ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យ៉ូស្វេ 18

Read Scripture freely. Divine Threads study for this chapter is coming later.

1បន្ទាប់មក ប្រជាជនអ៊ីស្រាអែលទាំងអស់ជួបជុំគ្នានៅស៊ីឡូ។ ពួកគេដំឡើងតង់ជួបជុំគ្នានៅទីនោះ ហើយពួកគេកាន់កាប់ទឹកដីដែលនៅខាងមុខពួកគេ។
2នៅមានកុលសម្ព័ន្ធប្រាំពីរទៀតក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រាអែលដែលមិនទាន់បានទទួលទឹកដីជាមរតកនៅឡើយទេ។
3លោកយ៉ូស្វេនិយាយទៅកាន់ប្រជាជនអ៊ីស្រាអែលថា៖ «តើដល់ពេលណាទើបអ្នករាល់គ្នាទៅកាន់កាប់ទឹកដីដែលព្រះអម្ចាស់ជាព្រះជាម្ចាស់របស់ដូនតាអ្នករាល់គ្នាប្រទានឲ្យ?
4ចូរតែងតាំងមនុស្សប្រុសបីនាក់ពីក្នុងកុលសម្ព័នរបស់អ្នករាល់គ្នា ហើយខ្ញុំនឹងបញ្ជូនពួកគេទៅ។ ពួកគេនឹងចេញទៅ ហើយធ្វើការវាស់វែងទឹកដីទាំងនោះ។ ពួកគេនឹងសរសេរបាយការណ៍អំពីទឹកដីទាំងនោះជាមរតករបស់ពួកគេ ហើយពួកគេនឹងត្រឡប់មកជួបខ្ញុំវិញ។
5ពួកគេនឹងបែងចែកជាប្រាំពីរចំណែក។ យូដាត្រូវបន្តនៅក្នុងទឹកដីរបស់ពួកគេនៅខាងត្បូង ហើយកូនចៅលោកយ៉ូសែបត្រូវមានទឹកដីរបស់ពួកគេទៅខាងជីេង។
6អ្នកត្រូវរៀបរាប់ពីដីនោះជាប្រាំពីរចំណែក ហើយត្រូវយក​របាយ​ការណ៍នោះមកឲ្យខ្ញុំនៅទីនេះ។ ខ្ញុំនឹងចាប់ឆ្នោតឲ្យអ្នករាល់គ្នានៅមុខព្រះអម្ចាស់ជាព្រះជាម្ចាស់របស់យើង។
7កុលសម្ព័ន្ធលេវីគ្មានចំណែកអ្វីនៅក្នុងចំណោមអ្នករាល់គ្នាទេ ភាពជាបូជាចារ្យនៅមុខព្រះអម្ចាស់ជាមរតករបស់ពួកគេ។ កុលសម្ព័នកាដ រូបេន និងម៉ាណាសេចំនួនពាក់កណ្តាលទៀតបានទទួលចំណែករបស់ពួកគេនៅត្រើយម្ខាងទន្លេយ័រដាន់។ នេះជាទឹកដីមរតកដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអម្ចាស់បានប្រគល់ដល់ពួកគេ»។​
8ដូច្នេះ ប្រុសៗទាំងនោះក៏ក្រោកឡើង ហើយចេញទៅ។ លោកយូ៉ស្វេបានបង្គាប់ឲ្យពួកគេសរសេររបាយការណ៍ពីទឹកដីទាំងនោះដោយនិយាយថា៖ «ចូរទៅមើលទឹកដីទាំងនោះ រួចសរសេររបាយការណ៍ ហើយត្រឡប់មករកខ្ញុំវិញ។ ខ្ញុំនឹងចាប់ឆ្នោតនៅមុខព្រះអម្ចាស់នៅឯស៊ីឡូនេះសម្រាប់អ្នករាល់គ្នា»។
9ដូច្នេះ ប្រុសៗទាំងនោះក៏ចេញទៅ ហើយចូរទៅមើលទឹកដីទាំងនោះ រួចសរសេររបាយការណ៍នៅក្នុងក្រាំងមួយតាមចំនួនក្រុងរបស់ទឹកដីនោះជាប្រាំពីរចំណែក ដោយបានកត់ពីក្រុងទាំងនោះជាចំណែកៗ។ ពួកគេក៏ត្រឡប់មករកលោកយ៉ូស្វេវិញនៅក្នុងជំរំនៅស៊ីឡូ។
10បន្ទាប់មក លោកយ៉ូស្វេក៏បានចាប់ឆ្នោតសម្រាប់ពួកគេនៅស៊ីឡូនៅមុខព្រះអម្ចាស់។ គឺនៅទីនោះហើយដែលលោកយ៉ូស្វេបានបែងចែកទឹកដីទៅដល់ជនជាតិអ៊ីស្រាអែល គឺកុលសម្ព័ន្ធនីមួយៗបានទទួលចំណែកទឹកដីរបស់ពួកគេ។
