ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យ៉ូស្វេ 2

Read Scripture freely. Divine Threads study for this chapter is coming later.

1បន្ទាប់មក លោកយ៉ូស្វេជាកូនរបស់លោកនូនបានបញ្ជូនបុរសពីរនាក់យ៉ាងសម្ងាត់ចេញពីស៊ីទីមឲ្យទៅស៊ើបការ។ លោកមានប្រសាសន៍ថា៖ «ចូរទៅមើលទឹកដីទាំងមូល ជាពិសេសគឺក្រុងយេរីខូ។ «ពួកគេបានចាកចេញទៅ ហើយមកដល់ផ្ទះរបស់ស្រ្តីពេស្យាម្នាក់ ដែលមានឈ្មោះថានាងរ៉ាហាប រួចពួកគេក៏ស្នាក់នៅទីនោះ។
2មានមនុស្សបានប្រាប់ស្តេចក្រុងយេរីខូថា៖ «មើល! មានបុរសសាសន៍អ៊ីស្រាអែលបានមកស៊ើបការណ៍នៅក្នុងទឹកដីនេះ»។
3ស្តេចក្រុងយេរីខូបានឲ្យគេនាំសារទៅប្រាប់នាងរ៉ាហាបថា៖ «សូមនាំបុរសទាំងអស់ដែលមកស្នាក់នៅក្នុងផ្ទះរបស់នាងចេញមក ដោយសារពួកគេបានមកស៊ើបការណ៍នៅទឹកដីនេះទាំងមូល»។
4ប៉ុន្តែ ស្រ្តីនោះបាននាំបុរសទាំងពីរនាក់នោះទៅ ហើយលាក់ពួកគេទុក។ នាងបានឆ្លើយថា៖ «ចា៎ ពិតជាមានមនុស្សប្រុសបានមកស្នាក់នៅផ្ទះនាងខ្ញុំមែន ប៉ុន្តែ នាងខ្ញុំមិនដឹងថាគេមកពីណាឡើយ។
5ពួកគេចាកចេញតាំងពីនៅងងឹតនៅឡើយ គឺនៅពេលដែលទ្វារក្រុងត្រូវបានបិទ។ នាងខ្ញុំមិនដឹងថាពួកគេទៅទីណាឡើយ។ លោកប្រហែលជាអាចចាប់ពួកគេបាន បើលោកប្រញាប់ដេញតាមពួកគេ»។
6ប៉ុន្តែ នាង​បាននាំពួកគេឡើងទៅលើដំបូលផ្ទះ ហើយលាក់ពួកគេទុកនៅក្នុងគំនរចំបើង ដែលនាងដាក់នៅលើដំបូល
7ដូច្នេះ អ្នកទាំងនោះក៏ដេញតាមពួកគេដល់ផ្លូវទៅទន្លេយ័រដាន់។ ទ្វារក្រុងបានបិទនៅពេលដែលអ្នកដេញតាមចេញទៅខាងក្រៅផុតទៅ។
8យប់នោះកាលពួកគេមិនទាន់ចូលដំណេកនៅឡើយ នាងក៏បានឡើងទៅលើដំបូលដើម្បីជួបពួកគេ។
9នាងនិយាយថា៖ «ខ្ញុំដឹងថាព្រះជាម្ចាស់បានប្រគល់ទឹកដីនេះដល់ពួកលោក ហើយសេចក្តីភ័យខ្លាចបានកើតមានដល់ពួកយើង។ មនុស្សទាំងអស់ដែលរស់នៅក្នុងទឹកដីនេះមានការ​ភ័យ‌ខ្លាចនៅចំពោះពួកលោកជាខ្លាំង។
10យើងបានឮពីរបៀបដែលព្រះអម្ចាស់បានធ្វើឲ្យសមុទ្ររីងស្ងួតនៅចំពោះពួកលោកនៅពេលដែលពួកលោកចេញពីស្រុកអេស៊ីបមក។ យើងក៏បានឮពីអ្វីដែលអ្ពួកលោកបានប្រព្រឹត្តចំពោះស្តេចទាំងពីរអង្គរបស់ជនជាតិអាម៉ូរីនៅនាយទន្លេយ័រដាន់ដែរ គឺអ្នកបានបំផ្លាញស្តេចស៊ីហុន និងស្តេចអុកទាំងស្រុង។
11នៅពេលដែលយើងឮរឿងទាំងនេះភ្លាម ដួងចិត្តរបស់យើងក៏តក់ស្លុត ហើយម្នាក់ៗក៏មានការភ័យខ្លាចជាខ្លាំង ដ្បិត ព្រះអម្ចាស់​ជាព្រះជាម្ចាស់របស់ពួកលោកព្រះអង្គគឺជាព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ដ៏ខ្ពស់ និងផែនដីខាងក្រោមដែរ។
