ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យ៉ូស្វេ 23

Read Scripture freely. Divine Threads study for this chapter is coming later.

1ជាច្រើនថ្ងៃក្រោយមក ព្រះអម្ចាស់បានឲ្យប្រជាជនអ៊ីស្រាអែលបានសម្រាកពីពួកខ្មាំងសត្រូវរបស់ពួកគេ ហើយលោកយ៉ូស្វេមានអាយុកាន់តែចាស់ និងមានអាយុវែង។
2លោកយ៉ូស្វេបានហៅប្រជាជនអ៊ីស្រាអែលទាំងអស់មក មានពួកចាស់ទុំ អ្នកដឹកនាំ ពួកចៅក្រម និងពួកនាយកក្រុមមក ហើយនិយាយទៅពួកគេថា៖ «ខ្ញុំកាន់តែចាស់ហើយ។
3អ្នករាល់គ្នាបានឃើញអ្វីៗដែលព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នកបានប្រព្រឹត្តចំពោះជាតិសាសន៍ទាំងអស់សម្រាប់អ្នករាល់គ្នា គឺព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានប្រយុទ្ធដើម្បីអ្នករាល់គ្នា។
4មើល! ខ្ញុំបានបែងចែកទឹកដីរបស់ជាតិសាសន៍នានាដែលអ្នករាល់គ្នាបានដណ្តើមបានដល់អ្នករាល់គ្នា សម្រាប់កុលសម្ព័ន្ធរបស់អ្នករាល់គ្នា ក្នុងនោះមានជាតិសាសន៍ដែលខ្ញុំបានបំផ្លាញរួចហើយ ចាប់ពីទន្លេយ័រដាន់ដល់សមុទ្រធំនៅខាងលិច។
5ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នានឹងដេញពួកគេចេញ។ ព្រះអង្គនឹងបង្ខំឲ្យគេចេញពីទឹកដីនោះសម្រាប់អ្នករាល់គ្នា។ ព្រះអង្គនឹងរឹបអូសយកទឹកដីរបស់ពួកគេ ហើយអ្នកនឹងទទួលទឹកដីនោះជាកម្មសិទ្ធិ ដូចដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានសន្យាដល់អ្នក។
6ចូរមានកម្លាំង ដើម្បីឲ្យអ្នកអាចរក្សា និងធ្វើតាមអ្វីដែលបានសរសេរទុកនៅក្នុងសៀវភៅក្រឹត្យវិន័យរបស់លោកម៉ូសេ កុំឲ្យងាកឆ្វេង ឬងាកស្តាំពីក្រឹត្យវិន័យនេះឡើយ
7ដូច្នេះ អ្នកនឹងមិនពាក់ព័ន្ធជាមួយជាតិសាសន៍ទាំងនេះដែលនៅសេសសល់ក្នុងចំណោមអ្នករាល់គ្នា ឬក៏រំឭកពីឈ្មោះព្រះរបស់ពួកគេ មិនត្រូវស្បថក្នុងនាមព្រះទាំងនោះ មិនត្រូវថ្វាយបង្គំ ឬក៏គោរពពួកគេឡើយ។
8ផ្ទុយទៅវិញ អ្នកត្រូវតែស្មោះត្រង់ជាមួយព្រះអម្ចាស់ជាព្រះរបស់អ្នកដូចដែលអ្នកបានធ្វើនៅថ្ងៃនេះស្រាប់។
9ព្រះអម្ចាស់បានបណ្តេញជាតិសាសន៍ដ៏ធំ និងខ្លាំងពូកែពីមុខអ្នករាល់គ្នា។ សម្រាប់អ្នករាល់គ្នា គ្មាននរណាអ្នកអាចឈរនៅមុខអ្នករាល់គ្នាបានទេរហូតមកដល់ថ្ងៃនេះ។
