ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យ៉ូស្វេ 24

Read Scripture freely. Divine Threads study for this chapter is coming later.

1បន្ទាប់មក លោកយូ៉ស្វេបានប្រមូលកុលសម្ព័ន្ធទាំងអស់របស់អ៊ីស្រាអែលទៅស៊ីគែម និងបានហៅពួកចាស់ទុំ ពួកអ្នកដឹកនាំ ពួកចៅក្រម និងពួកនាយកក្រុមរបស់ពួកគេមក ហើយពួកគេបានឈរនៅចំពោះព្រះជាម្ចាស់។
2លោកយ៉ូស្វេបាននិយាយទៅប្រជាជនទាំងអស់ថា៖ «នេះជាអ្វីដែលព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលមានបន្ទូលថា៖ «អស់រយៈពេលយ៉ាងយូរកន្លងមកបុព្វបុរសរបស់អ្នកបានរស់នៅក្រោយទន្លេអឺប្រាតគឺ​ថេរ៉ា ជា​ឪពុក​របស់​អប្រាហាំ និង​ណា‌ហ៊រពួកគេ​គោរព​បម្រើ​ព្រះ​ដទៃ។
3ប៉ុន្តែ យើងបាននាំឪពុករបស់អ្នករាល់គ្នាពីខាងនាយទន្លេអឺប្រាតមក និងនាំគាត់មកកាន់ទឹកដីកាណាន ហើយបានប្រទានកូនចៅជាច្រើនដល់គាត់តាមរយៈកូនរបស់គាត់គឺអ៊ីសាក។
4បន្ទាប់មក យើងប្រទានយ៉ាកុប និងអេសាវដល់អ៊ីសាក។ យើងបាន​ប្រគល់តំបន់​ភ្នំ​សៀរឲ្យអេសាវគ្រប់គ្រង ប៉ុន្តែ យ៉ាកុប និងកូនៗរបស់គាត់បានទៅអេស៊ីប។
5យើងបានបញ្ជូនម៉ូសេ និងអើរុ៉នហើយ​យើង​បាន​ប្រហារ​អ្នក​ស្រុក​អេស៊ីប ដោយ‌សារ​គ្រោះ​កាច។ ក្រោយមកទៀតយើងបាននាំអ្នករាល់គ្នាចេញមក។
6យើងបាននាំបុព្វបុរសរបស់អ្នករាល់គ្នាចេញពីអេស៊ីប ហើយអ្នកមកដល់សមុទ្រ។ ពួកជនជាតិអេស៊ីបបានដេញតាមពួកគេដោយមានទាំងរទេះចម្បាំង និងទ័ពសេះវែងដូចសមុទ្រត្រែង។
7នៅពេលដែលបុព្វបុរសរបស់អ្នករាល់គ្នាបានស្រែករកព្រះអម្ចាស់ ព្រះអង្គបានដាក់ភាពងងឹតនៅចន្លោះអ្នក និងជនជាតិអេស៊ីប។​ ព្រះអង្គបាននាំទឹកសមុទ្រមកគ្របលើពួកគេ។ អ្នកបានឃើញអ្វីដែលយើងបានធ្វើនៅស្រុកអេស៊ីបហើយ។ បន្ទាប់មក អ្នកបានរស់នៅក្នុងវាលរហោស្ថានអស់រយៈពេលយ៉ាងយូរ។
8យើងបាននាំអ្នកទៅកាន់ទឹកដីអាម៉ូរី ដែលរស់នៅត្រើយម្ខាងនៃទន្លេយ័រដាន់។ ពួកគេបានប្រយុទ្ធជាមួយអ្នករាល់គ្នា ហើយយើងបានប្រគល់ពួកគេទៅក្នុងកន្តាប់ដៃអ្នករាល់គ្នា។ អ្នកបានកាន់កាប់ទឹកដីរបស់ពួកគេ ហើយយើងបានបំផ្លាញពួកគេនៅមុខអ្នករាល់គ្នា។​
