ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យ៉ូស្វេ 20

Read Scripture freely. Divine Threads study for this chapter is coming later.

1បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកលោកយ៉ូស្វេថា៖
2«ចូរប្រាប់ទៅប្រជាជនអ៊ីស្រាអែលថា៖​ «ចូរជ្រើសរើសក្រុងជម្រកដែលយើងធ្លាប់បានបង្គាប់មកអ្នករាល់គ្នាតាមលោកម៉ូសេ។
3ចូរធ្វើបែបនេះដើម្បីឲ្យអ្នកណាដែលបានសម្លាប់គេដោយអចេតនាអាចទៅស្នាក់នៅទីនោះបាន។ ក្រុងទាំងនេះជាកន្លែងសម្រាប់ជាជម្រកដល់អ្នកដែលរត់គេចពីការសងសឹក។
4គេអាចរត់ទៅក្រុងណាមួយ ហើយត្រូវឈរនៅមុខទ្វារក្រុង និងត្រូវពន្យល់រៀបរាប់ដំណើររឿងរបស់គាត់ទៅដល់ចាស់ទុំក្នុងក្រុងនោះ។ បន្ទាប់មក ពួកគេនឹងយកគាត់ទៅក្នុងទីក្រុង និងផ្តល់កន្លែងសម្រាប់គាត់រស់នៅក្នុងចំណោមពួកគេ។
5បើមាននរណាម្នាក់ព្យាយាមមកសងបំណុលឈាមដល់អ្នកដែលបានសម្លាប់គេនេះ នោះប្រជាជនក្រុងនោះមិនត្រូវប្រគល់អ្នកដែលបានសម្លាប់គេដល់អ្នកនោះឡើយ។ គេមិនត្រូវប្រគល់ឡើយ ដោយសារអ្នកនោះបានសម្លាប់អ្នកជិតខាងខ្លួនដោយអចេតនា ហើយគាត់មិនមានចិត្តស្អប់គេពីមុនមកទេ។
6គាត់ត្រូវស្នាក់នៅក្នុងក្រុងនោះរហូតដល់គាត់បានឈរនៅមុខការជំនុំជម្រះ រហូតដល់បូជាចារ្យនៅជំនាន់នោះបានស្លាប់។ បន្ទាប់មក អ្នកដែលបានសម្លាប់គេដោយអចេតនានោះអាចត្រឡប់ទៅក្រុង និងផ្ទះរបស់ខ្លួនវិញ គឺទៅក្រុងដែលគាត់បានរត់ចេញមក»។
7ដូច្នេះ ប្រជាជនអ៊ីស្រាអែលបានជ្រើសរើស ​កេដែស នៅ​ស្រុក​កាលី‌ឡេ ក្នុង​តំបន់​ភ្នំ​ណែប‌ថាលី ស៊ីគែម​នៅ​ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម និង​គារយ៉ាត អើបា (គឺ​ក្រុង​ហេប្រូន​) ក្នុង​តំបន់​ភ្នំ​យូដា។
8នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​កើត​ក្រុង​យេរីខូ ពួកគេ​បាន​ជ្រើស​រើស​យក​​បេស៊ើរ នៅ​វាល​រហោ‌ស្ថាន ក្នុង​តំបន់​ខ្ពង់​រាបពីកុល‌សម្ព័ន្ធ​រូបេន ក្រុង​រ៉ាម៉ូត​កាឡាដ​ពីកុល‌សម្ព័ន្ធ​កាដ និង​ក្រុង​កូឡាន នៅ​ស្រុក​បាសាន​ពី​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ។
9ក្រុងទាំងនេះសុទ្ធតែជាក្រុងដែលបានជ្រើសរើសសម្រាប់ប្រជាជនអ៊ីស្រាអែល ​និងសម្រាប់ជនបរទេសដែលរស់នៅក្នុងចំណោមពួកគេ ដូច្នេះ បើនរណាម្នាក់សម្លាប់មនុស្សដោយអចេតនាអាចរត់ទៅក្រុងទាំងនោះដើម្បីរួចជីវិត។ អ្នកនោះនឹងមិនត្រូវស្លាប់ដោយដៃរបស់អ្នកដែលចង់សងសឹកឈាមដែលអ្នកនោះបានបង្ហូរឡើយ រហូតដល់អ្នកដែលត្រូវគេចោទប្រកាន់នោះបានជួបចៅក្រមកាត់ក្តីជាមុន។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។