1នៅពេលដែលព្រះបាទយ៉ាប៊ីនជាស្តេចក្រុងហាសោរបានឮដំណឹងនេះ ស្តេចបានផ្ញើសារទៅព្រះបាទយ៉ាូបាប់ជាស្តេចក្រុងម៉ាដូន ទៅស្តេចក្រុងស៊ីមរ៉ូន និងទៅស្តេចក្រុងអាសាប។
2ស្តេចក៏បានផ្ញើសារទៅស្តេចទាំងអស់ដែលនៅតំបន់ភ្នំភាគខាងជើង នៅជ្រលងទន្លេយ័រដាន់ខាងត្បូងគីណារ៉ូតនៅតំបន់វាលទំនាប និងនៅតំបន់ភ្នំនៃក្រុងឌ័រទៅភាគខាងលិច។
3ស្តេចក៏បានផ្ញើសារទៅស្រុកកាណានពីខាងកើតដល់ខាងលិច ទៅជនជាតិអាម៉ូរី ជនជាតិហេត ជនជាតិពេរីស៊ីត ជនជាតិយេប៊ូសនៅតំបន់ភ្នំ និងជនជាតិហេវីក្បែរភ្នំហ៊ើរម៉ូន នៅក្នុងទឹកដីមីសបាដែរ។
4ទាហានរបស់ពួកគេទាំងអស់ចេញមកជាមួយពួកគេ ទាហានមានចំនួនច្រើនឥតគណនា គឺមានចំនួនដូចខ្សាច់នៅមាត់សមុទ្រ។ ពួកគេមានសេះ និងរទេះចម្បាំងយ៉ាងច្រើន។
5ស្តេចទាំងនេះបានណាត់ជួបគ្នាក្នុងពេលតែមួយ ហើយពួកគេបោះជំរំនៅមេរ៉ូម ដើម្បីវាយប្រហារអ៊ីស្រាអែល។
6ព្រះអម្ចាស់មានបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «កុំឲ្យខ្លាចវត្តមានរបស់ពួកគេឡើយ ព្រោះថ្ងៃស្អែកថ្មើរនេះយើងនឹងប្រគល់ពួកគេមកអ៊ីស្រាអែលជាសាកសព។ ចូរកាត់សរសៃជើងសេះ និងដុតរទេះសេះរបស់ពួកគេចោលទៅ»។
7លោកយ៉ូស្វេ និងប្រុសៗអ្នកចម្បាំងទាំងអស់បានមក។ រំពេចនោះពួកគេបានមកដល់ត្រង់ជ្រោះមេរ៉ូម និងវាយប្រហារសត្រូវ។
8ព្រះអម្ចាស់បានប្រគល់សត្រូវមកក្នុងកណ្តាប់ដៃរបស់អ៊ីស្រាអែល ហើយពួកគេបានវាយប្រហារអ្នកទាំងនោះដោយដាវ និងដេញតាមពួកគេរហូតដល់ស៊ីដូនក្នុងតំបន់ក្រុងមីសរិផូតម៉ែមនិងជ្រលងមីសបានៅទិសខាងកើត។ ពួកគេវាយប្រហាររហូតដល់គ្មាននរណាម្នាក់នៅរស់ឡើយ។
9លោកយ៉ូស្វេបានប្រព្រឹត្តជាមួយពួកគេដូចដែលព្រះអម្ចាស់បានមានបន្ទូលមកកាន់លោក។ លោកបានកាត់សរសៃកែងជើងសេះ និងបានដុតរទេះចំបាំងចោល។
10លោកយ៉ូស្វេបានត្រឡប់ក្រោយនៅពេលនោះ យើងកាន់កាប់ក្រុងហាសោរ។ លោកបានប្រហារស្តេចក្រុងនោះដោយដាវ។ (ហាសោរមេដឹកនាំលើអាណាចក្រទាំងអស់នេះ)។
11ពួកគេបានកំទេចដោយដាវគ្រប់ទាំងជីវិតដែលមាននៅពេលនោះ ហើយលោកបានកម្ទេចពួកគេ ដូច្នេះ គ្នានជីវិតណាមួយនៅរស់ឡើយ។ បន្ទាប់មក លោកបានដុតក្រុងហាសោរចោល។
12លោកយ៉ូស្វេបានកាន់កាប់ទីក្រុងរបស់ស្តេចទាំងឡាយ។ លោកក៏បានចាប់ស្តេចទាំងអស់ និងសម្លាប់ពួកគេចោលដោយដាវ។ លោកបានកម្ទេចពួកគេចោលដោយសារដាវ ដូចដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអម្ចាស់បានបង្គាប់។