12ឥឡូវនេះ សូមស្បថចំពោះនាងខ្ញុំដោយនូវព្រះនាមព្រះអម្ចាស់ថា ដោយសារនាងខ្ញុំមានចិត្តសប្បុរសចំពោះពួកលោក ដូច្នេះ សូមពួកលោកប្រព្រឹត្តជាមួយគ្រួសារឪពុកនាងខ្ញុំដោយសប្បុរសវិញផង។ សូមផ្តល់ទីសម្គាល់មួយដល់នាងខ្ញុំថា
13ពួកលោកនឹងទុកជីវិតឲ្យឪពុក ម្តាយ បងប្អូនប្រុសស្រីរបស់នាងខ្ញុំ និងគ្រួសាររបស់ពួកគេ ហើយពួកលោកពិតជាសង្គ្រោះជីវិតឲ្យពួកយើងពីសេចក្តីស្លាប់មែន»។
14ពួកគេបាននិយាយទៅនាងថា៖ «យើងយកជីវិតរបស់យើងមកធានា ប្រសិនបើ នាងមិននិយាយប្រាប់នរណាពីពួកយើងទេ ដូច្នេះ នៅពេលដែលព្រះអម្ចាស់ប្រទានទឹកដីនេះមកយើង នោះយើងនឹងផ្តល់សេចក្តីមេត្តា និងសេចក្តីស្មោះត្រង់ដល់នាងមិនខាន»។
15ដូច្នេះ នាងបានប្រើខ្សែដើម្បីសម្រូតពួកគេចុះតាមបង្អួច។ ផ្ទះដែលនាងស្នាក់នៅបានសង់នៅលើរបងក្រុង។
16នាងបាននិយាយទៅកាន់ពួកគេថា៖ «ចូរឡើងទៅលើភ្នំ ហើយលាក់ខ្លួននៅទីនោះទៅ ដើម្បីកុំឲ្យអ្នកដែលដេញតាមរកអ្នកឃើញ។ សូមលាក់ខ្លួននៅទីនោះបីថ្ងៃ រហូតដល់អ្នកដែលដេញតាមត្រឡប់មកវិញ។ រួចសឹមទៅតាមផ្លូវរបស់អ្នកចុះ»។
17ពួកគេក៏បាននិយាយនឹងនាងថា៖ «យើងនឹងមិនរក្សាសេចក្តីសន្យា ដែលយើងបានស្បថជាមួយនាងទេ បើនាងមិនធ្វើការនេះ»។
18នៅពេលដែលយើងចូរមកកាន់ទឹកដីនេះ អ្នកត្រូវតែចងខ្សែក្រហមនេះនៅមាត់បង្អួចដែលនាងបានសម្រូតពួកយើងចុះ ហើយអ្នកត្រូវប្រមូលឪពុកម្តាយបងប្អូន និងគ្រួរបស់ឪពុករបស់នាងមកក្នុងផ្ទះនេះ។​
19អ្នកណាក៏ដោយដែលចេញក្រៅទ្វារផ្ទះទៅផ្លូវខាងក្រៅ​ នោះឈាមរបស់ពួកគេនឹងស្ថិតនៅលើក្បាលរបស់ពួកគេផ្ទាល់ ហើយយើងនឹងមិនទទួលខុសត្រូវឡើយ។ ប៉ុន្តែ បើមានដៃនរណាម្នាក់បានប៉ះពាល់ដល់អស់អ្នកដែលនៅក្នុងផ្ទះ យើងនឹងទទួលខុសត្រូវ។
20ប៉ុន្តែ បើអ្នកនិយាយពីយើង នោះយើងនឹងបានរួចពីសម្បថដែលយើងបានស្បថជាមួយនាងហើយ»។
21នាងរ៉ាហាបបានឆ្លើយថា៖ «សូមឲ្យបានដូចពាក្យលោកមានប្រសាសន៍ចុះ»។ នាងក៏ឲ្យពួកគេចេញទៅ ហើយពួកគេក៏ចេញបាត់ទៅ។ បន្ទាប់មក នាងក៏បានចងខ្សែក្រហមនោះនៅមាត់បង្អួច។
22ពួកគេចាកចេញទៅ ហើយឡើងទៅលើភ្នំ គឺពួកគេបានស្នាក់នៅទីនោះបីថ្ងៃរហូតដល់ពួកអ្នកដែលដេញតាមត្រឡប់មកវិញ។ អ្នកដែលដេញតាមរកតាមផ្លូវ តែរកមិនឃើញសោះ។
23បុរសទាំងពីរនាក់បានត្រឡប់មកវិញ ហើយឆ្លងទន្លេយ័រដាន់ និងត្រឡប់ទៅឯលោកយ៉ូស្វេជាកូនរបស់នូនវិញ រួចពួកគេបានរៀបរាប់រឿងគ្រប់យ៉ាងដែលបានកើតឡើងចំពោះពួកគេ។
24ពួកគេបាននិយាយទៅកាន់លោកយ៉ូស្វេថា៖ «ព្រះអម្ចាស់ពិតជាប្រគល់ទឹកដីនេះដល់ពួកយើងមែន។ ប្រជាជនទាំងអស់នៅក្នុងទឹកដីនោះមានការភ័យខ្លាចជាខ្លាំងដោយសារពួកយើង»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។