1លោកយ៉ូស្វេមានវ័យចាស់ណាស់ហើយនៅពេលដែលព្រះអម្ចាស់មានបន្ទូលមកកាន់លោកថា៖ «អ្នកកាន់តែចាស់ណាស់ហើយ ប៉ុន្តែ នៅមានទឹកដីជាច្រើនទៀតដែលត្រូវវាយយក។
2នេះជាទឹកដីដែលនៅសេសសល់៖ គឺស្រុកភីលីស្ទីនទាំងមូល និងអស់ទាំងស្រុកកេស៊ូរី
3(ពីស៊ីហោ ដែលនៅខាងកើតអេស៊ីប ភាគខាងជើងជាប់ព្រំប្រទល់អេក្រុន ដែលជាទឹកដីស្រុកកាណាន អ្នកគ្រប់គ្រងរបស់ស្រុកភីលីស្ទីនទាំងប្រាំ គឺក្រុងកាសា ក្រុងអាសដូឌ ក្រុងអាសកាឡូន ក្រុងកាថ និងក្រុងអេក្រូន ជាទឹកដីរបស់ជនជាតិអាវីម)។
4នៅភាគខាងត្បូង នៅមានទឹកដីទាំងមូលរបស់ជនជាតិកាណាន និងក្រុងមារ៉ា ដែលជាកម្មសិទ្ធិរបស់ជនជាតិស៊ីដូន ដល់ក្រុងអាផែក និងព្រំប្រទល់ស្រុកអាម៉ូរី
5ដល់ទឹកដីស្រុកកេបាល និងស្រុកលីបង់ទាំងមូល ដែលនៅទិសខាងកើត ពីបាលកាដ ក្រោមជើងភ្នំហ៊ើរម៉ូន រហូតដល់ឡាបូហាម៉ាត់។
6ក៏មានទឹកដីរបស់ជនជាតិស៊ីដូននៅតំបន់ភ្នំពីលីបង់រហូតដល់ក្រុងមីសរិផូត ម៉ែម ព្រមទាំងប្រជាជនស៊ីដូនដែរ។ យើងនឹងដេញពួកគេចេញនៅមុខទាហានអ៊ីស្រាអែល។ ត្រូវបែងចែកទឹកដីនេះជាកម្មសិទ្ធិដល់ជនជាតិអ៊ីស្រាអែលដូចដែលយើងបានបង្គាប់អ្នក។
7ត្រូវបែងចែកទឹកដីនេះទៅកាន់កុលសម្ព័ន្ធទាំងប្រាំបួន និងកុលសម្ព័ន្ធម៉ាណាសេពាក់កណ្តាលទៀត។
8សម្រាប់កុលសម្ព័ន្ធម៉ាណាសេពាក់កណ្តាលទៀត កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ បានទទួលមរតករបស់ពួកគេដែលលោកម៉ូសេបានប្រគល់ដល់ពួកគេរួចហើយនៅភាគខាងកើតទន្លេយ័រដាន់
9ចាប់តាំងពីក្រុងអារ៉ូអ៊ើរ ដែលស្ថិតនៅក្បែរទន្លេអើណូន (រួមទាំងក្រុងដែលស្ថិតនៅកណ្ដាលជ្រលងភ្នំ) ដល់ខ្ពង់រាបមេដេបាទាំងមូល រហូតដល់ក្រុងឌីបូន
10ក្រុងទាំងប៉ុន្មានរបស់ស្តេចស៊ីហុន ជាស្ដេចអាម៉ូរី ដែលគ្រប់គ្រងនៅក្រុងហេសបូន រហូតដល់ព្រំប្រទល់ស្រុកអាំមូន
11ស្រុកកាឡាដទឹកដីស្រុកកេស៊ួរី និងម៉ាកាធី ទាំងតំបន់ភ្នំហ៊ើរម៉ូនទាំងអស់ និងពីបាសានទាំងមូល ដល់សាលកា