9​បាឡាក់​ជា​កូន​របស់​​ស៊ីប‌ព័រ ជាស្តេច​ស្រុក​ម៉ូអាប់ បាន​លើក​ទ័ព​មក​វាយ​ជន‌ជាតិ​អ៊ីស្រា‌អែល។ លោក​បាន​ឲ្យ​គេទៅ​ហៅ​បាឡាម ជា​កូន​របស់​បេអ៊រ មក​ដាក់​បណ្ដាសា​អ្នក​រាល់​គ្នា។
10ប៉ុន្តែ យើង​មិន​ព្រម​ស្ដាប់​បាឡាម​ទេ ផ្ទុយទៅវិញគាត់​បែរ​ជា​ឲ្យ​ពរ​អ្នក​រាល់​គ្នាទៅវិញ។ ដូច្នេះ យើងបានរំដោះអ្នករាល់គ្នាចេញពីកណ្តាប់ដៃស្តេច។
11អ្នករាល់គ្នាបានឆ្លងទន្លេយ័រដាន់ ហើយមកដល់ក្រុងយេរីខូ។ អ្នកដឹកនាំក្រុងយេរីខូបានវាយប្រឆាំងនឹងអ្នករាល់គ្នា ដោយរួមជាមួយជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​កាណាន ជន‌ជាតិ​ហេត ជន‌ជាតិ​គើកា‌ស៊ី ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស។ យើងបានឲ្យអ្នកមានជ័យជម្នះលើពួកគេ ហើយឲ្យពួកគេស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នករាល់គ្នា។
12យើងបានបញ្ជូន​សត្វ​ឪម៉ាល់ទៅមុនអ្នករាល់គ្នា ដើម្បីដេញពួកគេ និងស្តេចទាំងពីររបស់សាសន៍អាម៉ូរីចេញពីមុខអ្នករាល់គ្នា។ វាមិនបានកើតឡើងដោយសារដាវ ឬដោយសារធ្នូរបស់អ្នករាល់គ្នាឡើយ។
13យើងបានប្រគល់ទឹកដីដែលអ្នកមិនបានកាប់គាស់ និងទីក្រុងដែលអ្នករាល់គ្នាមិនបានសង់ដល់អ្នករាល់គ្នា ហើយឥឡូវនេះអ្នករស់នៅក្នុងក្រុងទាំងនោះ។ ​អ្នក​រាល់​គ្នា​បរិភោគ​ផ្លែ​ទំពាំង‌បាយជូរ និង​ផ្លែ​អូលីវ ពី​ចម្ការ​ដែល​អ្នក​រាល់​គ្នា​មិន​បាន​ដាំ»។
14ឥឡូវនេះ ចូរកោតខ្លាចព្រះអម្ចាស់ និងថ្វាយបង្គំព្រះអង្គដោយស្មោះត្រង់ និងដោយជំនឿ ចូរបោះបង់ចោលព្រះដែលបុព្វបុរសរបស់អ្នករាល់គ្នាបានថ្វាយបង្គំនៅនាយទន្លេអឺប្រាត និងនៅអេស៊ីបទៅ និងថ្វាយបង្គំព្រះអម្ចាស់វិញ។
15បើអ្នកគិតថាការថ្វាយបង្គំព្រះអម្ចាស់ខុស នោះចូរជ្រើសរើសព្រះដែលអ្នករាល់គ្នាចង់បម្រើនៅថ្ងៃនេះ ទោះបីពីព្រះរបស់បុព្វបុរសរបស់អ្នករាល់គ្នាដែលបានថ្វាយបង្គំនៅនាយទន្លេអឺប្រាត ឬព្រះពីសាសន៍អាម៉ូរីនៅក្នុងទឹកដីដែលអ្នករស់នៅ។ ប៉ុន្តែ សម្រាប់ខ្ញុំ និងគ្រួសាររបស់ខ្ញុំ យើងនឹងថ្វាយបង្គំព្រះអម្ចាស់»។