11ការបែងចែកទឹកដីដល់កុលសម្ព័ន្ធបេនយ៉ាមីន គឺបានបែងចែកតាមអំបូររបស់ពួកគេរៀងៗខ្លួន។ ទឹកដីដែលពួកគេទទួលបាន​ គឺមានទីតាំងចន្លោះកូនចៅយូដា និងកូនចៅរបស់យ៉ូសែប។
12នៅភាគខាងជើង ព្រំប្រទល់របស់គេចាប់ផ្តើមពីទន្លេយ័រដាន់។ ព្រំប្រទល់ចាប់ពីភាគខាងជើងក្រុងយេរីខូ ហើយទៅតំបន់ភ្នំភាគខាងលិច ទៅរហូតដល់វាលរហោស្ថានបេត‌អា‌វេន។
13ចេញពីទីនោះព្រំប្រទល់ភាគខាងត្បូងក្រុងលូស​ (គឺនៅកន្លែងដូងបេតអែលដែរ)។ បន្ទាប់មក ព្រំប្រទល់ចុះ​ទៅ​អាថា‌រ៉ូត អាដើរ ក្បែរ​ភ្នំ​ដែល​នៅ​ខាង​ត្បូង​បេត‌ហូរ៉ូនក្រោម​។
14បន្ទាប់មក ព្រំប្រទល់ចេញទៅទិសមួយទៀត៖ នៅ​ខាង​លិច​ភ្នំ​នេះ ព្រំ‌ប្រទល់​បត់​ទៅ​ទិស​ខាង​ត្បូងទៅដល់ភ្នំដោយឆ្លងកាត់ពី បេត‌ហូរ៉ូន។ ព្រំប្រទល់នេះបញ្ចប់ត្រឹម​គារ‌យ៉ាត បាល (គឺ​គារ‌យ៉ាតយ៉ារីម) ជា​ក្រុងដែលជាកម្មសិទ្ធិ​របស់កុលសម្ព័ន្ធ​យូដា។ នេះ​ហើយ​ព្រំ‌ប្រទល់​ភាគខាង​លិច​របស់​គេ។
15តំបន់ខាងត្បូងចាប់ពីគារ‌យ៉ាត យ៉ារីម។ ព្រំប្រទល់ចេញពីទៅនោះទៅដល់អេប្រុន ទៅ​ដល់​ប្រភព​ទឹក​ណិប‌តា។
16បន្ទាប់មក ព្រំ‌ប្រទល់​នេះ​ចុះ​ទៅ​ព្រំប្រទល់​​ភ្នំ​ដែល​ស្ថិត​នៅ​ទល់​មុខ​នឹង​ជ្រលង​ភ្នំ​ហ៊ិន‌ណម ដែលនៅខាង​ជើង​ជ្រលង​រេផែម។ បន្ទាប់មកចុះ​តាម​ជ្រលង​ហ៊ី‌ណម ​ខាង​ត្បូងជម្រាល​​ភ្នំ​យេប៊ូស និងបន្តទៅ​អេន រ៉ូកែល។
17ព្រំប្រទល់ផ្នែកខាងជើងចេញទៅ​អេន សេ‌ម៉េស និងចេញពីទីនោះវាចេញទៅកេលី‌ឡូតដែលនៅ​ទល់​មុខ​នឹង​ច្រក​ភ្នំ​អាឌូ‌មីម។ បន្ទាប់មក ចុះមកផ្ទាំង​ថ្ម​របស់​លោក​បូហានជា​កូន​របស់​លោក​រូបេន។
18ព្រំប្រទល់នេះឆ្លងកាត់ភាគខាងជើងតំបន់​អារ៉ា‌បា និងចុះទៅតំបន់​អារ៉ា‌បា​នោះ។
19ព្រំប្រទល់ឆ្លងកាត់ភាគខាងជើង​បេត ហុក‌ឡា។ ព្រំប្រទល់ចប់ត្រឹមឈូង​សមុទ្រអំបិល​ នៅភាគ​ខាង​ត្បូង​​ទន្លេ​យ័រដាន់។ នេះ​ជា​ព្រំ‌ប្រទល់​ខាង​ត្បូង។
20​ទន្លេ​យ័រដាន់ជាព្រំប្រទល់ភាគខាងកើត។ នេះគឺជាទឹកដីមរតករបស់កុលសម្ព័ន្ធបេន‌យ៉ាមីន ដែលបានប្រគល់ជូនតាមអំបូររបស់គេរៀងៗខ្លួន ចេញពីព្រំប្រទល់មួយទៅព្រំប្រទល់មួយទៀត។
21នេះជាក្រុងរបស់កុលសម្ព័ន្ធបេនយ៉ាមិនតាមអំបូររបស់ពួកគេគឺមាន យេរីខូ បេត ហុក‌ឡា អេមាក់ កេស៊ីស
22បេត អារ៉ា‌បា សេម៉ា‌រ៉ែម បេត‌អែល
23អាវីម ប៉ារ៉ា អូប្រា
24កេផា អាំ‌ម៉ូនី អូបនី កេបា។ ​មាន​ក្រុងដប់ពីរ រួមទាំងភូមិផ្សេងៗរបស់ពួកគេផង។
25មានទាំង​ក្រុង​គីបៀន រ៉ាម៉ា បៀរ៉ុត
26មីសប៉ា កេភី‌រ៉ា ម៉ូសា
27រេគែម យារ‌ពាល តារ៉ា‌ឡា
28សេឡា អេឡេប យេប៊ូស (គឺ​ក្រុង​យេរូ‌សាឡិម) គីបៀរ គារ‌យ៉ាត។ មានដប់បួនក្រុងរួមទាំងភូមិផ្សេងៗរបស់គេផង។​​ នេះជាចំណែកមរតកដែលចែកតាមអំបូរនៃកុលសម្ព័ន្ធបេនយ៉ាមីន។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។