12ទាំងតំបន់ទាំអស់របស់ព្រះបាទអុក នៅស្រុកបាសាន ដែលសោយរាជ្យនៅក្រុងអាសថារ៉ូត និងក្រុងអេទ្រី ទាំងនេះជាជនជាតិរ៉េផែមដែលនៅសេសសល់ លោកម៉ូសេបានវាយប្រហារពួកគេ និងដេញពួកគេចេញ។
13ប៉ុន្តែ ប្រជាជនអ៊ីស្រាអែលមិនបានបណ្តេញជនជាតិកេស៊ូរី និងជនជាតិម៉ាកាធីចេញឡើយ។ ផ្ទុយទៅវិញ ជនជាតិកេស៊ូរី និងជនជាតិម៉ាកាធីរស់នៅក្នុងចំណោមជនជាតិអ៊ីស្រាអែលមកទល់សព្វថ្ងៃនេះ។
14ចំពោះកុលសម្ព័ន្ធលេវីវិញលោកម៉ូសេមិនបានប្រគល់ទឹកដីជាមរតកទេ។ តង្វាយដុតដែលគេថ្វាយព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែលជាមរតករបស់ពួកគេ ដូចដែលព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេ។
15លោកម៉ូសេបានចែកទឹកដីមរតកដល់កុលសម្ព័ន្ធរូបេន តាមអំបូររៀងៗខ្លួន។
16ទឹកដីរបស់គេចាប់ពីក្រុងអារ៉ូអ៊ើរ ដែលស្ថិតនៅក្បែរទន្លេអើណូន និងក្រុងដែលស្ថិតនៅកណ្ដាលជ្រលងភ្នំ ព្រមទាំងខ្ពង់រាបទាំងមូលក្បែរមេដេបា។
17កុលសម្ព័ន្ធរូបេនក៏ទទួលបានក្រុងហេសបូន និងក្រុងទាំងប៉ុន្មាននៅលើខ្ពង់រាប គឺក្រុងឌីបូន ក្រុងបាមូត បាល ក្រុងបេត បាលមេយ៉ូន
18ក្រុងយ៉ាហាស ក្រុងកេដេមូត ក្រុងមេផាត
19ក្រុងគារយ៉ាថែម ក្រុងស៊ីបម៉ា ក្រុងសេរេត-ហាសាកា ដែលស្ថិតនៅជ្រលងភ្នំុ។
20កុលសម្ព័ន្ធរូបេនក៏ទទួលបានក្រុងបេតពេអ៊រ ជម្រាលភ្នំពីសកា ក្រុងបេតយេស៊ីម៉ុត
21ក្រុងទាំងអស់នៅតំបន់ខ្ពង់រាប អាណាចក្រទាំងមូលរបស់ព្រះបាទស៊ីហុន ជាស្ដេចរបស់ជនជាតិអាម៉ូរី គ្រងរាជ្យនៅក្រុងហេសបូន ដែលលោកម៉ូសេបានវាយប្រហាររួមជាមួយអ្នកដឹកនាំដទៃទៀតរបស់ជនជាតិម៉ាឌាន ជនជាតិអេវី ជនជាតិរេគែម ជនជាតិស៊ើរ ជនជាតិហ៊ើរ និងជនជាតិរេបា ជាបុត្ររបស់ព្រះបាទស៊ីហុន ដែលរស់នៅក្នុងទឹកដីនោះ។
22ប្រជាជនអ៊ីស្រាអែលក៏បានសម្លាប់បាឡាមជាកូនរបស់បេអ៊រ ដែលជាគ្រូទាយដែរ ក្នុងចំណោមអ្នកផ្សេងទៀតដែលពួកគេបានសម្លាប់។