16ប្រជាជនទាំងអស់បានឆ្លើយថា៖ «យើងនឹងមិនបោះបង់ចោលព្រះអម្ចាស់ទៅបម្រើព្រះណាផ្សេងឡើយ
17ព្រោះព្រះអម្ចាស់ជាព្រះរបស់យើង ដែលបាននាំយើង និងបុព្វបុរសរបស់យើងចេញពីទឹកដីអេស៊ីប ចេញពីផ្ទះនៃទាសករ ហើយព្រះអង្គបានធ្វើការយ៉ាងអស្ចារ្យនៅចំពោះយើងរាល់គ្នា ហើយព្រះអង្គបាន​​ការពារ​យើង​ខ្ញុំ​តាម​ផ្លូវដែល​យើង​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទឹក​ដី​របស់​ជាតិ​សាសន៍​នានា។
18បន្ទាប់មក ព្រះអម្ចាស់បានបណ្តេញមនុស្សទាំងអស់ចេញពីមុខយើង រួមទាំងសាសន៍អាម៉ូរី ដែលរស់នៅក្នុងទឹកដីនោះ។ ដូច្នេះ យើងក៏ថ្វាយបង្គំព្រះអម្ចាស់ ព្រោះព្រះអង្គជាព្រះរបស់យើង»។
19ប៉ុន្តែ លោកយ៉ូស្វេបាននិយាយទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាមិនអាចបម្រើព្រះអម្ចាស់បានទេ ព្រោះព្រះអង្គជាព្រះដ៏បរិសុទ្ធ ព្រះអង្គជាព្រះដែលប្រចណ្ឌ ព្រះអង្គមិនអាចអត់ទោសចំពោះការ​បះ‌បោរ និងអំពើបាបរបស់អ្នករាល់គ្នាបានទេ។​
20បើអ្នករាល់គ្នាបោះបង់ចោលព្រះអម្ចាស់ និងទៅបម្រើព្រះបរទេស នោះព្រះអង្គនឹងងាកមកបំផ្លាញអ្នករាល់គ្នាវិញ។ ព្រះអង្គនឹងបំផ្លាញអ្នករាល់គ្នា ទោះបីព្រះអង្គធ្លាប់ធ្វើល្អជាមួយអ្នករាល់គ្នាក៏ដោយ»។
21ប៉ុន្តែ ប្រជាជនឆ្លើយទៅលោកយ៉ូស្វេថា៖ ទេ យើងនឹងថ្វាយបង្គំព្រះអម្ចាស់»។
22បន្ទាប់មក លោកយ៉ូស្វេនិយាយទៅកាន់ប្រជាជនថា៖​ «អ្នករាល់គ្នាជាបន្ទាល់សម្រាប់ខ្លួនអ្នករាល់គ្នាស្រាប់ហើយ គឺអ្នកបានជ្រើសរើសព្រះអម្ចាស់ដើម្បីថ្វាយបង្គំព្រះអង្គ»។ ពួកគេនិយាយថា៖​ «យើងជាបន្ទាល់ហើយ»។
23ឥឡូវនេះ ចូរបោះចោលព្រះដទៃដែលនៅជាប់ជាមួយអ្នករាល់គ្នា ហើយចូរបែរចិត្តរបស់អ្នករាល់គ្នាមកព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល»។
24ប្រជាជននិយាយទៅលោកយ៉ូស្វេថា៖ «យើងនឹងថ្វាយបង្គំព្រះអម្ចាស់ជាព្រះរបស់យើង។ យើងនឹងស្តាប់ព្រះសូរសៀងរបស់ព្រះអង្គ»។
