1ក្រោយមក លោកយ៉ូស្វេហៅកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាលមក។
2លោកបានមានប្រសាសន៍ទៅពួកគេថា៖ «អ្នកបានធ្វើអ្វីគ្រប់យ៉ាងដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអម្ចាស់បានបង្គាប់ដល់អ្នក។ អ្នកបានស្តាប់បង្គាប់រាល់ពាក្យរបស់ខ្ញុំដែលបានប្រាប់អ្នករាល់គ្នា។
3អ្នកមិនបានបោះបង់ចោលបងប្អូនរបស់អ្នកឡើយតាំងពីមុនរហូតមកដល់ថ្ងៃនេះ អ្នកបានបំពេញកាតព្វកិច្ចដែលព្រះអម្ចាស់បានបង្គាប់ដល់អ្នករាល់គ្នា។
4ឥឡូវនេះ ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាឲ្យបងប្អូនរបស់អ្នករាល់គ្នាសម្រាក ដូចដែលព្រះអង្គបានសន្យាជាមួយពួកគេ។ ដូច្នេះ ចូរត្រឡប់ទៅជំរំរបស់អ្នករាល់គ្នាវិញ ជាកន្លែងដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអម្ចាស់បានផ្តល់ឲ្យអ្នករាល់គ្នានៅត្រើយម្ខាងទន្លេយ័រដាន់។
5ប៉ុន្តែ ត្រូវប្រយ័ត្នក្នុងការប្រព្រឹត្តតាមរាល់បទបញ្ជា និងក្រឹត្យវិន័យដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអម្ចាស់បានបង្គាប់ដល់អ្នករាល់គ្នា ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នក ត្រូវដើរតាមផ្លូវរបស់ព្រះអង្គ ត្រូវរក្សាបញ្ញត្តរបស់ព្រះអង្គ ត្រូវជាប់ចិត្តជាមួយព្រះអង្គ ហើយត្រូវថ្វាយបង្គំព្រះអង្គឲ្យអស់ពីចិត្ត និងអស់ពីព្រលឹងរបស់អ្នករាល់គ្នា»។
6ដូច្នេះ លោកយ៉ូស្វេក៏ឲ្យពរដល់ពួកគេ ហើយឲ្យពួកគេចេញទៅ ពួកគេក៏ត្រឡប់ទៅជំរំរបស់ពួកគេវិញ។
7ឥឡូវនេះ កុលសម្ព័ន្ធម៉ាណាសេពាក់កណ្តាលទៀតបានទទួលទឹកដីជាមរតកនៅក្រុងបាសាន ប៉ុន្តែ កុលសម្ព័ន្ធពាក់កណ្តាលទៀតបានទទួលទឹកដីជាមរតកនៅទល់មុខបងប្អូនរបស់ពួកគេនៅតំបន់ខាងលិចទន្លេយ័រដាន់។ លោកយ៉ូស្វេបានបញ្ជូនពួកគេទៅជំរំរបស់ពួកគេវិញ លោកក៏បានឲ្យពរពួកគេ
8ហើយនិយាយទៅពួកគេថា៖ «ចូរត្រឡប់ទៅជំរំរបស់អ្នករាល់គ្នាវិញជាមួយនឹងទ្រព្យដ៏ច្រើន និងហ្វូងសត្វយ៉ាងច្រើន ជាមួយមាស និងប្រាក់ ជាមួយលង្ហិន និងដែក និងមានសំលៀកបំពាក់ដ៏ច្រើនទាំងនេះចុះ។ ចូរចែកជ័យភណ្ឌដែលបានពីពួកខ្មាំងសត្រូវជាមួយនឹងបងប្អូនរបស់អ្នករាល់គ្នាចុះ។
