ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យ៉ូស្វេ 17

Read Scripture freely. Divine Threads study for this chapter is coming later.

1នេះជាការបែងចែកទឹកដីសម្រាប់កុលសម្ព័ន្ធម៉ាណាសេ (ដែលជាកូនច្បងរបស់លោកយ៉ូសែប) ដែលសម្រាប់លោកម៉ាកៀរ ដែលជាកូនច្បងរបស់លោកម៉ាណាសេ ដែលលោកជាឪពុករបស់លោកកាឡាដ។ កូនចៅរបស់លោកម៉ាកៀរបានទទួលទឹកដីស្រុក​កាឡាដ និង​ស្រុក​បាសាន ដោយសារលោកម៉ាកៀរជាមនុស្សអង់អាចក្លាហាន។
2ទឹកដីដែលបែងចែកដល់អ្នកផ្សេងទៀតក្នុងកុលសម្ព័ន្ធម៉ាណាសេតាមអំបូរនីមួយៗ​អបៀ‌ស៊ើរ ​ហេឡេក អាស‌រាល ​ស៊ីគែមហេភើរ និង​សេមី‌ដា។ នេះគឺជាកូនចៅប្រុសៗរស់លោកម៉ាណាសេជាកូនរបស់លោកយ៉ូសែប តំណាងដោយអំបូររបស់ពួកគេរៀងៗខ្លួន។
3លោក​ស្លូផិ‌ហាត ជា​កូន​របស់​លោក​ហេភើរ ជាកូនរបស់​លោក​កាឡាដ ជាកូនរបស់​លោក​ម៉ាកៀរ ដែល​ជា​កូន​របស់​លោក​ម៉ាណា‌សេ លោកគ្មាន​កូន​ប្រុស​ទេ មាន​តែ​កូន​ស្រី​។​ ឈ្មោះកូនស្រីៗរស់លោក គឺ​នាង​ម៉ាឡា នាង​ណូហា នាង​ហុកឡា នាង​មីលកា និង​ធើសា។
4ពួកនាងបាន​ទៅ​ជួប​លោក​បូជា‌ចារ្យ​អេ‌ឡា‌សារ និង​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន ព្រម​ទាំងជា​មេ​ដឹក​នាំ​ប្រជា‌ជន ដោយនិយាយថា៖ «ព្រះ‌អម្ចាស់​បាន​បង្គាប់​លោក​ម៉ូសេ​ឲ្យ​ប្រគល់​ទឹក​ដី​ជាមរតកដល់ពួកយើង ដូចបងប្អូនប្រុសៗ​របស់​ពួក​នាង​ខ្ញុំ​ដែរ»។ ដូច្នេះ ស្រប​តាម​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ លោកក៏ប្រគល់ទឹកដីជាមរតកដល់ពួកនាងក្នុងចំណោមបងប្អូនប្រុសៗរស់ឪពុកពួកនាង។
5ទឹកដីដប់ចំណែកបានចែកឲ្យកុលសម្ព័ន្ធម៉ាណាសេនៅក្នុងស្រុកកាឡាដ និង​ស្រុក​បាសាន ដែលនៅត្រើយម្ខាងនៃទន្លេយ័រដាន់
6ដោយសារតែកូនស្រីៗរបស់លោកម៉ាណាសេបានទទួលទឹកដីជាមរតករួចជាមួយកូនប្រុសៗរបស់លោកដែរ។ ទឹកដីកាឡាដត្រូវបានប្រគល់ឲ្យអ្នកផ្សេងទៀតនៅកុលសម្ព័ន្ធម៉ាណាេស។
7ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេចាប់​ពី​ស្រុក​អេ‌ស៊ើរ​ទៅ​​មីគ‌មេថា ដែល​នៅខាងកើត​ស៊ីគែម។ បន្ទាប់មក ព្រំប្រទល់ទៅខាង​ត្បូងទៅដល់ទឹកធ្លាក់​ស្រុក​អេន តាពួរ។
8(ទឹក​ដី​ស្រុក​តាពួ​ជា​កម្មសិទ្ធិ​របស់ម៉ាណា‌សេ ប៉ុន្តែ ក្រុង​តាពួ​ដែល​ជាប់​នឹង​ព្រំ‌ប្រទល់​ម៉ាណា‌សេ ជា​កម្មសិទ្ធិ​របស់​កុលសម្ព័ន្ធ​អេប្រាអ៊ីម)។