13អ៊ីស្រាអែលមិនបានដុតក្រុងណាដែលនៅលើភ្នំទេ លើកលែងក្រុងហាសោរប៉ុណ្ណោះ។ មានតែក្រុងមួយនេះគត់ដែលលោកបានដុត។
14ទាហានអ៊ីស្រាអែលបានយកជ័យភណ្ឌពីក្រុងទាំងនេះជាមួយនឹងហ្វូងសត្វសម្រាប់ខ្លួនពួកគេផ្ទាល់។ ពួកគេសម្លាប់មនុស្សទាំងអស់ដោយដាវ រហូតគ្មាននរណារួចជីវិតឡើយ។ ពួកគេមិនឲ្យជីវិតណាមួយនៅរស់ឡើយ។
15ដូចដែលព្រះអម្ចាស់បានបង្គាប់លោកម៉ូសេជាអ្នកបម្រើរបស់ព្រះអង្គ ដូចគ្នាដែរលោកម៉ូសេក៏បង្គាប់ដល់លោកយ៉ូស្វេ ដូច្នេះហើយលោកយ៉ូស្វេបានធ្វើតាមទាំងអស់។ លោកបានធ្វើសម្រេចទាំងអស់គ្រប់អ្វីដែលព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេឲ្យធ្វើ។
16លោកយ៉ូស្វេបានកាន់កាប់ទឹកដីទាំងអស់ ទាំងតំបន់ភ្នំ តំបន់ណេកិប ទឹកដីកូសែន តំបន់ជើងភ្នំ ជ្រលងទន្លេយ័រដាន់ តំបន់ភ្នំរបស់អ៊ីស្រាអែល និងតំបន់វាលទំនាប។
17ពីភ្នំហាឡាក់នៅជិតស្រុកអេដុំ និងទៅខាងជើងដល់បាលកាដ នៅក្នុងជ្រោះជិតភ្នំលីបង់ក្រោមភ្នំហ៊ើរម៉ូន លោកចាប់បានស្តេចទាំងអស់ ហើយសម្លាប់ពួកគេចោល។
18លោកយ៉ូស្វេបានធ្វើសង្គ្រាមអស់រយៈពេលយ៉ាងយូរជាមួយស្តេចទាំងអស់នេះ។
19គ្មានក្រុងណាមួយបានប្រកាសសន្តិភាពជាមួយទាហានអ៊ីស្រាអែលឡើយ លើកលែងតែពួកហេវីដែលរស់នៅក្រុងគីបៀនចេញ។ អ៊ីស្រាអែលកាន់កាប់ទីក្រុងទាំងអស់ដោយធ្វើសង្គ្រាម។
20ដ្បិត ព្រះអម្ចាស់បានធ្វើឲ្យចិត្តរបស់ពួគគេរឹង ដើម្បីឲ្យពួកគេធ្វើសង្គ្រាមជាមួយអ៊ីស្រាអែល ដូច្នេះហើយបានជាលោកយ៉ូស្វេកម្ទេចពួកគេដោយគ្មានមេត្តា ដូចអ្វីដែលព្រះអម្ចាស់បានណែនាំដល់លោកម៉ូសេស្រាប់។
21នៅគ្រានោះ លោកយ៉ូស្វេបានចេញមក ហើយលោកបានកម្ទេចជនជាតិអាណាក់។ លោកបានធ្វើការនេះនៅតំបន់ភ្នំ នៅហេប្រុន នៅដេបៀរ នៅអាណាក់ និងតំបន់ភ្នំនៅយូដា និងនៅតំបន់ភ្នំស្រុកអ៊ីស្រាអែលទាំងមូល។ លោកយ៉ូស្វេបានសម្លាប់ពួកគេ ហើយកម្ទេចក្រុងរបស់ពួកគេ។
22គ្មានពួកអាណាក់ណាម្នាក់បន្តមានជីវិតនៅក្នុងទឹកដីអ៊ីស្រាអែលឡើយ លើកលែងតែនៅក្រុងកាសា ក្រុងកាដ និងក្រុងអាសដូឌប៉ុណ្ណោះ។
23ដូច្នេះ លោកយ៉ូស្វេកាន់កាប់ទឹកដីទាំងមូលដូចដែលព្រះអម្ចាស់មានបន្ទូលមកកាន់លោកម៉ូសេ។ លោកយ៉ូស្វេបានចែកទឹកដីនេះទុកជាមរតកសម្រាប់ជនជាតិអ៊ីស្រាអែល ចែកទៅតាមកុលសម្ព័ន្ធនីមួយៗ។ បន្ទាប់មក ទឹកដីនោះក៏លែងមានសង្គ្រាមទៀតដែរ។