9ដូច្នេះ កូនចៅកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល បានវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ គឺចាកចេញពីជនជាតិអ៊ីស្រាអែលនៅស៊ីឡូ ដែលនៅទឹកដីកាណាន។ ពួកគេចាកចេញឆ្ពោះទៅស្រុកកាឡាដ ជាទឹកដីរបស់ពួកគេ ដែលធ្វើតាមបញ្ជាដែលព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
10នៅពេលដែលពួកគេបានមកដល់ទន្លេយ័រដាន់នៅក្នុងទឹកដីកាណាន កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល បានសង់អាសនាមួយនៅត្រើយទន្លេយ័រដាន់ជាអាសនាមួយយ៉ាងធំ និងអស្ចារ្យ។
11ប្រជាជនអ៊ីស្រាអែលបានឮពីរឿងនេះ ហើយបាននិយាយថា៖ «មើល! កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល បានសង់អាសនានៅខាងមុខទឹកដីកាណានគីលីយ៉ូត នៅតំបន់ក្បែរទន្លេយ័រដាន់ នៅត្រើយម្ខាងដែលជាកម្មសិទ្ធិរបស់ប្រជាជនអ៊ីស្រាអែល។
12នៅពេលដែលប្រជាជនអ៊ីស្រាអែលឮអំពីរឿងនេះ ប្រជាជនទាំងអស់បានប្រជុំគ្នានៅក្រុងស៊ីឡូ ដើម្បីឡើងទៅធ្វើសង្គ្រាមជាមួយពួកគេ។
13បន្ទាប់មក ប្រជាជនអ៊ីស្រាអែលបានបញ្ជូនអ្នកនាំសារ ទៅកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល នៅឯទឹកដីគីឡាត។ ពួកគេក៏បានបញ្ជូនលោកភីនេហាស ជាកូនលោកបូជាចារ្យអេឡាសារទៅដែរ
14និងអ្នកដឹកនាំដប់អ្នកទៀតទៅជាមួយពួកគេដែរ គឺក្នុងមួយកុលសម្ព័ន្ធម្នាក់ ហើយពួកគេម្នាក់ៗសុទ្ធតែជាអ្នកដឹកនាំនៃអំបូររបស់ប្រជាជនអ៊ីស្រាអែល។
15ពួកគេបានមកជួបប្រជាជនកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល នៅស្រុកកាឡាដ ហើយពួកគេនិយាយថា៖
16«សហគមន៍ទាំងមូលរបស់ព្រះអម្ចាស់បាននិយាយថា៖ «តើហេតុអ្វីបានជាអ្នករាល់គ្នាបានប្រព្រឹត្តរឿងមិនស្មោះត្រង់ប្រឆាំងនឹងព្រះជាម្ចាស់របស់ជនជាតិអ៊ីស្រាអែល ដោយនៅថ្ងៃនេះអ្នកបានឈប់ដើរតាមព្រះអម្ចាស់ដោយបានសង់អាសនាមួយសម្រាប់ខ្លួនអ្នករាល់គ្នាដើម្បីប្រឆាំងនឹងព្រះអម្ចាស់ដូច្នេះ?
