ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យ៉ូស្វេ 3

Read Scripture freely. Divine Threads study for this chapter is coming later.

1លោកយ៉ូស្វេបានក្រោកឡើងពីព្រលឹម ហើយពួកគេបានចេញដំណើរចេញពីស៊ីទីម។ ពួកគេបានមកដល់ទន្លេយ័រដាន់ លោក និងប្រជាជនអ៊ីស្រាអែលទាំងអស់បានបោះជំរំនៅទីនោះមុនពេលដែលពួកគេឆ្លងកាត់ទន្លេយ័រដាន់។
2បីថ្ងៃក្រោយមក អ្នកដឹកនាំបានដើរកាត់កណ្តាលជំរំ
3ពួកគេបានបញ្ជាដល់ប្រជាជនទាំងអស់ថា៖ «នៅពេលដែលអ្នកបានឃើញហិបនៃសម្ព័ន្ធមេត្រីរបស់ព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នករាល់គ្នា ហើយមានពួកបូជាចារ្យមកពីកុលសម្ព័ន្ធលេវីសែងហិបនោះ អ្នករាល់គ្នាត្រូវតែចេញពីទីនេះ ហើយដើរតាមហិបនោះ។
4អ្នកត្រូវតែនៅឆ្ងាយពីហិបប្រមាណពីរពាន់ហត្ថ។ កុំឲ្យមកជិតហិបឲ្យសោះ នោះអ្នកនឹងដឹងថា ត្រូវទៅផ្លូវណា ព្រោះអ្នករាល់គ្នាមិនធ្លាប់ស្គាល់ផ្ទូវនោះពីមុនមកឡើយ»។
5លោកយ៉ូស្វេបានមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ថ្ងៃស្អែកចូរជម្រះខ្លួនឲ្យបានបរិសុទ្ធ ព្រោះព្រះអម្ចាស់នឹងធ្វើការយ៉ាងអស្ចារ្យនៅក្នុងចំណោមអ្នករាល់គ្នា»។
6បន្ទាប់មក លោកយ៉ូស្វេបានមានប្រសាសន៍ទៅកាន់ពួកបូជាចារ្យថា៖ «ចូរសែងហិបនៃសម្ពន្ធមេត្រី ហើយដើរនៅខាងមុខបណ្តាជនទៅ»។ ដូច្នេះ ពួកគេក៏បានសែងហិបនៃសម្ពន្ធមេត្រី ហើយដីេរនៅខាងមុខប្រជាជន។
7ព្រះអម្ចាស់បានមានបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ថ្ងៃនេះយើងនឹងធ្វើឲ្យអ្នកក្លាយជាមនុស្សអស្ចារ្យនៅចំពោះមុខជនជាតិអ៊ីស្រាអែល។ ពួកគេនឹងដឹងថាយើងគង់នៅជាមួយអ្នកដូចជាយើងគង់នៅជាមួយម៉ូសេដែរ។
8អ្នកនឹងបញ្ជាពួកបូជាចារ្យដែលសែងហិបនៃសម្ពន្ធមេត្រី «នៅពេលដែលអ្នកមកដល់ច្រាំងនៃទន្លេយ័រដាន់ អ្នកត្រូវតែឈរឲ្យស្ងៀមនៅក្នុងទន្លេយ័រដាន់នេះ»។
9បន្ទាប់មក លោកយ៉ូស្វេបានមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រាអែលថា៖ «សូមមកទីនេះ ដើម្បីស្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នក។
10តាមរយៈការនេះ អ្នកនឹងដឹងថាព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ សណ្ឋិតជាមួយអ្នករាល់គ្នា ហើយព្រះអង្គនឹងបណ្តេញជនជាតិកាណាន ជនជាតិហេត ជនជាតិហេវី ជនជាតិពេរីស៊ីត ជនជាតិគើរកាស៊ី ជនជាតិអាម៉ូរី និងជនជាតិយ៉េប៉ូសចេញពីមុខអ្នករាល់គ្នា។
11មើល! ហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់នៃផែនដីទាំងមូលនឹងឆ្លងកាត់ទន្លេយ័រដាន់នៅមុខអ្នករាល់គ្នា។
12ឥឡូវនេះ ចូរជ្រើសរើសមនុស្សប្រុសដប់ពីរនាក់ចេញពីកុលសម្ព័ន្ធទាំងដប់ពីរ គឺម្នាក់ក្នុងមួយកុលសម្ព័ន្ធ។​
13នៅពេលដែលជើងរបស់ពួកបូជាចារ្យដែលសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់នៃផែនដីទាំងមូលបានប៉ះទឹកទន្លេយ័រដាន់ នោះទឹកទន្លេយ័រដាន់នឹងត្រូវញែកចេញពីគ្នា ហើយសូម្បីតែទឹកដែលហូរមកពីខាងលើក៏ត្រូរឈប់នឹងមួយកន្លែងដែរ»។
14ដូច្នេះ នៅពេលដែលប្រជាជនត្រៀមក្នុងការឆ្លងទន្លេយ័រដាន់ ពួកបូជាចារ្យដែលត្រូវសែងហិបនៃសម្ពន្ធមេត្រីដើរខាងមុខប្រជាជន។
15នៅពេលអ្នកដែលបានសែងហិបមកដល់ទន្លេយ័រដាន់ ហើយនៅពេលដែលជើងរបស់ពួកគេបានជាន់ប៉ះទឹក (ឥឡូវនេះទឹកទន្លេយ័រដាន់បានជនលិចមាត់ច្រាំងនារដូវចម្រូវ)
16ទឹកដែលហូរពីខាងលើនៅនឹងមួយកន្លែង។ ទឹកបានឈប់ហូរពីចម្ងាយ។ ទឹកឈប់ហូរតាំងពីក្រុងអាដាំជាក្រុងនៅក្បែរសាថាន រហូតដល់សមុទ្រនេកេវ ជាសមុទ្រទឹកប្រៃ។ ប្រជាជនបានឆ្លងនៅជិតក្រុងយេរីខូ។
17ពួកបូជាចារ្យដែលសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ឈរនៅលើដីស្ងួតកណ្តាលទន្លេយ័រដាន់រហូតដល់ប្រជាជនអ៊ីស្រាអែលទាំងអស់ឆ្លងកាត់ទន្លេនៅលើដីស្ងួត។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។