9ព្រំប្រទល់ចុះទៅដល់ទឹកធ្លាក់ខាណា។​ ទីក្រុងដែលនៅភាគខាងត្បូងទឹកធ្លាក់ក្នុងចំណោមទីក្រុងរបស់ម៉ាណាសេជាកម្មសិទ្ធិរបស់អេប្រាអ៊ីម។ ព្រំប្រទល់របស់ម៉ាណាសេគឺនៅភាគខាងជើងទឹកធ្លាក់ ហើយចប់ត្រឹមសមុទ្រ។
10ទឹកដីភាគខាងត្បូងជាកម្មសិទ្ធិរបស់អេប្រាអ៊ីម ហើយទឹកដីភាគខាងជើងជាកម្មសិទ្ធិរបស់ម៉ាណាសេ ដែលមានសមុទ្រជាព្រំប្រទល់។ នៅផ្នែកខាងជើងទៅដល់អេ‌ស៊ើរ​​ ហើយខាងកើតមានព្រំប្រទល់ដល់​អ៊ីសា‌ខារ។
11ទាំង​​នៅក្នុងទឹកដីរបស់អ៊ីសា‌ខារ និង​​អេ‌ស៊ើរ កុលសម្ព័ន្ធម៉ាណាសេកាន់កាប់ក្រុង​បេត‌សាន និង​ភូមិ​របស់ក្រុងនោះ ក្រុង​យីប‌លាម និង​ភូមិ​ដែល​របស់ក្រុងនោះ ក្រុង​ដោរ ក្រុង​អេន ដោរ និង​ភូមិ​ដែល​របស់ក្រុងនោះ ក្រុង​តាណាក់ និង​ភូមិ​ដែល​របស់ក្រុងនោះ ក្រុង​មេគី‌ដោ និង​ភូមិរបស់ក្រុងនោះ (និងទីក្រុងទីបីគឺនេបហេត)។
12តែកុលសម្ព័ន្ធម៉ាណាសេមិនអាចកាន់កាប់ក្រុងទាំងនោះបានទេដោយសារតែជនជាតិកាណានបន្តរស់នៅក្នុងទឹកដីទាំងនោះ។
13នៅពេលដែលជនជាតិអ៊ីស្រាអែលមានកម្លាំងខ្លាំងឡើង ពួកគេបានយកជនជាតិកាណានធ្វើការជាទម្ងន់ ប៉ុន្តែ ពួកគេមិនបានបណ្តេញអ្នកទាំងនោះចេញទាំងស្រុងនោះទេ។
14បន្ទាប់មក កូនចៅរបស់លោកយ៉ូសែបនិយាយទៅកាន់លោកយ៉ូស្វេថា៖ «ហេតុអ្វីបានជាលោកចែកទឹកដីតែមួយចំណែកដល់ពួកយើងដូច្នេះ យើងមានគ្នាច្រើនណាស់ដោយសារព្រះអម្ចាស់បានប្រទានពរដល់យើង»?
15លោកយ៉ូស្វេបាននិយាយនឹងពួកគេថា៖ «បើអ្នកមានគ្នាច្រើន សូមឡើងទៅលើភ្នំ ហើយកាប់ឆ្ការដីសម្រាប់ពួកអ្នករាល់គ្នាចុះនៅក្នុងស្រុក​ពេរី‌ស៊ីត និង​ស្រុក​រេផែម​ទៅ។ ចូរធ្វើដូច្នេះដោយសារតែទឹកដីអេប្រាអ៊ីមតូចពេកសម្រាប់អ្នករាល់គ្នា»។
16កូនចៅរបស់លោកយ៉ូសែបនិយាយថា៖ «ភ្នំនោះមិនគ្រប់គ្រាន់សម្រាប់ពួកយើងទេ។ ប៉ុន្តែ ជនជាតិកាណានដែលរស់នៅក្នុងជ្រលងភ្នំនោះមានរទេះចម្បាំងធ្វើពីដែកទាំង​អ្នក​នៅ​ក្រុង​បេត‌សាន និង​ភូមិ​របស់ក្រុងនោះ ព្រម​ទាំង​អស់​អ្នក​ដែល​រស់​នៅ​តាម​ជ្រលង​ភ្នំ​យេសរាលដែរ»។
17បន្ទាប់មក លោកយ៉ូស្វេនិយាយទៅកុលសម្ព័ន្ធយ៉ូសែប គឺទៅកុលសម្ព័ន្ធអេប្រាអ៊ីម និងកុលសម្ព័ន្ធម៉ាណាសេថា៖ «អ្នកមានគ្នាច្រើន ហើយអ្នកក៏មានកម្លាំងខ្លាំងដែរ។ អ្នកមិនត្រូវមានដីតែមួយចំណែកឡើយ។
18ភ្នំនេះនឹងក្លាយជារបស់អ្នក។ ដូច្នេះអ្នកត្រូវឆ្ការព្រៃទាំងនេះដើម្បីធ្វើជាកម្មសិទ្ធ។ អ្នកត្រូវបណ្តេញជនជាតិកាណានចេញ ទោះបីជាពួកគេមានរទេះចំបាំងដែក ហើយទោះបីជាពួកគេខ្លាំងយ៉ាងណាក៏ដោយ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។