17តើអំពើបាបរបស់យើងនៅពេអ៊មិនគ្រប់គ្រាន់សម្រាប់យើងទេឬអី? នៅពេលនេះយើងមិនទាន់បានសម្អាតខ្លួនរបស់យើងពីអំពើទាំងនោះនៅឡើយ។ អំពើបាបនៅទីនោះបានធ្វើឲ្យសហគមន៍អ៊ីស្រាអែលវេទនាយ៉ាងខ្លាំង។
18តើអ្្នកត្រូវឈប់ដើរតាមការដឹកនាំរបស់ព្រះអម្ចាស់នៅថ្ងៃនេះឬ? បើអ្នករាល់គ្នាបះបោរប្រឆាំងនឹងព្រះអម្ចាស់នៅថ្ងៃនេះ នៅថ្ងៃស្អែកព្រះអង្គនឹងព្រះពិរោធជាមួយនឹងសហគមន៍អ៊ីស្រាអែលទាំងមូលមិនខាន។
19បើទឹកដីដែលជាកម្មសិទ្ធិរបស់អ្នករាល់គ្នាមិនបរិសុទ្ធទេ ដូច្នេះ អ្នកគួរតែឆ្លងទៅកាន់ទឹកដីដែលមានដំណាក់របស់ព្រះអម្ចាស់ ហើយទទួលចំណែកទឹកដីក្នុងចំណោមយើងរាល់គ្នាទៅ។ កុំឲ្យបះបោរប្រឆាំងនឹងព្រះអម្ចាស់ ក៏កុំឲ្យបះបោរប្រឆាំងនឹងយើងដោយសង់អាសនាសម្រាប់អ្នករាល់គ្នាជំនួសអាសនារបស់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាឡើយ។
20តើលោកអាកានជាកូនរបស់លោកសេរ៉ាមិនបានប្រព្រឹត្តបាបលើរបស់ដែលត្រូវថ្វាយព្រះជាម្ចាស់ទេឬអី? តើព្រះពិរោធរបស់ព្រះអម្ចាស់មិនបានធ្លាក់មកលើប្រជាជនអ៊ីស្រាអែលទេឬអី? តើគាត់វិនាសតែម្នាក់ឯងទេឬ»។
21បន្ទាប់មក កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ឆ្លើយទៅមេដឹកនាំអំបូរនៃជនជាតិអ៊ីស្រាអែលថា៖
22«ព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្តាគឺព្រះអម្ចាស់! ព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្តាគឺព្រះអម្ចាស់! ព្រះអង្គជ្រាប ហើយក៏សូមឲ្យប្រជាជនអ៊ីស្រាអែលទាំងអស់ដឹងដែរថា! បើយើងបះបោរប្រឆាំងនឹងព្រះអម្ចាស់ សូមកុំឲ្យយើងនៅមានជីវិតដល់ថ្ងៃនេះឡើយ។
23បើយើងសង់អាសនៈធ្វើឲ្យយើងដាច់ឆ្ងាយពីការដើរតាមព្រះអម្ចាស់។ បើយើងសង់អាសនាដើម្បីថ្វាយតង្វាយដុត តង្វាយម្សៅ ឬក៏តង្វាយមេត្រីភាព នោះសូមឲ្យព្រះអម្ចាស់ដាក់ទោសពួកយើងចុះ។
24ទេ! យើងធ្វើបែបនេះដោយយើងភ័យខ្លាចថាថ្ងៃក្រោយកូនចៅរបស់អ្នកទាំងអស់គ្នានឹងនិយាយមកកាន់កូនចៅរបស់យើងថា៖ «តើអ្នកបានធ្វើអ្វីខ្លះចំពោះព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់ជនជាតិអ៊ីស្រាអែល»?
25ដោយសារព្រះអម្ចាស់បានដាក់ទន្លេយ័រដាន់ជាព្រំប្រទល់រវាងយើង និងអ្នករាល់គ្នា។ អ្នកទាំងអស់គ្នាដែលជាពួករូបេន និងពួកកាដអើយ អ្នករាល់គ្នាគ្មានសិទ្ធិទាក់ទងជាមួយព្រះអម្ចាស់ទេ»។ ដូច្នេះ កូនចៅរបស់អ្នករាល់គ្នាអាចមិនឲ្យកូនចៅរបស់យើងថ្វាយបង្គំព្រះអម្ចាស់។
26ដូច្នេះ យើងនិយាយថា៖ «ចូរយើងសង់អាសនៈមួយ មិនមែនសម្រាប់ថ្វាយដង្វាយដុត ឬសម្រាប់តង្វាយអ្វីផ្សេងៗឡើយ