10បុរសតែម្នាក់ក្នុងចំណោមអ្នករាល់គ្នា នឹងធ្វើឲ្យមនុស្សរាប់ពាន់អ្នករត់ខ្ចាត់ខ្ចាយ ដោយសារព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាជាអ្នកប្រយុទ្ធសម្រាប់អ្នករាល់គ្នា ដូចដែលព្រះអង្គបានសន្យា។
11ចូរយកចិត្តទុកដាក់ ដូច្នេះ អ្នកនឹងស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា។
12ប៉ុន្តែ បើអ្នកត្រឡប់ក្រោយ និងជំពាក់ចិត្តនឹងអ្នកដែលនៅសេសសល់នៃជាតិសាសន៍នៅក្នុងចំណោមអ្នករាល់គ្នានេះឬក៏អ្នករៀបការជាមួយពួកគេ ឬក៏អ្នកចូលរួមជាមួយពួកគេ ហើយពួកគេនៅជាមួយអ្នក
13ដូច្នេះ ចូរចាំឲ្យបានច្បាស់ថា ព្រះអម្ចាស់ជាព្រះរបស់អ្នកនឹងមិនបណ្ដេញជាតិសាសន៍ទាំងនេះពីក្នុងចំណោមអ្នករាល់គ្នាឡើយ។ ផ្ទុយទៅវិញ ពួកគេនឹងក្លាយជាឧបសគ្គ និងជាអន្ទាក់សម្រាប់អ្នករាល់គ្នា ជារំពាត់នៅលើខ្នងអ្នក និងជាបន្លានៅក្នុងភ្នែករបស់អ្នករហូតដល់អ្នកវិនាសពីទឹកដីដែលព្រះអម្ចាស់ជាព្រះរបស់អ្នកបានប្រគល់ដល់អ្នក។
14ឥឡូវនេះ ខ្ញុំជិតអស់ជីវិតនៅលើផែនដីនេះហើយ ហើយអ្នកត្រូវដឹងឲ្យច្បាស់នៅក្នុងចិត្ត និងព្រលឹងរបស់អ្នកថាគ្មានពាក្យណាមួយនឹងមិនបានសម្រេចក្នុងចំណោមរឿងល្អដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានសន្យាជាមួយអ្នកឡើយ។​ របស់ទាំងអស់នេះគឺសម្រាប់អ្នករាល់គ្នា។​ គ្មានអ្វីមួយដែលនឹងមិនបានសម្រេចនោះទេ។
15ប៉ុន្តែ គឺដូចគ្រប់ព្រះបន្ទូលដែលព្រះអម្ចាស់ជាព្រះរបស់អ្នកបានសន្យាដល់អ្នកបានសម្រេចដូច្នេះដែរ ដូច្នេះ ព្រះអម្ចាស់នឹងនាំការអាក្រក់មកលើអ្នករហូតដល់ព្រះអង្គបានបំផ្លាញអ្នកពីទឹកដីដ៏ល្អរបស់ព្រះអង្គ ដែលព្រះអម្ចាស់ជាព្រះរបស់អ្នកបានប្រគល់ដល់អ្នក។
16ព្រះអង្គនឹងធ្វើការនេះបើអ្នកផ្តាច់សម្ពន្ធមេត្រីជាមួយព្រះអម្ចាស់ជាព្រះរបស់អ្នក ជាសម្ពន្ធមេត្រីដែលព្រះអង្គបានបង្គាប់ឲ្យអ្នករក្សា។ បើអ្នកវាល់គ្នាទៅថ្វាយបង្គំព្រះផ្សេងទៀត និងគោរពព្រះទាំងនោះ នោះព្រះពិរោធរបស់ព្រះអម្ចាស់នឹងបញ្ឆេះប្រឆាំងនឹងអ្នក ហើយអ្នកនឹងវិនាសយ៉ាងទាន់ហន់ពីទឹកដីដ៏ល្អដែលព្រះអង្គបានប្រទានដល់អ្នក»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។