23ព្រំប្រទល់របស់កុលសម្ព័ន្ធរូបេនគឺទន្លេយ័រដាន់គឺជាខ្សែខាន់។ នេះគឺជាមរតករបស់កុលសម្ព័ន្ធរូបេន ដែលចែកដល់គ្រប់អំបូរទាំងអស់របស់ពួកគេ ជាមួយនឹងក្រុង និងភូមិរបស់ពួកគេ។
24នេះគឺជាអ្វីដែលលោកម៉ូសេបានប្រគល់ដល់កុលសម្ព័ន្ធកាដតាមអំបូរនីមួយៗ៖
25ទឹកដីរបស់ពួកគេ គឺស្រុកយ៉ាស៊ើរ ក្រុងទាំងប៉ុន្មាននៅស្រុកកាឡាដ និងស្រុកអាំម៉ូនពាក់កណ្ដាល រហូតដល់អារ៉ូអើរ ដែលនៅខាងកើតក្រុងរ៉ាបាត
26ពីក្រុងហេសបូន រហូតដល់ក្រុងរ៉ាម៉ាត មីសប៉េ និងក្រុងបេថូនីម ពីក្រុងម៉ាហាណែមរហូតដល់ព្រំប្រទល់ស្រុកដេបៀរ។
27នៅក្នុងជ្រលងភ្នំ លោកម៉ូសេបានឲ្យក្រុងបេតហារ៉ាម ក្រុងបេតនីមរ៉ា ក្រុងស៊ូកុត និងក្រុងសាផូនដែលជាចំណែកទឹកដីចុងក្រោយនៃអាណាចក្ររបស់ព្រះបាទស៊ីហុន ជាស្ដេចហេសបូន ដែលមានទន្លេយ័រដាន់ជាព្រំប្រទល់ រហូតដល់ចុងសមុទ្រគេនេសារ៉ែតភាគខាងលិចក្រោយទន្លេយ័រដាន់ដល់ពួកគេ។
28នេះជាមរតករបស់កុលសម្ព័ន្ធកាដ តាមអំបូរ ជាមួយនឹងទីក្រុង និងភូមិទាំងឡាយ។
29លោកម៉ូសេបានឲ្យទឹកដីជាមរតកដល់កុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាល។ លោកបានផ្តល់ឲ្យប្រជាជនក្នុងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលតាមអំបូររបស់គេ។
30ទឹកដីរបស់ពួកគេចាប់តាំងពីស្រុកម៉ាហាណែម ស្រុកបាសាន អាណាចក្រទាំងមូលរបស់ព្រះបាទអុក ស្ដេចស្រុកបាសាន រូមទាំងក្រុងទាំងឡាយនៅយ៉ាអៀរ ក្នុងស្រុកបាសាន
31ដែលមានចំនួនហុកសិបស្រុកកាឡាដពាក់កណ្ដាល ក្រុងអាសថារ៉ូត និងក្រុងអេទ្រី (ជារាជធានីរបស់ព្រះបាទអុកបាសាន)។ ទឹកដីទាំងនេះបានប្រគល់ឲ្យពូជអំបូរពាក់កណ្ដាលរបស់លោកម៉ាកៀរនៃកុលសម្ព័ន្ធម៉ាណាសេ ឲ្យដល់គ្រួសារនីមួយៗរបស់ពួកគេ។
32នេះគឺជាទឹកដីដែលលោកម៉ូសេបានប្រគល់ដល់ពួកគេនៅលើវាលទំនាបស្រុកម៉ូអាប់ ក្រោយទន្លេយ័រដាន់ខាងកើតក្រុងយេរីខូ។
33លោកម៉ូសេមិនបានប្រគល់ទឹកដីជាមរតកដល់កុលសម្ព័ន្ធលេវីទេ។ ព្រះអម្ចាស់ជាព្រះជាម្ចាស់របស់ប្រជាជនអ៊ីស្រាអែលជាមរតករបស់ពួកគេ ដូចដែលលោកបាននិយាយជាមួយពួកគេ។