27ប៉ុន្តែ ជាបន្ទាល់រវាងយើង និងអ្នករាល់គ្នា និងរវាងកូនចៅរបស់យើង និងយើងដែរ ដែលយើងមានសិទ្ធិក្នុងការថ្វាយបង្គំព្រះអម្ចាស់នៅមុខព្រះអង្គ ជាមួយនឹងការថ្វាយតង្វាយដុត និងតង្វាយមេត្រី ដូច្នេះ កូនចៅរបស់អ្នករាល់គ្នានៅពេលក្រោយនឹងមិននិយាយថា៖ «អ្នកគ្មានសិទ្ធិអ្វីជាមួយព្រះអម្ចាស់ឡើយ»។
28ដូច្នេះ យើងនិយាយថា៖ «បើការនេះត្រូវនិយាយជាមួយយើង ឬជាមួយកូនចៅរបស់យើងនៅពេលក្រោយ យើងគួរនិយាយថា៖ «មើល! នេះជាអាសនារបស់ព្រះអម្ចាស់ដែលបានចម្លងមក ដែលដូនតារបស់យើងបានសង់ មិនមែនសម្រាប់តង្វាយដុត ក៏មិនមែនសម្រាប់ថ្វាយតង្វាយដែរ ប៉ុន្តែ ជាបន្ទាល់រវាងយើង និងអ្នករាល់គ្នា»។
29យើងមិនចង់បះបោរប្រឆាំងនឹងព្រះអម្ចាស់ទេ ក៏មិនចង់បែកចិត្តចេញពីព្រះអង្គនៅថ្ងៃនេះដោយសង់អាសនៈសម្រាប់ថ្វាយតង្វាយដុតទាំងមូល និងថ្វាយមេត្រីភាព ក្រៅពីអាសនារបស់ព្រះអម្ចាស់ ជាព្រះរបស់យើង ដែលស្ថិតនៅមុខដំណាក់របស់ព្រះអង្គឡើយ។
30នៅពេលលោកបូជាចារ្យភីនេហាស មេដឹកនាំប្រជាជន ដែលជាមេដឹកនាំអំបូរជនជាតិអ៊ីស្រាអែលដែលនៅជាមួយលោកបានឮពាក្យពីកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេ រៀបរាប់រួចមក ពួកគេគិតថាល្អ។
31លោកភីនេហាស ជាកូនរបស់លោកបូជាចារ្យអេឡាសារ បាននិយាយទៅកាន់ប្រជាជនក្នុងកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេថា៖ «នៅថ្ងៃនេះយើងដឹងថាព្រះអម្ចាស់គង់នៅក្នុងចំណោមយើងរាល់គ្នា ដោយសារអ្នកមិនបានប្រព្រឹត្តដោយឥតជំនឿប្រឆាំងនឹងព្រះអង្គឡើយ។ ឥឡូវនេះ អ្នកបានសង្គ្រោះប្រជាជនអ៊ីស្រាអែលចេញពីព្រះហស្តរបស់ព្រះអម្ចាស់ហើយ»។
32បន្ទាប់មក លោកភីនេហាស ជាកូនរបស់លោកបូជាចារ្យអេឡាសារ និងអ្នកដឹកនាំផ្សេងទៀតបានចាកចេញពីកុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាដ ចេញពីទឹកដីស្រុកកាឡាដ វិលមកស្រុកកាណាន ទៅជួបនឹងប្រជាជនអ៊ីស្រាអែល និងនាំពាក្យទាំងអស់ត្រឡប់ទៅប្រាប់ពួកគេវិញ។
33របាយការណ៍របស់ពួកគេក៏ធ្វើឲ្យប្រជាជនអ៊ីស្រាអែលពេញចិត្តដែរ។ ប្រជាជនអ៊ីស្រាអែលថ្វាយព្រះពរដល់ព្រះជាម្ចាស់ ហើយក៏មិននិយាយរឿងធ្វើសង្គ្រាមប្រឆាំងនឹងកុលសម្ព័នរូបេន និងកុលសម្ព័ន្ធកាដ ដើម្បីបំផ្លាញទឹកដីដែលពួកគេរស់នៅទៀតឡើយ។
34កុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាដ បានហៅអាសនានោះថា៖ «សក្ខីភាព» ដោយនិយាយថា៖ «វាជាសក្ខីភាពរវាងយើងទាំងអស់គ្នាថា ព្រះអម្ចាស់គឺជាព្រះជាម្ចាស់»។