់ទន្លេយ័រដាន់ ហើយទឹកទន្លេយ័រដាន់ក៏រីងដែរ។ ដូច្នេះ ថ្មទាំងនេះនឹងក្លាយជាការរំឭកដល់ប្រជាជនអ៊ីស្រាអែលជារៀងរហូត»។
8ប្រជាជនអ៊ីស្រាអែលបានធ្វើអ្វីដែលលោកយ៉ូស្វេបានបង្គាប់ ហើយពួកគេបានរើសថ្មដប់ពីរដុំពីកណ្តាលទន្លេយ័រដាន់ ដូចដែលព្រះអម្ចាស់បានប្រាប់ដល់លោកយ៉ូស្វេដែរ។ ពួកគេបានរៀបចំថ្មទាំងនោះ ទៅតាមចំនួនកុលសម្ព័ន្ធរបស់ប្រជាជនអ៊ីស្រាអែល។ ពួកគេបានយកថ្មរៀងៗខ្លួន ទៅកាន់កន្លែងដែលពួកគេបោះជំរំហើយដាក់នៅទីនោះ។
9បន្ទាប់មកលោកយ៉ូស្វេបានបញ្ឈរថ្មទាំងដប់ពីរដុំដែលបានយកពីកណ្តាលទន្លេយ័រដាន់នៅកន្លែងដែលពួកបូជាចារ្យបានឈរសែងហិបនៃសម្ពន្ធមេត្រី។ សេចក្តីរំឭកនេះមានរហូតមកដល់សព្វថ្ងៃ។
10ពួកបូជាចារ្យដែលបានសែងហិបបានឈរនៅកណ្តាលទន្លេយ័រដាន់រហូតដល់អ្វីៗដែលព្រះអម្ចាស់បានបង្គាប់ដល់លោកយ៉ូស្វេឲ្យប្រាប់ដល់ជនជាតិអ៊ីស្រាអែលបានសម្រេច ដូចអ្វីដែលលោកម៉ូសេបានបង្គាប់ដល់លោកយ៉ូស្វេដែរ។ ប្រជាជនបានឆ្លងកាត់ទន្លេយ៉ាងប្រញាប់។
11ក្រោយពេលដែលប្រជាជនបានឆ្លងកាត់រួចហើយ នោះហិបរបស់ព្រះអម្ចាស់ និងពួកបូជាចារ្យបានដើរនាំមុខប្រជាជន។
12កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលបានដើរខាងមុខប្រជាជនអ៊ីស្រាអែល ដែលមានរបៀបដូចជាទាហាន ដូចដែលលោកម៉ូសេបានបង្គាប់ដល់ពួកគេ។
13មានបុរសប្រហែលបួនម៉ឺននាក់បំពាក់គ្រឿងសឹកសង្គ្រាមដើរខាងមុខព្រះអម្ចាស់ដើម្បីធ្វើសង្គ្រាមនៅទីវាលក្រុងយេរីខូ។
14នៅថ្ងៃនោះព្រះអម្ចាស់បានធ្វើឲ្យលោកយ៉ូស្វេក្លាយជាមនុស្សខ្លាំងពូកែនៅមុខប្រជាជនអ៊ីស្រាអែល។ ពួកគេបានគោរពលោកអស់មួយជីវិតដូចជាគេគោរពដល់លោកម៉ូសេដែរ។
15បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកកាន់លោកយ៉ូស្វេថា៖
16«ចូរបង្គាប់ពួកបូជាចារ្យដែលសែងហិបនៃទីបន្ទាល់ឡើងមកពីទន្លេយ័រដាន់»។
17ដូច្នេះ លោកយ៉ូស្វេបានបង្គាប់ដល់ពួកបូជាចារ្យថា៖ «ចូរឡើងពីទន្លេយ័រដាន់មក»។
18នៅពេលដែលពួកបូជាចារ្យដែលសែងហឹបរបស់ព្រះអម្ចាស់បានឡើងពីកណ្តាលទន្លេយ័រដាន់មក ហើយនៅពេលដែលជើងរបស់ពួកគេបានដាក់នៅលើដីស្ងួត ពេលនោះទឹកទន្លេយ័រដាន់បានហូរមកកន្លែងរបស់វាវិញ ហើយបានពេញច្រាំង ដូចដែលធ្លាប់មានកាលពីបួនថ្ងៃមុនដែរ។
19ប្រជាជនបានឡើងពីទន្លេយ័រដាន់នៅថ្ងៃទីដប់ ខែទីមួយ។ ពួកគេបានស្នាក់នៅគីលកាល នៅខាងកើតក្រុងយេរីខូ។
20ថ្មទាំងដប់ពីរដុំដែលពួកគេបានយកចេញពីទន្លេយ័រដាន់មក លោកយ៉ូស្វេបានដាក់នៅត្រង់គីលកាល។
21លោកបានមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលថា៖ «នៅពេលដែលកូនចៅរបស់អ្នករាល់គ្នាសួរថា តើថ្មទាំងនេះជាអ្វី?
22ចូរប្រាប់ដល់កូនចៅរបស់អ្នករាល់គ្នាថា៖ «នេះគឺជាកន្លែងដែលជនជាតិអ៊ីស្រាអែលបានឆ្លងកាត់ទន្លេយ័រដាន់តាមដីស្ងួត»។
23ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានធ្វើឲ្យទឹកទន្លេយ័រដាន់រីងសម្រាប់អ្នករាល់គ្នា រហូតដល់អ្នករាល់គ្នាបានឆ្លងកាត់ទន្លេទាំងអស់គ្នាដូចដែលព្រះជាម្ចាស់បានធ្វើនៅសមុទ្រដេីមត្រែងរីង ដែលទ្រង់បានធ្វើឲ្យទឹករីងរហូតយើងឆ្លងកាត់រួច។
24ដូច្នេះ មនុស្សទាំងអស់នៅលើផែនដីទាំងមូលនឹងដឹងថាព្រះហស្តរបស់ព្រះអម្ចាស់មានពេញដោយចេស្តា នោះអ្នកនឹងគោរពព្រះអម្ចាស់ជាព្រះរបស់អ្នករៀងរហូតទៅ។