25លោកយ៉ូស្វេបាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ប្រជា‌ជន​នៅថ្វៃនោះ។ លោកបានដាក់ច្បាប់ចេញ​ និង​វិន័យ​នៅត្រង់​ស៊ីគែម។
26លោកយ៉ូស្វេបានសរសេរព្រះបន្ទូលទាំងអស់នេះនៅក្នុងសេៀវភៅនៃច្បាប់របស់ព្រះអម្ចាស់។ លោកបានយកថ្មមួយយ៉ាងធំ ហើយដាក់បញ្ឈរនៅទីនោះក្រោម​ដើម​ជ្រៃ ដែល​ស្ថិត​ក្បែរទី​សក្ការ​របស់​ព្រះ‌អម្ចាស់។
27លោកយ៉ូស្វេបាននិយាយទៅកាន់ប្រជាជនថា៖​ «មើល! ថ្មនេះជាទីបន្ទាល់ប្រឆាំងនឹងយើងរាល់គ្នា។ ថ្មនេះបានឮគ្រប់ទាំងព្រះបន្ទូលដែលព្រះអម្ចាស់ ដែលបានមានបន្ទូលមកកាន់យើងរាល់គ្នា។ ដូច្នេះ វានឹងជាបន្ទាល់ប្រឆាំងនឹងអ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នាបដិសេធព្រះរបស់អ្នករាល់គ្នា»។
28ដូច្នេះ លោកយូ៉ស្វេបានឲ្យពួកគេចេញទៅ គឺទៅតាមទឹកដីមរតករបស់ពួកគេវិញ។
29ក្រោយពីនោះមក លោកយ៉ូស្វេ កូនរបស់លោកនូន ជាអ្នកបម្រើរបស់ព្រះអម្ចាស់បានស្លាប់ទៅ ដែលមានអាយុមួយរយដប់ឆ្នាំ។
30ពួកគេបានកប់លោកនៅព្រំប្រទល់ទឹកដីជាមរតករបស់លោក នៅ​ធីម៉្នាត សេរ៉ា ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម ខាង​ជើង​ភ្នំ​កាអាស។
31ជនជាតិអ៊ីស្រាអែលបានថ្វាយបង្គំព្រះអម្ចាស់គ្រប់ពេលក្នុងថ្ងៃអាយុរបស់លោកយ៉ូស្វេ និងនៅក្នុង​អំឡុង​ពេល​ពួក​ចាស់​ទុំ​នៅ​រស់​នៅ​ឡើយ​ដែរ អ្នកដែលមានអាយុវែងជាងលោកយូ៉ស្វេ គឺ​អ្នក​ដែល​មានបទពិសោធន៍ជាមួយអ្វីៗដែល​ព្រះ‌អម្ចាស់បានធ្វើសម្រាប់​អ៊ីស្រា‌អែល។
32ឆ្អឹងរបស់លោកយ៉ូសែបដែលប្រជាជនអ៊ីស្រាអែលបានយកពីស្រុកអេស៊ីបមក ពួកគេបានកប់នៅស៊ីគែមក្នុងដីមួយចំណែកដែលលោកយ៉ាកុបបានទិញពីកូនរបស់លោកហា‌ម៉ោរជាឪពុករបស់ស៊ីគែម។ លោកទិញវាក្នុងតំលៃមួយរយដួងជាប្រាក់ ហើយទីនោះក្លាយជាទឹកដីមរតករបស់កូនចៅលោកយ៉ូសែប។
33លោក​អេ‌ឡា‌សារ ជា​កូន​លោក​អើរ៉ុន ក៏​បាន​ទទួល​មរណ‌ភាព​ដែរ។ ពួកគេ​បាន​បញ្ចុះ​សពលោក​នៅ​លើ​ភ្នំ​ ជាក្រុងរបស់​លោក​ភីនេ‌ហាសជា​កូនរបស់លោក ដែលលោកបានឲ្យដល់កូនប្រុសលោក។ ទីនោះគឺ​តំបន់​ភ្នំនៃកុលសម្ព័ន្ធ​អេប្រាអ៊ីម។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។